ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិដល់ទៅ ៣០ស្ថាប័ន បានទាមទារទៅរដ្ឋាភិបាលឱ្យបង្កើតក្រុមឯករាជ្យមួយ ដើម្បីស៊ើបអង្កេតទៅលើការបាញ់សម្លាប់លោក កែម ឡី ដែលការអំពាវនាវនេះបានកើតឡើង ១ថ្ងៃមុនខួប ៤ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីល្បាញរូបនេះ។
ក្រុមអង្គការការពារសិទ្ធិមនុស្សទាំង៣០ បានទាមទារបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃនេះ មួយថ្ងៃមុនខួប ៤ឆ្នាំនៃឃាតកម្មទាំងកណ្ដាលថ្ងៃចែសទៅលើអ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក កែម ឡី នៅក្នុងម៉ាតស្ថិតក្នុងការ៉ាស់សាំងកាល់តិច ម្ដុំស្តុបបូកគោ រាជធានីភ្នំពេញ។
ក្រុមអ្នកការពារសិទ្ធិមនុស្សទាំង ៣០ស្ថាប័ន បានលើកឡើងថា ពួកគេបានទាមទារជាច្រើនដងហើយទៅរដ្ឋាភិបាលកម្ពុជា ឱ្យបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែ ពួកគេថា រដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបនឹងការទាមទាររបស់ពួកគេនោះទេ។
អនុប្រធានប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ប្រាប់អ្នកសារព័ត៌មានតាមអ៊ីម៉ែលនៅថ្ងៃនេះថា អាជ្ញាធរកម្ពុជាមិនបានប្រឹងប្រែងក្នុងការស៊ើបអង្កេត ហើយបានទុកសំណុំរឿងលោក កែម ឡី នៅចំហដដែល។ លោកចាត់ទុកការឡើងរបស់អាជ្ញាធរកម្ពុជាថា ការស៊ើបអង្កេតនេះគ្រាន់តែជាការដោះសារ នៅពេលដែលក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាមទារក្នុងថ្ងៃរំលឹកខួបលោក កែម ឡី តែប៉ុណ្ណោះ។
លោក Phil Robertson ថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការរកយុត្តិធម៌នៃឃាតកម្មលើលោក កែម ឡី នោះទេ។
លោក ហ្វីល រ៉ូប៊ឺតសុន រៀបរាប់ថា៖ «រដ្ឋាភិបាលកម្ពុជាបានឃុំខ្លួនឃាតករសិប្បនិម្មិត ស្របពេលដែលបណ្ដោយឱ្យមេខ្លោងនៅមានសេរីភាព។ ដូច្នេះ វាច្បាស់ណាស់ថា ការស៊ើបអង្កេតដោយអាជ្ញាធរក្នុងស្រុកបានបរាជ័យ ហើយកិច្ចប្រឹងប្រែងដោយឯករាជ្យពីអន្តរជាតិ ត្រូវឈានជើង ដើម្បីធានាមានគណនេយ្យភាព»។
លោក ហ្វីល និយាយបន្ថែមថា៖ «លោកថា អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលពាក់ព័ន្ធគួរតែដាក់សម្ពាធលើលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយ ព្រោះមានតែការធ្វើបែបនេះទេ ទើបមានលទ្ធភាពស្វែងរកយុត្តិធម៌ពិតជូនលោក កែមឡី»។
អ្នកពាក្យនាំក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា សំណុំរឿងឃាតកម្មមួយនេះ កំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេតរបស់តុលាការនៅឡើយ ប៉ុន្តែ លោកថា កម្ពុជាមិនធ្វើតាមការទាមទាររបស់ក្រុមមួយ ដែលហៅថា មាននិន្នាការប្រឆាំង និងមាន«គំនុំ»ជាមួយរដ្ឋាភិបាល។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «ក្នុងសំណុំរឿងនេះ ជនដៃដល់ត្រូវបានចាប់ខ្លួន និងត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត និងនីតិវិធីតុលាការ។ នេះដែលហៅថា យុត្តិធម៌តាមផ្លូវច្បាប់»។
លោក ម៉ាលីន បន្តថា៖ «ហើយចំពោះយុត្តិធម៌តាមផ្លូវអារម្មណ៍របស់ក្រុមដែលមាននិន្នាការប្រឆាំង និងមានគំនុំជាមួយរដ្ឋាភិបាល ពួកយើងមិនអាចបំពេញបានទេ ព្រោះពួកគេយករឿងនេះធ្វើជារបរ ជាអាជីពនយោបាយរបស់គេលើសាកសពលោកបណ្ឌិត កែម ឡី ហើយបែបហ្នឹង យើងមិនអាចផ្ដល់ឱ្យបានទេ»។
ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានហាមឃាត់ការប្រារព្ធពិធីជួបជុំរំឭកខួប៤ឆ្នាំនៃឃាតកម្មនេះនៅឯទីកន្លែងកើតហេតុនោះ ក្រុមអង្គការសង្គមស៊ីវិល បានរៀបចំពិធីបែបសាសនាមួយនៅឯទីស្នាក់ការរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅព្រឹកថ្ងៃនេះ។
ក្រៅពីរៀបចំពិធីរំឭកខួបបែបនេះ នាយករងអង្គការលីកាដូ លោក អំ សំអាត បានប្រាប់ថា អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋ នៅតែចង់ឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យ និងស្វែងរកអ្នកនៅពីក្រោយនៃឃាតកម្មលើលោក កែម ឡី មកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តធម៌ដល់រូបលោក និងក្រុមគ្រួសារ សង្គម និងជាការលើកកម្ពស់ស្មារតីទៅដល់អ្នកចូលរួមការពារសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត ប្រាប់ថា៖ «យើងសូមឱ្យស្វែងរកយុត្តិធម៌សម្រាប់លោក កែម ឡី តាមរយៈមានការស៊ើបអង្កេតដោយឯករាជ្យមួយសម្រាប់ផ្ដល់យុត្តិធម៌លោកបណ្ឌិត កែម ឡី ដល់គ្រួសាររបស់លោក ក៏ដូចក្នុងសង្គម ក៏ដូចជាការចូលរួមដើម្បីលើកកម្ពស់នៃសេរីភាពរបស់វីរជនការពារសិទ្ធិមនុស្ស ឬក៏វីរជនក្នុងការលើកកម្ពស់លើសេរីភាពនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង»។
នៅថ្ងៃនេះផងដែរ ក្រុមព្រះសង្ឃ ៨អង្គ និងក្រុមយុវជនប្រហែល ២០នាក់ បានបន្តដំណើររបស់ពួកគេឆ្ពោះទៅកាន់ភូមិអង្គតាកុប ជាភូមិកំណើតរបស់លោក កែម ឡី ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងជាកន្លែងដែលសពអ្នកវិភាគរូបនេះ ត្រូវបានបញ្ចុះនៅទីនោះ។
ព្រះសង្ឃ និងក្រុមយុវជនទាំងនោះ បានធ្វើដំណើរជាក្បួនដោយមានកាន់ទង់ជាតិ រូបថតលោក និងចែកចាយសៀវភៅដែលមានរូបលោក កែម ឡី ដើម្បីរំឭកការចងចាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្តែ ក្បួរដង្ហែរបស់ពួកគេត្រូវបានសមត្ថកិច្ចខេត្តតាកែវព្យាយាមរារាំង។
សកម្មជនបរិស្ថានដែលបានចូលរួមធ្វើយុទ្ធនាការ លោក ថុន រដ្ឋា ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាន បានដាក់របាំងធំៗជាច្រើនផ្ទាំងនៅត្រង់ចំណុច ៤កន្លែងផ្សេងគ្នានៅក្នុងក្រុងដូនកែវ។
លោក ថុន រដ្ឋា ប្រាប់ថា៖ «សម្រាប់ពួកយើង គឺមានតែកម្លាំងចិត្តបន្តទៅមុខដូចកាលពីព្រឹកមិញ ទោះបីជាមានអាជ្ញាធររារាំង ក៏ពួកយើងបន្តដំណើរទៅមុខ។ យើងយល់ច្បាស់ថា សកម្មភាពយើងមិនខុសច្បាប់ ហើយអាជ្ញាធរក៏គាត់មិនអនុវត្តច្បាប់ដែរ។ អ៊ីចឹងព្រឹកមិញ យើងគ្មានអ្វីប៉ះពាល់ជាមួយអាជ្ញាធរទេ ព្រោះយើងធ្វើដើម្បីផ្សព្វផ្សាយពីវីរភាពរបស់លោកគ្រូ កែម ឡី ដែលយើងស្រឡាញ់តែប៉ុណ្ណឹង»។
ក្រុមអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក៏បានទាមទារទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីទៅលើបុគ្គលនានា ដែលគ្រាន់តែរៀបចំការគោរពវិញ្ញាណក្ខន្ធរបស់លោកដោយសន្តិវិធី។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅក្នុងស្តាម៉ាត ក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចម្ដុំស្តុបបូកគោ រាជធានីភ្នំពេញ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលឃាតកម្មនេះបានកើតឡើងក្រោយពីលោក កែម ឡី ធ្វើអត្ថាធិប្បាយបន្ថែមទៅលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិ Global Witness បានលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារលោក ហ៊ុន សែន។
នៅក្នុងរយៈពេល ៤ឆ្នាំមកនេះ មានតែបុរសម្នាក់ឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗក្រោយឃាតកម្មកើតឡើង ហើយត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕