តម្លៃ​ប្រេង​សាំង​ក្នុង​ប្រទេសកម្ពុជា​បន្ត​ធ្លាក់ចុះ​៤សេនក្នុងមួយលីត្រ​ក្នុង​ពេលពីរសប្តាហ៍ដើម​ខែកក្កដានេះ

ស្ថានីយ៍សាំងមួយកន្លែងនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ក្រសួ​ង​ពាណិជ្ជកម្មឲ្យ​ដឹងនៅ​ថ្ងៃ​ច័ន្ទ​នេះថា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​សម្រេច​បញ្ចុះ​តម្លៃ​ប្រេងឥន្ធ​នៈ​ចំនួន​៤សេន​ដុល្លារ​បន្ថែមទៀតសម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈលក់​រាយ​នៅក្នុង​ប្រទេសកម្ពុជា។

សេចក្តី​ជូន​ដំណឹង​​របស់​ក្រសួង​ពាណិជ្ជកម្ម​ចេញនៅថ្ងៃច័ន្ទ​ ទី​១ ខែ​កក្កដា​នេះ​ បញ្ជាក់ថា ផ្អែកតាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈលើ​ទីផ្សារ​អន្តរជាតិ​ ថ្លៃលក់​រាយ​ប្រេង​ឥន្ធនៈពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៥ ខែកក្កដា នឹង​ត្រូវ​លក់​ ៣៧៦០រៀល​ក្នុងមួយលីត្រសម្រាប់​សាំងធម្មតា EA92 និង​ ៣៦៧៣រៀល​ក្នុងមួយលីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត។

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ដដែល​នេះ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ​ដូច្នេះថ្លៃលក់​រាយ​ប្រេងឥន្ធនៈសម្រាប់​អនុវត្ត​​ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី១៥ ខែកក្កដា នឹង​ចុះមក ៣៦០០រៀល​​ក្នុងមួយលីត្រសម្រាប់​សាំងធម្មតា EA92 និង​ ៣៥០០រៀល​ក្នុងមួយលីត្រ​សម្រាប់​ប្រេងម៉ាស៊ូត។

យោងតាមប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៩ ខែមីនា ឲ្យ​ដឹងថា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម នឹងគណនារកថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាតាមរូបមន្តដែលក្រសួងបានកំណត់ និងចេញតម្លៃលក់រាយនោះជូនក្រុមហ៊ុនប្រេងឥន្ធនៈ៣ដងក្នុង១ខែ គឺនៅថ្ងៃទី១ ថ្ងៃទី១១ និងថ្ងៃទី២១ នៃខែនីមួយៗ។

ប្រកាសអន្តរក្រសួងបន្តថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ដែលលក់ប្រេងម៉ាស៊ូត ប្រេងសាំងធម្មតា និងប្រេងសាំងស៊ូពែ ត្រូវលក់តាមតម្លៃដែលក្រសួងបានកំណត់ ឬក្នុងតម្លៃប្រកួតប្រជែងមួយទាបជាងតម្លៃនោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ