ក្រសួង​អះ​អាង​ថា បាន​​ធ្វើ​តេស្ត​លើ​អ្នក​ដំណើរ​៣៦០០​នាក់​​មក​ដល់​កម្ពុជា​តាម​ផ្លូវ​អាកាស​រយៈ​ពេល​២២​ថ្ងៃ​ចុង​ក្រោយ

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បានអះអាងថា អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ដល់​ទៅ​ជាង ៣,៦០០​នាក់ ត្រូវ​បាន​ធ្វើ​ត្រួត​ពិនិត្យ​រក​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ជាង​​២០​ថ្ងៃ​ចុង​ក្រោយ​​មក​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង បាន​ត្រួត​ពិនិត្យ និង​ធ្វើ​តេស្ត​លើ​អ្នក​ដំណើរ​សរុប​ ៣,៦៣៧​នាក់​ ក្នុង​នោះ​អ្នក​ដំណើរ​ជា​ស្ត្រី ៧៥៦​នាក់ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​កន្លង​មក​។

ក្រសួង​អះ​អាង​ថា មាន​តែ​អ្នក​ដំណើរ ៣​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ត្រួត​ពិនិត្យ ហើយ​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា ក្នុង​នោះ​មាន​ស្ត្រី​កម្ពុជា​ម្នាក់​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក អ្នក​ដំណើរ​ជន​ជាតិ​ខ្មែរ​មក​ពី​ធ្វើ​ហ្វីលីពីន និង​​អ្នក​ដំណើរ​ជា​បុរស​កម្ពុជា-បារាំង ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង។ បុរស​ជា​អ្នក​ដំណើរ​ទាំង​ពីរ​នាក់​​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ក្រៅ​ពី​អ្នក​ដំណើរ​វិល​ត្រឡប់​ចូល​កម្ពុជា​តាម​ជើង​ហោះ​ហើរ​នោះ ​បុរស​ខ្មែរ​មួយ​រូប​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា បន្ទាប់​ពី​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន​ ស្ថិតក្នុង​ខត្ត​បន្ទាយមានជ័យ។

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តីប្រកាសដដែលថា គិតចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំដដែលនេះ វត្ថុសំណាកសរុបទូទាំងប្រទេសមានចំនួន ២១,៧៤៩សំណាក ដែលស្មើនឹង ១,៣១០សំណាក​ក្នុងចំណោមប្រជាជនមួយលាននាក់ ដែលតួលេខនេះខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​សរុប ១២៦​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​កន្លង​មក ប៉ុន្តែ ក្រសួង​សុខាភិបាល​អះ​អាង​ថា អ្នក​ជំងឺ​ដល់​ទៅ ១២៣​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​។

ស្ត្រី​កម្ពុជា​វ័យ ៣៩​ឆ្នាំ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​ក៉រូណា​ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​នោះ គឺ​ជា​អ្នក​ឆ្លង​វីរុស​នេះ​ចុង​ក្រោយ​គេ​ដែល​បាន​ជា​សះស្បើយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែឧសភា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ