ខេមបូចា និង OPCC ថា សេរីភាពសារព័ត៌មានកម្ពុជាបន្តរឹតត្បិត​ក្រោមឥទ្ធិពលអ្នកមានអំណាច

លោក សុវណ្ណ រិទ្ធី និពន្ធនាយក​​នៃសារព័ត៌មាន​ TVFB ត្រូវបានប៉ូលីសនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស​នៅ​កម្ពុជា (OPCC) បាន​លើក​ឡើង​ថា ​សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា​ក្នុងរយៈពេល៤ខែចុងក្រោយនេះ នៅតែប​ន្តរងការគំរាមកំហែង​ពីអ្នកមានអំណាច​តាមរយៈការចោទប្រកាន់របស់តុលាការ ឬការ​ចាប់ដាក់ពន្ធនាគារ។

ស្ថាប័ន​គាំពារ​អ្នកសារព័ត៌មាន​ទាំង​ពីរ​នេះ បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ពួកគេ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា​នេះ ចំ​ថ្ងៃ​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន។

ក្នុងលិខិត ខេមបូចា និង OPCC បាន​លើក​ឡើង​ថា អ្នកសារព័ត៌មានជាច្រើន និងស្ថាប័នសារព័ត៌មាននៅកម្ពុជា នៅតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរក្នុងការងារប្រចាំថ្ងៃ ពីអ្នកមានអំណាច និងស្ថាប័នមានឥទ្ធិពល ឬតាមរយៈការចោទប្រកាន់របស់តុលាការ ឬការ​ចាប់ដាក់ពន្ធនាគារជាដើម។

ស្ថាប័ន​ទាំង​ពីរ​នេះ លើក​ឡើង​ថា កត្តា​ទាំង​នេះ គឺ​ជា​ដើមចមដែលនាំឱ្យសេរីភាពអ្នកសារព័ត៌មានត្រូវបានរឹតត្បិត ក្រោយពីមាន​ការចាប់ខ្លួន លោក សុវណ្ណ​ រិទ្ធី អ្នករាយការណ៍ព័ត៌មាន និងជានិពន្ធនាយកសារព័ត៌មានអនឡាញ TVFB និងដកអាជ្ញាប័ណ្ណកាលពីថ្ងៃទី៧ ខែមេសា រួមទាំងបិទសារព័ត៌មានចក្រវាទ្បធីវី អនឡាញ កាលពីថ្ងៃ២៧ ខែដដែលទៀត​ផង។

ទោះជាបែបនេះក្តី ខេមបូចា និងOPCC មានជំនឿថា ដើម្បីឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ លុះត្រាតែ​ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មាន ប្រសិនមិនមានភស្តុតាងណាបង្ហាញថា បានប្រព្រឹត្តបទឧក្រិដ្ឋ ហើយអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានដំណើរការដោយចំហ សេរី គ្មានការគាបសង្កត់ ឬគំរាមកំហែង និងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នជាដើម​។

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី មានប្រសាសន៍ក្នុងវេទិការជជែកពិភាក្សាតុមូលលើប្រព័ន្ធអនឡាញជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានផ្សេងទៀត នាព្រឹកថ្ងៃនេះថា អ្នក​សារព័ត៌មាន​កម្ពុជា ​នៅតែបន្តការរឹតត្បិតសេរីភាព និងរង​ការ​គំរាមកំហែង ដោយសារអ្នកដែលហ៊ានរាយការណ៍ពីចំណុចរសើបរបស់រដ្ឋាភិបាល ឬអ្នកមានអំណាចជាដើម។

លោក ណុប វី មានប្រសាសន៍ថា៖ «ខ្ញុំឃើញមានបញ្ហាប្រឈម​សន្តិសុខ សុវត្ថិភាព នៅពេលពួកគាត់ចុះយកព័ត៌មានមិនសូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដូចជា ករណីឃាត់ខ្លួនអ្នកសារព័ត៌មាន ៧រូបនៅខេត្តរតនៈគិរី ថ្មីៗនៅខេត្តស្វាយរៀង ដោយសារពួកគាត់ផ្តល់សេចក្តីរាយការណ៍ព័ត៌មានទាក់ទងការ​ដឹកជ្រូកចូលពីប្រទេសជិតខាង ពួកគាត់ត្រូវបានឃាត់ខ្លួនរយៈពេលខ្លី មានការបញ្ជាពីព្រះរាជអាជ្ញាខេត្តស្វាយរៀងជាដើម ហើយពួកគាត់ប្រឈម ជាពិសេសពួកគាត់រាយការណ៍ពីសកម្មភាពអវិជ្ជមានរបស់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន»

ករណីនេះលោក ណុប វី ស្នើទៅរដ្ឋាភិបាល និងក្រសួងព័ត៌មាន ឱ្យ​ជួួយគាំទ្រ ឬជួយការពារអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ពី​ការ​ពិត ឱ្យរួចផុតពីបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជា​ទទួលបានផលវិជ្ជមាន។

អ្នក​គ្រប់​គ្រង​ផ្នែក​វិទ្យុ​នៃ​មជ្ឈ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អ្នកស្រី ហង្ស សម្ផស្ស ដែលជាវាគ្មិនដែរនោះ និយាយ​ថា អ្នកស្រី​សង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន ជាពិសេសស្ត្រីរងការគំរាមកំហែងផ្លូវចិត្ត​ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ នៅពេលចុះបំពេញបេសកកម្មការងាររបស់ខ្លួន។ ករណីនេះ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាល និងក្រសួងព័ត៌មាន លើកទឹកចិត្តស្ត្រី ដើម្បីជាផ្នែកមួយជួយសង្គមជាតិឱ្យកាន់តែរីកចម្រើន។

អ្នកស្រី ហង្ស សម្ផស្ស និយាយ​ថា៖ «ខាងរដ្ឋាភិបាល ក្រសួងព័ត៌មានជួយសម្រួល ចង់ឱ្យអ្នកកាសែតស្ត្រីមានច្រើន សម្រាប់​ខ្ញុំឃើញអ្នកកាសែតស្ត្រីមានតិច នៅពេលអ្នកកាសែតស្ត្រីទៅបំពេញការងារផ្ទាល់មានតិច ខ្ញុំស្តាយនៅពេលដែលស្ត្រីគាត់ធ្វើអ្នកកាសែតហើយនាំគ្នាស្តីថាទាំងមិនត្រូវ ទាំងប្រើពាក្យមិនសមរម្យទៀត គួរតែមានការលើកតម្កើងស្ត្រី កិច្ចការអ្នកកាសែតត្រូវប្រឈមគ្រប់ពេលវេលា ត្រូវរាយការណ៍ព័ត៌មានឱ្យសុក្រិត គាត់ត្រូវចេញពីការិយាល័យចេញយកព័ត៌មានពិតផ្សព្វផ្សាយហើយប្រឈមទៀត»

នៅក្នុងវេទិកាអនឡាញនោះ ក៏មានអ្នកសារព័ត៌មានមួយចំនួនសួរអំពីរបាយការណ៍របស់ អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter without border) ថា សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះផងដែរ។

ប៉ុន្តែ ត្រូវបាន​អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ច្រានចោលនូវព័ត៌មាននេះ ដោយលោក​ថា អ្នកជំនាញនៃស្ថាប័ន​អន្តរជាតិ​មួយ​នេះ ធ្វើការវាយតម្លៃមិនមានភស្តុតាងការពិតនោះទេ។

លោក អ៊ុក គឹមសេង មានប្រសាសន៍ថា៖ «មកដល់ថ្ងៃនេះ តើមានមន្ត្រីណាម្នាក់​របស់ Reporter without border មកជាន់ជើងលើទឹកដីកម្ពុជា បានជួបជាមួយភ្នាក់ងារជាមួយមន្ត្រីរដ្ឋាភិបាលទេ? គាត់អត់ដែលមកទេ ឱ្យយើងទទួលស្គាល់ម៉េច បើគាត់អង្គុយនៅក្នុងការិយាល័យ ហើយគាត់ចាំតែចេញពិន្ទុ»

ដោយឡែក​សារព័ត៌មានអនឡាញ TVFB និងសារព័ត៌មានចក្រក្រវាទ្ប ឯណោះវិញ លោក អ៊ុក គឹមសេង បញ្ជាក់​ថា ក្រសួងព័ត៌មានបិទសារព័ត៌មានចក្រវាទ្បធីវី អនឡាញ ដោយសារបុគ្គលនោះ​រាយការណ៍ព័ត៌មានគ្មានសីលធម៌ និងមិនគោរពតាមការណែនាំរបស់ក្រសួងម្តងជាពីរដង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបាន​ចេញលិខិតអបអរសាទរ ទិវាសេរីភាពសារព័ត៌មានសកលលោក ដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ធានានូវឯករាជ្យភាពនៃ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធានាឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យ ខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មាន ឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយ សុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនីយកម្មនៅលើ សកលលោកទាំងមូល។

បន្ថែមពីនេះ រដ្ឋាភិបាល គាំទ្រ និងលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងព័ត៌មាន ត្រូវធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានដែលធានានូវឯករាជ្យភាពនៃការផ្សាយ សិទ្ធិនៃការរក្សាការសម្ងាត់ស្តីពីប្រភពព័ត៌មានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មាន។

របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩ ដែល​ចេញ​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បានចាត់​ថ្នាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា​ ១៤៣ លើ​ ១៨០ ដែល​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក (ឆ្នាំ២០១៧ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់ ១៣២)​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ