មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតន​គិរី​សង្ស័យ​ករណី​មនុស្ស​ឃាត​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ធ្លាយ​ពោះវៀន​

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី

មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី និយាយមុននេះបន្តិ​ច​ថា ការដែលសកម្មជនព្រៃឈើម្នាក់រងរបួសធ្លា​យ​ពោះ​វៀន អាចជាករណីមនុស្សឃាត ព្រោះវាបានកើតឡើងក្រោយសកម្មជនម្នាក់ទៀតត្រូវបានគេវា​យមុខអាជ្ញាធរក្នុងវេទិកាសាធារណៈមួយកាលពីម្សិលមិញ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី និយាយទៀតថា លោក កែវ ហ្វើញ អាយុ ៥០ឆ្នាំ ត្រូវបានគេរាយការណ៍មកថា បានរងរបួសធ្លាយពោះវៀននៅឯចម្ការរបស់លោក។

លោក ឌិន ខន្នី ប្រាប់ថា៖ «ឥលូវគាត់រងរបួសធ្ងន់ធ្លាយពោះវៀនដែលគាត់ទៅស្រែ។ ខ្ញុំគិតថា នេះជាករណីមនុស្ស​ឃាត»

លោក ឌិន ខន្នី អះអាងថា ក្រុមគ្រួសារ និងសាច់ញាតិបានបញ្ជូនលោក កែវ ហ្វើញ ទៅសង្គ្រោះនៅមន្ទីរពេទ្យនៅថ្ងៃនេះ។

មន្ត្រីរូបនេះ អះអាងថា លោក កែវ ហ្វើញ ជាសកម្មជនការពារព្រៃឈើរស់នៅក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដូចលោក ឆន ផល្លា ដែរ។ លោក ឆន ផល្លា ត្រូវ​បាន​គេ​វាយឱ្យរងរបួសកាលពីម្សិលមិញដែរ។

បើ​តាម​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក លោក កែវ ហ្វើញ ក៏​ដូច​លោក ឆន ផល្លា ដែរ គឺ​ជា​សមាជិក​សហគមន៍​ដែល​បាន​រាយការណ៍​ពី​បទ​ល្មើស​ព្រៃ​ឈើ ធ្លាប់ប្តឹងអ្នកភូមិ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនក្នុងស្រុកនេះទៅតុលាការ ​ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

VOD នៅមិនអាចសុំបញ្ជាក់ករណីនេះ​ពីមេភូមិសមុត្រក្រោម លោក ខំា ផសាវ៉ាត បានទេគិតត្រឹមម៉ោងផ្សាយនេះ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។

យ៉ាងណា មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ឌិន​ ខន្នី អំពាវនាវឱ្យក្រសួងមហាផ្ទៃចុះស៊ើបអង្កេតករណីនេះបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការពារអាយុជីវិតអ្នកការពារព្រៃឈើនៅតំបន់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ