​ខ្មែរដែលបណ្តេញចេញពីអាមេរិករៃអង្គាសប្រាក់ជួយអ្នកបញ្ជូនមកថ្មី

ស្ថាបនិក និងក្រុមការងារក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍ ហ្ស៊ីន​ អ៊ែដវែនឆឺ (ZIN Adventures)។ រូបភាព៖ លោក ជីមមី ហ៊ាម (Jimmy Hiem)

ពលរដ្ឋខ្មែរដែលបណ្តេញចេញពីសហរដ្ឋអាមេរិក រៀបចំធ្វើយុទ្ធនាការតាមអ៊ីនធឺណិតរៃអង្គាសប្រាក់សម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកដែលត្រូវបណ្តេញចេញ៣៧នាក់បន្ថែមទៀត ដែលបានមកដល់កម្ពុជាកាលពីម្សិលមិញ។​

តាំង​ពី​យុទ្ធនាការរៃ​អង្គាស​ប្រាក់នោះបាន​ចាប់​ផ្ដើមនៅ​ថ្ងៃ​ទី៤ ខែ​មិថុនាមក​ ​ពួកគេប្រមូល​ថវិកាបាន​​​ជាង​១០០០ដុល្លារ​អាមេរិក ​គិតត្រឹម​ថ្ងៃ​ទី​៣ ខែ​កក្កដា ខណៈពួកគេ​មាន​គោលដៅរៃអង្គាស​ឱ្យ​បាន៥០០០ដុល្លារ។ យុទ្ធនាការនេះបន្តរហូតបានលុយគ្រប់ចំនួន។​

អ្វី​ដែល​ជំរុញ​ឱ្យ​ពួកគេនាំគ្នា​ធ្វើ​យុទ្ធនាការតាម​អ៊ីនធឺណិត​ ដើម្បី​ស្វែង​រកថវិកា​​ជួយ​ដល់ជន​រងគ្រោះ​ផ្សេងទៀត​ ព្រោះពួកគេមាន​បទពិសោធន៍​ឈឺចាប់ និងខ្វះខាត​នៅ​ពេល​​​មក​ដល់ទឹកដីកម្ពុជាជា​លើក​ដំបូង​ ហើយមិនចង់ឱ្យអ្នកមកថ្មីជួបបញ្ហាទាំងនេះទៀត។

ស្ថាបនិកម្នាក់ក្នុង​ចំណោម​ស្ថាបនិក៥នាក់​​​នៃក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍ ហ្ស៊ីន​ អ៊ែដវែនឆឺ (ZIN Adventures) ជាក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​នេះ គឺ​លោក ជីមមី ហ៊ាម (Jimmy Hiem) ប្រាប់​ វី.អូ.ឌី តាម​ទូរស័ព្ទ ​ជា​ភាសាខ្មែរលាយឡំ​នឹង​ភាសាអង់គ្លេសថា ក្នុង​នាម​ជាអ្នក​ដែលធ្លាប់​​ត្រូវ​បានរដ្ឋាភិបាល​អាមេរិក​​បញ្ជូន​មក​កម្ពុជា​កាល​ពី៣ឆ្នាំ​មុន លោក​ចង់ឃើញ​​អ្នក​មក​ដល់ថ្មី​ទទួល​បាន​ភាព​កក់ក្ដៅ និង​ទទួលបានជំនួយ​ចាំបាច់ផ្សេងៗ ដូចជា ​សម្ភារប្រើប្រាស់ ​ម្ហូបអាហារស្វាគមន៍​​ពួកគេ ការនាំពួកគេ​ដើរ​កម្សាន្ត​ដើម្បី​ស្វែង​យល់​ពីប្រវត្តិសាស្ត្រ វប្បធម៌​របស់​កម្ពុជា​ និង​ការ​ជួយ​ស្វែងរក​ការងារ​ធ្វើ​ ជា​ដើម​។

លោក ជីមមី ហ៊ាម (Jimmy Hiem)
លោក ជីមមី ហ៊ាម (Jimmy Hiem) ស្ថាបនិកម្នាក់ក្នុង​ចំណោម​ស្ថាបនិក៥នាក់​​​នៃក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍ ហ្ស៊ីន​ អ៊ែដវែនឆឺ (ZIN Adventures)។ រូបភាព៖ លោក ជីមមី ហ៊ាម (Jimmy Hiem)

លោក ជីមមី ហ៊ាម៖ «នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​ គ្មាន​អ្នកណា​មក​ស្វាគមន៍​ខ្ញុំ​ ដូចជាមក​ប្រាប់​យើង​ថា  អេ! កុំ​ភ័យ​ព្រួយអី! ខ្ញុំ​ក៏​ជួប​រឿង​ដូច​អ្នក​ឯង​ដែរ​ទេ។ អ្នក​មាន​ពួកខ្ញុំ​នៅ​ជាមួយ​អ្នក។ កាល​ពី​ពេល​ខ្ញុំ​មក​ដល់​ អត់​មាន​អ្នក​ទទួល​យើង​អ៊ីចឹង​ទេ។ ដូច្នេះហើយ​បាន​ជា​យើង​ចាប់​ផ្ដើម​គិត​ថា យើង​មិន​គួរ​ឱ្យ​វា​កើតឡើង​ម្ដង​ទៀត​លើអ្នក​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​ទេ។  យើង​ត្រូវ​ធ្វើ​ឱ្យ​ពួកគេ​គិត​ថា នៅ​ទីនេះ​មាន​អ្នក​ដែល​ចង់​ឃើញ​ពួកគេ​ជោគជ័យ។ ឱ្យ​ពួកគេ​ដឹង​ថា ពួកយើង​នៅ​ទីនេះ​ក៏​ធ្លាប់​បាន​ឆ្លងកាត់​ការ​នឹក​រឭក​ឪពុក​ម្ដាយ​ កូន​យើង​អី​ដែរ។»  

ដោយ​ត្រូវ​ព្រាត់ប្រាស់ពី​ភរិយា និង​កូនរបស់​លោក​​នៅសហរដ្ឋអាមេរិក លោក ជីមមី រំឭកពីបទពិសោធ​ន៍​របស់​លោក​កាល​ពី​៣ឆ្នាំ​មុនថា វា​​ជារឿងដ៏​គួរ​ឱ្យ​ឈឺចាប់​ និង​មិន​នឹកស្មាន​ដល់សម្រាប់​លោក និង​ក្រុមគ្រួសារ​ នៅ​ពេល​ទទួល​ដំណឹង​ថា​ លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហរដ្ឋអាមេរិក ទោះ​បី​ជាលោក​​បាន​អនុវត្តទោសចំពោះ​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ជាង​ម្ភៃ​ឆ្នាំ​មុន​រួច​រាល់​ហើយ​ក៏​ដោយ។

លោក ជីមមី ហ៊ាម៖ «ខ្ញុំ​មិន​ធ្លាប់​គិត​ថា គេ​នឹង​បណ្ដេញ​ខ្ញុំ​ចេញ​ពី​អាមេរិក​ទេ ព្រោះ​ខ្ញុំ​បាន​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩​ម្ល៉េះ។ ខ្ញុំ​នៅ​ទី​នោះជាង ​៣៨​ឆ្នាំ​ទៅ​ហើយ ដូច្នេះ ​ខ្ញុំ​គិត​ថា គេ​មិន​អាច​បណ្ដេញខ្ញុំ​ចេញ​បាន​ទេ។ នៅ​ពេល​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​​ដោយ​សាររឿង​រ៉ាវ​ខ្លះ គេ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រូវ​បណ្ដេញ​ពី​ស្រុក​អាមេរិក។ ប៉ុន្តែ​ ១៥​ឆ្នាំ​ក្រោយ​មក​ ទើបគេ​មក​គោះ​ទ្វារផ្ទះ​ខ្ញុំនៅ​ម៉ោង​៤ភ្លឺ ​ដាក់​ខ្នោះ​ដៃ​ខ្ញុំ​នៅ​ចំពោះ​មុខ​កូន​ខ្ញុំ ហើយ​ប្រាប់​ថា អ្នក​ត្រូវបញ្ជូន​ទៅ​ស្រុក​ខ្មែរ​ហើយ។ នៅ​ពេល​នោះ​ ខ្ញុំ​កំពុង​បើក​ក្រុមហ៊ុន​មួយ​បាន​ ១២​ឆ្នាំ​ទៅ​ហើយ។»

​​នៅ​ពេល​មក​ដល់​កម្ពុជា​បាន​មួយ​រយៈ លោក​បាន​សម្រេច​ចិត្ត​ប្រើ​ជំនាញ​ធ្វើ​អាជីវកម្ម​ដែល​លោក​មាន​ស្រាប់​កាល​ពី​ពេល​លោក​រស់​នៅ​សហរដ្ឋ​អាមេរិក​ មក​បង្កើត​ក្រុមហ៊ុនទេសចរណ៍ ហ្ស៊ីន​ អ៊ែដវែនឆឺ (ZIN Adventures) នៅ​ខែ​មេសា ឆ្នាំ​២០១៨ ដោយ​សហការ​ជាមួយ​ជនរងគ្រោះ​បួន​នាក់​ផ្សេង​ទៀត​​ដែល​​រង​ការបណ្ដេញ​ចេញ​ពី​សហរដ្ឋអាមេរិកដូច​លោក​ដែរ។ ក្រុមហ៊ុននេះ បង្កើតឡើងដើម្បីរកចំណូល និងជួយដល់ជនរងគ្រោះខ្មែរផ្សេងទៀតដែលបណ្តេញចេញពីអាមេរិកពាក់ព័ន្ធការប្រព្រឹត្តបទល្មើសផ្សេងៗ។​

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជូន​ជន​ភៀសខ្លួន​កម្ពុជាដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌមក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ ចាប់​​តាំង​ពី​ឆ្នាំ​២០០២ មក។​ ប៉ុន្តែ ក្រោយ​ពេល​ចំនួន​នៃ​ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញចេញ​កើន​ឡើង​​ខ្លាំង ក្រោម​រដ្ឋបាល​លោក ​ត្រាំ ដែល​​រឹតបន្ដឹងការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​មក លោក​ ហ៊ុន សែន​ បាន​ប្រកាសជំហរ​មិន​ទទួល​យកពលរដ្ឋខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិកបណ្ដេញ​​ចេញ​ឡើយ។

ការ​ណ៍​នេះ​បាន​ធ្វើ​ឱ្យសហរដ្ឋអាមេរិក​​ប្រកាសកាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ឈប់​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រីការ​ទូត​ជាន់ខ្ពស់​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​មន្ត្រីជាន់​ខ្ពស់​ទាំង​នោះ ប្រសិន​បើ​រដ្ឋាភិបាលមិនព្រម​ទទួល​យក​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីអាមេរិក​នោះ​ទេ។ ជា​លទ្ធផល រដ្ឋាភិបាលកម្ពុជាក៏បាន​យល់​ព្រម​ទទួលយក​ពួកគេ​វិញ ក្រោយរង​សំពាធ​នេះ។

អ្នក​នាំពាក្យ ​​អង្គការ KVAO លោក ប៊ីល ​ហឺរ៉ដ (Bill Herod) ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អង្គការ​លោក​ត្រូវ​បាន​បង្កើតក្នុង​ឆ្នាំ២០០២​មក​ អង្គការនេះបាន​ទទួល​ជនជាតិ​ខ្មែរ​ដែល​រង​ការ​​បណ្ដេញចេញសរុប ​៧០១នាក់ ដែល​សុទ្ធ​សឹងជា​ជនភៀសខ្លួនជាមួយ​ឪពុកម្ដាយ​របស់​ពួកគេ ​ក្រោយ​សម័យ​ខ្មែរ​ក្រហម។ លោក​បញ្ជាក់​ថា អង្គការលោក​​ត្រូវ​បាន​ប្រាប់​ឱ្យ​ត្រៀម​ទទួល​ជនរងគ្រោះ​ទាំង​នោះសរុប​រហូតដល់ ​២០០​នាក់​ នៅ​ឆ្នាំ​២០១៩នេះ។

របាយការណ៍​របស់​អង្គភាព​អនុវត្តច្បាប់​អន្តោប្រវេសន៍ និងគយនៃ​សហរដ្ឋអាមេរិក​ (ICE) បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៨ ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​បណ្ដេញ​ចេញ​មាន​ចំនួន​សរុប ១១០នាក់​ ដែល​កើន​ឡើង​ជិត​៤ដង​ពី​ឆ្នាំ២០១៧ ដែល​កាល​នោះមាន​តែ​២៩​នាក់​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​ដែល​រងការ​បណ្ដេញចេញ​ពី​សហរដ្ឋអាមេរិក​ដែល​ វី.អូ.ឌី ​បាន​សម្ភាសសុទ្ធ​តែរៀបរាប់​ថា ពួកគេ​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​ប្រទេស​កម្ពុជា ដោយ​សារ​ពួកគេ​បាន​ធំដឹង​ក្ដី​នៅ​សហរដ្ឋអាមេរិក។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែកក្កដា អនុប្រធានស្ដីទីទទួលបន្ទុកកិច្ចការបោសសំអាតជនបរទេសល្មើសច្បាប់នៃអង្គភាព ICE លោក ចេហ្វហ្វ្រ៊ី លីនឆ៍ (Jeffrey Lynch) ថ្លែងថា ការបញ្ជូនខ្លួនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទល្មើសនៅ សហរដ្ឋអាមេរិកមកកម្ពុជាវិញ គឺជាការអនុវត្ដច្បាប់ដើម្បីរក្សាសន្តិសុខជាតិ។

ជន​រងគ្រោះ​ម្នាក់ស្នើសុំមិន​បង្ហាញ​អត្តសញ្ញាណ ដែល​បាន​ទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន​ទៅ​រស់នៅ​​សហរដ្ឋអាមេរិក​ជាមួយ​ឪពុកម្ដាយ​ និង​ប្អូន​ៗ​ កាល​ពីឆ្នាំ​១៩៨០ ដែល​កាល​ណោះ​នាង​មាន​អាយុ​៤​ឆ្នាំ ប្រាប់​ វី.អូ.ឌី ថា​ បច្ចុប្បន្ន​ នាង​នៅ​តែ​ប្រឈម​នឹងបញ្ហា​ជីវភាព​ និង​មានការ​​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាភាសាខ្មែរ ទោះ​បី​នាង​បាន​មក​ដល់​កម្ពុជា​អស់​រយៈពេល​១៥ឆ្នាំ​ហើយ​ក៏​ដោយ។

នាង​ប្រាប់​ថា នៅ​ពេល​មក​ដល់​កម្ពុជា​ដំបូង នាង​ធ្លាប់​រកបាន​ការងារធ្វើ​ ជា​បុគ្គលិក​ផ្នែក​រដ្ឋបាល​ ដែលទទួលបាន​​ប្រាក់ខែ​ពី​១៥០ ទៅ​២០០​ដុល្លារ ប៉ុន្តែ​ ចាប់​តាំងពី​នាង​មាន​ពិការភាព​ដោយ​សារ​ជំងឺរលាក​សន្លាក់ដៃ​ជើង​​​មក នាង​មិន​អាច​រក​ការងារ​ធ្វើ​បាន​ដូច​ពី​មុន​ឡើយ។

នាង​មាន​ប្រសាសន៍​ថា៖ «ភាគ​ច្រើន​ ៩៩ភាគរយ​ហើយ កន្លែង​ក្រុមហ៊ុនអង្គការ​អីៗ​ហ្នឹង ​គេ​អត់​ចង់​ hire [ជួល] អ្នក​ពិការ​ទេ។ អ៊ីចឹង​ វា​ពិបាក។ ឥឡូវ​ ខ្ញុំ​​កំពុង​រក​ការងារ​ធ្វើ​ អ៊ីចឹង ​វា​ពិបាក​ត្រង់​ហ្នឹង ហើយ​មួយ​ទៀត អា​រឿង​ Medical [ថ្នាំ​ពេទ្យ] ខ្ញុំ​អត់​មាន​លុយ​សម្រាប់​ទៅ​ពេទ្យ ហើយ​អង្គការ​ខ្វាវ (KVAO)ហ្នឹង​ គេ​ជួយ​ខ្លះ​ឱ្យ​ខ្ញុំ​ទៅ​ពេទ្យ​ ប៉ុន្តែ​ ខ្ញុំ​អត់​ចង់​ពឹង​គេ​ឱ្យ​ជួយ​ខ្ញុំ​រហូត​អ៊ីចឹង​ទេ។ អ៊ីចឹង ​ខ្ញុំ​វា​ពិបាក​អាត្រង់​ហ្នឹង​ដែរ ហើយ​នៅ​ស្រុក​ខ្មែរ​ បើ​សិន​ជា​យើង​អត់​មាន​លុយ​ គេ​អត់​មើល​យើង​ទេ។»

ជន​រងគ្រោះ​រូប​នេះ​សង្ឃឹម​ថា រដ្ឋាភិបាលកម្ពុជា​​ជួយ​ផ្ដល់​ការ​ទំនុក​បម្រុង​ផ្នែក​​សុខុមាលភាព​ដល់​រូប​នាង​ជា​ជនពិការ​ ដើម្បីមាន​លទ្ធភាព​ទទួល​បាន​សេវាសុខាភិបាល ដោយ​មិន​ចាំបាច់ពឹង​ផ្អែក​ទាំងស្រុង​​លើ​ជំនួយ​របស់​អង្គការ KVAO និងប្រាក់​ឧបត្ថម្ភ​របស់​​ក្រុមគ្រួសារ​នៅ​សហរដ្ឋអាមេរិក។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ លោក តុប នេត ថ្លែង​ថា អង្គភាព​លោក​បានផ្ដល់​ជំនួយ​ដល់​ជន​រងគ្រោះ​ទាំងនោះ​ដោយ​ផ្ដល់​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណជា​ពលរដ្ឋ​ខ្មែរ​ដល់​ពួកគេ។ ប៉ុន្តែ លោកបដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​​សំណើ​សុំ​ជំនួយផ្សេងទៀតរបស់​ជន​រងគ្រោះ​ទាំងនោះ​ឡើយ ដោយ​ថា នោះ​ជា​ភារកិច្ច​​របស់​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត។

បើ​តាម​ការឱ្យ​ដឹង​របស់​អ្នក​នាំពាក្យ​អង្គការ​ KVAO លោក ប៊ីល ហឺរ៉ដ ជនដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ជា​ច្រើន​តែង​តែ​ប្រឈម​នឹង​​បញ្ហា​ធ្លាក់​ទឹក​ចិត្ត ហើយ​ពួកគេ​មួយ​ចំនួន​ងាយ​ធ្លាក់​ខ្លួន​សេព​គ្រឿងញៀន។

ប៉ុន្តែ​ លោកបញ្ជាក់​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ ក៏​មាន​បុគ្គល​មាន​សមត្ថភាព​ជា​ច្រើនផងដែរ ​ដែល​​ទទួល​បាន​ការងារជា​គ្រូបង្រៀន​ភាសា​អង់គ្លេសនៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា​ ដោយ​ទទួល​ប្រាក់​ខែ​ប្រមាណ​ ៨០០ដុល្លារ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បង្រៀន​ភាសាអង់គ្លេស (TESOL)។

​សម្រាប់​លោក ជីមមី ហ៊ាម ការ​ជួយ​ដល់ជនរងគ្រោះ​ទាំងនោះ​ក្នុង​ការ​សម្របខ្លួន​ទៅនឹង​របៀបរបប​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជារឿង​ដ៏​ចាំបាច់​បំផុត។

លោក​បន្ថែម​ថា នៅ​ពេល​មក​ដល់​កម្ពុជា​ថ្មី​ថ្មោង ជនរងគ្រោះ​ដូច​រូប​លោក និងអ្នកផ្សេងទៀតត្រូវ​ការ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ជួយ​ស្វែងរក​ឱកាសការងារ​ដែល​សមស្រប​ទៅ​នឹង​ជំនាញ​ និង​សមត្ថភាព​ដែល​ពួកគេ​មាន​ ដើម្បី​អាច​​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​កម្ពុជាបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ