កម្មករ​ត្រូវ​ធ្វើ​ចត្តាឡីស័​កនៅក្នុង​បន្ទប់​ជួល​តាម​ការ​តម្រូវ​របស់ក្រ​សួង​ការងារ​

កម្មករ-កម្មការិនីភាគីច្រើនស្នាក់នៅតាមបន្ទប់ជួលរបស់ពួកគេ អំឡុងពេលធ្វើចត្តាឡីស័ក ហើយយូរៗចេញមកក្រៅម្តង ដើម្បីទិញម្អូបអាហារ នៅក្បែរៗតំបន់ស្នាក់នៅរបស់ពួកគេ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (Danielle Keeton-Olsen/VOD)

កាលពី​សប្តាហ៍​មុន ខណៈ​ពេល​កំពុង​រង់ចាំ​ឯកសារ​បញ្ជាក់​លទ្ធផល​ត្រួតពិនិត្យ​សុខភាព កម្មការិនី​ម្នាក់​ឈ្មោះ ស៊ី សុភី បាន​ញ៉ាំ​តែ​ទឹកកក​មួយ​ជិប​ៗ ហើយ​ជជែកគ្នា​លេង​ជាមួយ​មិត្ត​ភក្តិធ្វើការ​នៅ​រោងចក្រ Grand Textiles ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

កម្មការិនី​វ័យ ២៣ឆ្នាំ​រូប​នេះ ឱ្យដឹង​ថា នាង​ព្រម​ទទួលយក​សេចក្តី​សម្រេច​របស់​និយោជក​ថា មិន​បើកប្រាក់​ឈ្នួល​ដល់​នាង សម្រាប់​រយៈពេល ១៤ថ្ងៃ ដែល​នាង​មិនបាន​ទៅ​ធ្វើការ​ហើយ​នៅផ្ទះ​នោះ ដោយសារតែ​នាង​បាន​ឈប់សម្រាក​អំឡុង​ពេល​បុណ្យចូលឆ្នាំ ដោយឯកឯង​គ្មាន​ការអនុញ្ញាត​ពី​និយោជក។ 

កម្មការិនី​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់ឱ្យធ្វើ​ចត្តាឡីស័​កនៅ​បន្ទប់​ជួល​របស់​នាង នៅពេល​ដំណើរការ​នៃ​ការ​ត្រួតពិនិត្យ​សុខភាព​បាន​បញ្ចប់។ ប៉ុន្តែ សុភី បាន​លើកឡើង​ថា នាង​នឹង​បដិសេធ ប្រសិនបើ​នាង​ត្រូវ​គេដាក់​ឱ្យនៅ​មណ្ឌល​ចត្តាឡីស័​កនៅក្នុង​រាជធានីភ្នំពេញ ដើម្បី​ការពារ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩នោះ ដោយសារតែ​នាង​ខ្លាច​ឆ្លង​ជំងឺ​នេះនៅពេល​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​រៀន​នៃ​មណ្ឌល​ចត្តាឡីស័​កណា​មួយ​ដែល​បាន​កំណត់។

សុភី​បាន​និយាយ​ដូច្នេះ​ថា៖ «ពួក​យើង​ដឹង​ហើយ អ្នកគ្រប់គ្រង​មិន​ទទួល​ទេ ទោះជា​យើង​ធ្វើពាក្យ​ស្នើសុំ [ស្នើសុំ​ឈប់សម្រាក​] ក៏ដោយ អ៊ីចឹង យើង​ក៏​ឈប់​ហើយ​ទៅ​ស្រុក​បណ្តោយ​ទៅ។ ហើយ​បើ​គេ​ឱ្យយើង​នៅ​សាលា យើង​សុខចិត្ត​ឈប់​ធ្វើការ ហើយ​ចាំ​មើល​ពេល​ធូរស្រាល​ឡើងវិញ [ស្ថានភាព​ក្នុង​វិស័យ​កាត់ដេរ​] វិញ»។

អំឡុង​ពេល​បុណ្យចូលឆ្នាំ ពី​ថ្ងៃទី១៣ ដល់១៦ ខែមេសា វិធានការ​ដាក់កំហិត​លើ​ការ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩។ ប៉ុន្តែ កម្មករ​-កម្មការិនី​ជាច្រើន​ម៉ឺន​នាក់​នៅតែ​មិនទៅ​ធ្វើការ​អំឡុង​ពេលនោះ ហើយ​ខ្លះទៀត​នៅតែ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត ទោះបីជា​មាន​បម្រាម​នេះ​ក៏ដោយ។ នៅពេល​ដែល​ពួក​គេ​ត្រឡប់​មករា​ជធានី​ភ្នំពេញ​វិញ កម្មករ​-កម្មការិនី​ដែល​មិនបាន​ទៅ​ធ្វើការអំឡុង​ពេល​បុណ្យ​នោះ ត្រូវ​បាន​ដាក់ឱ្យធ្វើ​ចត្តាឡីស័​កនៅផ្ទះ​រយៈពេល ១៤ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ខែមេសា។

កម្មករ-​កម្មការិនី​មួយចំនួន​ដែល​ត្រូវ​បាន​ដាក់ឱ្យធ្វើ​ចត្តាឡីស័​កបាន​ឱ្យដឹង​ថា ពួក​គេ​មាន​អារម្មណ៍​ថា មិនសូវ​នឿយហត់ ដោយសារតែ​បាន​សម្រាក​ពី​ការងារ​រយៈពេល​ពីរ​សប្តាហ៍ ទោះបីជា​មិន​មាន​ប្រាក់ឈ្នួល​ក៏ដោយ ពីព្រោះ​ពួក​គេ​នៅតែ​មាន​សេរីភាព​ធ្វើដំណើរ​ក្រៅ​ផ្ទះ​បាន។ ប៉ុន្តែ កម្មករ-កម្ម​កា​រិនី​ផ្សេង​ៗទៀត​បាន​លើកឡើង​ថា ពួក​គេ​អាច​នឹង​ឆ្លង​ជំងឺ ប្រសិនបើ​ត្រូវ​គេ​បង្ខំឱ្យស្នាក់នៅ​ជា​ក្រុម ហើយ​ការងារ​របស់​ពួក​គេ​ក៏អាច​នឹង​លែង​មាន​ធ្វើ នៅពេល​ដែល​ត្រឡប់ទៅ​ធ្វើការ​ផង​ដែរ។

គ្រូពេទ្យនិយាយជាមួយកម្មការិនីម្នាក់នៅកន្លែងត្រួតពិនិត្យសុខភាព ក្នុងវិទ្យាល័យជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

សេចក្តី​ណែនាំ​ចេញ​ដោយ​ក្រសួងការងារ កាលពី​ថ្ងៃទី១៧ ខែមេសា បាន​បញ្ចាក់​ថា អំឡុង​ពេល​បុណ្យចូលឆ្នាំ ដែល​ថ្ងៃឈប់​សម្រាក​ត្រូវ​បាន​លើកពេល កម្មករ​-កម្មការិនី​ដែល​មិនបាន​បង្ហាញខ្លួន​ធ្វើការ​នៅ​រោងចក្រ ត្រូវ​ធ្វើ​ចត្តាឡីស័​ក។ កម្មករ​-កម្មការិនី​ដែល​បាន​ស្នើសុំ​ឈប់សម្រាក​ត្រឹមត្រូវ និង​ទទួល​បានការ​អនុញ្ញាត នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ចំនួន ៧ថ្ងៃ ក្នុងរយៈពេល​ធ្វើ​ចត្តាឡីស័​ក ១៤ថ្ងៃ។ បើ​មិន​ដូច្នេះ​ទេ ប្រាក់​បន្ថែម​ម៉ោង​របស់​ពួក​គេ​នឹង​មិន​ត្រូវ​បាន​ទូទាត់​ទេ។

ក្រសួងការងារ បាន​ឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃសុក្រ​សប្តាហ៍​មុន កម្មករ​-កម្មការិនី​ជាង ៥០០០នាក់ ក្នុងចំណោម​កម្មករ​-កម្មការិនី​ប្រមាណ​ជា ៣០០០០នាក់ ទូទាំង​ប្រទេស ដែល​មិនបាន​ទៅ​ធ្វើការ អំឡុង​ពេល​ដែល​ដាក់កំហិត​លើ​ការ​ធ្វើដំណើរ បាន​ចូលរួម​ប្រតិបត្តិ​ការ​ត្រួតពិនិត្យ​សុខភាព។

កម្មករ​-កម្មការិនី​ប្រហែល ២២២នាក់ ​ត្រូវ​បាន​ដាក់ឱ្យធ្វើ​ចត្តាឡីស័​កនៅ​តាម​សាលារៀន​ដែល​បាន​កំណត់ អំឡុង​ពេល​ត្រួតពិនិត្យ​សុខភាព​រយៈពេល ៥ថ្ងៃ កាលពី​សប្តាហ៍​មុន ហើយ ១២៥នាក់ក្នុងចំណោម​កម្មករ​-កម្មការិនី​ទាំងនោះ ត្រូវ​បាន​ពិនិត្យ​រកវីរុសកូ​វីដ​-១៩ ប៉ុន្តែ លទ្ធផល​សុទ្ធតែ​អវិជ្ជមាន ហើយ​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យកម្មករ​-កម្មការិនី​ ចំនួន ២០២នាក់ ក្នុងចំណោម ២២២នាក់​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័​កនោះ ត្រឡប់ទៅ​ធ្វើ​ចត្តាឡីស័​កនៅផ្ទះ​វិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង។

ក្រសួងសុខាភិបាល បាន​ឱ្យដឹង​ថា មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ទេ នាំឱ្យចំនួន​អ្នកមាន​វីរុសកូ​វីដ​-១៩ សរុប​មាន ១២២នាក់​ដដែល គិត​ពី​ខែមករា​មក។

គ្លីនិកសុខ​ភាព និង​មណ្ឌល​ចត្តាឡីស័​ក ត្រូវ​បាន​រៀបចំ​ឱ្យមាននៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​សុខភាព​របស់​កម្មករ​-កម្មការិនី និង​រក​រោគសញ្ញា​សង្ស័យ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ កម្មករ​-កម្មការិនី​ដែល​ត្រូវ​បាន​ដាក់ឱ្យធ្វើ​ចត្តាឡីស័​កដោយខ្លួនឯង​នោះ ជួនកាល​នៅជាមួយ​គ្រួសារ ឬមិត្ត​ភក្តិនៅក្នុង​បន្ទប់​ជួល។

កម្មករ​ឈរជាជួរ​ក្រោម​កម្តៅ​ព្រះអាទិត្យ​

នៅ​ក្រោម​តង់​ដែល​ត្រូវ​បាន​គេ​រៀបចំ​នៅក្នុង​សួន​ឧស្សាហកម្មវឌ្ឍនៈ ក្នុង​រាជធានី​ភ្នំពេញ បុគ្គលិក​ពេទ្យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់ VOD កាលពី​ថ្ងៃចន្ទ​ថា ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​កម្មករ​-កម្មការិនី​ប្រមាណ​ជា ១០០នាក់ កាលពី​ព្រឹក​ថ្ងៃចន្ទ ប៉ុន្តែ មានតែ​ម្នាក់​ប៉ុណ្ណោះ​មាន​កម្តៅ​ឡើង​ដល់ ៣៨អង្សា​សេ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័​កក្នុង​វិទ្យាល័យ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ។ បុគ្គលិក​ពេទ្យ​ដែល​ពាក់​ម៉ាស និង​របាំងមុខ​ បាន​ពិនិត្យ​ជីពចរ និង​កម្តៅ​របស់​កម្មករ​-កម្មការិនី ដោយ​ប្រើ​ឧបករណ៍​ទែ​ម៉ូ​មែ​ត្រ ប៉ុន្តែ​ ពួក​គេ​មិនបាន​ពិនិត្យ​ឧបករណ៍​ឆ្លុះ​ច្រមុះ ឬបំពង់ក ដើម្បី​រក​វីរុស​កូ​វីដ​-១៩ នៅ​ទីតាំង​មណ្ឌល​ទេ។

ក្រោម​កម្តៅ​នៃ​ព្រះអាទិត្យ​ពេលថ្ងៃត្រង់ កម្មករ​-កម្មការិនី​ជាច្រើន​នាក់ បាន​ឱ្យដឹង​ថា ពួក​គេ​បាន​មកដល់​វិទ្យាល័យ​នោះ​នៅ​ម៉ោង​ប្រហែល ៨ ឬ ៩ព្រឹក ប៉ុន្តែ នៅតែ​រង់ចាំ​ឯកសារ​ដែល​បញ្ជាក់​ថា ពួក​គេ​ត្រូវតែ​ធ្វើ​ចត្តាឡីស័​ករយៈពេល​ពីរ​សប្តាហ៍ ហើយ​ឱ្យទៅ​បង្ហាញ​អ្នកគ្រប់គ្រង​រោងចក្រ​របស់​ពួក​គេ។

ខា គន្ធា បាន​លើកឡើង​ថា នាង​បារម្ភ​ខ្លាច​តែ​ការងារ​របស់​នាង​ត្រូវ​បាន​គេ​បញ្ឈប់ បន្ទាប់ពី​នាង​បាន​បញ្ចប់​កិច្ច​ការ​ចត្តាឡីស័​ក ដោយសារតែ​ឮគេ​និ​យា​យតៗ​គ្នា​បែបនេះ ពេល​កំពុង​រង់ចាំ​នៅ​ក្រោម​តង់​នោះ។ ខណៈ​ដែល​កម្មករ​វ័យ ៣៧ឆ្នាំ​រូប​នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី៨ ដើម្បី​ទៅ​មើលថែ​ទាំ​ប្តី​ដើរ​មិនកើត​របស់​នាង ស្រាប់តែ​បុគ្គលិក​ផ្នែក​ធនធានមនុស្ស​នៅ​រោងចក្រ King Fashion Garment បាន​ទូរសព្ទ​ហៅ​នាង​ជាច្រើន​ដង ដើម្បីឱ្យនាង​ត្រឡប់​មក​ធ្វើការ​វិញ ឱ្យបាន​មុន​ពេល​ដែល​វិធានការ​ដាក់កំហិត​លើ​ការ​ធ្វើដំណើរ​ចូលជាធរមាន​នៅ​ថ្ងៃទី១០ ខែមេសា ប៉ុន្តែ​ នាង​បានសម្រេច​ចិត្ត​ត្រឡប់ទៅ​នៅផ្ទះ​ជាមួយ​គ្រួសារ។

នាង​និយាយ​ដូច្នេះ​ថា៖ «ខាង HR ​[ផ្នែក​ធនធានមនុស្ស​] បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ដែរ»។

នាង​និយាយ​សំដៅ​ដល់​សំណើសុំ​ទៅ​នៅផ្ទះ​របស់​នាង អំឡុង​ពេល​មាន​បម្រាម​លើ​ការ​ធ្វើដំណើរ​នោះ។

នាង​និយាយ​បន្ត​ទៀត​ថា៖ «ឥលូវនេះ មាន​គេ​និ​យាយយ៉ាងច្រើន​ថា រោងចក្រ​មួយចំនួន​កំពុង​បញ្ឈប់​កម្មករ ដោយសារតែ​ឈប់​សម្រាក​អ៊ីចឹង»។

វី​អូ​ឌី មិន​អាច​បញ្ជាក់​ឱ្យច្បាស់​ពីពាក្យ​និ​យា​យតៗ​គ្នា​ដែល​អ្នកនាង គន្ធា និង​កម្មករ​-កម្មការិនី​ដទៃទៀត​បាន​រៀបរាប់​ទេ។

ហ៊ុន សុគន្ធ បុគ្គលិកផ្នែកធនធានមនុស្ស នៅរោងចក្រកាត់ដេរ Southland (Cambodia) ក្នុងរាជធានីភ្នំពេញ និយាយជាមួយកម្មការិនីនៅកន្លែងត្រួតពិនិត្យសុខភាព ក្នុងសួនឧស្សាហកម្ម វឌ្ឍនៈ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន កម្មករ​-កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​នានា ក្នុង​សង្កាត់​ចោមចៅ ដែល​ត្រូវ​បាន​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅផ្ទះ បាន​ឱ្យដឹង​ថា ពួក​គេ​បាន​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋាភិបាល​ហើយ ប៉ុន្តែ ពួក​គេ​នៅតែ​ចេញ​ដើរហើរ​ក្រៅ​បន្ទប់ ទៅកាន់​ទី​សាធារណៈ​នានា​ដដែល។ 

អ៊ុន យិម កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ Eclat Highter International Garment ក្នុង​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ​គាត់​ត្រូវ​កំណត់​ចំនួន​ទឹកប្រាក់​ត្រូវ​ចំណាយ​របស់​កូនស្រី​ពេញវ័យ អំឡុង​ពេល​ធ្វើ​ចត្តាឡីស័​ករយៈពេល​ពីរ​សប្តាហ៍។ ប៉ុន្តែ យិម បាន​លើកឡើង​ថា នាង​ហាក់ដូចជា មាន​សកម្មភាព​រំខាន​គេ​ច្រើន ដោយសារតែ​នាង​ចំណាយពេល​ជាច្រើន​ម៉ោងនៅក្នុង​បន្ទប់ ជាមួយ​កូនស្រី​របស់​នាង ធ្វើម្ហូប ដេក និង​លេង​ទូរសព្ទ។

នាង​បាន​និយាយ​ទាំងអស់​សំ​ណើ​ចតិចៗ​ថា៖ «យើង​ស៊ាំ​នឹង​ការ​ធ្វើការ អ៊ីចឹង​ទៅ ដូចជា​មាន​អា​រម្ម​ណ៍​ធុញ​ៗម៉េច​ទេ»។

អនាគត​ការងារ​មិន​ច្បាស់លាស់​

អំឡុង​ពេល​កំពុង​ខិតខំ​ទប់ស្កាត់​ករណី​ថ្មីនៅក្នុង​រោងចក្រ​កាត់​ដែរ​នានា ម្ចាស់​រោងចក្រ​បាន​កាត់បន្ថយ​ម៉ោង​ធ្វើការ​ឱ្យកាន់តែ​តិច​ជាង​មុន ឬផ្អាក​ប្រតិបត្តិ​ការ ដើម្បី​ទប់​ទល​់នឹង​ស្ថានភាព​ដែល​បញ្ជាទិញ​សម្លៀកបំពាក់​នៅ​លើ​ពិភពលោក​កំពុង​ធ្លាក់ចុះ។ ក្នុងចំណោម​គោលដៅ​ទីផ្សារ​នាំ​ចេញ​ធំៗ​បំផុត​របស់​ប្រទេស​កម្ពុជា ឃើញថា បរិមាណ​លក់រាយ​នៅ​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ៨.៧ភាគរយ​ក្នុង​ខែមីនា ហើយ​សមាជិក​ភាគច្រើន​នៃ​សហភាព​អឺរ៉ុប ដែល​ប្រកប​ជំនួញ​ក្នុង​វិស័យ​វាយនភណ្ឌ បាន​ព្យាករ​ថា បរិមាណ​លក់ និង​បរិមាណ​ផលិតកម្ម​នឹង​ធ្លាក់ចុះ ៥០ភាគរយ។

អំឡុង​ពេល​មាន​កង្វះខាត​ទីផ្សារ រោងចក្រ​ចំនួន ១០០កន្លែងនៅ​ប្រទេស​កម្ពុជា បាន​ស្នើសុំ​ផ្អាក​ប្រតិបត្តិ​ការ​របស់​ខ្លួន បើ​គិត​ត្រឹម​ដើមខែ​មេសា ជាហេតុ​បណ្តាល​ឱ្យ​កម្មករ​-កម្មការិនី ជាង ៩៦០០០នាក់​ រង​ផល​ប៉ះពាល់។

លោក ខេន លូ អគ្គលេខាធិការសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (Garment Manufacturers Association in Cambodia​) បាន​លើកឡើង​ថា មិន​មាន​វិធី​ទស្សន៍ទាយ​អំពី​ពេលវេលា ដែល​វិស័យ​នេះ​អាច​រើបឡើងវិញ​ទេ ហើយ​រំពឹង​ថា នឹង​មាន​សំណើ​ផ្អាក​បន្ត​ទៀត​ទៀតផង។

លោក ខេន លូ បាន​ពោល​ដូច្នេះ​កាលពី​សប្តាហ៍​មុន​ថា៖ «ទិដ្ឋភាព​ទៅមុខ​ ឥលូវនេះ​មើល​មិនដឹង​យ៉ាងម៉េច​យ៉ាង​ម៉ា​ទេ​! រោងចក្រ​ជាច្រើន​បាន​ចាប់ផ្តើម​ដាក់ពាក្យ​ស្នើសុំ​ផ្អាក​ដំណើរការ​ហើយ​ក្នុង​សប្តាហ៍​នេះ»។

មន្ត្រីក្រសួងការងាររង់ចាំនៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន​ផង​ដែរ អ្នកស្រី អាន គឹ​មសេង អាយុ ៤០ឆ្នាំ បាន​កត់សម្គាល់​ឃើញថា មុន​ពេល​គាត់​ត្រូវ​បាន​គេដាក់​ឱ្យធ្វើ​ចត្តាឡីស័​ក ការងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​បាន​ធ្លាក់ចុះ​ទៅ​ហើយ។ ជា​បុគ្គលិក​ថ្មី​ម្នាក់​ដែល​មានបទពិសោធន៍​តិច​ជាង​មួយឆ្នាំ​នៅ​រោងចក្រ​នេះ បងស្រី​ធ្វើការ​ជាប់​តែ​ប្រាំបី​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​កាលពី​ខែមុន ដូច្នេះ បាន​ជា​បងស្រី​បាត់បង់​ប្រាក់​បន្ថែម​ម៉ោង។

បងស្រី​បាន​ឱ្យដឹង​ទៀត​ថា បងស្រី​បាន​ស្នើសុំ​សម្រាក ដើម្បី​ទៅ​ជួប​គ្រូពេទ្យអំឡុង​ពេល​បុណ្យចូលឆ្នាំ ប៉ុន្តែ​ រោងចក្រ​ផ្តល់​ពេលវេលា​ឈប់សម្រាក​លើស​រយៈពេល​ដែល​បងស្រី​បាន​ស្នើសុំ។

បងស្រី គឹ​មសេង បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ស្នើសុំ​បី​ថ្ងៃ ប៉ុន្តែ​ គេ​ឱ្យខ្ញុំ​កន្លះ​ខែ​ទៅវិញ»។ 

ពេល​កំពុង​ប៉ាក់​រូប​អប្សរា​រាំ​នៅ​ខាងក្រៅ​បន្ទប់​ជួល​របស់​នាង នា​ព្រឹក​ថ្ងៃពុធ​សប្តាហ៍​មុន ដែល​ជា​ធម្មតា​ពេលនោះ​កំពុងធ្វើការ លោកស្រី គឹ​មសេង បាន​ឱ្យដឹង​ពី​អារម្មណ៍​របស់​បងស្រី​ថា បងស្រី​បារម្ភ​អំពី​លទ្ធភាព​បង់ថ្លៃ​ឈ្នួល​បន្ទប់​ប្រចាំខែ​ចំនួន ៤៥ដុល្លារ។

បងស្រី​បាន​និយាយ​ថា៖ «បើ​គ្មាន​លុយ​បង់​ទេ [ម្ចាស់ផ្ទះ​] គេ​នឹង​ពិ​ន័យ​យើង​ហើយ។ គេ​មិន​ខ្វល់​ថា យើង​មាន​លុយ​ ឬអត់ទេ»។

នៅពេល​ទំនាក់ទំនង​ទៅ​សាកសួរ​បន្ថែម​កាលពី​ថ្ងៃសុក្រ លោកស្រី គឹ​មសេង បាន​ឱ្យដឹង​ទៀត​ថា ក្តី​បារម្ភ​គ្មាន​លទ្ធភាព​បង់ថ្លៃ​ឈ្នួល​បន្ទប់​របស់​បងស្រី មាន​កាន់តែ​ខ្លាំង​ឡើង​ៗហើយ។ បងស្រី​ត្រូវ​បាន​ព្យួរ​ពី​ការងារដោយ​គ្មាន​សំណង និង​គ្មាន​ថ្ងៃកំណត់​៕ 

បកប្រែ និងកែសម្រួលពីអត្ថបទដើមដែលផ្សាយលើគេហទំព័រវីអូឌីអង់គ្លេស


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ