កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​នាំគ្នា​ដាំ​បន្លែ​គ្មាន​គីមី​ដើម្បី​លើកកម្ពស់​សុខភាព​អ្នក​បរិភោគ​

ប្រជាកសិករ​ម្នាក់នៅ​ភូមិ​មួយ​ក្នុង​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ បង្ហាញពីដំណាំរបស់គាត់ដែលជាដំណាំគ្មានប្រើសារធាតុគីមី។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ប្រជាកសិករ​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ បាន​នាំគ្នា​ដាំ​បន្លែ​ដែល​មិន​ប្រើប្រាស់​សារធាតុគីមី​ ដើម្បី​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​ពួកគេ​ផង​ និង​ដើម្បី​លើកកម្ពស់​សុខភាព​អ្នកប្រើ​ប្រាស់​ផង​។

កំពុង​មមាញឹក​ស្រោចស្រព​ដំណាំ​បន្លែបង្ការ​ និង​ដើរមើល​ថែទាំ​បន្លែ​ក្រែ​ងលោ​មាន​សត្វ​ល្អិ​ចចង្រៃ​ចូល​មក​ស៊ី​ដំណាំ​របស់​គាត់​នោះ​ អ្នកស្រី​ ភេទ​ ហ៊ន់​ឡេង​ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ឡោក​ ឃុំ​ចក​ ស្រុក​អូររាំងឪ​ ប្រាប់​ថា​ ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​បាន​ប្រកបរបរ​ដាំ​បន្លែ​គ្មាន​សារធាតុគីមី​នេះ​ អស់​រយៈពេល​ ៨ឆ្នាំ​មក​ហើយ​ នៅ​លើ​ដី​ទំហំ​ ១០អា​។

អ្នកស្រី​និយាយ​ថា​ ដំណាំ​បន្លែ​ ដែល​ពួកគាត់​និយម​ដាំ​នោះ​មាន ​ម្ទេស​ ម្រះ​ ត្រសក់​ និង​ត្រប់ ​ជាដើម​ ដោយ​ថា​ ដំណាំ​មិន​ប្រើ​សារធាតុគីមី​នេះ​ ត្រូវការ​ការ​មើលថែ​ ស្រោចទឹក​ និង​ដាក់ជី​ធម្មជាតិ​ជា​ទៀងទាត់​។

ស្ដ្រី​វ័យ​ ៥២ឆ្នាំ​រូប​នេះ​រៀបរាប់​បន្ដ​ថា​ បន្លែ​ដែល​ពួកគាត់​ដាំ​បាន​ជួយ​ផ្គត់ផ្គង់​នៅក្នុង​ភូមិ​ផង​ និង​នាំទៅ​តំបន់​ជិតខាង​ផង​។ ម្យ៉ាងទៀត​ ក្រៅពី​ជួយ​ដល់​ជីវភាព​ គាត់​ថា​ បន្លែ​ប្រភេទ​នេះ​ក៏បាន​ជួយ​ដល់​សុខភាព​អ្នកប្រើ​ប្រាស់​ផង​ដែរ​។

អ្នកស្រី​រៀបរាប់​បន្ដ​ថា​៖ «ដាំ​សរីរាង្គ​ហ្នឹង​ មិន​ដាំ​គីមី​ កុំ​ឱ្យ​វា​ប៉ះពាល់​សុខភាព​។ ចាស៎!​ មិនគ្រាន់​តែ​បាន​លុយ​ទេ​ ចាស៎! លោកគ្រូ​ ការពារ​សុខភាព​ កុំ​ឱ្យ​កើតជំងឺ​ច្រើនពេក​»។

ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​កសិដ្ឋាន​របស់​អ្នកស្រី​ ភេទ​ ហ៊ន់​ឡេង​ ពលរដ្ឋ​ម្នាក់ទៀត​ ឈ្មោះ​ តុង​ គឹ​មទៀង​ ក៏​អ្នកជា​រស់នៅ​ក្នុង​ភូមិ​អូរ​ឡោក​ ឃុំ​ចក​ ស្រុក​អូររាំងឪ ​នេះ​ផង​ដែរ​ ហើយ​លោក​ក៏​កំពុង​មមាញឹក​ស្រោចស្រព​ និង​មើលថែ​ដំណាំ​ ដែល​មិន​ប្រើប្រាស់​សារធាតុគីមី​ផង​ដែរ​។

បុរស​វ័យ៣២ឆ្នាំ​រូប​នេះ​រៀបរាប់​ថា​ ចម្ការ​របស់​គាត់​មាន​ដី​ទំហំ​ ៣០អា​ ដោយមាន​ដាំដំណាំ​ម្ទេស​ ត្រប់​ ត្រឡាច​ និង​ដំ​ណាំ​ផ្សេង​ៗទៀត​ និង​ទើបតែ​ចាប់ផ្ដើម​ដាំដុះ​បន្លែ​ប្រភេទ​នេះ​បាន២ឆ្នាំ​ប៉ុណ្ណោះ​។

លោក​អះអាង​ថា​ មូលហេតុ​ដែល​គ្រួសារ​គាត់​ងាក​មក​ដាំដំណាំ​គ្មាន​ជាតិគីមី​ គឺ​ចង់​ចូលរួម​កាត់បន្ថយ​ការ​បរិភោគ​បន្លែ​នាំចូល​ពីក្រៅ​ប្រទេស​ ដែល​ផ្ទុក​ដោយសារ​ធាតុគីមី​ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដទៃទៀត​ ងាក​មក​បរិភោគ​បន្លែ​ធម្មជាតិ​ជួយ​ដល់​សុខភាព​របស់​ពួកគេ​។

លោក​បន្ដ​ថា​៖ «ទី១​ អ្នក​ដាំ​ហ្នឹង​ មិនសូវ​ប៉ះពាល់​ដល់​សុខភាព​ ទី២​ កន្លែង​យើង​មិន​អាច​ប្រើ​គីមី​ខ្លាំង​ទេ​ កាត់បន្ថយ​សារធាតុគីមី​ខ្លះទៅ​ ប្រើ​ធម្មជាតិ​ខ្លះទៅ​។ បន្លែ​ដាំ​ខ្លួនឯង​ វា​គ្រាន់បើ​ជាង​។ យើង​ដាំ​ យើង​ដឹង​ប្រើ​កម្រិត​ថ្នាំ​ តាម​ប៉ុ​ណ្ណា​ៗ ហើយ​បើ​បន្លែ​គេ​មិនដែល​ទិញ​ទេ​ឥឡូវហ្នឹង​ ដាំ​តែ​បន្លែ​ខ្លួនឯង​»។

យ៉ាងណាក៏ដោយ​ លោក​ តុង​ គឹ​មទៀង​ ឱ្យ​ដឹងផង​ដែរ​ថា​ ការ​ដាំ​បន្លែ​គ្មាន​ជាតិគីមី​ ក៏​ជួប​ការ​លំបាក​ និង​បញ្ហា​ប្រឈម​ជាច្រើន​ផង​ដែរ​ ដូចជា​ បញ្ហា​អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់​ កសិករ​មិនសូវ​ចេះ​បច្ចេកទេស​ដាំដុះ​ និង​បញ្ហា​សត្វល្អិត​ស៊ី​ ដែល​ធ្វើ​ឱ្យ​ដំណាំ​ពួកគាត់​មិនសូវ​លូតលាស់​ និង​ងាប់​ជាដើម​។

ម្យ៉ាងទៀត​ លោក​ថា​ ទីផ្សារ​បន្លែ​គ្មាន​ជាតិគីមី​សម្រាប់​កសិករ​ខ្មែរ​ ក៏​ជា​បញ្ហា​ផង​ដែរ​ ដោយ​ថា​ តម្លៃ​គឺ​សូវ​ខុសគ្នា​នោះ​ទេ​ រវាង​បន្លែ​គ្មាន​ជាតិគីមី​ និង​បន្លែ​មាន​ផ្ទុក​សារធាតុគីមី​ និង​បន្លែ​ផ្លែឈើ​ដែល​នាំចូល​ពី​ប្រទេសជិតខាង។

មេភូមិ​អូរ​ឡោក​ លោក​ ភា​ ឆេន​ អាយុ៧០ឆ្នាំ​ មានប្រសាសន៍​ថា​ នៅ​ភូមិ​អូរ​ឡោក​នេះ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ ៦០គ្រួសារ​ ក្នុង​នោះ​១៧គ្រួសារ​ប្រកបរបរ​ដាំដំណាំ​បន្លែ​តាម​បែប​ធម្មជាតិ​នៅ​លើ​ទំហំដី​សរុប​ចំនួន​ ៦ហិ​កតា​។

មេភូមិ​អូរ​ឡោក​ លោក​ ភា​ ឆេន​ រៀបរាប់​ថា​ កាលពី១០ឆ្នាំមុន​ មិនសូវ​មានគ្រួសារ​និយម​ដាំដំណាំ​គ្មាន​សារធាតុគីមី​នោះ​ទេ​ ប៉ុន្ដែ​ បន្ទាប់ពី​ការ​គាំទ្រ​ និង​ផ្ដល់​ការណែនាំ​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ស្រុក​ និង​ខេត្ត​ត្បូងឃ្មុំ​ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ក៏​នាំគ្នា​ដាំដំណាំ​បន្លែ​គ្មាន​ជាតិគីមី​នេះ​។

លោក​បន្ដ​ថា​៖ «ខ្ញុំ​គាំទ្រ​ ព្រោះ​ក្នុង​គម្រោង​ហ្នឹង​ ពួ​កមន្ដ្រី​កសិកម្ម​គាត់​ចុះ​មក​បង្ហាញ​បែបបទ​ ហើយក៏​ជួយ​បាន​ក្រែល​ដែរ​។ ជួយ​ក្នុង​មួយ​គ្រួសារ​ហ្នឹង​ ប្រាក់១លាន​ ៩៥ម៉ឺន​ ហើយ​ជួយ​ទាំង​សម្ភារ ទាំង​ទុយោ​ ស្អី​ៗហ្នឹង​ ជួយ​ទាំងអស់​»។

មេភូមិ​រូប​នេះ​ស្នើ​ឱ្យ​មន្ដ្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ដ​ជួយ​ជ្រោមជ្រែង​ដល់​កសិករ​ ដែល​កំពុង​ប្រកបរបរ​នេះ​ និង​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត​ ងាក​មក​ដាំដំណាំ​ និង​ហូប​បន្លែបង្ការ​ ដែល​មិន​មាន​សារធាតុគីមី​ ទើប​ធ្វើ​ឱ្យ​សុខភាព​របស់​ពួកគេ​រឹងមាំ​ និង​មិនសូវ​មាន​ជំងឺ​មក​បៀតបៀន​៕


ដោយសារ​ព័ត៌មាន​ពលរដ្ឋ​ កញ្ញា​ ឈឿន​ សុ​ឃាង​ និង​សម្របសម្រួល​ដោយ​លោក​ ពេជ្រ​ ចំរុង​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។