លោក ហ៊ុន សែន បន្ត​រំឭក​ពលរដ្ឋឱ្យ​​បន្ត​រក្សា​អនាម័យ​ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

លោកនាយករដ្ឋមន្ត្រីក្រើនរំឭកជាថ្មីទៀត​ទៅប្រជាពលរដ្ឋ​ត្រូវចេះអនាម័យ និង​អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវ​នាវ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ប្រាប់​ទៅ​ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកម្មករ-កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវ បើទោះបីកម្ពុជាទទួលជំនួយវេជ្ជសាស្រ្តជាច្រើនពីប្រទេសចិន និងរកមិនឃើញមានអ្នកឆ្លងជំងឺនេះថ្មីបន្ថែមទៀតក៏ដោយ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន សរសេរ​ថា​៖ «បងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាល និងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត»

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​មិន​ឃើញ​ករណី​ថ្មី​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​​អស់​រយៈ​ពេល​ពី​រសប្ដាហ៍​មក​ហើយ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​មេសា នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ចុង​ក្រោយ​បំផុត ដែល​បាន​រក​ឃើញ​លើ​បុរស​សញ្ជាតិ​កាណាដា​ដើម​កំណើត​ចិន​ អាយុ ៥០​ឆ្នាំ និង​នារី​ជន​ជាតិ​វៀតណាម ​អាយុ ២៤​ឆ្នាំ នៅ​ក្នុង​សង្កាត់​បឹងកេងកង​១ ខណ្ឌ​បឹងកេងកង រាជ​ធានី​ភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ថ្ងៃចុងសប្តាហ៍​ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយ គឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជែលសម្រាប់​ដុស​លាង​សម្អាតដៃកម្ចាត់មេរោគឱ្យបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។

ក្រសួងសុខាភិបាល​អះអាងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសានេះ អ្នកឆ្លងជំងឺ​កូវីដ១៩ សរុប ១២២នាក់។  ក្នុងចំណោម​អ្នកឆ្លង ១២២នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ១១៧​នាក់ ហើយនៅសល់ ៥នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យរាជធានី-ខេត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ