មន្ត្រី​កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ដែល​​សង្ស័យ​ជន​បរទេស​ម្នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

បុរស​ជន​ជាតិ​យែមែន​ម្នាក់ ដេក​នៅ​លើ​កម្រាល​ការ៉ូ​ឥដ្ឋ​ស្ថិត​នៅ​ក្នុង​ផ្នែក​ច្រក​ចូល​ត្រួត​ពិនិត្យ នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។ រូបថត​ផ្ដល់​ឱ្យ

ក្រុម​មន្ត្រីជាន់ខ្ពស់​កម្ពុជា បដិសេធ​ចោល​នូវ​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដែល​សង្ស័យ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​មួ​យ​ករណី​ទៀត បន្ទាប់​ពី​បុរស​បរទេស​ម្នាក់ បាន​ដួល​សន្លប់​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅព្រឹក​​ថ្ងៃ​នេះ។

អ្នកនាំពាក្យអាកាសចរណ៍​ស៊ីវិលកម្ពុជា លោក ជា អូន បាន​ទទួល​ស្គាល់ថា ពិត​ជា​មាន​ករណី​បុរស​បរទេស​ដួលសន្លប់​នៅ​ក្នុង​​អាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ​មែន។

មន្ត្រី​នាំ​ពាក្យ​រូប​នេះ បាន​ឱ្យ​ដឹង​ថា ជន​បរទេស​រូប​នោះ គឺ​ជា​ជន​ជាតិ​យែមែន​ដែល​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

លោក ជា អូន ប្រាប់​ថា​៖ «របៀប​គាត់​ស្រវឹង​ពី​ល្ងាច​ទេ។ ដល់​ស្រវឹង​ពេក​ទៅ អាឡេអាឡឺ​សន្លប់​ទៅ។ វា​មិនមែន​ឈឺ​ស្អី​ផ្អើល​ពេញ​ហ្នឹង​អ៊ីចឹង​ទេ»

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ច្រាន​ចោល​នូវ​មន្ទិល​សង្ស័យ​លើ​បុរស​ជា​ជន​បរទេស​រូប​នោះ​ផង​ដែរ ដោយ​លោក​ថា គាត់​ខ្វះ​អុកស៊ីហ្សែន។

លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ថា៖ «ករណីដួលនោះ អត់ពាក់ព័ន្ធអីនឹងរោគកូរ៉ូណាហ្នឹងទេ។​ អ្នកដំណើរ​ម្នាក់​នោះ គាត់ខ្វះអុកស៊ីហ្សែន ហើយក៏ដួលសន្លប់។ ក្រោយពេលសង្គ្រោះដាក់អុកស៊ីហ្សែនទៅ គាត់ធូរហើយ ក៏ឡើងយន្តហោះទៅស្រុកគាត់រួចហើយដែរ»

កម្ពុជា​បាន​ប្រកាស​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ជា​លើក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​ខែ​មករា​កន្លង​មក បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​នោះ កើត​មាន​លើ​បុរសជន​ជាតិ​ម្នាក់ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​អ៊ូហាន ជា​ទី​ដែល​វីរុស​កូរ៉ូណា​ថ្មី​បាន​ផ្ទុះ​ឡើង និង​កំពុង​រាត​ត្បាត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

គណៈកម្មការ​សុខាភិបាល​របស់​ប្រទេស​ចិន ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​វីរុស​កូរ៉ូណា​ថ្មី​ជា​រៀង​រាល់​ថ្ងៃ​នោះ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៨១១​នាក់​ហើយ បាន​ស្លាប់​ក្រោយ​ឆ្លង​វីរុស​នេះ ហើយ​ការ​ឆ្លង​វីរុស​នេះ ត្រូវ​បាន​បញ្ជាក់​ថា មាន​ចំនួន​ជិត ៤​ម៉ឺន​ករណី គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ។

ការ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ បាន​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​ចំនួន ២៤​ហើយ​នៅ​ទូទាំង​ពិភព​លោក​ក្រៅ​ពី​ប្រទេស​ចិន ហើយ​វាការ​ឆ្លង​វីរុស​នេះ ៦៤​ករណី ត្រូវ​បាន​រក​ឃើញ​នៅ​លើ​នាវា​អន្តរជាតិ​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​​ទឹក​ប្រទេស​ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ