លីកាដូ​​ថា ព្រះ​សង្ឃ និង​យុវជនរង​ការ​គំរាម​​គំហែង​ក្រោយ​តវ៉ា​ទៅ​​អ្នក​ផ្ដល់​ម្ចី​ឱ្យ​ផ្អាក​ទារ​​បំណុល

ព្រះ​សង្ឃ ​ក្រុម​យុវជន សមាជិក​សហគមន៍ ឈរ​ទាមទារ​នៅ​មុខ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ និង AMK ស្ថិត​នៅ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២០។ (លីកាដូ)

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​អះ​អាង​ថា ព្រះ​សង្ឃ និង​ក្រុម​យុវជនជាង ១០​អង្គ/នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​រង​ការ​គំរាម​កំហែង​ពី​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​កាល​ពី​យប់​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​ពី​តវ៉ា​ទាមទារ​ឱ្យ​វិស័យ​ផ្ដល់​កម្ចី​ ពន្យា​ពេល​សង​ប្រាក់​កម្ចី​អំឡុង​ពេល​វិបត្តិ​សុខភាព​សកល​នេះ។

អង្គការលីកាដូ បាន​អះ​អាង​បែប​នេះ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​វេបសាយ និង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ លីកាដូ​លើក​ឡើង​ថា សមាជិក​ក្រុមយុវជន​ចំនួន ៦នាក់​នៃខ្មែរថាវរៈ​ និង​សកម្មជន​សិទ្ធិមនុស្ស ​លោក ហ៊ុន វណ្ណៈ និងព្រះសង្ឃចំនួន ៥អង្គ ​ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​​កាលពីយប់មិញ​ថ្ងៃ​ទី​៩ ខែ​ឧសភា នៅតាមដង​ផ្លូវខាងក្រៅ​វត្តដំរីស​ ស្ថិត​ក្នុង​ខេត្តបាត់ដំបង នៅពេល​ពួកគាត់កំពុង​ធ្វើដំណើរ​មកពី​ការដើរហែក្បួន​ដែលមានផ្សាយផ្ទាល់​នៅលើបណ្ដាញសង្គម ​នៅចំពីមុខគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមួយចំនួន​ដូចជា ប្រាសាក់ ​និងអេអឹមខេ (AMK) ជាដើម។

លីកាដូបញ្ជាក់ថា ក្រុម​អ្នក​តវ៉ា​ទាំង ៦នាក់នោះ មានស្ត្រី ៣នាក់ ​ ត្រូវបានដោះលែង​ឱ្យមានសេរីភាពវិញ​ ក្រោមលក្ខខណ្ឌ​ចុះហត្ថលេខាលើកិច្ចសន្យាជាមួយអាជ្ញាធរ បន្ទាប់ពីដាក់ឱ្យស្ថិត​នៅក្នុងបន្ទប់​ឃុំឃាំងអស់រយៈពេល​ជាច្រើនម៉ោង។ ​

ចំណែកព្រះសង្ឃ ៥អង្គ ក៏រងការគំរាមកំហែងបណ្តេញចេញពីវត្តផងដែរ បើព្រះអង្គមិនផ្តិតមេដៃលើកិច្ចសន្យា ដែល​បញ្ជាក់​ថា បញ្ឈប់សកម្មភាពតវ៉ារបស់ព្រះអង្គ​ជំនួសអ្នកខ្ចីប្រាក់តទៅទៀត។

បើ​តាម​លីកាដូ ​ពលរដ្ឋកម្ពុជា​ជាង​ ២លាន ៥សែននាក់​ មានជាប់​បំណុល​មីក្រូហិរញ្ញវត្ថុ​ទំហំ​ដល់​ទៅ​ជាង​ ១០ពាន់លាន​ដុល្លារ។​

លីកាដូ បញ្ជាក់​ថា ទោះបីជា​​ធនាគារជាតិ​នៃកម្ពុជា​ បានលើកទឹកចិត្ត​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ឱ្យធ្វើការពន្យាពេល​បង់សងប្រាក់ ​តាមករណី​ជាក់ស្ដែង​នីមួយៗក៏ដោយ​ កន្លងមក សង្គមស៊ីវិលជាង ​១៣៥ស្ថាប័ន​ នៅតែបន្ត​ស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ នៅតែបន្ត​ស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និងរាជរដ្ឋាភិបាល ​ឱ្យជួយផ្អាកការ​បង់សងប្រាក់ដើម ​និងការប្រាក់​​សម្រាប់រយៈពេលយ៉ាងតិច ៣ខែ ​និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ