កម្មករ​កម្មការិនី​កាត់​ដេរ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​កូរ៉ូណា​នៅ​ក្នុង​រោង​ចក្រ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ចង្អៀត​

កម្មករ-កម្មការិនីធ្វើដំណើរតាមឡានទ្រុងចេញ​ពី​ធ្វើការងារ​នៅ​រោងចក្រមួយ​ស្ថិតតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០។ (សូរ្យ ជ័យឧត្ដម)

កញ្ញា ម៉ឺង លីដា អាយុ ៣២​ឆ្នាំ គឺ​ជា​កម្មការិនី​មួយ​រូប​មក​ពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ហើយ​ធ្វើការ​ជា​​ប្រធាន​ក្រុម​ផ្នែក​ដេរ​​​អស់​រយៈ​ពេលជាង ៧​ឆ្នាំ​មក​ហើយនៅ​ក្នុង​រោងចក្រ​​កាត់ដេរ​ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) លីមីធីត ​ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​ក្រុង​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានី​ភ្នំពេញ។

កញ្ញា ម៉ឺង លីដា បាន​ជួល​បន្ទប់​ស្នាក់នៅ​ម្ដុំ​ចំការដូង ហើយ​នាង​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​រួម​ជាមួយ​កម្មករ-កម្មការិនី​​ដទៃ​ទៀត​ ចន្លោះ​ពី​៣០ ទៅ ៤០​នាក់ ដើម្បី​ទៅ​មក​ពី​កន្លែង​នាង​ស្នាក់​នៅ និង​រោងចក្រ​កាត់ដេរ ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​មិន​ក្រោម​កន្លះ​ម៉ោង​នោះ​ឡើយ។

ប៉ុន្តែ កញ្ញា លីដា បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ទីកន្លែង​ស្នាក់នៅ​ទៅ​នៅ​ជួប​ជុំ​ជាមួយ​មិត្ត​ភក្តិ​​នៅ​ជិត​រោងចក្រ​វិញ ក្រោយ​ការ​​ផ្ទុះ​ឡើង​ និង​ការ​ឆ្លង​រីករាល​ដាល​កាន់​ច្រើន​នៃ​វីរុស​កូរ៉ូណា ឬ​កូវីដ១៩។

កញ្ញា លីដា ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​ទ្រុង​ចម្រុះ​ទៅ​ដោយ​កម្មករ​-កម្មការិនី​​ផ្សេង​ទៀត ដែល​នាង​ប្រាប់​ថា មិន​អាច​ដឹង​ថា នរណា​មាន​ផ្ទុក ឬ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ឡើយ។

កញ្ញា លីដា និយាយ​ថា​៖ «ខ្ញុំ​នៅ​បារម្ភ​ខ្លាំង​បំផុត​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​បញ្ហា​ផ្នែក​បំពង់ក និង​ច្រមុះ​ស្រាប់។ ដូច្នេះ​ហើយ​ភ័យ​ខ្លាច​មាន​ជំងឺ​កូវីដ​ខ្លាំង​បំផុត​តែម្ដង»។ កញ្ញា លីដា និយាយ​បែប​នេះ​មក​កាន់​អ្នក​សារព័ត៌មាន​វីអូឌី ដែល​បាន​ជួប​សម្ភាស​នាង ​ក្រោយ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រោងចក្រ​កាត់ដេរ ​ខ្វាន់ទុម ​កាល​ពី​ដើម​ខែ​មេសា​នេះ។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កើត​ឡើង​លើ​មនុស្ស ១២២​​នាក់​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ​រហូត​ដល់​ថ្ងៃ​នេះ។ ក្រសួង​សុខាភិបាល​កម្ពុជា ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នកមានផ្ទុក​វីរុស​នេះ ១០៧​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ។

ទោះជាយ៉ាងណា ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​ទៀត​ទេ​អស់​រយៈ​ពេល ១២​ថ្ងៃ​មក​ហើយ។ កម្ពុជា​បាន​ប្រកាស​ពី​ករណី​ឆ្លង​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ដែល​បាន​រក​ឃើញ​លើ​បុរស​សញ្ជាតិ​កាណាដា​ដើម​កំណើត​ចិន​ អាយុ ៥០​ឆ្នាំ និង​មិត្ត​ស្រី​របស់​គាត់​ជា​ជន​ជាតិ​វៀតណាម ​អាយុ ២៤​ឆ្នាំ នៅ​សង្កាត់​បឹងកេងកង​១ ក្នុង​រាជ​ធានី​ភ្នំពេញ​។

មន្ត្រីអាជ្ញាធរដើរផ្សព្វផ្សាយកូវីដ១៩
ក្រុមអាជ្ញាធរមានសមត្ថកិច្ច ដើរផ្សព្វផ្សាយសារចែករំលែកការយល់ពីជំងឺកូវីដ១៩ នៅម្ដុំស្ដុបបូកគោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ទន្ទឹម​នេះ​ដែរ អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​ថា មនុស្ស​ដល់​ទៅ​ជិត ២.៨​លាន​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុសនេះ​​នៅ​ទូទាំង​ពិភព​លោក ក្នុង​នោះ​មនុស្ស​ជិត ២សែន​នាក់ បាន​ស្លាប់​ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​មេសា​នេះ។

ថ្វី​បើ​ការ​សម្រេច​ចិត្ត​ឈប់​ធ្វើ​ដំណើរ​តាម​រថយន្ត​ទ្រុង​​ជា​វិធី​មួយ​ជួយ​បង្ការ​កញ្ញា លីដា ពី​ការ​ឆ្លង​វីរុស​ដ៏​រាត​ត្បាត​នេះ​ក្ដី ប៉ុន្តែ ​កម្មការិនី​រូប​នេះនៅ​តែ​បារម្ភ​ពី​ការ​ឆ្លង​វីរុសកូវីដ​១៩​នេះ​តាម​រយៈ​ការ​បំពេញ​ការងារ​នៅ​ក្នុង​រោងចក្រ​ដែល​មាន​កម្មករ​-កម្មការិនី​ដ៏​ច្រើន។

​Quantum Clothing (Cambodia) Ltd និង​ Quantum Apparel (Cambodia) Ltd គឺ​ជា​​រោងចក្រ​កាត់ដេរ​ធំ ២​កន្លែង​ផ្សេង​គ្នា​របស់​​ក្រុមហ៊ុន​ Quantum Clothing Group ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដ៏​ធំ​មួយ​របស់​អង់គ្លេស។ បើ​តាម​បញ្ជីការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) រោងចក្រ​ទាំង​ពីរ​កន្លែង​នេះ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ​ពីគ្នា​ប៉ុណ្ណោះ មាន​កម្មករ​-កម្មការិនី​បម្រើការ​សរុប​ជាង ៤,០០០​នាក់។

ប្រធាន​ផ្នែក​គ្រប់​គ្រង​ប្រចាំ​រោងចក្រ​​ ខ្វាន់ទុម លោក ឈឹម សារិទ្ធ ក៏​ព្រួយ​បារម្ភ​សុវត្ថិភាព​សុខភាព​របស់​លោក​ផង​ដែរ​ អំឡុង​ពេល​បំពេញ​ការងារ​នៅ​ក្នុង​រោងចក្រ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​​កម្មករ​ដល់​ទៅ​រាប់​ពាន់​នាក់​បែប​នេះ។ ប៉ុន្តែ លោក សារិទ្ធ អះ​អាង​ថា រោងចក្រ​មួយ​នេះ បាន​ណែនាំ​នូវ​វិធានការ​បង្ការ​ផ្សេងៗ​សម្រាប់​កម្មករ​-កម្មការិនី​ទៅ​តាម​សេចក្ដី​ណែនាំ​ចេញ​ដោយ​ក្រសួង​សុខាភិបាល។

លោក សារិទ្ធ បន្ថែម​ថា វិធានការ​វាស់​ស្ទង់​កម្ដៅ​លើ​កម្មករ​ទាំង​អស់ រក្សា​គម្លាត​ចន្លោះ​ពី ១​ម៉ែត្រ ទៅ ២​ម៉ែត្រ​ពី​គ្នា​នៅ​កន្លែង​ធ្វើការ និង​ការ​លាង​ដៃ​ដោយ​ទឹក​អាល់កុល ត្រូវ​បាន​អនុវត្ត​រៀង​រាល់​ថ្ងៃ ក្រោយ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ បាន​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង។

លោក សារិទ្ធ និយាយ​​ថា៖ «ពេល​ខ្ញុំ​ចេញ​ពី​ធ្វើការ​ទៅ ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់ ខ្ញុំ​ត្រូវ​ពាក់​អាវ​ខាង​ក្រៅ​មួយ​ទៀត​អ៊ីចឹង​ទៅ ហើយ​ដល់​ពេល​ខ្ញុំ​ជិះ​ម៉ូតូ ​ក៏​ខ្ញុំ​អត់​សូវ​ជិះ​ប្រជ្រៀត​ៗ​គេ​ដែរ។ យើង​ចេះ​តែ​ការពារ ព្រោះ​អី​យើង​អត់​ដឹង​ហានិភ័យ​ហ្នឹង​ម៉េច​វិញ​ដែរ។ យើង​អត់​ដឹង​ថា ​ហានិភ័យ​ហ្នឹង​វា​កើត​ឡើង​ដោយ​របៀប​ម៉េច ព្រោះ​អា​ហ្នឹង​យើង​មើល​អត់​ឃើញ»

កញ្ញា ហៀង សុន្ទរី អាយុ​ ២៥​ឆ្នាំ​ គឺ​ជា​កម្មការិនី​បម្រើ​ការ​ផ្នែក​ដេរ​នៅ​រោងចក្រ​កាត់​ដេរ​​ស្ថិត​នៅ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ប៉ុន្តែ នាង​បដិសេធ​ប្រាប់​ពី​ឈ្មោះ​រោងចក្រនោះ។ កម្មការិនី​រូប​នេះ បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ជំងឺ​កូវីដ​នេះ​ចាប់ផ្ដើម​ផ្ទុះ​ឡើង​ភ្លាម ភាគី​ថៅកែ​រោងចក្រ ​តម្រូវ​ឱ្យ​កម្មករ​​និយោជិត ត្រូវ​លាង​ដៃ​សម្អាត​នឹង​ទឹក​អាល់កុល ព្រម​ទាំង​មាន​ម៉ាស់​ជាប់​នឹង​ខ្លួន​ផង​ដែរ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​សង្កេត​ឃើញ​ថា វិធានការ​បង្ការ និង​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ដែល​ណែនាំ​ដោយ​រដ្ឋាភិបាល ត្រូវបាន​អនុវត្ត​ដោយ​រោងចក្រ​ជាច្រើន​ ដោយសារ​តែ​មាន​ក្ដី​បារម្ភ​ខ្លាច​មាន​ករណី​ឆ្លង​ផ្ទុះ​ឡើង​នៅ​ក្នុង​រោងចក្រ​ណាមួយ ដែល​នឹង​នាំ​ទៅ​រក​ការ​ផ្អាក​សង្វាក់​ផលិតកម្ម​ទាំង​មូល។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា​៖ «ចំពោះ​ការ​ឱ្យ​លាង​ដៃ ការ​ត្រួត​ពិនិត្យ​កម្ដៅ ឬ​ក៏​​ការណែនាំ​ឱ្យ​ប្រយ័ត្ន យើង​សង្កេត​មើល​ទៅ​ច្រើន មាន​ច្រើន​រោង​ចក្រ​មែន​ទែន។ យើង​អាច​និយាយ​ថា ៧០ ទៅ ៨០ភាគរយ ​[នៃ​រោងចក្រ] បាន​ធ្វើ ព្រោះ​រោងចក្រ​គេ​ប្រយ័ត្នដែរ។ ប្រសិន​ជា​កើត​ចំ​រោងចក្រ​គេ​ គេ​បិទ​មិន​ឱ្យ​ធ្វើការ វា​ខាត​ធំ»

គ្មាន​ករណី​ឆ្លង​​វីរុស​កូរ៉ូណា​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​កម្មករ

ចាប់​តាំង​ពី​ចុង​ខែ​មករា​មក កម្ពុជា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១២២​ករណី ក្នុង​នោះ​ករណី​​ឆ្លង​វីរុស​នេះ ត្រូវ​បាន​រក​ឃើញ​​ពលរដ្ឋ​កម្ពុជា ៥១​នាក់ និង​ជន​បរទេស ៧១​នាក់។ ករណី​ឆ្លង​ដ៏​ច្រើន​លើស​លប់​ដល់​ទៅ ៩៤​នាក់ ត្រូវ​បាន​រក​ឃើញ​កើត​ឡើង​នៅ​បណ្ដា​ខេត្ត​ចំនួន ១២​របស់​កម្ពុជា ខណៈ​ករណី​ឆ្លង​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រាជ​ធានី​ភ្នំពេញ មាន​ចំនួន​ត្រឹម ២៨​នាក់​ប៉ុណ្ណោះ។ គ្មាន​កម្មករ​ណា​ម្នាក់ ត្រូវ​បាន​រាយការណ៍​ថា ស្ថិត​ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​នោះ​ឡើយ។

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា បើទោះបី​ជា​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កើត​ឡើង​លើ​មនុស្ស​ដល់​ទៅ​ ១២២​នាក់​មែន ប៉ុន្តែ គ្មាន​ករណី​ឆ្លង​ណា​មួយ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​កម្មករ​-កម្មការិនី​រោងចក្រ​កាត់​ដេរ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា កម្មករ​-កម្មការិនី​តាម​បណ្ដា​រោងចក្រ នៅ​តែ​អាច​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​តាម​ធម្មតា។

ទោះជាយ៉ាងណា លោក ស៊ីណា យល់​ថា ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ជួប​ជុំ​សាច់​ញាតិបន្ទាប់​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​រួច ហើយ​វិល​ចូល​ធ្វើការងារ​វិញ គឺ​​ជា​រឿង​ដែល​លោក​ព្រួយ​បារម្ភ។

លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា​៖ «ឥឡូវ​នេះ​ យើង​មើល​ឃើញ​ថា ​វា​អត់​ទាន់​មាន​បញ្ហា​អី​ណាមួយ​ឡើយ​ទេ​ចំពោះ​បងប្អូន​កម្មករ។ តែ​យើង​បារម្ភ​ថា ​នៅ​ពេល​ពួកគាត់​ទៅ​ស្រុក​កំណើត។ ​ឥឡូវ​នេះ ​យើង​ឃើញ​បងប្អូន​យើង​ជា​ច្រើន​ដែល​គាត់​មក​ពី​ថៃ​រាប់​ម៉ឺន​នាក់ មិន​ដឹង​ថា​តើ​អ្នក​ណា​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​ហ្នឹង​ដែរ​អត់»

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ក្រសួង​ការងារ​ឱ្យ​ដឹង​ថា កម្មករ​-កម្មការិនី​​ប្រហែល ៣​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ​នៅទូទាំង​ប្រទេស បាន​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ត្រូវ​បាន​រំសាយ​ចោល និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។ បួន​ថ្ងៃ​ក្រោយ​មក ក្រសួង​ប្រកាស​ថា កម្មករ-​កម្មការិនី​ជិត ៥​ពាន់​នាក់​ (៤,៨៥១)​ ត្រូវ​បាន​​ដាក់​ឱ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ នៅ​តាម​បរិវេណ​នៃ​សាលា​រៀន​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ។

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័​ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ឱ្យ​ដឹង​ថា បណ្ដាញ​សហជីព​របស់​លោក​ក៏​មិន​មានសេចក្ដី​រាយការណ៍​ណា​មួយ​បញ្ជាក់​ថា មាន​កម្មករ​-កម្មការិនី​ណា​ម្នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​បារម្ភ​ខ្លាំង ប្រសិន​បើ​ករណី​ឆ្លង​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ចំណោម​កម្មករ​-កម្មការិនី​រោងចក្រ​នោះ។

លោក អាត់ ធន់ ប្រាប់​ថា​៖ «ហ្នឹង​ហើយ ការ​ផ្សព្វផ្សាយ​រាល់​ថ្ងៃនេះ គ្រាន់​តែ​ជួយ​ឱ្យ​មានការ​ប្រយ័ត្ន​ប្រយែង ដោយសារ​តែ​ឥឡូវ​អត់​ទាន់​មាន​ការ​ឆ្លង ​[ទៅ​កម្មករ​] ប្រសិន​បើ​មាន​ការ​ឆ្លង ប្រហែល​ជា​ទប់​មិន​បាន​ទេ​មើល​ទៅ។ យើង​មាន​ការ​បារម្ភ​ខ្លាំង​ ដោយសារ​តែ​ពួកគាត់​ធ្វើការ​ជុំ​គ្នា ប្រសិន​បើ​មាន​ការ​ឆ្លង​ទៅ ពិបាក​តែ​ម្ដង»

កម្មករ​ជា​ច្រើន​គ្មាន​ជម្រើស​ល្អ​ប្រសើរ​សម្រាប់​អនុវត្ត​គម្លាត​សង្គម

ចាប់តាំង​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ត្រូវ​បាន​រក​ឃើញ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ផ្សេង​ៗ​ដើម្បី​រក្សា​គម្លាត​សង្គម ដូចជា បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​ខារ៉ាអូខេ (KTV) ​ក្លឹប​កម្សាន្ត កម្មវិធី​ប្រគុំ​តន្ត្រី ហាម​ឃាត់​កម្មវិធី​ជួប​ជុំ​បែប​សាសនា និង​រំសាយ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ ដូចជា ហាម​ឃាត់​ជន​បរទេស​មក​ពី​តំបន់​ផ្ទុះ​ការ​រាត​ត្បាត​ខ្លាំង​ចូល​មក​កម្ពុជា និង​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​​របស់​ពលរដ្ឋ​កម្ពុជា​រយៈ​ពេល ១​សប្ដាហ៍​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី។

អាជ្ញាធរដាក់របាំងហាមឃាត់ការធ្វើដំណើរពលរដ្ឋ នៅតាមបណ្ដាោយផ្លូវជាតិលេខ៦ រវាងខេត្តកណ្ដាល និងក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ថ្វី​បើ​បែប​នេះ​ក្ដី​ រដ្ឋាភិបាល​នៅ​តែ​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​កាត់​ដេរ​ដំណើរ​ការ​ទៅ​ធម្មតា ខណៈ​ដែល​កម្មករ​-កម្មការិនី​​ជាច្រើន​នាក់​ក្នុង​ចំណោម​កម្មករ-​កម្មការិនី​សរុប​ខ្ទង់ ៨០​ម៉ឺន​នាក់​​​ក្នុង​វិស័យ​នេះ គ្មាន​ជម្រើស​ល្អ​ប្រសើរ​សម្រាប់​រក្សា​គម្លាត​សង្គម ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​នោះ​ឡើយ។

បើ​ទោះបី​គ្មាន​ករណី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ត្រូវបាន​រក​ឃើញ​ក្នុង​ចំណោម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ក្ដី កម្មករ​-កម្មការិនីជាច្រើន ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​ដ៏​រាត​ត្បាត​នេះ ព្រោះ​តែ​ពួកគេ​បន្ត​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ទ្រុង​ដ៏​ចង្អៀត​ណែន​ណាន់​តាន់​តាប់ ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​រក្សា​គម្លាត​សង្គម​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះ​ឡើយ។

អ្នកស្រី សាក់ ស្រីម៉ៅ អាយុ ៤០​ឆ្នាំ បាន​ធ្វើ​ការ​អស់​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ​នៅ​រោងចក្រ​ផលិត​សម្លៀក​បំពាក់​កីឡា បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា)​ ខមភេនី លីមីធីត (Bowker Garment Factory ) ដែល​ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​មាន​កម្មករ​-កម្មការិនី​បម្រើការ​ជាង ៤​ពាន់​នាក់។

អ្នកស្រី សាក់ ស្រីម៉ៅ តែង​តែ​ធ្វើ​ដំណើរ​តាម​ឡាន​ទ្រុង​ពី​ផ្ទះ​ជួល​ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ទៅ​មក​កន្លែង​ធ្វើការ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចំណាយ​ពេល​ប្រហែល ៤០​នាទី។ អ្នកស្រី​ និង​កម្មករ​-កម្មការិនី​ដទៃ​ទៀត ពិត​ជា​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា ប៉ុន្តែ អ្នកស្រី​ថា គ្មាន​ជម្រើស​នោះ​ឡើយ។

អ្នកស្រី សាក់ ស្រីម៉ៅ និយាយ​ថា​៖ «ខ្ញុំ​ព្រួយ​បារម្ភ​ដែរ ប៉ុន្តែ ខ្ញុំ​ការពារ។ ខ្ញុំ​ពាក់​ម៉ាស់ ហើយ​មាន​ទឹក​អាល់កុល និង​ជែល​ជាប់​ជា​ប្រចាំ​ដាក់​មក​តាម​ខ្លួន»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាន់ ធន់ បាន​ឱ្យ​ដឹង​ថា កម្មករ-​កម្មការិនី​ប្រហែល ៥០​ភាគរយ​ក្នុង​ចំណោម​កម្មករ-កម្មការិនី​ធ្វើ​ការ​នៅ​តាម​បណ្ដា​​រោងចក្រ​ស្ថិត​ជិត​ៗ​ផ្នែក​កណ្ដាល​​រាជ​ធានី​ភ្នំពេញ សុទ្ធ​តែ​បាន​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​ទៅ​មក​តាម​រថយន្ត​ទ្រុង​ដែល​ផ្ទុក​កម្មករ​-កម្មការិនី​ ចំនួន​ចន្លោះ​ពី ៣០ ទៅ ៤០​នាក់។ ទន្ទឹមនេះ លោក​បន្ត​ថា កម្មករ​-កម្មការិនី​ដល់​ទៅ ៩៩​ភាគរយ​ដែល​ធ្វើ​ការ​នៅ​តាម​រោងចក្រ​កាត់ដេរ​នានាស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ដទៃ​ទៀត ដូចជា កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង ជាដើម សុទ្ធ​តែ​បាន​ធ្វើ​ដំណើរ​ទៅ​មក​តាម​រថយន្ត​ទ្រុង។

កម្មករ-កម្មការិនីធ្វើដំណើរតាមឡានទ្រុងរោងចក្រ ដើម្បីទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតតាមបណ្ដោយផ្លូវមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សូរ្យ ជ័យឧត្ដម)

មេដឹកនាំ​សហជីព​រូប​នេះ មើល​ឃើញ​ថា កម្មករ​-កម្មការិនី​ដ៏​ច្រើន នៅ​តែ​​ប្រើ​ប្រាស់​មធ្យោបាយ​នេះ​សម្រាប់​ធ្វើ​ដំណើរ​ដដែល ហើយ​លោក​ថា មិន​ត្រឹម​តែ​សុវត្ថិភាព​ចរាចរណ៍​ដែល​ជា​បញ្ហា​រ៉ាំរ៉ៃ​នោះទេ កម្មករ-​កម្មការិនី​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​យ៉ាង​លឿន​ ប្រសិន​បើ​មាន​ករណី​ឆ្លង​ណា​មួយ​ផ្ទុះ​ឡើង​ក្នុង​ចំណោម​ពួកគេ​នោះ ។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា​៖ «ហ្នឹង​ហើយ​ជា​បញ្ហា។ នា​ពេល​បច្ចុប្បន្ននេះ អត់​មាន​កម្មករ [ជិះ​ឡាន] ណា​មួយ​អាច​ធ្វើ​បាន។ កម្មករ​ជិះ​ឡាន​នៅ​ដដែល នៅ​តែ​ជិះ​ជុំ​គ្នា ​ទូទៅ​មួយ​ឡាន​​សាម​សែ​សិប​នាក់។ អូ…បើជា​​ករណី​ផ្ទុះ​ឡើង ពួកគាត់​ឆ្លង​លឿន​ណាស់ ដោយសារ​តែ​មិន​មែន​តែ​ជិះ​ឡាន​ទេ នៅ​កន្លែង​ធ្វើការ​ក៏​ពួកគាត់​នៅ​ជុំ​គ្នា​​ហូប​ចុក កន្លែង​ធ្វើការ បន្ទប់​អនាម័យ ឬ​ក៏​កន្លែង​ចេញ​ចូល​កន្លែង​ធ្វើការ​ហ្នឹង គឺ​ប្រជ្រៀត​គ្នា​តែ​ម្ដង»

លោក អាត់ ធន់ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ដែល​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ព្រោះ​តែ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ ​សម្រាប់​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ​កាត់ដេរ​ ដើម្បី​ជួយកម្មករ​ឱ្យ​ស្ថិត​ក្នុង​គម្លាត​សុវត្ថិភាព។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ថ្លែង​ថា ការ​ធ្វើ​ដំណើរ​តាម​ឡាន​ទ្រុង​ផ្ទុក​ទៅ​ដោយ​កម្មករ​-កម្មការិនី​ដ៏​ច្រើន​នោះ នៅ​តែ​មាន​សុវត្ថិភាព​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា។

លោក ហេង សួរ ថ្លែង​ថា​៖ «ហើយ​ការ​ធ្វើ​ដំណើរ យើង​បាន​ដឹង​ទាំង​អស់​គ្នា​ថា រោងចក្រ​មាន​អំណោយ​ផល​មួយ​ត្រង់​ថា ឡាន​មួយ​ បើ​គាត់​ចេញ​សហគមន៍​ណា គឺ​ឡាន​ហ្នឹង​គាត់​ចេញ​ពី​សហគមន៍​ហ្នឹង​ជា​រៀង​រាល់​ថ្ងៃ។ អ្នកណា​ជិះ​នៅ​លើ​ឡាន​ណា អ្នក​ហ្នឹង​ជិះ​នៅ​លើ​ឡាន​ហ្នឹង​រៀង​រាល់​ថ្ងៃ​។ អត់​មាន​មនុស្ស​ថ្មី​មក​ជិះ​ឡាន​ហ្នឹង​បាន​ទេ»។

លោក ហេង សួរ ថ្លែង​បន្ថែម​ថា​៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​វាយ​តម្លៃ​ថា រោងចក្រ​នៅ​តែ​ជា​កន្លែង​មាន​សុវត្ថិភាព​បំផុត»


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ