បទ​វិភាគ៖ តើ​​ការ​​លក់​​ឥណទាន​​កាបូន​​អាច​​ជួយ​​បង្កើន​​ជីវភាព​​សហគមន៍​​មូល​ដ្ឋាន​​ដោយ​​របៀប​ណា​​?​

ព្រៃកោងកាងនៅខេត្តកោះកុង។ (ហេង វិចិត្រ/ ធ្នូ ២០១៩)

រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្តការ​ពារ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​រិះរក​វិធីសាស្ត្រ​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃឈើ​ជា​ហូរហែ។ 

ជាមួយគ្នា​នេះ កម្ពុជា​ក៏បាន​រក​ថវិកា​បាន​យ៉ាងច្រើន​តាមរយៈ​ការ​លក់​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​នានា​ទៀតផង។ ក្រសួងបរិស្ថាន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល បាន​អះអាង​ថា ថវិ​កាដែ​លទទួល​បាន​ពី​ការ​លក់​កាបូន​នោះ នឹង​យក​ទៅ​ប្រើប្រាស់​ទ្រទ្រង់​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ ពិសេស​ការពារ​ព្រៃឈើ និង​ជួយ​បង្កើន​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ ចៀស​ផុត​ពី​ការ​ពឹង​អាស្រ័យ​លើ​មុខរបរ​កាប់​ឈើ ឬចាប់​សត្វព្រៃ​ជាដើម។

ព្រៃកោងកាងនៅខេត្តកោះកុង។ (ហេង វិចិត្រ/ ធ្នូ ២០១៩)

យ៉ាងនេះ​ក្តី ក្រុម​អ្នក​តាមដាន​សង្គម​មើលឃើញ​ថា បញ្ហា​ព្រៃឈើ​ជា​រឿង​ពិបាក​ក្នុង​ការ​យក​ថវិកា​ទាំងនោះ​មក​ប្រើប្រាស់​ជួយ​ដល់​សហគមន៍ ត្បិត​បញ្ហា​ខ្វះ​តម្លាភាព និង​អំពើពុករលួយ​នៅតែ​ជា​បញ្ហា​ចោទឡើង​ដដែល។ 

បញ្ហា​នេះ បង្កើត​ជា​សំណួរ​ថា ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យថវិ​កាដែ​លបា​នពី​ការ​លក់​កាបូន​នោះ ​យក​ទៅ​ប្រើប្រាស់​ជួយ​បង្កើន​ជីវភាព​ប្រជា​សហគមន៍​បាន​ពិត​ប្រាដក​? 

រាជរដ្ឋាភិបាល​បាន​ផ្តើម​លក់​ឥណទាន​កាបូន​ស្ម័គ្រ​ចិត្ត​ទៅ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ ចាប់តាំងពី​ឆ្នាំ២០១៦មក ហើយ​ចំណូល​បាន​ពី​កា​រលក់​កាបូន​នោះ​មកទល់​ពេល​បច្ចុប្បន្ន មាន​ចំនួន​ជាង ១១លាន ៦សែន​ដុល្លារ​សហ​រដ្ឋអាមេរិក។ 

តំបន់​ដែល​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ រួមមាន ដែនជម្រកសត្វព្រៃ​កែវ​សី​មា ឧទ្យានជាតិ​ជួរភ្នំ​ក្រ​វាញខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ ហើយ​ក្រសួងបរិស្ថាន​ក៏​កំពុង​សិក្សា​ភូមិសាស្ត្រ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដើម្បី​លក់​កាបូន​ស្ម័គ្រ​ចិត្ត​នេះ​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា ថវិកា​ជាង ១១លាន​ដុល្លារ ដែល​បាន​ពី​ការ​លក់​ឥណទាន​កាបូន​ស្ម័គ្រ​ចិត្ត​តាំងពី​ឆ្នាំ២០១៦មក​នោះ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ហើយ​បែងចែក​ទៅ​ភាគី​ពាក់ព័ន្ធ​នានា អង្គការ​ជា​ដៃគូ ដែល​ផ្តោត​ធ្ងន់​លើ​ការងារ​អភិរក្ស​ព្រៃឈើ​តំបន់​នោះ ​ដូចជា ​បំពាក់​សម្ភារ ឬមធ្យោបាយ​ផ្សេង​ៗដល់​មន្ត្រី​ឧទ្យានុ​រក្ស។ 

បន្ថែម​ពីនេះ ការ​លើកកម្ពស់​ជីវភាព​សហគមន៍​តំបន់​ដែល​លក់​កាបូន​នោះ ដូចជា ​រៀបចំ​ឱ្យ​មាន​សេវា​ទឹក​ស្អាត​ប្រើប្រាស់ ការរៀបចំ​ឱ្យ​មានមុខ​របរ​ដូចជា​ដាំ​បន្លែ ឬចិញ្ចឹមសត្វ ពោល​គឺ​ការអភិវឌ្ឍភូមិ​ ឬឃុំ ដើម្បី​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការពឹងផ្អែក​ទៅ​លើរបរ​កាប់​ឈើ ឬបរបាញ់​សត្វ ដែល​ជាមុ​ខរ​បរ​បុរាណ​មក ប៉ុន្តែ​ លោក​មិនបាន​បញ្ជាក់​លម្អិត​នៃ​ខ្ទង់ចំណាយ​ថវិកា​ទាំងនោះ​ឡើយ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា៖ «ថវិកា​នេះ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា ហើយ​ធ្វើការ​បែងចែក​ទៅតាម​ភាគី​ដែល​ពាក់ព័ន្ធ ក្នុង​នោះ​ក៏​មាន​ទាំង​អង្គការ​ដែល​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​នោះ​ដែរ ហើយ​ជាមួយ​ក្រសួងបរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ទិសដៅ​មួយ​ដើម្បី​ប្រើប្រាស់​ថវិកា​នេះ​ឱ្យ​ចំ​ទិសដៅ​ក្នុង​ការ​អភិរក្ស ក៏ដូចជា​ការពារ​ធនធាន​ធម្មជាតិ​ដែល​យើង​មាន។ ទី២ ដើម្បី​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន ក៏ដូចជា​ផ្តល់​នូវ​ការ​គាំ​ពារ​ផ្សេងៗទៅដល់សហគមន៍​មូលដ្ឋាន ដែល​ពួក​គាត់​រស់នៅ​ក្នុង​ ឬជុំវិញ​តំបន់​ដែល​លក់​ឥណទាន​កាបូន​ហ្នឹង»។

កាលពី​ថ្ងៃទី២៨ ខែមេសា​កន្លងមក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ក៏បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង ដោយ​លោក​ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស។ 

លោក​ថា ការ​ថែរក្សា​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស ដើម្បី​កម្ពុជា​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែន​ដី​ តាមរយៈ​ការ​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​ថវិ​កាដែ​លបាន​មក​ពី​ការ​លក់​នោះ ត្រូវ​យក​ទៅ​គាំពារ​លើ​ការងារ​អភិរក្ស និង​កា​រប​ង្កើត​សដ្ឋ​កិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់​នោះ។

រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ដដែល អះអាង​ថា រដ្ឋាភិបាល​មាន​ទិសដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់​ផ្តាច់​ពី​ការ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែល​ជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក​ហើយ។

លោក សាយ សំ​អាល់ លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួងបរិស្ថាន​ថា៖ «ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការ​បណ្តុះបណ្តាល​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការ​ដាំដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផង​ដែរ»។

ក្រសួងបរិស្ថាន​អះអាង​ថា កម្ពុជា​មាន​ព្រៃឈើ ៥០ភាគរយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស ដែល​ជា​អត្រា​មាន​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ បន្ថែម​ពីនេះ មកទល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅ​ក្រោម​យុត្តាធិការ​របស់ក្រ​សួង​បរិស្ថាន​រហូតដល់​ប្រមាណ ៤១​% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧លាន ២សែន​ហិកតា។

ទោះបីជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​តាមដាន​បញ្ហា​ព្រៃឈើ និង​សង្គម បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ថវិកា​ទាំងនោះ​ថា នឹងអាច​ប្រើប្រាស់​មិន​ចំ​គោលដៅ គ្មាន​តម្លាភាព ត្បិត​កម្ពុជា​នៅ​ជាប់​ជា​ប្រទេស​ពុករលួយ​ខ្លាំង និង​បក្ខ​ពួក​និយម​ខ្លាំង​ជាដើម។

ជាក់ស្តែង របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បង្ហាញថា ស្ថានភាព​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៩ មានកម្រិត​កាន់តែ​អាក្រក់​ជាង​ឆ្នាំ២០១៨ ហើយ​ពុករលួយ​ខ្លាំង​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

សកម្មជន​ព្រៃឈើ​មួយ​រូប លោក ហេង ស្រស់ លើកឡើង​ថា ប្រសិនបើ​ថវិកា​លក់​កាបូន​នោះ​យក​ទៅ​ប្រើប្រាស់​ឱ្យ​មាន​តម្លាភាព គឺជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ ប៉ុន្តែ លោក​កត់សម្គាល់​កន្លងមក​ថា ថវិកា​ទាំងនោះ គេ​មិនបាន​ដឹង​ថា យក​ទៅ​ធ្វើអ្វី​ នរណា​គ្រប់គ្រង ពោល​គឺ​គ្មាន​តម្លាភាព​តែម្តង។

បញ្ហា​គ្មាន​តម្លាភាព​នេះ លោក​បារម្ភ​ថា វា​នឹង​ធ្លាក់​ទៅលើ​បុគ្គល​មួយ​ក្រុម​តូច​តាមរយៈ​ការប្រព្រឹត្តអំពើពុករលួយ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ថវិកា​នោះ នឹង​មិន​អាច​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន​បានទេ។

លោក​បន្ត​ថា៖ «និយាយរួម​ការ​[ឥណទាន]កាបូន វា​ជា​រឿង​ល្អ​ហើយ សម្រាប់​រាជរដ្ឋាភិបាល ដែល​ដាក់​លក់​កាបូន​ហ្នឹង​ ដើម្បី​យក​ថវិកា​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ យើង​ខ្លាច​អា​គម្រោង​ទាំងអស់​ហ្នឹង វា​មិនបាន​ធ្លាក់​លុយ​ទៅដល់​ប្រជាពលរដ្ឋ​ ឬប្រជា​សហគមន៍ដែល​នៅ​តំបន់​ព្រៃ​ការពារ​ហ្នឹង បែរ​ទៅជា​ធ្លាក់ទៅក្នុង​ហោប៉ៅជន​ ឬបុគ្គល​មួយចំនួន ក៏ដូចជា​មន្ត្រី​ធំៗ​មួយចំនួន ដែល​ចាំតែ​ត្របាក់​ ឬស៊ីលុយ​វាល់​លាន​ដុល្លារ​ហ្នឹង»។ 

ដោយឡែក​ សម្រាប់​ប្រធាន​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ដើម្បី​សន្តិភាព និង​និរន្តរភាព លោក សេង សុខ​ហេង ក៏​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​បញ្ហា​តម្លាភាព​នៃ​ការប្រើ​ប្រាស់​ថវិកា​បាន​មក​ពី​ការ​លក់​កាបូន​នេះ​ផង​ដែរ ត្បិត​ស្ថានភាព​អំពើពុករលួយ​បន្ត​កើតមាន​នៅ​កម្ពុជា​ក្នុង​កម្រិតខ្ពស់​នៅឡើយ។ 

យ៉ាងនេះ​ក្តី លោក​ថា ដើម្បី​ធានា​បាន​ថា ថវិកា​ទាំងនោះ ត្រូវ​បាន​ប្រើប្រាស់​ចំ​គោលដៅ មាន​តម្លាភាព និង​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​បើកទូលាយ​ព័ត៌មាន​ដល់​ពលរដ្ឋ ពិសេស​ប្រជា​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល មានឱកាស​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ និង​គោរព​តាម​គោលការណ៍​ជាតិ អន្តរជាតិ​ផង​ដែរ។

លោក សេង សុខ​ហេង បន្ត​ថា៖ «ការ​បើក​ចំហ ការពិគ្រោះ​យោបល់ ការ​ដឹងឮ ការចែក​រំលែក​ព័ត៌មាន ការ​ទទួល​មតិយោបល់​ពីសា​ធា​រណៈ ពី​អង្គការ​សង្គម​ស៊ីវិល ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ធ្វើ​យ៉ាងម៉េច​បើក​ចំហឱ្យ​បាន​គ្រប់ជ្រុងជ្រោយ។ ខ្ញុំ​គិតថា ​រដ្ឋាភិបាល​គាត់​លក់​ [លក់​កាបូន​] ប៉ុន្តែ​ ព័ត៌មាន​នៃ​ការ​លក់ នីតិវិធី​នៃ​ការ​លក់ ការពិគ្រោះ​យោបល់ សិទ្ធិ​សហគមន៍​មូលដ្ឋាន​ត្រូវ​បាន​រំលង ជាពិសេស​ការប្រើ​ប្រាស់​ថវិកា​នេះ ដែល​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់ ខ្ញុំ​គិតថា​ វា​អាច​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​ថវិកា​ហ្នឹង​វា​មិន​មានប្រសិទ្ធភាព»។ 

មន្ត្រីសង្គម​ស៊ីវិល​រូប​នេះ ផ្តល់​ជា​គំនិត​ថា ថវិ​កាដែ​លរដ្ឋ​ទទួល​បាន​មក​ពី​ចំណូល​ព្រៃឈើ ​ឬការ​លក់​ឥណទាន​កាបូន​ជាដើម​នោះ គប្បី​បង្កើត​ជា​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​សហគមន៍​មួយ​ផ្នែក ដោយ​បែងចែក​ទៅលើ​ការងារ​ ឬមុខរបរ​ជាអាទិភាព​របស់​ប្រជា​សហគមន៍ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ពួក​គេ​មាន​ចំណូល​ជា​ទៀងទាត់។

អ្នកវិភាគ​នៅ​ក្រៅប្រទេស​មួយ​រូប លោក គឹម សុខ មើលឃើញ​ថា ​គម្រោង​កម្មវិធី​លក់​ឥណទាន​កាបូន​នេះគឺល្អ​ណាស់ ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​បាន​ត្រឹមត្រូវ ដោយ​ថា​ ជា​គម្រោង​ថែរក្សា​បរិស្ថាន​ព្រៃឈើ​នៅ​កម្ពុជា​ និង​បរិស្ថាន​សកល​ផង​ដែរ។ 

លោក​បន្ត​ថា ប្រសិនបើ​គម្រោង​នេះ​ធ្វើឡើង​ដោយ​តម្លាភាព នឹង​ជួយ​ដល់​កម្ពុជា​ទាំងព្រម ពោល​គឺ​បាន​ទាំង​ព្រៃឈើ​នៅ​គង់វង្ស​ផង ហើយ​ចំណូល​ជា​ថវិកា​ពី​អន្តរជាតិ​ក៏បាន​ផង ដើម្បី​អភិវឌ្ឍ​សហគមន៍ ជួយ​ដល់​ជីវភាព​ប្រជា​សហគមន៍​ថែមទៀត។ 

ប៉ុន្តែ លោក​កត់សម្គាល់​ថា ក្រសួងបរិស្ថាន​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​ការអនុវត្ត​គម្រោង​នេះ​ដើម្បី​ជា​ប្រយោជន៍​សហគមន៍ និង​កិច្ចការពារ​ព្រៃឈើ​នោះ​ទេ ដោយ​រដ្ឋាភិបាល​គ្រាន់តែ​ចង់​សម្រប​ខ្លួន​ទៅ​តាម​ចរន្ត​អន្តរជាតិ​ ដើម្បី​ទាញ​យក​ថវិកា​ពី​គម្រោង​នេះ ម្យ៉ាង​ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ​ថា ​ខ្លួន​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ថែរក្សា​ព្រៃឈើ។

លោក គឹម សុខ បន្ថែម​ថា៖ «បើ​រដ្ឋាភិបាល​ពិតជា​អនុវត្ត​គម្រោង​នេះ​ ដើម្បី​ការពារ​បរិស្ថាន​ព្រៃឈើ​ជាតិ និង​ជួយ​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​មែន លុះត្រា​ទី១ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​គម្រោង​នេះ​ដោយ​តម្លាភាព ដោយ​បើកឱកាស​ឱ្យ​ប្រជា​សហគមន៍​ព្រៃឈើ និង​សកម្មជន​ព្រៃឈើ​ មាន​សិទ្ធិ​ចុះ​ពិនិត្យ​ព្រៃឈើដោយ​គ្មាន​ការ​រំខាន និង​មាន​សិទ្ធិ​ធ្វើ​របាយការណ៍​ដល់​ម្ចាស់​ជំនួយ​អំពី​ស្ថានភាព​ព្រៃឈើ​នៅក្នុង​តំបន់​គម្រោង​ហ្នឹង។ ទី២ លុយ​គម្រោង​ហ្នឹង​គួរ​រំលែក​មួយ​ផ្នែក​សមរម្យ​ដល់​សកម្មភាព​ប្រជា​សហគមន៍​ព្រៃឈើ និង​សកម្មជន​ព្រៃឈើ​ក្នុង​ប្រតិបត្តិ​ការ​ត្រួតពិនិត្យ​ព្រៃឈើ»។ 

ក្រសួងបរិស្ថាន បញ្ជាក់​ថា ​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ខ្លួន មាន​មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួងបរិស្ថាន ១២៦០នាក់ ឈរជើង​នៅ​តាម​តំបន់ការពារធម្មជាតិ​នី​មួយ​ៗ ដែល​បាន​ធ្វើសកម្មភាព​ល្បាត ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​សហគមន៍​នៅ​មូលដ្ឋាន។

ទោះបីជា​យ៉ាងនេះ​ក្តី សកម្មភាព​របស់ក្រ​សួង និង​សហគមន៍​មូលដ្ឋានលើកិច្ចការពារ​ព្រៃឈើ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ភាព​មិន​ចុះសម្រុង​គ្នា​កាន់តែ​ខ្លាំង ចាប់តាំងពី​ខែកុម្ភៈ​មក ដោយ​ក្រសួង​បាន​ហាមឃាត់​មិន​ឱ្យ​ប្រជា​សហគមន៍ សកម្មជន​ការពារ​ព្រៃឈើ និងអង្គការ​សង្គម​ស៊ីវិល ចូល​តំបន់​ព្រៃ​ការពារ​ដែល​ស្ថិតនៅ​ក្រោម​ដែន​គ្រប់គ្រង​របស់​ខ្លួន ពិសេស​ព្រៃ​ឡង់​ ដោយ​គ្មាន​ការអនុញ្ញាត​នោះ​ឡើយ។ 

ជាង​នេះ​ទៀត ក្រសួងបរិស្ថាន​ ថ្ងៃទី២៤ ខែមេសា បាន​ចេញ​លិខិត​ព្រមាន​មួយ ដោយ​ចោទ​ថា គម្រោង​ចូលព្រៃ​ឡង់​ជាថ្មី​ទៀត​របស់​ក្រុម​អង្គការ និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ដែល​មាន​គម្រោង​ចូលព្រៃ​ឡង់​ជាថ្មី​ទៀត​នោះ ជា​បេសកកម្ម​អនាធិបតេយ្យ បំពានច្បាប់​យ៉ាង​គឃ្លើន មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ធ្វើវិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​តែប៉ុណ្ណោះ។

សម្រាប់​លោក​ ហេង ស្រស់ វិញ មើលឃើញ​ទៀត​ថា ​គម្រោង​លក់​ឥណទាន​កាបូន​នោះ នឹង​មិន​អាច​ការពារ​ព្រៃឈើ​បានទេ ត្បិត​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​លោក​ផ្ទាល់​នៅ​តំបន់​ព្រៃ​អភិរក្ស​មណ្ឌលគិរី រតនគិរី តំបន់​ព្រៃ​អភិរក្ស​ភ្នំក្រវាញ និង​តំបន់​ព្រៃ​ឡង់​ជាដើម បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​កើតមាន​ឥត​ឈប់ឈរ។ 

របាយការណ៍​ស៊ើបអង្កេត​របស់​សារព័ត៌មាន​អន្តរជាតិ Al Jazeera ចេញផ្សាយ​នៅដើម​ខែសីហា​ឆ្នាំមុន បង្ហាញថា បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​មួយចំនួន​នៅ​កម្ពុជា​ មិន​មាន​អ្នកណា​អាច​ទប់ស្កាត់​បាន​នោះ​ទេ។

ប្រភព​ដដែលបាន​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ភ្នំ​ព្រិច រួម​ទាំង​ភស្តុតាង​នៃ​ការ​រលាយ​បាត់​នូវ​គម្រប​ព្រៃ​បៃតង​នៅ​តំបន់​ការពារ​ស្នួល និង​បឹង​ពារ ក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ​ ជាដើម​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ