លោក ហ៊ុន សែន ឲ្យអន្ដរជាតិពិចារណាមុនដកភាពអនុគ្រោះពីប្រទេសក្រីក្រ

នៅព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតអាស៊ីនៅឯប្រទេសជប៉ុន នោះសម្តេចតេជោ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រាប់ឲ្យសហគមន៍អន្ដរជាតិពិចារណាឲ្យច្បាស់ មុននឹងសម្រេចដកភាពអនុគ្រោះណាមួយពីប្រទេសក្រីក្រ ឬមានការអភិវឌ្ឍតិចតួច ដោយថា វាជាការដើរផ្ទុយពីគោលការណ៍របស់អង្គការសហប្រជាជាតិ ដែលចង់ជួយឲ្យប្រទេសទាំងនោះចាកផុតពីឋានៈជាប្រទេសមានភាពក្រីក្រ។

លោក ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពី «ការត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដានេះ។

ក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន សែន ថ្លែងថា ការព្រមានដកហូតភាពអនុគ្រោះណាមួយពីប្រទេសមានការអភិវឌ្ឍតិចតួច ដែលក្នុងនោះរួមទាំងកម្ពុជាផងនោះ គឺផ្ទុយទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ គោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងមិនអាចជួយឲ្យប្រទេសទាំងនោះរួចផុតពីឋានៈជាប្រទេសដែលមានភាពក្រីក្រនោះឡើយ។  

លោក​ ហ៊ុន សែន ថ្លែងបន្ដថា៖ «ហើយសុំពិចារណាឲ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍតិចតួច ព្រោះការព្យួរ ឬការដកនេះ នឹងធ្វើឲ្យប្រទេសទាំងនោះមិនអាចជួយពិភពលោកឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងមិនអាចជួយពួកគេឲ្យចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចបានឡើយ ដែលចលនានេះគឺជាដំណើរផ្ទុយទាំងស្រុងពីគោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក»។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវបានគេមើលឃើញថា កំពុងទទួលរងការព្រមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហភាពអឺរ៉ុប និងការព្រមានសើរើប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ក្រោយមានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះធ្ងន់ធ្ងរ ក្រោយបញ្ចប់ការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការនីតិ​វិធី​ដែល​នឹង​ឈាន​ទៅរក​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

តាមការគ្រោងទុក ដំណើរបេសកម្មរបស់គណៈប្រតិភូជាន់ខ្ពស់របស់សហភាពអឺរ៉ុប ដែលចុះមកឃ្លាំមើល និងត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នឹងបញ្ចប់ទៅនៅពាក់កណ្ដាលខែសីហាខាងមុខនេះ។

ក្រោយចប់រយៈពេលនេះ សហភាពអឺរ៉ុបនឹងបង្ហាញរបាយការណ៍រកឃើញរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា មានរយៈពេល ១ខែ ការក្នុងឆ្លើយតបនឹងរបាយការណ៍នេះ មុននឹងមានការសម្រេចជាផ្លូវការ ថាតើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវព្យួរ​ ឬរក្សា​ទុកដដែល​សម្រាប់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ