ស្ថិតក្នុងសំណង់អគារខុនដូមួយដែលមានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញ លោក ម៉ា ស្រ៊ាង អាយុ៣៤ឆ្នាំ ជាកម្មករសំណង់មួយរូបដែលមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារកំពុងតែទទួលទានអាហារពេលល្ងាចដូចសព្វមួយដងបន្ទាប់ពីបញ្ចប់ការងារ។
លោក ម៉ា ស្រ៊ាង ដែលមានប្រពន្ធកំពុងតែមានផ្ទៃពោះឈ្មោះ សោម ធារី អាយុ២៩ឆ្នាំ និងកូនប្រុសអាយុ២ឆ្នាំ បច្ចុប្បន្នត្រូវរស់នៅជាន់ទី៣នៃអគារខុនដូកម្ពស់១៨ជាន់ ជាកន្លែងដែលលោក ម៉ា ស្រ៊ាង ធ្វើការផ្ទាល់តែម្ដង។ គ្រួសាររបស់លោកបានរស់នៅក្នុងសំណង់អាគារមួយនេះ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រួមនឹងកម្មករប្រមាណ៥០នាក់ផ្សេងទៀត។
លោក ម៉ា ស្រ៊ាង ថ្លែងថា៖ «ការរស់នៅក្នុងអគារសំណង់នេះ គឺមិនមានភាពងាយស្រួលនោះទេ ដោយវាតែងតែមានជាសំឡេងរំខាន កម្មករផ្សេងទៀតដើរឆ្លងកាត់ចេញចូល គ្មានសុវត្ថិភាព និងមានការរំខានយ៉ាងខ្លាំង ស្របពេលដែលយើងចង់សម្រាកពីការនឿយហត់»។
លោកគឺជាកម្មករម្នាក់ក្នុងចំណោមកម្មករសំណង់ប្រមាណ៧៨ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ដែលបានផ្លាស់ប្ដូររូបភាពក្នុងទីក្រុងភ្នំពេញ តាមរយៈការសាងសង់អគារខ្ពស់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការងារនេះអាចទទួលបានប្រាក់ឈ្នួលប្រចាំខែជាមធ្យមចំនួន២៤០ដុល្លារ ដែលវាហាក់មិនគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការចេញទៅរស់នៅផ្ទាល់ខ្លួនក្រៅសំណង់អគារឡើយ។
តាមរយៈការបំពេញការងារពេញម៉ោងក្នុងការដ្ឋានសំណង់អស់រយៈពេល៥ឆ្នាំ លោក ម៉ា ស្រ៊ាង លើកឡើងថា នេះគឺជាបទពិសោធន៍ដំបូងរបស់ខ្លួនដែលលោកត្រូវរស់នៅក្នុងអគារដែលលោកកំពុងធ្វើការនេះ។
លោកយល់ថា វាគឺជាស្ថានភាពដ៏ប្រថុយប្រថានមួយ ដោយលោកមើលឃើញថា មានកម្មកររាប់សិបនាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងករណីអគារដែលមិនទាន់សាងសង់រួចរាល់បានដួលរលំដោយសារតែសំណង់គ្មានសុវត្ថិភាព និងមិនមានការគ្រប់គ្រងច្បាស់លាស់។
លោកថា៖ «ខ្ញុំបានឮព័ត៌មានអំពីការដួលរលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែប។ ខ្ញុំក៏ធ្លាប់ឮករណីស្រដៀងគ្នានេះកើតឡើងនៅតំបន់ផ្សេងទៀតផងដែរ។ ប៉ុន្តែនៅពេលនោះ យើងរស់នៅខាងក្រៅដាច់ដោយឡែក ដូច្នេះហើយយើងហាក់មិនសូវមានការព្រួយបារម្ភដូចពេលបច្ចុប្បន្ននេះនោះទេ»។
បើទោះបីជារដ្ឋាភិបាលបានព្យាយាមចាត់វិធានការហាមឃាត់កម្មករមិនឱ្យរស់នៅក្នុងអគារដែលកំពុងតែសាងសង់ បន្ទាប់ពីមានករណីដួលរលំអគារយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា កម្មករជាច្រើននិងក្រុមគ្រួសាររបស់ពួកគេនៅតែបន្តរស់នៅក្នុងអគារដែលកំពុងសាងសង់ ខណៈកិច្ចគាំពារសង្គមតិចតួចសម្រាប់កម្មករក្រៅផ្លូវការទាំងនេះ ភាគច្រើនធ្វើឱ្យពួកគេងាយរងគ្រោះដោយសារគ្រោះថ្នាក់នៅកន្លែងការងារ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
ទាក់ទិននឹងករណីនេះ លោក ស៊ុន គឹមយ៉ាន ជាកម្មករនៅការដ្ឋានសំណង់មួយក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានលើកឡើងថា៖ «នៅក្នុងភូមិរបស់យើង គឺមិនមានការងារអ្វីធ្វើក្រៅពីនេះ[សំណង់]នោះទេ។ ដោយសារតែជំពាក់បំណុលនៅធនាគារ យើងគ្មានជម្រើសអ្វីក្រៅពីធ្វើការសំណង់នោះទេ។ សម្រាប់ការងារនេះ គឺមិនមានកិច្ចសន្យាអ្វីត្រឹមត្រូវនោះឡើយ ដោយរាល់ការព្រមព្រៀងនានា គឺធ្វើឡើងតាមពាក្យសម្ដីតែប៉ុណ្ណោះ»។
លោកបន្តថា ស្ថានភាពទាំងនេះធ្វើឱ្យកម្មករសំណង់ភាគច្រើនធ្លាក់ចូលទៅក្នុងសម្ពាធការងារពីសំណាក់និយោជក។
ប្រាក់កម្រៃទាប និងកង្វះឧបករណ៍ការពារសុវត្ថិភាព
លោក ស៊ឹម រី អាយុ២៩ឆ្នាំ ជាមេការសំណង់មួយរូបគ្រប់គ្រងការដ្ឋានរបស់លោក គឹមយ៉ាន ថ្លែងថា ខ្លួនបានធ្វើការសំណង់តាំងពីលោកមានអាយុ១៥ឆ្នាំមកម្ល៉េះ។ លោកបន្ថែមថា គ្រោះថ្នាក់ ការរងរបួស ការមិនទទួលបានប្រាក់ខែ និងកង្វះអាហារហូបចុក គឺជាបទពិសោធន៍ទូទៅសម្រាប់កម្មករទៅហើយ។
ទាក់ទិនករណីនេះ លោក ផាន សុចន្ត្រា ដែលជាកម្មករម្នាក់យល់ស្របការលើកឡើងរបស់លោក ស៊ឹម រី ដោយលោកលើកឡើងពីករណីមួយក្នុងរយៈពេលប្រមាណពីរខែមុន ក្នុងអំឡុងថ្ងៃដែលលោករួមនឹងកម្មករផ្សេងទៀតត្រូវបើកប្រាក់ឈ្នួល ប៉ុន្តែអ្នកម៉ៅការមួយរូបបែរជារត់គេចខ្លួនដោយនាំយកប្រាក់ខែកម្មករទៅជាមួយ ហើយនៅពេលនោះគ្មាននរណាម្នាក់ទទួលបានប្រាក់ខែឡើយ។
លោកថា៖ «រាល់កម្មករសំណង់ទាំងអស់ គឺសុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍មិនទទួលបានប្រាក់ឈ្នួល»។
កាលពីចុងឆ្នាំ២០២១ បន្ទាប់ពីលោក ផាន សុចន្ត្រា ធ្វើការដោយមិនទទួលបានប្រាក់ឈ្នួលពីរខែ លោកក៏បានសម្រេចឈប់ពីការងារដោយមិនទទួលបានអ្វីទាល់តែសោះ។
លោក ឌៀប ភារម្យ ជាកម្មករមួយរូបទៀតក្នុងខណ្ឌកំបូល និងត្រូវជាបងប្អូនជីដូនមួយរបស់លោក ម៉ា ស្រ៊ាង បានថ្លែងឱ្យដឹងថា លោកបានលាឈប់ពីការងារសំណង់ក្នុងសង្កាត់ទន្លេបាសាក់ បន្ទាប់ពីធ្វើបានត្រឹមតែ១០ថ្ងៃ ដោយសារខែមករា ឆ្នាំថ្មីចូលមកដល់ ហើយខ្លួនមិនទទួលបានប្រាក់ខែសម្រាប់ការងារដែលលោកបានធ្វើនៅខែធ្នូ ឆ្នាំ២០២១។ ដោយគ្មានប្រាក់សម្រាប់ចិញ្ចឹមជីវិត លោកក៏សម្រេចដាក់បញ្ចាំចិញ្ចៀនមាសមួយវង់ដែលម្ដាយរបស់លោកប្រគល់ឱ្យក្នុងតម្លៃ៥០ដុល្លារ ដើម្បីយកមកទិញម្ហូប។
លោកបន្តដោយលើកឡើងពីការព្រួយបារម្ភសុវត្ថិភាព ដូចជា កង្វះមួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើងកវែង ថា៖ «ខ្ញុំមិនចង់ធ្វើការសំណង់ទៀតនោះទេ។ វាហត់នឿយ ហើយខ្ញុំពិតជាមិនចង់បន្តរស់នៅជាមួយនឹងជីវិតបែបនេះទៀតឡើយ។ ខ្ញុំចង់ត្រលប់ទៅកាន់ភូមិរបស់ខ្ញុំវិញ ហើយចិញ្ចឹមសត្វ»។
ត្រលប់មកកាន់លោក ស៊ឹម រី បានរៀបរាប់ពីហេតុការណ៍ដែលលោកបានធ្លាក់ពីលើជន្ទាក្នុងអគារមួយដែលខ្លួនធ្វើការ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។
លោកបន្ថែមថា នៅពេលនោះ លោកបានព្យាយាមលើកធុងស៊ីម៉ង់ត៍ ស្របពេលដែលគាត់តោងឡើងលើជន្ទាដោយមិនបានទប់ ហើយក៏បានបាត់បង់ជំហរ។
លោកថា៖ «ខ្ញុំបានធ្លាក់ពីលើជន្ទានោះ ដោយសារតែខ្ញុំមិនមានការប្រយ័ត្នប្រយែង»។
ជាសំណាងមួយ លោក ស៊ឹម រី នៅពេលនោះមិនបានបាក់ឆ្អឹងណាមួយនៅក្នុងហេតុការណ៍ធ្លាក់នោះទេ ប៉ុន្តែខ្លួនរបស់លោកពោរពេញទៅដោយស្នាមជាំ។
លោកបន្តថា៖ «ក្នុងហេតុការណ៍នោះ ខ្ញុំមិនមានបំពាក់ឧបករណ៍ការពារខ្លួន (PPE) នោះទេ ដោយសារតែខ្ញុំចូលមកធ្វើការដោយមិនការចុះកិច្ចសន្យាត្រឹមត្រូវ»។
ទោះជាយ៉ាងណា លោកបន្ថែមថា នៅពេលនោះ ម្ចាស់អគារបានរ៉ាប់រងលើការចំណាយក្នុងការស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ។
បើតាមលោក ស៊ឹម រី ស្របពេលដែលការដ្ឋានសំណង់ពាណិជ្ជកម្មធំៗទាំងឡាយត្រូវបានចុះបញ្ជី និងឆ្លងកាត់ការត្រួតពិនិត្យដោយមន្ត្រី ហើយបំពាក់ដោយឧបករណ៍ការពារសុវត្ថិភាពត្រឹមត្រូវ ប៉ុន្តែក្នុងនោះក៏មានការដ្ឋានសំណង់តូចៗភាគច្រើនបានគេចវេះពីការចុះបញ្ជី និងសាងសង់ដោយមិនបានសុំច្បាប់ត្រឹមត្រូវផងដែរ ដើម្បីកាត់បន្ថយការចំណាយ ហើយករណីនេះបានធ្វើឱ្យសុវត្ថិភាពកម្មករធ្លាក់ក្នុងហានិភ័យខ្ពស់។
លោកបន្ថែមថា៖ «ជីវិតក្នុងវិស័យសំណង់ គឺរស់មួយថ្ងៃដើម្បីតែមួយថ្ងៃប៉ុណ្ណោះ។ បើយើងមិនធ្វើការរាល់ថ្ងៃនោះទេ យើងមិនអាចរកប្រាក់បានគ្រប់គ្រាន់ឡើយ»។
កុមារក្នុងការដ្ឋានសំណង់
នៅឯការដ្ឋានសំណង់ក្នុងសង្កាត់ទន្លេបាសាក់ កាលពីខែធ្នូ ឆ្នាំ២០២១ កូនប្រុសរបស់លោក ម៉ា ស្រ៊ាង ហាក់លេងយ៉ាងសប្បាយរីករាយនៅក្នុងទីតាំងដែលកំពុងតែសាងសង់នោះ ដែលក្រៅពីគ្រួសាររបស់លោក ក្នុងនោះក៏មានគ្រួសារចំនួនបួនផ្សេងទៀតរស់នៅក្នុងការដ្ឋានធ្វើសំណង់ជាមួយនឹងកូនៗចំនួន៩នាក់ផងដែរ។
លោកបន្ថែមថា៖ «ពួកគេមួយចំនួនធ្វើការជាមួយយើងនៅក្នុងការដ្ឋាន បើទោះបីជាពួកគេមិនទាន់គ្រប់អាយុក៏ដោយ។ ពួកគេមានកម្លាំង ដូច្នេះពួកគេក៏សម្រេចធ្វើការងារនេះ»។
លោក ម៉ា ស្រ៊ាង បន្ថែមដោយថ្លែងបារម្ភពីសុវត្ថិភាពកូនរបស់ខ្លួនថា៖ «ខ្ញុំបារម្ភពីកូន ខ្លាចគាត់ដួលពេលកំពុងរត់លេងក្នុងការដ្ឋាន។ សុវត្ថិភាពនៅក្នុងការដ្ឋានសាងសង់មិនល្អនោះទេ ខណៈដែលសុខភាពរបស់គាត់ [កូនតូច] ក៏ត្រូវប៉ះពាល់ដោយធូលីដីហុយច្រើនផងដែរ»។
អ្នកសារព័ត៌មានបានសង្កេតឃើញមានយុវជនយ៉ាងតិចណាស់ពីរនាក់កំពុងតែកើបក្រួសនៅក្នុងទីតាំងនោះ ដោយលោក ម៉ា ស្រ៊ាង បញ្ជាក់ថា មានក្មេងអាយុក្រោម១០ឆ្នាំធ្វើការនៅទីនោះ។
ទាក់ទិននឹងករណីនេះ អ្នកគ្រប់គ្រងការដ្ឋានជាជនជាតិចិនមួយ អមដោយអ្នកបកប្រែជនជាតិខ្មែរម្នាក់ បានបដិសេធនិយាយជាមួយអ្នកសារព័ត៌មានជាច្រើនលើក ដោយបានប្រាប់ពួកគេឱ្យចាកចេញពីទីតាំងការដ្ឋានរបស់ខ្លួន។
រដ្ឋាភិបាលបានធ្វើការបដិសេធម្តងហើយម្តងទៀតអំពីករណីពលកម្មកុមារក្នុងឧស្សាហកម្មផលិតឥដ្ឋ ដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការលូតលាស់នៃវិស័យសំណង់ក្នុងប្រទេស។ យោងតាមរបាយការណ៍មួយក្នុងឆ្នាំ២០២០ របស់ក្រសួងការងារអាមេរិក (US Department of Labor) បានរកឃើញថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ បានជំរុញឱ្យមានពលកម្មកុមារ ជាពិសេសនៅទីតាំងឡឥដ្ឋ រួមទាំងនៅការដ្ឋានសំណង់ផងដែរ។
ជាមួយគ្នានេះ របាយការណ៍ដដែលបានបន្តថា អធិការកិច្ចការងារហាក់មានលទ្ធភាពស្ដួចស្ដើងក្នុងការធ្វើអធិការកិច្ចនៅការដ្ឋានសំណង់ ដោយសារតែម្ចាស់សំណង់អាគារទាំងឡាយមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ដែលបានរារាំងអ្នកត្រួតពិនិត្យមិនឱ្យចូលទៅកាន់ទីតាំងរបស់ពួកគេ។
យោងតាមរបាយការណ៍មួយក្នុងឆ្នាំ២០១៩ របស់អង្គការឃែរ (CARE Cambodia) បានឱ្យដឹងថា ក្រសួងការងាររបស់កម្ពុជាបានត្រួតពិនិត្យការដ្ឋានសំណង់ចំនួន១១១ទីតាំងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៨ និង ២ទីតាំង ក្នុងឆ្នាំ២០១៦ ដោយពួកគេមិនបានធ្វើក្នុងឆ្នាំ២០១៧នោះទេ ស្របពេលដែលព័ត៌មានអំពីគុណភាព ប្រភេទ ឬលទ្ធផលនៃការត្រួតពិនិត្យដែលក្រសួងផ្ដល់ឱ្យអង្គការហាក់មានកម្រិត។
អ្នកនាំពាក្យក្រសួងការងារ និងអ្នកនាំពាក្យក្រសួងរៀបចំដែនដី មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបានទេ ខណៈដែលតំណាងការដ្ឋានសំណង់មួយរូបបានបដិសេធក្នុងការអធិប្បាយ។
បើតាមលោក ម៉ា ស្រ៊ាង បើទោះបីជាមានមន្រ្តីអធិការកិច្ចការងារចុះពិនិត្យការដ្ឋានសំណង់ ក៏ពួកគេមិននិយាយសួរនាំជាមួយកម្មករ ឬចុះពិនិត្យការដ្ឋានពីការរំលោភសុវត្ថិភាពក្នុងការដ្ឋានសំណង់ឡើយ។
លោកបន្តថា ផ្ទុយទៅវិញ អធិការកិច្ចគ្រាន់តែមកដើម្បីជួបជាមួយអ្នកគ្រប់គ្រងការដ្ឋានឬអ្នកតំណាង ហើយបន្ទាប់មកក៏ចាកចេញទៅវិញ។
លោកអះអាងថា៖ «ពួកគេមិនមែនចុះមកពិនិត្យនោះទេ គេ [អធិការកិច្ច] មកយកតែលុយប៉ុណ្ណោះ។ ការដ្ឋានរបស់យើងមិនអាចបន្តការសាងសង់បាននោះទេ ប្រសិនបើមិនឱ្យលុយទៅពួកគេ»។
ក្នុងអំឡុងពេលចុះទៅត្រួតពិនិត្យទីតាំងការដ្ឋានសំណង់ក្នុងសង្កាត់ទន្លេបាសាក់ចំនួន៩លើក គិតចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានសង្កេតឃើញថា កម្មករបន្តធ្វើការដោយគ្មានឧបករណ៍សុវត្ថិភាពស្តង់ដារ ដូចជា ស្បែកជើងកវែង មួកសុវត្ថិភាព និងខ្សែចងសុវត្ថិភាពឡើយ។
ហានិភ័យក្នុងការងារ
ខណៈរូបលោក ប្រពន្ធ និងកូនតូចរបស់ខ្លួនដែលត្រូវរស់នៅក្នុងការដ្ឋានសាងសង់ដោយផ្ទាល់ លោក ម៉ា ស្រ៊ាង មានការព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាពយ៉ាងខ្លាំង។ កាលពីខែមិថុនា ឆ្នាំ២០១៩ អគារកម្ពស់ប្រាំពីរជាន់មួយក្នុងក្រុងព្រះសីហនុបាក់រលំកាលពីព្រឹកព្រលឹម ដោយបានសម្លាប់កម្មករចំនួន២៨នាក់ និង២៦នាក់ផ្សេងទៀតរងរបួស ដែលពួកគេសុទ្ធសឹងតែជាអ្នកដែលរស់នៅក្នុងអគារដែលមិនទាន់សាងសង់រួចរាល់មួយនេះ។
ករណីនេះ អាជ្ញាធរបានឱ្យដឹងថា សំណង់នេះពុំបានសុំលិខិតអនុញ្ញាតនោះទេ ហើយជនជាតិចិន៤នាក់ដែលជាប់ពាក់ព័ន្ធនឹងការបាក់រលំអគារនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា និងបណ្តាលឱ្យមានរបួស ការខូចខាត និងស្លាប់បាត់បង់ជីវិតដោយអចេតនា។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានឱ្យដឹងកាលពីខែកក្កដាក្នុងឆ្នាំដដែលនោះថា ការរស់នៅរបស់កម្មករសំណង់ក្នុងអគារដែលមិនទាន់សាងសង់រួចរាល់ គឺមិនត្រូវបានអនុញ្ញាតនោះទេ។
ក្នុងរយៈពេលប្រមាណ៦ខែបន្ទាប់ពីករណីដួលរលំអាគារក្នុងក្រុងព្រះសីហនុនេះ អគារដែលកំពុងសាងសង់មួយទៀតនៅក្នុងខេត្តកែប ក៏បានដួលរលំដែលបណ្តាលឱ្យមនុស្សចំនួន៣៦នាក់ស្លាប់ រួមទាំងកុមារ៦នាក់ផងដែរ ខណៈ២៣នាក់ផ្សេងទៀតរងរបួស។
ក្រុមមន្ត្រីជំនាញបានធ្វើការឆ្លើយតបដោយអះអាងថា ករណីនេះកើតឡើងដោយសារតែអ្នកសាងសង់ព្យាយាមសង់ជាន់ទី៧ដោយបំពាន ខណៈពួកគេត្រូវបានអនុញ្ញាតឱ្យសាងសង់ត្រឹមតែ៦ជាន់ប៉ុណ្ណោះ។
មួយសប្តាហ៍បន្ទាប់ពីករណីបាក់រលំអាគារសំណង់ក្នុងខេត្តកែប មន្ត្រីបានចេញសេចក្តីណែនាំដោយហាមមិនឱ្យប្រជាពលរដ្ឋរស់នៅក្នុងអគារដែលមិនទាន់សាងសង់ បើទោះបីជាការស្នាក់នៅនេះធ្វើឡើងបណ្ដោះអាសន្នក៏ដោយ។
នៅក្នុងខែសីហា ឆ្នាំ២០២០ រថយន្តស្ទូចមួយបានរលំលើការដ្ឋានសំណង់និងផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ដែលបានសម្លាប់មនុស្សចំនួន៥នាក់ និងរបួស៥នាក់ផ្សេងទៀត។
គ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមួយរូប បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីករណីនេះថា តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងមន្ត្រីបានផ្ដល់ប្រាក់សរុបចំនួន៦០០ដុល្លារអាមេរិក និងអង្ករ៣០គីឡូក្រាមផ្ដល់ជាសំណង។
ករណីគ្រោះថ្នាក់ទាំងនេះកើតឡើងបន្តបន្ទាប់ ខណៈវិស័យសំណង់របស់ប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន។ ក្នុងឆ្នាំ២០១៨កន្លងទៅ ក្រសួងរៀបចំដែនដីបានរាយការណ៍ថា ការវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់រហូតដល់ទៅជាង៥,២ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៩ ក្រសួងបានប្រកាសពីការវិនិយោគលើវិស័យនេះចំនួន៩,៣ពាន់លានដុល្លារអាមេរិក និងបានធ្លាក់ចុះមកត្រឹម៧,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ស្របពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណា ការវិនិយោគលើវិស័យអចលនវត្ថុបានហក់ឡើងវិញដល់ចំនួន១០,៣ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១។
បើទោះបីជាចំនួននៃការវិនិយោគក្នុងវិស័យមួយនេះត្រូវបានសង្កេតឃើញថាមានទំហំធំក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការពាក់ព័ន្ធនឹងវិស័យការងារនេះបានលើកឡើងថា រដ្ឋាភិបាលនិងនិយោជកនៅតែចំណាយតិចតួចលើសុវត្ថិភាពនិងការត្រួតពិនិត្យលើកម្មករ។
ក្រោយករណីដួលរលំអគារក្នុងខេត្តព្រះសីហនុកាលពីឆ្នាំ២០១៩ ប្រធានសហជីពមួយរូប លោក យ៉ាន់ ធី បានក្រើនរំឭកដល់រដ្ឋាភិបាលឱ្យពង្រឹងការអនុវត្តទាក់ទងនឹងការមិនអនុញ្ញាតឱ្យកម្មករស្នាក់នៅការដ្ឋានសំណង់។
គ្មានអ្វីផ្លាស់ប្ដូរឡើយ
ក្នុងឆ្នាំ២០១៧ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានធ្វើការស្ទង់មតិមួយទៅលើកម្មករសំណង់ចំនួន១ ០១០នាក់ ដោយក្នុងនោះ ១២ភាគរយនៃអ្នកដែលបានស្ទង់មតិរាយការណ៍ថា ខ្លួនមានអារម្មណ៍គ្មានសុវត្ថិភាពក្នុងការដ្ឋានសំណង់ឡើយ។
ជាមួយគ្នានេះ ១ក្នុងចំណោម៥នាក់ ក៏បានលើកឡើងថា ពួកគេបានរងរបួសពេលកំពុងធ្វើការ និង ៤១ភាគរយបានត្អូញត្អែរអំពីកង្វះឧបករណ៍សុវត្ថិភាពដែលបានផ្ដល់ជូន ឬប្រើប្រាស់នៅក្នុងការដ្ឋានផងដែរ។ ដោយឡែក ជាងពាក់កណ្ដាលនៃកម្មករដែលបានស្ទង់មតិ (៦២ភាគរយ) បានថ្លែងថា ពួកគេមិនដែលបានទទួលការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពការងារនោះទេ។
យោងតាមការស្ទង់មតិដដែល កម្មករសំណង់ចំនួន៩១ភាគរយមិនអាចទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឡើយ ដែលជាគម្រោងមួយរបស់រដ្ឋាភិបាលក្នុងការផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃ ឬដោយផ្នែក ដល់កម្មករប្រមាណ២,៦លាននាក់។ នៅចុងឆ្នាំ ២០២០ ក្រសួងការងារបានប្រកាសថា កម្មករក្រៅប្រព័ន្ធក៏អាចចុះឈ្មោះសម្រាប់ការទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គមផងដែរ។
ទោះជាយ៉ាងណា គិតមកដល់បច្ចុប្បន្ន សហព័ន្ធ BWTUC បានចុះឈ្មោះត្រឹមតែ៦០ភាគរយនៃសមាជិកសរុបប្រមាណ១ម៉ឺននាក់ប៉ុណ្ណោះ ដោយសារកម្មករសំណង់ភាគច្រើនដែលជាកម្មករក្រៅប្រព័ន្ធ ខ្វះអាសយដ្ឋានជាក់លាក់ដែលតម្រូវដោយរដ្ឋាភិបាលដើម្បីចុះឈ្មោះ។ នេះបើយោងតាមអគ្គលេខាធិការនៃសហព័ន្ធ BWTUC លោក យ៉ាន់ ធី។
លោក យ៉ាន់ ធី បន្ថែមថា៖ «កម្មករសំណង់ភាគច្រើននៅតែមិនអាចចូលទៅប្រើប្រាស់សេវារបស់ ប.ស.ស។ គ្មានអ្វីផ្លាស់ប្ដូរនោះទេ»។
យោងតាមអគ្គនាយករងបេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា ក្នុងចំណោមកម្លាំងពលកម្មក្នុងវិស័យសំណង់សរុបរបស់កម្ពុជា ក្នុងនោះមានមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានចុះឈ្មោះជាមួយ ប.ស.ស គិតត្រឹមខែមីនា ឆ្នាំ២០២២។
លោកបន្តទៀតថា ប.ស.ស ក៏បានកត់ត្រាករណីកម្មករសំណង់គ្រោះថ្នាក់ចំនួន១០៧នាក់ ក្នុងឆ្នាំ២០២០ ក្នុងនោះ មានអ្នកស្លាប់ចំនួន៥នាក់ និងរបួសធ្ងន់ចំនួន៣៤នាក់។ ក្នុងឆ្នាំ២០២១ ជនរងគ្រោះមានចំនួន៧៧នាក់ ដែលក្នុងនោះមាន៧នាក់បានស្លាប់បាត់បង់ជីវិត និង៣៤នាក់រងរបួសធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា តួលេខខាងលើនេះត្រូវបានបញ្ជាក់ដោយមន្ត្រីរូបនេះថា គឺរាប់បញ្ចូលតែទិន្នន័យដែលបានរាយការណ៍ដោយក្រុមហ៊ុនសំណង់ប្រមាណ១០ភាគរយដែលបានចុះបញ្ជីជាមួយ ប.ស.ស ប៉ុណ្ណោះ។
ក្រៅពីលើលទ្ធភាពទទួលបានការថែទាំសុខភាពដែលផ្ដល់មូលនិធិដោយរដ្ឋាភិបាលមានកម្រិត លោក យ៉ាន់ ធី ក៏បានបញ្ជាក់ដែរថា កម្មករក៏ប្រឈមនឹងបញ្ហាផ្សេងទៀតផងដែរ។
លោកថា៖ «មានពេលខ្លះ ពួកគេធ្វើការក្នុងការដ្ឋានមួយអស់រយៈពេលប្រមាណពីរបីខែ បន្ទាប់មកត្រូវផ្លាស់ទៅកាន់ការដ្ឋានសំណង់ផ្សេង ដោយសារតែបញ្ហាប្រាក់ឈ្នួលតិច ឬពិបាកទទួលបានប្រាក់ខែជាដើម»។
ចំពោះយុទ្ធនាការអស់រយៈពេលជាច្រើនឆ្នាំ សម្រាប់ច្បាប់ថ្មី ដែលទាមទារឱ្យមានស្តង់ដារសុវត្ថិភាពខ្ពស់ និងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យសំណង់ ត្រូវបានគេសង្កេតឃើញថា មានការរីកចម្រើនតិចតួចខ្លាំងណាស់។ ក្នុងឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសន្យាបង្កើតប្រាក់ឈ្នួលអប្បបរមាមួយដល់កម្មករសំណង់ ប៉ុន្តែគេសង្កេតឃើញថា គ្មានអ្វីត្រូវបានធ្វើឡើងឡើយ។
ការស្នាក់នៅនិងចិញ្ចឹមគ្រួសារនៅក្នុងការដ្ឋាន
នៅឯការដ្ឋានសំណង់ក្នុងសង្កាត់ទន្លេបាសាក់ អ្នកស្រី ធារី ដែលត្រូវជាភរិយារបស់លោក ម៉ា ស្រ៊ាង ហើយកំពុងតែមានផ្ទៃពោះ៦ខែផងនោះ គឺមានការលំបាកក្នុងការរស់នៅក្នុងអគារដែលមិនទាន់សាងសង់រួចរាល់មួយនេះ។
អ្នកស្រីថា៖ «វាពិបាកណាស់ក្នុងការឡើងចុះដើម្បីចេញទៅទីផ្សារ ប៉ុន្តែវាក្លាយទៅជាទម្លាប់ទៅហើយ។ ខ្ញុំស៊ាំទៅនឹងស្ថានភាពបែបនេះ ដោយយើងបានរស់នៅលើការដ្ឋានសំណង់តាំងពីយើងបានរៀបការមកម្ល៉េះ»។
អ្នកស្រី ធារី ក៏បានលើកឡើងពីការលំបាកក្នុងការធ្វើដំណើរទៅកាន់បន្ទប់ទឹកនៅជាន់ផ្ទាល់ដី ដោយត្រូវប្រើជណ្ដើរយន្តដឹកសម្ភារផងដែរ។ ក្រៅពីនេះ សកម្មភាពនៃការផឹកស៊ី លេងបៀរ និងការនៅដល់យប់ជ្រៅរបស់កម្មករសំណង់ប្រុសភាគច្រើន ក៏រំខានដល់អ្នកស្រីដែរ។
អ្នកស្រីបន្តថា៖ «វាពិតជារំខានខ្លាំងណាស់ចំពោះសំឡេងផឹកស៊ីនៃកម្មករសំណង់ផ្សេងទៀត ប៉ុន្តែខ្ញុំមិនអាចបញ្ឈប់សកម្មភាពរបស់ពួកគេបានទេ។ វាមិនដូចជាការមានផ្ទះផ្ទាល់ខ្លួន ដែលយើងអាចអ្វីបានដោយសេរីនោះទេ»។
ជុំវិញបញ្ហានេះ លោក ម៉ា ស្រ៊ាង បានថ្លែងដោយប្តេជ្ញាថា នៅពេលដែលកូនរបស់លោកមួយនេះកើតមក លោកនឹងមិនឱ្យកូនលោករស់នៅធំធាត់ក្នុងការដ្ឋានសំណង់នោះទេ។ ប្រាក់ឈ្នួលរបស់លោកបានកើនឡើងពី៦,១៥ដុល្លារក្នុងមួយថ្ងៃកាលពី៥ឆ្នាំមុន ដល់១៥ដុល្លារក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណា លោកថា៖ «ការចិញ្ចឹមកូនតូចក្នុងសម័យនេះ ត្រូវចំណាយច្រើន»។
ក្រៅពីនេះ លោកក៏ត្រូវផ្ញើប្រាក់ចំនួន២៥ដុល្លារអាមេរិកក្នុងមួយខែទៅឱ្យឪពុកម្ដាយរបស់លោកនៅខេត្តកំពង់ឆ្នាំង ដើម្បីបង់ថ្លៃសាលាសម្រាប់កូនស្រីអាយុ៧ឆ្នាំរបស់អតីតភរិយារបស់លោកផងដែរ។
លោក ម៉ា ស្រ៊ាង បន្តថា នៅពេលដែលកូនរបស់លោកមួយនេះកើតមក លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតម្រូវការមូលដ្ឋាននានាដល់គ្រួសាររបស់លោក។ សម្រាប់បំណងក្នុងពេលខាងមុខ លោកចង់សម្រាកពីវិស័យសំណង់ ហើយចាប់ផ្ដើមកសិដ្ឋានចិញ្ចឹមត្រី។ ទោះជាយ៉ាងណា លោកត្រូវសន្សំប្រាក់ជាមុនសិន។
លោកថា៖ «ក្រៅពីលួច ឆក់ ប្លន់ ខ្ញុំនឹងរកការងារធ្វើផ្សេងទៀត ដើម្បីបង្កើនចំណូល»។
កាលពីចុងខែកុម្ភៈ លោក ម៉ា ស្រ៊ាង បានលាឈប់ពីការងារនៅការដ្ឋានសំណង់ក្នុងសង្កាត់ទន្លេបាសាក់ ហើយបានផ្លាស់ការងារទៅកាន់ក្រុងព្រះសីហនុ ជាមួយភរិយាដែលជិតសម្រាលកូន និងកូនប្រុសអាយុ២ឆ្នាំ ប៉ុន្តែពួកគេក៏មានគោលបំណងត្រលប់ទៅកាន់ខេត្តកំពង់ឆ្នាំងវិញ ដើម្បីត្រៀមសម្រាលកូនថ្មី។
នៅឯការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ លោក ម៉ា ស្រ៊ាង និងក្រុមគ្រួសារ នៅតែបន្តប្រឈមមុខនឹងហានិភ័យនៃការរស់នៅក្នុងការដ្ឋាន។ ទោះជាយ៉ាងណា បុរសរូបនេះនៅតែព្យាយាមជម្នះនូវរាល់ការលំបាកដើម្បីគ្រួសាររបស់លោក។
លោកថា៖ «ប្រសិនបើខ្ញុំជួបឧបទ្ទវហេតុស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលធ្វើការ អ្វីដែលខ្ញុំចង់បានគឺសុំឱ្យគ្រួសាររបស់ខ្ញុំទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ»៕
អត្ថបទនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងវីអូឌី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ New Naratif ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Behind the Scaffolding: Cambodia’s Construction Workers Suffer as City Skylines Soar