វិភាគ៖ នរណាខ្លះទទួលខុសត្រូវករណីរលំសំណង់អគារសម្លាប់មនុស្សនៅខេត្តព្រះសីហនុ?

រូបបង្ហាញពីទិដ្ឋភាពនៅពេលក្រោយរលំអគារ នៅខេត្តព្រះសីហនុ ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

សំណង់អគារកម្ពស់៧ជាន់មួយកន្លែង នៅខេត្តព្រះសីហនុ ដែលអាជ្ញាធរថា អ្នកម៉ៅការសាងសង់របស់ក្រុមហ៊ុនចិននោះ អគារបានដួលរលំទាំងស្រុង កាលពីថ្ងៃទី២២ ខែមិថុនា សប្តាហ៍មុន។

កម្លាំងសង្គ្រោះរបស់រដ្ឋាភិបាល បានអះអាងថា គិតត្រឹមម៉ោង៣រសៀលថ្ងៃចន្ទនេះ  មនុស្ស៥០នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនៃសំណង់ដែលបានដួលរលំ ក្នុងនោះ២៦នាក់បាន​ស្លាប់ និង២៤នាក់រងរបួស។

ជ្រុងមួយក្រោយអគារដួលរលំ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានចេញលិខិតបំភ្លឺថា អគារដែលក្រុមហ៊ុនចិនទទួលម៉ៅការសាងសង់នេះ គ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញរបស់កម្ពុជាទេ។

លិខិតដដែល បញ្ជាក់ថា អាជ្ញាធរបានចុះទៅហាមឃាត់ចំនួន២លើករួចមកហើយ ប៉ុន្តែ ថា ក្រុមហ៊ុនម៉ៅការសាងសង់មិនសហការ រហូតបង្កឲ្យមានព្រឹត្តិការណ៍បាក់រលំសង្កត់កម្មកររាប់សឹបនាក់ ដែលកំពុងស្នាក់នៅ។

សំណួរត្រង់ថា បញ្ហានេះនរណាខ្លះទទួលខុសត្រូវចំពោះមុខច្បាប់?

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា អ្នកដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មានក្រុមហ៊ុនម៉ៅការសាងសង់ និងអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល។

លោកមេធាវី សុក សំអឿន ពន្យល់ថា បើក្រុមហ៊ុននោះគ្មានអាជ្ញាប័ណ្ណ ហើយការសាងសង់មិនធ្វើតាមបទដ្ឋានបច្ចេកទេស ក្រុមហ៊ុនម៉ៅការត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា ទាំងរដ្ឋប្បវេណី (ផ្តល់សំណងដល់ជនរងគ្រោះ) និងព្រហ្មទណ្ឌ។

អ្នកជំនាញផ្នែកច្បាប់រូបនេះ ពន្យល់ទៀតថា អាជ្ញាធរក៏ប្រឈមចំពោះមុខច្បាប់ដែរ បើរកឃើញថា ដើមហេតុដួលរលំអគារនេះ វាកើតឡើងពីការធ្វេសប្រហែស ឬទទួលផលណាមួយ ជាថ្នូរនឹងមិនចាត់វិធានការច្បាប់។

លោកមានប្រសាសន៍ថា៖ «បើសិនជាអាជ្ញាធរមិនមានលទ្ធភាពហាមឃាត់ អាហ្នឹងក៏ អាជ្ញាធរទទួលខុសត្រូវដែរក្នុងរឿងហ្នឹង។ ប៉ុន្តែ ការសង់ទៅបុគ្គលនោះ ខ្ញុំជឿថា ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវធំជាងគេ»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បើយោងតាមលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា ដើមចមនៃការដួលរលំអគារកើតចេញពីកម្សោយអភិបាលកិច្ច និងការប្រើប្រាស់អំណាច ដើម្បីកាងបទល្មើស ដែលថា រដ្ឋាភិបាលត្រូវមានវិធានការវះកាត់បន្ទាន់។

លោក ថ្លែងថា៖ «យើងមានមន្ទិលទៅលើទិដ្ឋភាពពីរ! ទី១ ឥទ្ធិពលនៃការប្រព្រឹត្ត​អំពើពុករលួយ។ យើងដឹងហើយថា ជនជាតិចិន ដែលមករកស៊ីនៅស្រុកខ្មែរហ្នឹង ទីមួយ គេប្រើឥទ្ធិពលគេតាមរយៈខ្នងបង្អែកជាអ្នកធំ អ្នកមានអំណាច។ ដល់អញ្ចឹងទៅ ឥទ្ធិពលនេះនាំឲ្យពួកគេលែងខ្លាចញញើតនឹងបទបញ្ជារដ្ឋបាល។ ហើយរឿងទី២ ភាពអសកម្ម ឬក៏ខ្លាចឥទ្ធិពលចិននៅខេត្តព្រះសីហនុ»។

លោក សន ជ័យ វិភាគទៀតថា ការបាក់រលំអគារមួយនេះ វាបានជះឥទ្ធិពលដល់ការព្រួយបារម្ភថា តើអគារច្រើនទៀតនៅខេត្តព្រះសីហនុដែលបានសាងសង់រួចហើយ វាអាចធានាថា សោកនាដកម្មថ្មីទៀតពិតជាមិនកើតមាននៅកម្ពុជាឬទេ?

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា ករណីដួលរលំអគារនេះ អ្នកដែលទទួលខុសត្រូវ គឺក្រុមហ៊ុនចិនដែលម៉ៅការ និងអាជ្ញាធរពាក់ព័ន្ធពីថ្នាក់ជាតិ​ដល់ក្រោមជាតិ។ លោកវិភាគថា បើកម្ពុជាមិនអាចបង្ខំឲ្យអ្នកវិនិយោគបរទេសគោរពច្បាប់កម្ពុជាបាន ហាក់បង្ហាញថា កម្ពុជាបានបាត់បង់អធិបតេយ្យភាពរបស់ខ្លួន។

លោក ប៉ា ច័ន្ធរឿន វិភាគទៀតថា ករណីនៅខេត្តព្រះសីហនុនេះ វាបានផ្តល់មេរៀនដល់រដ្ឋាភិបាលថា ឥទ្ធិពលអ្នកវិនិយោគចិនបានគ្របដណ្តប់លើអាជ្ញាធរខ្មែរ ហើយត្រូវពង្រឹងការអនុវត្តច្បាប់ ត្រូវគាស់រំលើងអំពើពុករលួយ និងត្រូវពិនិត្យមើលពីប្រព័ន្ធគ្រប់គ្រងឡើងវិញ។

លោកបន្ថែម​ថា៖ «ព្រោះពេលមានសោកនាដកម្មបែបនេះទៅ មិនមែនមន្ត្រីធំៗទាំងអស់ហ្នឹងទទួលខុសត្រូវ និងឈឺចាប់ទេ គឺពលរដ្ឋស្លូតត្រង់ទេដែលជាអ្នករងទុក្ខវេទនា បើបណ្តោយឲ្យសោកនាដកម្មនេះកើតឡើងបន្តទៀត ខ្ញុំជឿថា ​ធ្វើឲ្យពលរដ្ឋកម្ពុជាមួយផ្នែកធំបាត់បង់ជំនឿទៅលើការគ្រប់គ្រងរបស់រដ្ឋាភិបាល»។

ជ្រុងមួយទៀតនៃការចូលរួមសោកស្តាយនៃព្រឹត្តិការរលំសំណង់អគារនេះ ព្រះមហាក្សត្រ មន្ត្រីរដ្ឋាភិបាលបានចេញសាររំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះ ពិសេសលោកនាយករដ្ឋមន្ត្រីបានផ្តល់ជាវិកាដល់អ្នកស្លាប់ម្នាក់ៗ ៤០លានរៀល និងអ្នករងរបួសម្នាក់ៗ៥លានរៀល និងព្យាបាលជំងឺដោយឥតគិតថ្លៃ។

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រៅពីផ្ញើសាររំលែកទុក្ខ លោកព្រមានថា នឹងចាត់វិធានការស្វែងរកនូវដើមហេតុ ដែលនាំឲ្យកើតមានសោកនាដកម្មនេះ ដើម្បីចាត់វិធានការលើបុគ្គលពាក់ព័ន្ធយកមកទទួលខុសត្រូវចំពោះមុខច្បាប់។

ទោះជាយ៉ាងណា លោក ប៉ា ច័ន្ទរឿន អះអាងថា គេត្រូវការពេលបន្ថែមទៀត ដើម្បីចង់ដឹងថា ការដួលរលំអគារបង្កើតជាសោកនាដកម្មនេះ មានអ្នកពាក់ព័ន្ធជាជនបរទេសប៉ុន្មាននាក់ និងមន្ត្រីរដ្ឋាភិបាលណាខ្លះ ត្រូវបាននាំខ្លួនមកទទួលទោ​ស​ចំពោះមុខច្បាប់ដើម្បីទប់ស្កាត់កុំឲ្យការវិនិយោគ បង្កសោ​ក​នាដកម្មថ្មីទៀតដល់ពលរដ្ឋកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ