ស្ដ្រី និងកុមារក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបសម្រុកទៅមណ្ឌលសុខភាព ខណៈជំងឺគ្រុនឈាមផ្ទុះឡើងទូទាំងប្រទេស

មណ្ឌលសុខភាពរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ផ្តល់សេវាថែទាំសុខភាព និងពិនិត្យជំងឺទូទៅ ដល់ស្រ្តី និង កុមា (រូបភាពពី សារព័ត៌មានពលរដ្ឋ)

មណ្ឌលសុខភាពមួយចំនួន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានផ្ដល់សេវាថែទាំសុខភាពដល់ស្ដ្រី និងកុមារក្នុងចំនួនកាន់តែច្រើនទ្វេដង ដោយសារពួកគេបារម្ភពីជំងឺគ្រុនឈាម ដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា។   

ប្រធានមណ្ឌលសុខភាព «រំចេក» នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ប៉ិច សុផាន មានប្រសាសន៍ថា ចំនួនស្ដ្រី និងកុមារមកស្វែងរកការថែទាំសុខភាព និងពិនិត្យជំងឺទូទៅបានកើនឡើងមួយទ្វេជាពីរ ដូចជា ការព្យាបាលជំងឺគ្រុនក្ដៅ រលាកផ្លូវដង្ហើម រលាកបំពង់ក និងការពិនិត្យរកជំងឺគ្រុនឈាមជាដើម ដែលភាគច្រើនកើតទៅលើកុមារតូចៗ។

ប្រធានមណ្ឌលសុខភាពរំចេក លោក ប៉ិច សុផាន អះអាងថា ចាប់តាំងពីដើមខែកក្កដាកន្លងមក ចំនួនស្ដ្រី និងកុមារមកថែទាំ និងពិនិត្យសុខភាពនៅមណ្ឌលសុខភាពមួយនេះ បានកើនឡើងគួរឲ្យកត់សំគាល់ ពោលគឺពីចំនួនជាមធ្យមចន្លោះពី ៤០០​ ទៅ៥០០នាក់ រហូតដល់ចំនួនចន្លោះពី ៩០០ ទៅ ១ពាន់នាក់ក្នុងមួយខែ។ លោកអះអាងថា គិតមកទល់ពេលនេះ មណ្ឌលសុខភាពបានជួបករណីចំនួន ១០ ដែលមណ្ឌលសុខភាពសង្ស័យថា ពួកគេអាចកើតជំងឺគ្រុនឈាម ហើយបញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែក ដើម្បីតាមដាន និងថា ត្រឹមកម្រិតមណ្ឌលសុខភាព គឺមិនអាចព្យាបាលជំងឺនេះបាននោះទេ។

លោកថា ការកើនឡើងនៃចំនួនស្ដ្រី និងកុមារមករកសេវានៅមណ្ឌលសុខភាពនេះ គឺអាចមកពីពួកគេបារម្ភខ្លាចកូនៗ កើតមានជំងឺគ្រុនឈាម ដែលកំពុងកើតមានឡើងទូទាំងខេត្ដក្រុងក្នុងប្រទេសកម្ពុជា។

លោក ប៉ិច សុផាន រៀបរាប់បន្ដថា ស្របពេលមានអ្នកជំងឺកាន់តែច្រើនមករកសេវានៅមណ្ឌលសុខភាពនោះ លោកថា មណ្ឌលសុខភាពក៏ជួបបញ្ហាប្រឈមជាច្រើន ដូចជា អគារមណ្ឌលសុខភាពចាស់ទ្រុឌទ្រោម ពិដានអគារបាក់បែក និងលិចទឹកជាអន្លើៗ និងខ្វះកន្លែងសម្រាប់ឲ្យស្រ្ដី និងកុមារសម្រាកព្យាបាល​ និងថែទាំសុខភាព។

ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកសៀមរាប លោក នៅ ឡាយ មានប្រសាសន៍ថា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ មានមណ្ឌលសុខភាពចំនួន ៦ គឺមានមណ្ឌលសុខភាពបន្ទាយស្រី មណ្ឌលសុខភាពរំចេក មណ្ឌលសុខភាពត្បែង មណ្ឌលសុខភាពឃុនរាម មណ្ឌលសុខភាពរំចេក រុនតាឯក និងមណ្ឌលសុខភាពព្រះដាក់។

លោកសង្កត់ធ្ងន់ថា ស្ដ្រី និងកុមារជាច្រើនបានសម្រុកទៅមណ្ឌលសុខភាពនានា ក្នុងស្រុកបន្ទាយស្រី ដើម្បីពិនិត្យជំងឺទូទៅដោយសារពួកគេចេះតែព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺគ្រុនឈាម ដែលកំពុងកើតឡើងនៅទូទាំងប្រទេស។ លោកបញ្ជាក់ថា ចំនួននេះបានកើនឡើង ចន្លោះពី២០ ទៅ៣០ភាគរយ ក្នុងមួយខែ ជាពិសេសនៅចន្លោះខែមិថុនា និងខែកក្កដា ចំណែកនៅខែសីហា និងខែកញ្ញា ជំងឺនេះមានការថយចុះវិញ។

យ៉ាងណាក៏ដោយ លោក នៅ ឡាយ អះអាងថា ប្រសិនបើមណ្ឌលសុខភាពពិនិត្យ និងសង្ស័យថា មានករណីជំងឺគ្រុនឈាមមែននោះ លោកថា មណ្ឌលសុខភាព ដាច់ខាតត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែកជាបន្ទាន់ និងមិនអាចសម្រេចព្យាបាលដោយខ្លួនឯងបានទេ។  

លោកបន្ដថា៖ «មានការកើនឡើងច្រើនគួរសមដែរ ដោយសារពួកគាត់ខ្លាចជំងឺគ្រុនឈាម ប៉ុន្ដែ ភាគច្រើនពួកគាត់គ្រុនក្ដៅធម្មតាទេ។ អញ្ចឹង វាកើនប្រហែលជា២០ ទៅ៣០ភាគរយ។ ឧទាហរណ៍ ជាធម្មតា ១០០នាក់អញ្ចឹងអាចកើនដល់ ១៣០អីអញ្ចឹងណាស់។ ប៉ុន្ដែ ខ្ញុំសូមបញ្ជាក់ថា នៅមណ្ឌលសុខភាព យើងមិនមានសិទ្ធិគ្មានព្យាបាលគ្រុនឈាមទេ។ បើមានការសង្ស័យ យើងបញ្ជូនមកមន្ទីរពេទ្យបង្អែក»។   

របាយការណ៍របស់ក្រសួងសុខាភិបាលឲ្យដឹងថា ៧ខែដើមឆ្នាំ២០១៩នេះ ​ជំងឺ​គ្រុន​ឈាមបាន​សម្លាប់​ជិវិត​មនុស្សចំនួន ២៥​នាក់​ កើន​ឡើង​ប្រមាណ​៥​ដង ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ​កាលពីថ្ងៃទី១០ខែកក្កដាកន្លងទៅ​ ក្រសួង​សុខាភិបាលប្រកាសថា ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើង​ខ្លាំង កាល​ពី​ដើម​ខែ​ឧសភា​​ និងបានកើតឡើង​នៅ​តាម​ភូមិសាស្ត្រ​ខេត្តរាជធានី​នានា ដែល​ការ​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​នេះ​បានកើតឡើងចំនួន ​១ម៉ឺន​៥ពាន់ករណី​។

ក្រសួងសុខាភិបាល​​បាន​ឲ្យដឹង​បន្ថែម​​ថា ​ក្រោយ​ការ​អន្តរាគមន៍​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​នៅ​តាម​ភូមិ​សាស្ត្រ​ខេត្ត​រាជធានី ដែលកើតមាន​​ជំងឺ​នេះ ក្រសួងអះអាងថា ​ជំងឺគ្រុនឈាមបានថយ​​ចុះក្នុងខេត្តក្រុងចំនួន១១ ខណៈ​ខេត្ត​ក្រចេះ ខេត្តកំពត ព្រៃវែង និង​ខេត្តកែប មិន​មាន​ជំងឺ​នេះ​ផ្ទុះ​ឡើង​នោះទេ​៕

សារព័ត៌មានពលរដ្ឋ កញ្ញា សែម ស្រីចុំ និង រាយការណ៍បន្ថែមដោយលោក ពេជ្រ ចំរុង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។