ក្រសួងឲ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់លើពលរដ្ឋកោះកុងជាង១០០គ្រួសារដែលឡើងមកតវ៉ានៅភ្នំពេញថ្ងៃនេះ

ពលរដ្ឋនៅស្រុកស្រែអំបិលខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឡើងមកតវ៉ានៅក្រសួងដែនដីនៅទីក្រុងភ្នំពេញ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើទៅអាជ្ញាធរឲ្យចាត់វិធានផ្លូវច្បាប់លើប្រជាពលរដ្ឋមួយក្រុមដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន ហេង​ ហ៊ុយ នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រជាពលរដ្ឋប្រហែលជា១០០នាក់ ដែលអះអាងថា តំណាងឲ្យពលរដ្ឋ១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាតវ៉ាមុខក្រសួងរៀបចំដែនដីនៅព្រឹកថ្ងៃច័ន្ទនេះ ដើម្បីស្នើទៅក្រសួងជួយដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដីចុះថ្ងៃទី១ ខែកក្តដា ដែល​ VOD ទទួល​បាន​នៅ​រសៀល​ថ្ងៃច័ន្ទ​នេះ ក្រសួងរៀបចំដែនដី អះអាងថា ប្រជាពលរដ្ឋ៩៨៧គ្រួសារដែលមានវិវាទដីធ្លីពាក់ព័ន្ធដំណាំអំពៅផលិតស្ករសរនាំចេញ ស្ថិតក្នុងខេត្តកោះកុងនោះ គឺត្រូវបានដោះស្រាយចប់ជាស្ថាពរហើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងរៀបចំដែនដីបានច្រានចោលចំពោះពលរដ្ឋ១៩៧គ្រួសារ ដែលឡើងមកតវ៉ាដីធ្លីនៅក្រសួងថ្ងៃនេះ ដោយថា ពលរដ្ឋទាំង១៩៧គ្រួសារនេះមិនជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លី និងមិនទទួលដោះស្រាយឡើយ។ ក្រសួងមួយនេះ បានស្នើទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់លើពលរដ្ឋទាំងនោះទៀតផង។

ពលរដ្ឋដែលឡើងមកតវ៉ានៅថ្ងៃនេះ បានបង្ហាញការខកចិត្តចំពោះសេចក្តី​សម្រេច​របស់ក្រសួង​រៀបចំ​ដែនដី។

ពលរដ្ឋម្នាក់គឺ​ អ្នកស្រី ដេត ហួ ប្រាប់ វី.អូ.ឌី ក្រោយទទួលបានសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដីថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់ប្រជាពលរដ្ឋក្រីក្រមានជម្លោះដីធ្លីដូចពួកគាត់។ អ្នក​ស្រីថា អ្នកភូមិត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លី និងមិនដោះស្រាយ ហើយត្រូវក្រសួងបដិសេធមិនទទួលស្គាល់រួមទាំងជំរុញឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើពួកគាត់ទៀត។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំអត់យល់ព្រមទេ វាអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់ ព្រោះក្រសួងមិនដែលបានដោះស្រាយអីឲ្យពួកខ្ញុំទេ ហើយ ហេង ហ៊ុយ រំលោភយកដីបងប្អូនពួកខ្ញុំទាំងអស់គ្នាមិនដែលទទួលបានការដោះស្រាយទេ ហេតុអីបានជាក្រសួងធ្វើដាក់ពួកខ្ញុំអញ្ចឹង។ ពួកខ្ញុំមិនបោះបង់ការតវ៉ាចោលទេ បីថ្ងៃក្រោយបើគាត់មិនផ្តល់ឲ្យព័ត៌មានឲ្យច្បាស់ដល់ពួកខ្ញុំទេ ពួកខ្ញុំនឹងឡើងតវ៉ាដល់ក្រសួងម្តងទៀត»

ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី អិត តឹង ប្រាប់ វី.អូឌី កន្លែងតវ៉ាថា អ្នកភូមិខ្លះបានទៅរស់នៅលើតំបន់មានជម្លោះនោះតាំងពីឆ្នាំ១៩៧៩ រហូតមកឆ្នាំ២០០៧ គឺអាជ្ញាធរមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋនោះទេ ប៉ុន្តែ សម្រាប់ក្រុមហ៊ុន ហេង ហ៊ុយ ដែលមកអភិវឌ្ឍក្រោយបែរជាមានប័ណ្ណកម្មសិទ្ធិទៅវិញ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសម្រេចឡើងតវ៉ាដល់ក្រសួងរៀបចំដែនដីនេះ ដោយសារពួកខ្ញុំមានការឈឺចាប់ពេក ហើយជីវភាពគ្រួសារពួកខ្ញុំក៏ខ្វះខាតជួបការលំបាកដោយសារបាត់បង់មុខរបពុំមានដីបង្កបង្កើនផល ដោយសារក្រុមហ៊ុន ហេង ហ៊ុយ រំលោភយក និងឈូសឆាយដំណាំអស់ជាយូរឆ្នាំហើយ»

 អភិបាលរងខេត្តកោះកុង លោក សុខ សុធី មានប្រសាសន៍ថា ករណីជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប នេះ គឺអាជ្ញាធរខេត្តចុះស្រាវជ្រាវរួចហើយ ដោយរកឃើញថា ដីក្រុមហ៊ុនមួយនេះមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវដែលហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរក្នុងការដោះស្រាយ។

លោកបន្ថែមថា៖ «ដីរបស់លោក ហេង ហ៊ុយ ហ្នឹងគាត់មានប្លង់ត្រឹមត្រូវទាំងអស់ និងមាន ស.ជ.ណ ពីគណៈរដ្ឋមន្រ្តីទាំងអស់ ក្រោយគណៈរដ្ឋមន្រ្តីឲ្យគាត់ដោះស្រាយប៉ះពាល់អស់ ក៏គេចេញប្លង់ឲ្យគាត់។ អញ្ចឹង អាចថ្ងៃអាជ្ញាធរខេត្តនឹងជូនដំណឹងទៅភាគីពាក់ព័ន្ធឲ្យទៅដោះស្រាយតាមផ្លូវតុលាការ»

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានបង្ហាញការខកចិត្តដែរចំពោះក្រសួងរៀបចំដែនដី ដែលប្រកាសមិនទទួលស្គាល់ពលរដ្ឋ១៩៧គ្រួសារ និងស្នើឲ្យមានការចាត់វិធានការផ្លូវច្បាប់នោះ។

មន្រ្តីការងារសិទ្ធិមនុស្សរូបនេះ បានស្នើទៅក្រសួងត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់មុនចេញសេចក្តីប្រកាសឲ្យចាត់វិធានការលើពលរដ្ឋបែបនេះ ដោយថា ដើម្បីចៀសវាងការគំរាមកំហែង និងរំលោភសិទ្ធិពលរដ្ឋ។

លោក ហ៊ួរ អ៊ីន អះអាងថា កន្លងមក ក្រសួងបានដោះស្រាយបញ្ចប់ជម្លោះដីធ្លីជូនពលរដ្ឋ៩៨៧គ្រួសារជាមួយក្រុមហ៊ុនស្ករអំពៅចំនួន២ដែលមានជនជាតិថៃជាម្ចាស់វិនិយោគ ហើយលោក លី យ៉ុង ផាត់ ជាម្ចាស់ ប៉ុន្តែ មិនបានដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ១៩៧គ្រួសារ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ នោះទេ។

លោកបន្ថែមថា៖ « អីចឹង យើងករណីពីរហ្នឹងវាខុសគ្នាជាមួយករណីដែលក្រសួងបានដោះស្រាយចប់ អញ្ចឹងក្រសួងគួរតែធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន កុំទាន់ប្រញាប់ចេញសេចក្តីថ្លែងការណ៍ឲ្យមានចំណាត់ការទៅលើពលរដ្ឋ ថាតើពលរដ្ឋបានប្រព្រឹត្តអីខុស? អីចឹងពួកគាត់ពិតជាប្រឈមហើយពីការមានបណ្តឹងពីតុលាការ ហើយពួក(គាត់)ក៏ប្រឈមនឹងការជាប់ឃុំដែរ ប្រសិនជាពុំមានការស៊ើបអង្កេតច្បាស់លាស់ ហើយនឹងការគំរាមកំហែងផ្សេងៗទៀត»

វី.អូ.ឌី មិនសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប បានទេជំវិញបញ្ហាមួយនេះ។

យោងតាមញត្តិរបស់ប្រជាពលរដ្ឋដាក់ទៅក្រសួងរៀបចំដែនដីបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ចាប់តាំងពីឆ្នាំ២០០៧មក។ ក្នុងញត្តិនេះ បានបញ្ជាក់ថា ដីដែលមានជម្លោះនោះមានទីតាំងស្ថិតនៅភូមិតានី ភូមិជីខ ភូមិឈូក ក្នុងឃុំជីខលើ និងដីក្នុងភូមិចំបក់ ស្ថិតនៅក្នុងឃុំជីខក្រោម។

ក្នុងញត្តិដដែលនេះ ប្រជាពលរដ្ឋបានស្នើសុំឆ្វៀលកាត់ដីទំហំ៤២១ហិកតា ចេញពីដីទីតាំងអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ ដោយប្រគល់ឲ្យមកប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិវិញ។ ប្រជាពលរដ្ឋក៏ទាមទាសំណងចំនួន៧០០០ដុល្លារ ក្នុងមួយគ្រួសារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ