អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​ជំរុញ​គម្រោង​វិនិយោគ​តំបន់​ឆ្នេរ​បំពាន​​លើ​សហគមន៍​នេសាទ​នៅ​កំពត

ប្រជា​នេសាទ​នៃ​សហគមន៍​នេសាទ​ព្រែក​ត្នោត ក្នុង​ស្រុក​ទឹក​ឈូ ខេត្តកំពត កំពុង​រៀបចំ​ចុះ​ទូក​នេសាទ។

ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​វាលរេញ​របស់​ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រហែល ៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង​កំពត ព្រែកត្នោត និង​ត្រពាំងរពៅ គឺ​ជា​សហគមន៍​នេសាទ​​សមុទ្រ​ចំនួន ២ ស្ថិត​ក្នុង​ឃុំ​ព្រែកត្នោត ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​សហគមន៍​នេសាទ​សរុប ៩ នៅ​ក្នុង​ស្រុក​ទឹកឈូ របស់​ខេត្ត​កំពត។

ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ​ទាំង​ពីរ បានអះ​អាង​ថា របរ​នេសាទ​នៅ​សមុទ្រ​ បាន​ជួយ​ផ្ដល់​ចំណូល​ដល់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​មាន​ជីវភាព​រស់​នៅ​សមរម្យ ប៉ុន្តែ គម្រោង​អភិវឌ្ឍន៍​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្ដី​កង្វល់​សម្រាប់​ពួកគេ​នា​ពេល​អនាគត។

​សហគមន៍​នេសាទ​ត្រពាំងរពៅ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ និង​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ​២០០៩ ជាមួយ​​វិសាល​ភាព​គ្រប​ដណ្ដប់​លើ​ផ្ទៃ​សមុទ្រ​ទំហំ ១,២៥១​ហិកតា ពោល​គឺ​គ្រប​ដណ្ដប់​លើ​ភូមិ​ត្រពាំងរពៅ និង​ភូមិ​ព្រែកគ្រែង។

ចំណែក​ឯ​សហគមន៍​នេសាទ​​​ព្រែកត្នោត​វិញ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០២ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ​២០១១ ជាមួយ​វិសាលភាព​គ្រប​ដណ្ដប់​លើ​ផ្ទៃ​សមុទ្រ​សម្បូរ​ទៅ​ដោយ​ព្រៃ​កោងកាង​ទំហំ ១,១៦៨​ហិកតា។

ប្រជា​នេសាទ​ខ្មែរ​ឥស្លាម​នៅ​សហគមន៍​ព្រែកត្នោត លោក អ៊ួន រីម៉ា អាយុ​ ៤៦ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ឪពុក​ម្ដាយ​របស់​លោក និង​រូប​លោក​ផ្ទាល់ បាន​ប្រកប​របរ​អូស​អួន​​​​ចាប់​តាំង​ពី​លោក​ធំ​ដឹង​ក្ដី​មក​ម៉្លេះ ហើយ​មុខ​របរ​នេសាទ​មួយ​នេះ បាន​ជួយ​ឱ្យ​លោក​រក​ប្រាក់​ចំណូល​ចន្លោះ​ពី ៥​ម៉ឺន​រៀល​​ទៅ ១២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

ចំណូល​បាន​មក​ពី​របរ​នេសាទ​នេះ ជួយ​ឱ្យ​លោក រីម៉ា មាន​លទ្ធភាព​សាង​សង់​ផ្ទះ ១​ខ្នង​​ ទទឹង​ប្រហែល ៨​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ១២​ម៉ែត្រ​ ដែល​សង់​ឡើង​ពី​ថ្ម​ស៊ីម៉ង់ត៍ និង​មាន​តម្លៃ​ប្រហែល ៣​ម៉ឺន​ដុល្លារ។

លោក រីម៉ា ប្រាប់ថា៖ «យើងខ្ចីលុយធនាគារ ៥ពាន់ដុល្លារអាមេរិក ហើយគួបផ្សំគ្នាធ្វើហើយដល់ពេលនេះ។ យើងអាងនេសាទរាល់ថ្ងៃ ហើយរកបានចំណូលមកក្នុង ១ខែបង់ឱ្យគេម្តង។ ក្នុងមួយថ្ងៃៗ រកបានចន្លោះពី ៥ ទៅ ៦ម៉ឺនរៀល ឬ ១០ម៉ឺនជាងអ៊ីចឹងទៅ ហើយយើងសន្សំទុកបង់គេទៅ។ រួចបង់រំលោះទៅ យើងបាននៅហើយ»

ប្រកប​របរ​អូសអួន​ និង​ឈឹប​(ស្បៃមង) នៅ​ក្នុង​សហគមន៍​នេសាទ​ព្រែកត្នោត អ្នកស្រី យ៉ែម សុខភា បាន​ឱ្យ​ដឹង​ថា ស្វាមី​អ្នកស្រី​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១០ ទៅ ២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃៗ ហើយ​ថ្ងៃ​ខ្លះ អាច​រក​បាន​រហូត​ដល់​ទៅ ៥០​ម៉ឺន​រៀល​ក៏​មាន​ដែរ​តាម​រយៈ​របរ​នេសាទ​​សមុទ្រ​នេះ។

ប្រជា​នេសាទ​រូប​នេះ បាន​អះ​អាង​ថា របរ​នេសាទ​គ្រឿង​សមុទ្រ​នេះ​ បាន​ជួយ​លើក​កម្ពស់​​​គ្រួសាររបស់​អ្នកស្រី ឱ្យ​មាន​ជីវភាព​ប្រហាក់​ប្រហែល​នឹង​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍​ផង​ដែរ។

អ្នកស្រី សុខភា ប្រាប់​ថា​៖ «ខ្ញុំ​ធ្វើ​ផ្ទះ​ធ្វើ​អី​ហ្នឹង បាន​មក​ពី​សមុទ្រ​ទាំង​អស់»

ជា​អ្នក​ប្រមូល​ទិញ​គ្រឿង​សមុទ្រ​ពី​អ្នក​ភូមិ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ លោក សុខ ចិន្នា ត្រូវ​បាន​ប្រជា​នេសាទ​ហៅ​ថា «ឈ្នួញ​កណ្ដាល»។ ឈ្នួល​កណ្ដាល​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោកប្រមូល​ទិញគ្រឿងសមុទ្រពីអ្នកភូមិបានជិត ១០០គីឡូក្រាមក្នុង១ថ្ងៃៗ ប៉ុន្តែ ចំនួននេះធ្លាក់ចុះវិញមកនៅត្រឹមប្រហែល ៥០គីឡូក្រាម​ ក្រោយរដូវវស្សាចូលមកដល់។

ឈ្នួញ​កណ្ដាល​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​ប្រមូល​ទិញ​បង្គា​ពី​ប្រជា​នេសាទ​តម្លៃ ៤​ម៉ឺន​រៀល​ក្នុង​​ ១​គីឡូក្រាម​នៅ​ថ្ងៃ​បុណ្យ​ជាតិ ឬ​ថ្ងៃ​ឈប់​សម្រាក ហើយ​ទិញ​ចូល​តម្លៃ​ជាង ៣​ម៉ឺន​រៀល​ក្នុង ១​គីឡូក្រាម​សម្រាប់​ថ្ងៃ​ធម្មតា។ ចំណែក​ឯ​មឹក​វិញ លោក ចិន្នា ប្រាប់​ថា លោក​ទិញ​ពី​ប្រជា​នេសាទ​តម្លៃ ៣​ម៉ឺន​រៀល​ក្នុង ១​គីឡូក្រាម។

លោក សុខ ចិន្នា ប្រាប់​ថា​៖ «ជួនកាល គេយកមកលក់ដល់ផ្ទះ ហើយពេលខ្លះ ខ្ញុំទៅរកខ្លួនឯងបន្ថែម ទុក​ឱ្យ​ប្រពន្ធខ្ញុំថ្លឹង។ ខ្ញុំមានឧបករណ៍របស់ខ្ញុំដែរ។ ខ្ញុំទៅសមុទ្រ ខ្ញុំអាចរកបានបន្ថែម ៥ ទៅ ៦ម៉ឺនទៀត។ ការយកចំណេញ វាអាស្រ័យលើគ្រឿងសមុទ្រ វារស់ ឬក៏ងាប់។ បើរស់ យើងអាចចំណេញបាន ១គីឡូក្រាម ៥ពាន់ ឬ ៣ពាន់រៀលទៅតាមហាងឆេង»។

​ប្រធាន​សហគមន៍​នេសាទ​ត្រពាំងរពៅ លោក ទិត្យ រិន ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ប្រហែល ៧០​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​សរុប​ ១១៧០​គ្រួសារ​ក្នុង​ភូមិ​ត្រពាំងរពៅ និង​ភូមិ​​ព្រែកគ្រែង ប្រកប​របរ​នេសាទ​​សមុទ្រ។

លោក ទិត្យ រិន ប្រាប់​ថា​៖ «ការលប់សមុទ្រទី១ គឺវាប៉ះពាល់ដល់ជីវៈចម្រុះនៅក្នុងសមុទ្រ មានស្មៅសមុទ្រ មានផ្ការថ្ម មានព្រៃកោងកាង និងការនេសាទជាលក្ខណៈគ្រួសារ។ តាំងពីដូនតាគាត់មក ពួកគាត់រកតែកន្លែងហ្នឹង ហើយបើលុប តើឲ្យពួកគាត់ធ្វើអីវិញ។ ចំណូលដែលបានពីរបរនេសាទសមុទ្រនេះ ទី១ បានកូនរៀន ហើយមួយទៀតមិនមានអ្នកចំណាក់ស្រុក»។

​ប្រធាន​សហគមន៍​នេសាទ​ព្រែកត្នោត លោក អ៊ុក សុវណ្ណឫទ្ធិ បាន​ឱ្យ​ដឹង​ថា ប្រជា​សហគមន៍​របស់​លោក​ចន្លោះ​ពី ៧៥ ទៅ ៨០​ភាគរយ​ក្នុង​ចំណោម​​អ្នក​ភូមិ​ជាង ៣០០​គ្រួសារ ក៏​ពឹង​ផ្អែក​លើ​ផល​នេសាទ​សមុទ្រ​ផង​ដែរ។

លោក អ៊ុក សុវណ្ណឬទ្ធិ ឱ្យដឹងថា ថ្វីត្បិតសមាជិកសហគមន៍ មានចំនួនតិចតួចជាងគ្រួសារដែលមានជាក់ស្តែង ប៉ុន្តែ លំហសមុទ្រ​នៃ​សហគមន៍​របស់​លោក បាន​ផ្ដល់​ផល​ប្រយោជន៍​ទាំង​ផ្ទាល់ និងដោយ​ប្រយោល​ទៅ​ដល់​ប្រជា​នេសាទ​គ្រប់​គ្នា។

របាយការណ៍​ស្ដី​ពី​ការ​ចង​ក្រង​សហគមន៍ បាន​ឱ្យដឹងទៀតថា ជីវៈ​ចម្រុះ​គ្រប់​ប្រភេទ មាន​នៅ​ក្នុង​ទឹក​សមុទ្រ​នៃ​សហគមន៍​ទាំង​ពីរ​នេះ ក្នុង​នោះ​មាន​ស្មៅ​សមុទ្រ​ទំហំ ៥០០​ហិកតា សារ៉ាយ​សមុទ្រ ផ្កាថ្ម និង​ព្រៃ​កោងកាង ដែល​ជា​ជម្រកពពួក​បង្គា ក្តាម ត្រី មឹក ងាវ មឹកំពង គ្រែង និងអយស្ទ័រជាដើម។

ក្រាហ្វិចបង្ហាញពីទីតាំងសហគមន៍នេសាទត្រពាំងរពៅ និងព្រែកត្នោតដែលស្ថិតក្នុងគម្រោងវិនិយោគរបស់​អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា

ក្រុម​ហ៊ុន ជីង គ័រ ព្យាយាម​ជំរុញ​ការ​វិនិយោគ​លើ​តំបន់​ឆ្នេរ​រំលោភ​លើ​សហគមន៍​នេសាទ

សហគមន៍​នេសាទ​ទាំង​ពីរ​នេះ ត្រូវ​បាន​ស្នើឡើង​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ទៅ​ជា​កំពង់ផែ មណ្ឌល​លម្ហែ​កាយ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​សំណើ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន ជីងគ័រ អ៊ីមផត អិចផត (Ching Kor Import & Export Co. Ltd) ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១២​មក។

បើ​តាម​បញ្ជីការ​នៅ​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន​ឯកជន​មួយ​នេះ ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​អ្នកស្រី កែវ ម៉ាលី អតីត​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១២​ រហូត​ដល់​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០១៨ និង​ជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ។

​ក្រុមហ៊ុន ជីង គ័រ បាន​ដាក់​លិខិត​​ជា​បន្ត​បន្ទាប់​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ស្នើ​សុំ​បូម​ដី​ចាក់​បំពេញ​តំបន់​ឆ្នេរ​សមុទ្រ​ទំហំ​ដល់​ទៅ ៦៤០​ហិកតា ស្ថិត​នៅ​ភូមិ​ត្រពាំងរពៅ និង​ភូមិ​ព្រែកគ្រែង ស្ថិត​ក្នុង​ឃុំ​ព្រែកត្នោត ដើម្បី​ពង្រីក​តំបន់​អភិវឌ្ឍន៍​បង្កើត​ទៅ​ជា​កំពង់ផែ និង​​តំបន់​សេដ្ឋកិច្ច​ពិសេស។

ក្រុមហ៊ុន​នេះ បាន​ស្នើ​សុំ​ចាក់​ដី​បំពេញ​បន្ថែម​បែប​នេះ ដើម្បី​ពង្រីក​ផ្ទៃ​ដី​បន្ថែម​លើ​ផ្ទៃ​ដី​​ទំហំ ៣០​ហិកតា ដែល​ក្រុមហ៊ុន​នេះ​បាន​កាន់​កាប់ និង​បាន​វិនិយោគ​រោងចក្រ​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​អន្តរជាតិ និង​កំពង់ផែ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក។

ប៉ុន្តែ ​ផែនទី​ជា​ឧបសម្ព័ន្ធដែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​សំណើ​ផ្ញើ​ទៅ​ក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១២ បង្ហាញ​ថា ក្រុមហ៊ុន​មួយ​នេះ បាន​ស្នើ​បូក​ដី​ចាក់​លុប​ឆ្នេរ​សមុទ្រ​នៅ​ប្លុក A និង​ប្លុក B សរុប​បញ្ចូល​គ្នា​មាន​ទំហំ​ដល់​ទៅ ១,០០០​ហិកតា។

ប្រជា​នេសាទ​ខ្មែរ​ឥស្លាម​នៅ​ភូមិ​ត្រពាំងរពៅ លោក លិស ឡុះ បាន​លើក​ឡើង​ថា សហគមន៍​នេសាទ​ទាំង​ពីរ​នេះ នឹង​បាត់​បង់​​ទាំង​ស្រុង ប្រសិន​បើ​សំណើ​សុំ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​របស់​ក្រុមហ៊ុន​ ជីងគ័រ ត្រូវ​បាន​រដ្ឋាភិបាល និង​អាជ្ញាធរ អនុញ្ញាត​នោះ។

លោក លិស ឡុះ ប្រាប់​ថា​៖ «ទំហំ​ដី​របស់​សហគមន៍ វា​មាន ១,២៥១​ហិកតា។ អ៊ីចឹង ទំហំ​ដី​ដែល​ក្រុមហ៊ុន​ដាក់​ពោង​វាទ​យក គឺ ៦៤០​ហិកតា ប៉ុន្តែ បើ​យើង​ពិនិត្យ​ទៅ​លើ​ផ្ទៃ​ទាំង ១,២៥១​ហិកតា អស់​រលីង​ហ្មង អស់​រលីង​ហ្មង។ ដូច្នេះ អ្នក​នេសាទ​ទូក​តូចៗ ទៅ​នេសាទ​លែង​កើត​ហើយ»

មេឃុំព្រែកត្នោត លោក គង់ ប៊ុនរា ឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន មិនមានសិទ្ធិក្នុងការសម្រេចទេថា ត្រូវវិនិយោគ ឬក៏អត់នោះទេ ប៉ុន្តែ លោកបន្តថា មកដល់ដំណាក់កាលនេះ ភាគីពាក់ព័ន្ធកំពុងសិក្សាពីផលប៉ះពាល់ជាមុនសិន។

លោកឱ្យដឹងថា៖ «យើងបានធ្វើវេទិកាសាធារណៈហើយដែរជាមួយប្រជាពលរដ្ឋ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បានចាប់ផ្តើមវិនិយោគនៅឡើយទេ»

អ្នកស្រី កែវ ម៉ាលី បានដាក់លិខិត ១ច្បាប់​កាល​ពី​ចុង​ខែ​កក្កដា​ក្នុង​ឆ្នាំនេះ ដោយ​បាន​ស្នើ​សុំការគាំទ្រពីចៅហ្វាយខេត្តកំពត ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនឱ្យបានឆាប់។ អ្នកស្រីបញ្ជាក់ថា ការស្នើសុំដូចនេះ ព្រោះប្រជាពលរដ្ឋបានបើកផ្លូវឱ្យក្រុមហ៊ុនចូលវិនិយោគហើយតាមរយៈការរំកិលសហគមន៍ទៅតំបន់ផ្សេង។

ប្រធានសហគមន៍ត្រពាំងរពៅ លោក ទិត្យ រីន ច្រាន​ចោល​ការ​អះ​អាង​របស់​អ្នកស្រី កែវ ម៉ាលី ហើយ​លោកបញ្ជាក់ថា មានអ្នក​ភូមិ​ចន្លោះ​ពី ២០ ទៅ ៣០​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ បាន​ផ្ដិត​មេដៃ​យល់​ព្រម ដែល​លោក​ចាត់​ទុក​ថា មិន​មែន​ជា​ក្រុម​តំណាង​ឱ្យ​សហគមន៍​នោះ​ឡើយ។ លោក រីន អះអាងបន្ថែម​ថា អ្នកដែលយល់ព្រមទាំងនោះ គឺជាអ្នកដែលគេទិញទឹកចិត្តបានប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «គ្មានពីណាគេព្រមព្រៀងទេ ប៉ុន្តែ ដូចខ្ញុំថា អញ្ចឹង គឺទី១ អាជ្ញាធរគេគាប់សង្កត់ និងហាមឃាត់អស់ហើយ និងទី២ យកលោក ឈាង វុន ទៅសម្លុតពួកគាត់។ ដូច្នេះ មិនដឹងធ្វើម៉េចទេ មានតែដោះយកតែមួយរួចខ្លួនប៉ុណ្ណោះ ហើយវេទិកាប៉ុន្មានកន្លែងប្រជាពលរដ្ឋមិនដែលព្រមទេ»។

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា លោក​បាន​គំរាម​កំហែង​ទៅ​លើ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ​ទាំង​ពីរ​នោះ ដោយ​លោក​អះ​អាង​ថា ​វត្តមាន​របស់​លោក​ជាមួយ​អ្នកស្រី កែវ ម៉ាលី នៅ​ឯ​សហគមន៍​នោះ គ្រាន់​តែ​ជា​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​តែ​ប៉ុណ្ណោះ។

សមាជិក​សភា​បក្ស​កាន់​អំណាច​រូប​នេះ បាន​ទទួល​ស្គាល់​ថា លោក​បាន​ចូលរួម​ស្ដាប់​កិច្ច​ពិភាក្សា​រវាង​តំណាង​ប្រជា​ពលរដ្ឋ និង​តំណាង​ភាគី​ក្រុមហ៊ុន ជីង គ័រ ប៉ុន្តែ លោក​បដិសេធ​ថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​វិនិយោគ​​របស់​អ្នកស្រី កែវ ម៉ាលី នៅ​ទីនោះ​ទេ។

លោក ឈាង វុន ប្រាប់​ថា​៖ «បើសិនជាគាត់មានចិត្តវិនិយោគដូចដែលគាត់បានជជែកគ្នាជាមួយប្រជាពលរដ្ឋ និងផ្តិតមេដៃជាមួយប្រជាពលរដ្ឋា អាហ្នឹង ខ្ញុំអរណាស់ បើគាត់ធ្វើបាន ហើយសន្យាជាមួយប្រជាពលរដ្ឋស្អីហ្នឹង។ អាហ្នឹង ខ្ញុំអង្គុយស្តាប់ទេ ហើយខាងក្រសួងក៏បានពិភាក្សាជាមួយគាត់ (អ្នកស្រី កែវ ម៉ាលី) តាមខ្ញុំឮ​នៅ​ថ្ងៃដែលជជែកគ្នាជាមួយប្រជាពលរដ្ឋ»

ចំណែក​ឯ​អ្នកស្រី កែវ ម៉ាលី អះអាងថា ខាងក្រុមហ៊ុនរបស់អ្នកស្រីមិនបានបង្ខំឱ្យប្រជាពលរដ្ឋផ្តិតមេដៃទេ។ អ្នកស្រី ម៉ាលី លើកឡើងថា អ្នកដែលយល់ព្រមទាំងអស់នៅក្នុងបញ្ជីវត្តមានក្នុងកិច្ចប្រជុំ និងពិគ្រោះយោបល់កាលពីខែកក្កដា ឆ្នាំ២០១៩ គឺសុទ្ធតែយល់ព្រម និងឯកភាពដោយស្ម័គ្រចិត្ត។

អ្នកស្រី កែវ ម៉ាលី ប្រាប់ថា៖ «មានតែមួយចំនួនទេ វាទៅចាក់រុកចាក់ដោតគេយកលេសថា ប្រជាជនមិនព្រម។ យើងសួរថា បើប្រជាជនមិនព្រម ខ្ញុំបានមេដៃមកពីណា ហើយមេដៃទាំងអស់ហ្នឹង ខ្ញុំឱ្យពួកគាត់ផ្តិតខ្លួនឯង។ ខ្ញុំឱ្យពួកគាត់ផ្តិត ហើយខ្ញុំនៅនឹងមុខ ហើយថតរូបទុកទៀត ហើយខ្ញុំថា តិចប្រកែកថា អត់ផ្តិត ហើយហៅប៉ូលិសពីក្រសួងមហាផ្ទៃឱ្យមកពិនិត្យម្រាមដៃ»

សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញកាលពីខែ មេសាឆ្នាំ២០១៩ ស្តីពីការបង្កើតតំបន់គ្រង់គ្រងជលផលសមុទ្រ ក្នុងខេត្តកំពតកំណត់ថា បទប្បញ្ញត្តិ​នេះ ធ្វើឡើងដើម្បីការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលសមុទ្រដោយនិរន្តរភាព។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​លើក​ឡើង​ថា ក្រសួង​របស់​លោក​បាន​ផ្ដួច​ផ្ដើម​ឱ្យ​មាន​សហគមន៍​នេសាទ​នៅ​តាម​តំបន់​ឆ្នេរ ដើម្បី​ចូលរួម​អភិរក្ស​សមុទ្រ ប៉ុន្តែ លោក​ថា លោកទើបតែបានដឹងពីគម្រោង​វិនិយោគរបស់ក្រុមហ៊ុន ជីងគ័រ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

រដ្ឋ​មន្ត្រី​រូប​នេះ ប្រាប់​ថា ស្ថាប័ន​របស់​លោក មិន​មាន​មធ្យោបាយ​ណា​មួយ​ដើម្បី​ទប់​ស្កាត់​ការ​អភិវឌ្ឍ​នោះ​ឡើយ ហើយ​លោក​ថា លោក​អាច​មាន​សិទ្ធិ​ត្រឹម​តែ​ឯកភាព​ប៉ុណ្ណោះ ហើយក៏​មិន​ចង់​ប្រកួត​ប្រជែង​អ្វី​នោះ​ដែរ។

លោក វេង សាខុន ប្រាប់ថា៖ «គេសម្រេចទៅហើយ គេជាអ្នកបរិស្ថាន និងអ្នកគេរៀបចំដែនដី គេយល់ឃើញថា នេះជាការអភិវឌ្ឍន៍។ អ៊ីចឹង គេជំរុញការអភិវឌ្ឍន៍ ប៉ុន្តែ ចំពោះខ្ញុំ ខ្ញុំមិនដឹងនិយាយថាម៉េច។ ចំពោះខ្ញុំ បើគេសម្រេចហើយ ខ្ញុំចេះតែសម្របសម្រួលហើយ។ គេប្រើឱ្យធ្វើអីធ្វើទៅ ធ្វើតាមគេទៅ»

របាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចេញកាលពីខែ មករា ឆ្នាំ២០១៩ ហាមគ្រប់រូបភាពចំពោះការគ្រប់គ្រងដីនៅតាមឆ្នេរសមុទ្រ។

ប្រកាសនេះ បានកំណត់ថា ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅសមុទ្រ អាជ្ញាធរនៅជាប់មាត់សមុទ្រត្រូវទប់ស្កាត់ និងការទន្រ្ទានកាប់កាប់ដីសាធារណៈ។

រដ្ឋមន្រ្តីក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បាន​ប្រាប់​ថា លោក​ជាប់​រវល់​នៅ​ពេល​​ត្រូវ​បាន​សាក​សួរ​ថា តើមានមូលហេតុអ្វីបានជាក្រសួង​លោក​សម្រេច​ផ្តល់សិទ្ធិវិនិយោគទៅ​ឱ្យក្រុមហ៊ុន ជីងគ័រ បូម​ដី​ចាក់​លុបឆ្នេរ​សមុទ្រនោះ។

លោក ជា សុផារ៉ា បាន​ប្រាប់​ថា៖ «ខ្ញុំជាប់រវល់តិច។ សួរគេទៀតសិនទៅ ខ្ញុំជាប់រវល់ខ្លាំងណាស់»

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា តាមពិតការផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុន ជីងគ័រ លុបសមុទ្រ ដើម្បីអភិវឌ្ឍនេះ គឺជាការសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លោកបន្តថា សម្រាប់ក្រសួងកសិកម្មវិញ មានសិទ្ធិត្រឹមអនុវត្តតាមលិខិតដែលមានស្រាប់ ដែលចេញដោយក្រសួងពាក់ព័ន្ធប៉ុណ្ណោះ។

វីអូឌី​បាន​ដាក់​លិខិត​ស្នើ​សុំ​ការ​ពន្យល់​ពី​មន្ត្រី​តំណាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ផង​ដែរ ប៉ុន្តែ គ្មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​ស្ថាប័ន​នេះ​នោះ​ឡើយ​រហូត​មក​ដល់​ពេល​ចេញ​ផ្សាយ​អត្ថបទ​នេះ។

ប្រជា​នេសាទ​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច

អ្នកស្រី កែវ ម៉ាលី បាន​អះ​អាង​​ថា ក្រុមហ៊ុន​អ្នកស្រី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​សម្រាប់​ការ​វិនិយោគ​លើ​តំបន់​ឆ្នេរ​សមុទ្រ​នោះ​រួច​មក​ហើយ ហើយ​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​អភិវឌ្ឍ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​រួច​មក​ហើយ​នោះ។

អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​រូប​នេះ បាន​ប្រាប់​បន្ត​ថា ដំណើរការ​អភិវឌ្ឍន៍​មាន​ភាព​យឺត​យ៉ាវ​មក​ដល់​ពេល​នេះ ព្រោះអ្នកបច្ចេកទេសនៃការវិនិយោគ កំពុងសិក្សាពីផ្លូវគន្លងនាវាចរណ៍ ត្រូវធ្វើយ៉ាងណាអនុវត្តទៅ​កុំឱ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះនៅក្នុងសមុទ្រ។

អ្នកស្រី ម៉ាលី ប្រាប់​ថា​៖ «ច្បាប់រដ្ឋ គេតឿនរាល់ថ្ងៃហើយឱ្យធ្វើ ហើយយើងក៏ត្រូវគិតឱ្យ​ច្បាស់​លាស់ ត្រូវសិក្សាយ៉ាងម៉េច ត្រូវធ្វើទំនប់យ៉ាងម៉េចកុំឱ្យទឹកវាល្អក់។ យើងធ្វើឱ្យច្បាស់លាស់ ព្រោះ​យើងស្រលាញ់ជាតិយើង មិនមែនស្រលាញ់តែមាត់ទេ»

បើទោះជាបែបក្តីនេះ ប្រធានសហគមន៍ព្រែកត្នោត លោក អ៊ុក សុវណ្ណឬទ្ធិ ថ្លែងថា ប្រជាពលរដ្ឋមិនដែលបានដឹងព័ត៌មានស្តីពីការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមណាមួយទេ។

លោកបន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋទើបជួបក្រុមហ៊ុនបាន ២ដងប៉ុណ្ណោះ តាមរយៈវេទិកាសម្ដែងមតិនៅក្នុងសហគមន៍ ប៉ុន្តែ តំណាងសហគមន៍រូបនេះ អះអាងថា ជំនួបទាំង ២លើកនេះ ប្រជាពលរដ្ឋបានជំទាស់​មិនឱ្យក្រុមហ៊ុនចូលទៅអភិវឌ្ឍន៍ទេ។

លោក អ៊ុក សុវណ្ណឫទ្ធិ ប្រាប់ថា៖ «ប្រជានេសាទនៅក្នុងសហគមន៍ ក៏ពួកគាត់មិនយល់ព្រមដែរ។ វេទិកាសាធារណៈ​ពីរ​ដង​ហើយ បានលើកឡើង។ ប្រជាពលរដ្ឋនិយាយថា មិនយល់ព្រមឱ្យមានការអភិវឌ្ឍទេ ឬចាក់ដីចូលក្នុងសហគមន៍ទេ»

​បើ​តាម​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន ដែល​វីអូឌី​មើល​ឃើញ ក្រុមហ៊ុន​ជីងគ័រ បាន​ស្នើ​សុំ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​«​មហា​សមុទ្រ​ទេសចរណ៍​កំពត» ដែល​មាន​តម្លៃ​វិនិយោគ​ដល់​ទៅ​ជាង ១,៥០០​លាន​ដុល្លារ សម្រាប់​រយៈ​ពេល ៥០​ឆ្នាំ។

អ្នកស្រី កែវ ម៉ាលី បាន​អះ​អាង​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​អ្នកស្រី មាន​គោល​បំណង​បង្កើត​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ចប្រជាជន​ឱ្យ​ប្រសើរជាងមុន ដើម្បី​ចូល​រួម​កាត់បន្ថយភាពក្រីក្រ​តាមគោលនយោបាយរបស់រដ្ឋាភិបាល​ផង​ដែរ។

អ្នកស្រី កែវ ម៉ាលី ប្រាប់​វីអូឌី​ថា​៖ «ខ្ញុំចង់បានឆាប់ណាស់ ដើម្បីឱ្យប្រជាជនខ្ញុំមានការងារធ្វើ ហើយបានប្រាក់ខែច្រើន។ ខ្ញុំខ្មែរ ខ្ញុំចង់ឱ្យខ្មែរគ្នាឯងមានលុយមានកាក់ទៅណា ហើយឱ្យវាធូរធាទៅ ហើយកូនទៅរៀន មកវិញអាចមានការងារធ្វើ ហើយកាលណាក្រុមហ៊ុនខ្ញុំមានបរទេសវិនិយោគ និងសហការ​គ្នា មានគ្រប់ជាតិសាសន៍ ម្នាក់តិចៗទៅ ប្រជាជននៅម្តុំហ្នឹងមានប្រាក់ខែច្រើន និងមានការងារធ្វើដែរ»

ពលរដ្ឋ​នៅ​សហគមន៍​នេសាទ​ទាំង​ពីរ​នេះ បានជំទាស់​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​នេះ ហើយ​ពួកគេ​ព្រួយ​បារម្ភ​ថា ប្រាក់​ចំណូល​​របស់​ពួកគេ​ដែល​រក​បាន​ពី​របរ​នេសាទ​នោះ អាច​នឹង​ធ្លាក់​ចុះ ហើយ​ប៉ះ​ពាល់​ដល់​កម្រិត​ជីវភាព​រស់​នៅ​របស់​ពួកគេ​នា​ពេល​អនាគត។

លោក អ៊ុក សុវណ្ណរិទ្ធ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ជីងគ័រ របស់​អ្នកស្រី កែវ ម៉ាលី បាន​ព្យាយាម​​ចូល​ទៅ​ធ្វើ​សកម្មភាព​​ចំនួន ២​លើក​រួច​មក​ហើយ ដើម្បី​កាន់​កាប់​​ផ្ទៃ​សមុទ្រ​​របស់​សហគមន៍​ទាំង​ពីរ ប៉ុន្តែ ប្រជា​នេសាទ​បាន​រារាំង​ជំទាស់​ទៅ​នឹង​សកម្មភាព​របស់​បុគ្គលិក​កម្មករ​​របស់​ក្រុមហ៊ុន​នេះ។

​តំណាង​សហគមន៍​រូប​នេះ បាន​ឱ្យ​ដឹង​បន្ថែម​ថា បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន​ ជីងគ័រ បាន​ដាក់​ពង្រាយ​ពោង​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៥ និង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ ប៉ុន្តែ សកម្មភាព​ហ៊ុំ​ព័ទ្ធ​សមុទ្រ​ពី​សំណាក់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​ប្រជា​នេសាទ​ជំទាស់​តវ៉ា។

ប្រជា​នេសាទ​នៅ​ភូមិ​ត្រពាំរពៅ លោក សុខ មូច បាន​លើក​ឡើង​ថា មិន​ត្រឹម​តែ​ជីវភាព​ប្រជា​ពលរដ្ឋ​ទេ​ដែល​រង​ផល​ប៉ះ​ពាល់ ប៉ុន្តែ ជីវៈ​ចម្រុះ​ក្នុង​សមុទ្រ​រួម​ទាំង​ត្រី និង​បង្គារ​ជាដើម ក៏​នឹង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ផង​ដែរ ប្រសិន​បើ​​គម្រោង​លុប​សមុទ្រ​ដើម្បី​អភិវឌ្ឍ​ទៅ​ជា​តំបន់​រីសត​នេះ​កើត​ឡើង​មែន​នោះ។

លោក សុខ មូច រៀបរាប់ថា៖ «វាលំបាកដែរ បើគេលុបសមុទ្រទៅ សូម្បីត្រីសាច់អីក៏អត់មានដែរ ហើយបើយើងទៅរកស៊ីក្រៅ បើសិនជាលុបហើយ ៣ឆ្នាំមិនដឹងជាមានត្រីអត់ផង។ វាស្អុយជាតិដីហើយហូរ គឺត្រីវាថយអស់ វាអត់មានហ៊ានចូលទេ។ ត្រីទឹកប្រៃអត់ដូចត្រីទឹកសាបទេ។ត្រីទឹកសាប បើត្រីផ្ទក់នៅហ្នឹង យើងចាក់ដី វានៅហ៊ានមក។ ត្រីទឹកប្រៃ បើយើងចាក់ដី វាធំក្លិនជាតិដី វាថយអស់ហើយ។ វាអត់មានហ៊ានមកទេ»

លោក ឡឺយ សុខុន សមាជិកគណៈកម្មការបណ្តាញសហគមន៍ព្រែកត្នោត លើកឡើងថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុនជោគជ័យមែន ប្រជាពលរដ្ឋមិនដឹងជាត្រូវធ្វើអ្វីនោះទេ។ លោកបន្តថា ភាគ​ច្រើន​លើស​លប់​នៃ​ប្រជាពលរដ្ឋ​រស់តាមមាត់សមុទ្រនេះ ពឹងផ្អែកទាំងស្រុងលើរបរនេសាទ ហើយ​មានប្រមាណ ១០ភាគរយប៉ុណ្ណោះ ជាគ្រូបង្រៀន កម្មកររោងចក្រ និងជាមន្រ្តីរាជការ។

លោក សុខុន ឱ្យដឹងទៀតថា ពួកគេមិនព្រមធ្វើការឱ្យក្រុមហ៊ុនទេ ព្រោះប្រាក់ខែបានតិច ហើយមិនមានពេលសម្រាកដូចរបរនេសាទ។ លើសពីនេះទៀត លោកជឿជាក់ថា មនុស្សវ័យចំណាស់មួយចំនួន ក្រុមហ៊ុនមិនទទួលឱ្យចូលធ្វើការឡើយ។ ហេតុផលនេះហើយដែលលោក ឡឺយ សុខុន អះអាងថា ពួកគេនឹងមិនព្រមប្រគល់សមុទ្រធ្លាប់នេសាទ ឱ្យទៅ​ក្រុមហ៊ុនវិនិយោគ​នោះ​ឡើយ។

លោក ឡឺយ សុខុន ប្រាប់ថា៖ «សូម្បីចំណូលខែ ក៏តិចជាងយើងរកខ្លួនឯង ជាងធ្វើខ្ញុំប្រពន្ធផង។ ធ្វើខ្ញុំប្រពន្ធ ចង់ទៅៗ មិនចង់ទៅ ដេកមួយថ្ងៃ ឬពីរថ្ងៃក៏អត់បញ្ហា។ គ្មានពីណាកាត់លុយយើង។ ជាក់ស្តែងដូចចាស់ៗ ចាស់ៗស្រី គាត់ទៅរាវគ្រែង រាវងាវ រើសនេះ រើសនោះនូវផលសមុទ្រហ្នឹង យើងចេះតែបានមកដោះស្រាយ ដូចជា រាវគ្រែងឈាមបានត្រឹមតែ ២គីឡូ ៥ម៉ឺនរៀលហើយ ហើយចាស់ៗដូចខ្ញុំអាយុ ៦០ឆ្នាំជាងទៅហើយ ពីណាគេយកទៅធ្វើការ។ គ្រាន់តែដើរជិត គេមិនឱ្យដើរជិតផង»

ប្រធាន​គណៈកម្មការ​បណ្ដាញ​តស៊ូ​មតិ​ នៃ​សហគមន៍​នេសាទ​ត្រពាំង​រពៅ អ្នកស្រី ប៉ុន ញូ បាន​ព្រមាន​ថា អ្នក​ភូមិ​នឹង​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​នៅ​ប្រទេស​ដទៃ ប្រសិន​បើ​​គម្រោង​លុប​សមុទ្រ​របស់​សហគមន៍ កើត​ឡើង​មែន​នោះ។

អ្នកស្រី ប៉ុន ញូ មាន​ប្រសាសន៍​ថា​៖ «ខ្ញុំថា មានតែនេសាទនេះហើយដែលបានជួយបងប្អូនទាន់ពេលវេលា ហើយទីបំផុតវប្បធម៌ខ្មែរយើង យើងមានសមុទ្រ យើងមានតំបន់ឆ្នេរ យើងមានសត្វសមុទ្រ យើងមានដើមកោងកាងសម្រាប់ជួយយើងទាំងអស់គ្នា។ បើយើងឱ្យគេចាក់លុបបាត់បង់អស់ យើងមិនដឹងទៅពឹង ទៅរស់រាននៅណាទេ មុខតែចាកចេញពីភូមិ ពីស្រុកទៅធ្វើការប្រទេសគេប្រទេសឯង ហើយត្រូវចោលស្រុកចោលភូមិហើយ»

លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់ចាប់ផ្តើមវិនិយោគនៅឡើយទេ។ លោកបន្តថា ភាគីដែលពាក់ព័ន្ធរួមមានទាំងខាងក្រុមហ៊ុន និងអាជ្ញាធរ កំពុងសិក្សាពីផលប៉ះពាល់ និងពិគ្រោះយោបល់ជាមួយពលរដ្ឋ​ជាមុនសិន។

លោក កុសល លើកឡើងថា ការសិក្សានេះ ផ្តោតសំខាន់រឿងផ្លូវច្បាប់​ឱ្យស្របទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបន្តថា ការវិនិយោគធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលការណ៍ច្បាប់ ហើយឱ្យពលរដ្ឋទទួលបានផលពីការវិនិយោគនេះដែរ។

លោកបន្តថា៖ «ក្រុមហ៊ុនគេមិនទាន់អភិវឌ្ឍន៍ណាឡើយ។ ហ្នឹងហើយ ខាងក្រុមហ៊ុនគេមានច្បាប់ទម្លាប់អីអស់ហើយ តែក្រសួង និងក្រុមហ៊ុន កំពុងពិនិត្យមើលបន្ថែមទៀតពីនីតិវិធីច្បាប់ ដើម្បីធ្វើទៅកុំឱ្យមានបញ្ហា»

មន្រ្តីសមាគមការពារសិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្តកំពត លោក យន់ ផល្លី បាន​ប្រាប់​ថា ប្រសិនបើរដ្ឋាភិបាល និងក្រុមហ៊ុន អាចបង្វែរទីតាំង​នៃការវិនិយោគ​ទៅតំបន់ផ្សេងក្រៅពីតំបន់សមុទ្រនេះ វាជាការប្រសើរ។

លោក ផល្លី យល់ឃើញថា នៅក្នុងសមុទ្រនេះ បើវិនិយោគទៅ វាប៉ះពាល់ទៅលើស្មៅសមុទ្រ ផ្កាថ្មប៉ប្រះទឹក ជីវៈចម្រុះ សារ៉ាយសមុទ្រ និងព្រៃកោងកាង។ លោក​បន្ថែម​ថា មិនតែប៉ុណ្ណោះ ផលប៉ះពាល់ជាវិជ្ជមានកាន់តែខ្លាំង គឺទៅលើមុខរបរនេសាទប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ផ្ទាល់។

លោកបន្តថា៖ «ប្រជាពលរដ្ឋដែលគាត់ធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ គាត់នេសាទបានតែទឹករាក់ទេ ហើយបើយើងលុបតំបន់ឆ្នេរហ្នឹងចេញពីទឹករាក់ហើយ រួចឱ្យពួកគាត់ទៅទឹកជ្រៅវិញ គឺថា អាជីវកម្មរបស់ពួកគាត់នឹងត្រូវបាត់បង់ទាំងអស់»

សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញកាលពីខែ មេសាឆ្នាំ២០១៩ ស្តីពីការបង្កើតតំបន់គ្រង់គ្រងជលផលសមុទ្រ ក្នុងខេត្តកំពតកំណត់ថា បទប្បញ្ញត្តិ​នេះ ធ្វើឡើងដើម្បីការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលសមុទ្រដោយនិរន្តរភាព។

ជាងនេះទៀត រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ គោលការណ៍ដែលក្រសួងកសិកម្ម​បានកំណត់នេះ មានទិសដៅសំខាន់ៗរួមមាន៖ ១កន្លែងអភិរក្សជលផល ដែល​ចំណុចនេះ ក្រសួងបានកំណត់ផ្ទៃក្រឡាជិត ៧០០ហិកតា(៦៤៦)។

២កន្លែងការពារជលផលៈ ទីតាំងនេះមានផ្ទៃក្រឡាជាង៣ពាន់ហិកតា(៣០៩២)។៣ដែនជម្រកសុវត្ថិភាពជលផលៈ មានផ្ទៃដីសរុប៣១៦ហិកតា។៤ទីតាំងអេកូទេសចរណ៍បាតសមុទ្រៈមានផ្ទៃក្រឡា៧៤ហិកតា។៥ទីតាំងសហគមន៍នេសាទៈ ទីតាំងនេះមាន៣កន្លែងស្មើផ្ទៃក្រឡាសរុបជាង៤ពាន់ហិកតា(៤៣៥៨)។

ដោយឡែក សេចក្តីប្រកាសរបស់រដ្ឋាភិបាលចេញកាលពីខែ កុម្ភៈ ឆ្នាំ២០១២ កំណត់ពីតំបន់ឆ្នេរសមុទ្រ។ ប្រកាសនេះ ឱ្យដឹងថា ការចាត់ទុកជាឆ្នេរសមុទ្រ ត្រូវកំណត់ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតនៃទឹកសមុទ្រឡើងមកលើ រហូតដល់ខ្សែបន្ទាត់ហាមឃាត់។

សេចក្តីប្រកាសបញ្ជាក់ថា ការវិនិយោគ​ត្រូវហាមឃាត់ រួមមានការកាន់កាប់ ឬសាងសង់នានាជាថ្ម ឬខ្សាច់ដែលបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាសាធារណៈ និងចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ។ ទន្ទឹមនឹងនេះ ឆ្នេរជម្រាលត្រូវកំណត់យ៉ាងតិច ៣០ម៉ែត្រ ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតទៅខាងដីគោក៕

ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ