សាលា​រាជធានី ​មិនឲ្យយុវជន១០នាក់​ធ្វើពិធី​បែប​សាសនា​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម​ ឡី​

ទីតាំងផ្ទះលោក កែម ឡីង ដែលគ្រោងធ្វើពិធីបុណ្យរំលឹកខួប៣ឆ្នាំនៃការស្លាប់របស់លោក។ រូបភាព៖ ផ្ដល់ឱ្យ/ យុវជន១០០រាត្រី

សាលា​រាជធានី​ភ្នំពេញ ​មិន​អនុញ្ញាត​​ឱ្យ​​យុវជន១០នាក់​មក​ពី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ធ្វើពិធី​បែប​សាសនា​គម្រប់ខួប៣ឆ្នាំ នៅ​ទីតាំង​បាញ់សម្លាប់​លោក​ កែម​ ឡី​ នោះឡើយ​​។

លិខិត​ចុះ​ថ្ងៃទី៤ ខែកក្កដា​ សាលា​រាជធានី​លើកឡើង​ថា​ ការ​មិន​អនុញ្ញាត​នេះ​ ដោយសារ​ទីតាំង​នោះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឯកជន​។

សាលា​រាជធានី​ភ្នំពេញ​ ​តម្រូវ​ឱ្យ​ក្រុម​យុវជន​ដែល​បាន​ស្នើសុំ​ទៅ​ធ្វើពិធី​នេះ​នៅផ្ទះ​គ្រួសារ​សព ​ឬនៅ​ស្នាក់​ការ​របស់​ខ្លួន​វិញ​។

កាលពី​ថ្ងៃទី១ ខែកក្កដា​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដោយ​ស្នើសុំ​ជួបជុំគ្នា​ចំនួន១០នាក់​ ​ដាក់​កម្រងផ្កា​ជូនវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ នៅ​ស្ថានីយ៍ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​ស្តុ​បបូ​កគោ​នៅ​ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៩ នាវេលា​ម៉ោង៩ព្រឹក​ នឹង​បញ្ចប់​វិញ​នៅ​ម៉ោង១១​។

លោក​ កែម​ ឡី ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ាត​​ ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​នឹង​ស្តុ​បបូ​កគោ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ក្រោយពី​លោក​​វិភាគ​បន្ថែម​លើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​GlobalWitness​ ​ដែល​លាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»។

​បច្ចុប្បន្ន ​អាជ្ញាធរ​ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​ ឈ្មោះ​ អឿត​ អាង​ ហៅ​ ​«ជួប​សម្លាប់​» ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​។

ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី ​ចោទ​រដ្ឋាភិបាល​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​។ ប៉ុន្តែ​ នាយក​រដ្ឋមន្ត្រី​តាមរយៈ​មេធាវី បាន​ដាក់ពាក្យ​ប្តឹង​លោក​ សម​ រង្ស៊ី​ ចំពោះ​ការ​ចោទ​នេះ​ ហើយ​ទីបំផុត​តុលាការ​បាន​កាត់​ក្ដី​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ជា​អ្នកឈ្នះ​ក្ដី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ