អភិបាលខេត្ត​កំពង់ចាម​ថា គ្មាន​អ្នក​ឆ្លង​ទេ​ ក្រោយ​អ្នក​ភូមិ​៨​នាក់​ប៉ះ​ពាល់​អ្នក​ឆ្លង​កូវីដ​​១៩​មួយ​ក្រុម

សកម្មភាព​ត្រួតពិនិត្យ​អ្នក​ដែល​សង្ស័យ​ថា​អាច​មាន​កូ​វីដ១៩ និង​យក​សំណាក​ទៅ​ធ្វើការវិភាគ​បន្ត អំឡុង​ការ​រាតត្បាត​កូ​វីដ១៩ នា​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​ឱ្យ​ដឹង​ថា អ្នក​ភូមិ ៨​នាក់​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស ៦​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ត្រូវ​បាន​ធ្វើ​តេស្ត​រួច​រាល់​ហើយ ហើយ​លទ្ធផល​តេស្ត​បញ្ជាក់​ថា ពួកគេ​មិន​បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ទេ។

ក្នុង​លិខិត​បំភ្លឺ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ឱ្យ​ដឹង​ថា មនុស្ស ៦​នាក់​ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​ឯ​ស្រុក​ព្រៃឈរ​កាល​ពី​ថ្ងៃ​ទី​២៤ និង​២៥ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

រដ្ឋបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ថា មនុស្ស​ទាំង ៦​នាក់​នោះ បាន​ធ្វើ​ដំណើរ​ទៅ​លេង​សាច់​ញាតិ​របស់​ពួកគេ មុន​ពេល​ពួកគេ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ។

បើ​តាម​លិខិត​បំភ្លឺ​ដដែល​នោះ មនុស្ស​ទាំង ៦​នាក់​នោះ គឺ​ជា​អ្នក​ដែល​បាន​​ពាក់​ព័ន្ធ​នឹង​​ភរិយា​របស់​អគ្គ​នាយក​ពន្ធនាគារ លោក ឆែម សាវុធ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា​ បាន​ប្រាប់​វីអូឌី​នៅ​ល្ងាច​ថ្ងៃ​នេះ​ថា អ្នក​ភូមិ ៨​នាក់​ដែល​បាន​ប៉ះ​ពាល់​មនុស្ស​៦​នាក់​នោះ ត្រូវ​បាន​ប្រមូល​យក​សំណាក​ដើម្បី​ត្រួត​ពិនិត្យ​រួច​ហើយ ហើយ​លទ្ធផល​តេស្ត​បញ្ជាក់​ថា ពួកគាត់​មិន​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ទេ។

លោក អ៊ុន ចាន់ដា ប្រាប់​ថា​៖ «លទ្ធផល​ចេញ​ហើយ​ថ្ងៃ​មិញ គឺ​អវិជ្ជមាន​ទាំង​អស់»

អភិបាល​ខេត្ត​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា បើទោះបី​ជា​លទ្ធផល​អវិជ្ជមាន​បែប​នេះ​ក្ដី ប៉ុន្តែ អ្នក​ភូមិ​ទាំង ៨​នាក់​នោះ ត្រូវ​បាន​តម្រូវ​ឱ្យ​បន្ត​​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​កំពង់ចាម​ឱ្យ​គ្រប់​រយៈ​ពេល ១៤​ថ្ងៃ។

លោក ចាន់ដា បាន​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ក៏​បាន​ប្រមូល​មនុស្ស​ ៣៥​នាក់​ផ្សេង​​ទៀត​ ក្នុង​នោះ​មាន​ទាំង​កម្មករ​រោងចក្រ​កាត់ដេរ​ផង​ដែរ​ដែល​​ពាក់​ព័ន្ធ​ដោយ​ប្រយោល​នឹង​អ្នក​ភូមិ ៨​នាក់​ ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​សម្បែង​ និង​បន្ទប់​ជួល​របស់​ពួកគេ​ផង​ដែរ។

លោក អ៊ុន ចាន់ដា ប្រាប់​បន្ត​ថា​៖ «ហ្នឹង​គឺ​អ្នក​ប៉ះ​ពាល់​ដោយ​ប្រយោល គឺ​តម្រូវ​្យ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​បន្ត​ទៀត​ដែរ។ មក​ដល់​ពេល​នេះ គឺ ៣៥​នាក់។ យើង​តម្រូវ​្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ និង​បន្ទប់​ជួល​របស់​ពួកគាត់»

កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ដែល​នៅ​លើ​ភរិយា​លោក ឆែម សាវុធ។ គិត​មក​ដល់​ថ្ងៃ​នេះ មនុស្ស ១៧​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ផ្ទុះ​ករណី​ឆ្លង​ក្នុងសហគមន៍​នេះ​មក។

រដ្ឋាភិបាល​បាន​សម្រេច​ហាម​ឃាត់​ការ​ជួប​ជុំ​មនុស្ស​ចាប់​ពី​២០​នាក់​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ខណៈ​ដែល​សាលារៀន កន្លែង​ហាត់​ប្រាណ សារមន្ទីរ រោងភាព​យន្ត ​ការ​សម្ដែង​សិល្បៈ​នានា និង​កម្មវិធី​មង្គលការ ត្រូវ​បាន​​ណែនាំ​ឱ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ