ទេសចរ​​អន្តរ​ជាតិ​​ចូល​​ទស្សនា​​តំបន់​​អង្គរ​​ធ្លាក់​ចុះ​​ជិត​៧៦​​ភាគ​រយ​​នៅ​​ពាក់​កណ្ដាល​​ឆ្នាំ​នេះ​

ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​មានចំនួនតិចតួច កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (រូបថត៖ ពៅ មេត្តា)

​តួលេខ​ពី​ស្ថាប័ន​គ្រប់គ្រង​លើ​ចំណូល​តំបន់​ទេសចរណ៍​អង្គរ បាន​បង្ហាញថា ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញ​កាលពី​សប្ដាហ៍​មុន គ្រឹះស្ថាន​អង្គរ​ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​គ្រប់គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ បាន​បង្ហាញថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ៣៨ម៉ឺន​នាក់ បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​នៅចន្លោះ​ខែមករា ដល់​ខែមិថុនា​កន្លងមក​នេះ ដោយ​បាន​ធ្លាក់ចុះ​ដល់ទៅ​ជិត ៧៦ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ បាន​ឱ្យដឹង​ទៀត​ថា កម្ពុជា​ប្រមូល​ចំណូល​បាន​ជាង ១៨លាន​ដុល្លារ​មក​ពី​ការ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​នៅក្នុង​រយៈពេល ៦ខែ​មកនេះ ប៉ុន្តែ បាន​ធ្លាក់ចុះ​ដល់ទៅ​ជាង ៦៧ភាគរយ បើ​ធៀប​នឹង​ចំណូល​ដែល​កម្ពុជា​រកបាន​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

គ្រឹះស្ថាន​អង្គរ ក៏បាន​ប្រកាស​ឱ្យដឹង​ផង​ដែរ​ថា ទឹកប្រាក់​ដល់ទៅ​ជាង ៧៧ម៉ឺន​ដុល្លារ​នៅក្នុងចំណោម​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​តំបន់​ទេសចរណ៍​មួយ​នេះ ត្រូវ​បាន​ប្រគល់​ទៅ​មូលនិធិ​គន្ធបុប្ផា​នៅក្នុង​រយៈពេល​ពាក់កណ្ដាល​ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ