បទ​​យក​ការណ៍​៖​ ហ៊ាន​​ពោល​​ពាក្យ​ពិត​​ជា​​វីរភាព​​លោក​ កែម​ ឡី​ ក្នុង​​ផ្នត់​គំនិត​​អ្នក​គាំ​ទ្រ​​

អ្នកស្រី ភោគ សេ កំពុងជូតរូបសំណាក់របស់លោក បណ្ឌិត កែម ឡី។ រូបភាព៖ សូត សុខប្រាថ្នា

បួន​ឆ្នាំ​ហើយដែលលោក កែម​ ឡី​ ឃ្លាតពី​ផែនដី​ទៅ។ លោក​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ ពេលវេលាកន្លងទៅ​មែន តែ​ការ​ចងចាំ​ចំពោះ​រូបលោក​នៅតែ​ដក់ជាប់​ក្នុង​សន្ដានចិត្ត​អ្នកគាំទ្រ​ និង​សាច់ញាតិ​របស់​លោក​នៅឡើយ។

កំពុង​អង្គុយ​ជជែក​ជាមួយ​ម្តាយ​របស់​ខ្លួន​ក្នុង​រោង​ដែល​សង់​នៅ​ពីមុខ​ចេតិយ លោក កែម រិទ្ធិ​សិត ជា​ប្អូនប្រុស​បង្កើត​របស់​លោក ​កែម ​ឡី​ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បាន​ប្រាប់​ថា ជា​រៀងរាល់ថ្ងៃ​ ពលរដ្ឋខ្មែរ​ជាច្រើន​នាក់​បានចូល​មក​ហូរហែ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី។ លោក​ថា អ្នកផង​មក​គោរព​ផ្នូរ​ព្រោះតែ​គេ​យល់​តម្លៃ​នៃ​ការ​លះបង់​របស់​លោក​បណ្ឌិត​ កែម​ឡី ដែល​ហ៊ាន​លាតត្រដាង​ការពិត​ក្នុង​សង្គម។

លោក កែម រិទ្ធិ​សិត មានប្រសាសន៍​ថា៖ «តាំងពី​មុន​កូ​វី​ដម​ក មាន​មនុស្ស​ចូល​មក​ច្រើន​ហូរហែរមក ​ខ្ញុំ​មិនបាន​រាប់​ថា​ប៉ុន្មាន​នាក់​ទេ​ក្នុងមួយថ្ងៃ​ៗ។ គេ​ចូល​មកលេង ចូល​មក​អុជ​ធូប សួរសុខទុក្ខ​យាយ​[ម្ដាយ​]។ ពលរដ្ឋ​ស្រឡាញ់​លោក​បណ្ឌិត​ ព្រោះតែ​គាត់​លះបង់​ខ្ពស់​ដើម្បី​សង្គមជាតិ»។

សព្វថ្ងៃ​នេះ​ លោក​ រិទ្ធិ​សិត ជាស​មា​ជិ​កក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់ ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី។ លោក​អះអាង​ថា លោក​កំពុង​រស់នៅ​មើល​ថែ​ម្ដាយ​ជរា​ក្នុង​បរិវេណ​ចេតិយ​បណ្ឌិត កែម ​ឡី។

ម្ដាយ​របស់​សព​លោក ​កែម ឡី គឺ​អ្នកស្រី ភោគ សេ នៅ​ឆ្នាំនេះ​មាន​អាយុ ៧៩ឆ្នាំ​ហើយ។ អ្នកស្រី​ថ្លែងប្រាប់​វី​អូ​ឌី​ថា សុខភាព​របស់​គាត់​មិន​អំណោយផល​ឡើយ​ ម្ដង​ឈឺ​ម្ដង​ជា​តាម​ជរាភាព។ អ្នកស្រី​បន្ថែម​ថា គាត់​នឹក​កូន​គាត់​ទាំងយប់​ទាំងថ្ងៃ តាំងពី​កូន​របស់​គាត់​ត្រូវ​គេ​សម្លាប់។ 

អ្នកស្រី​ ភោគ សេ បាន​និយាយ​ទាំង​សំឡេង​អួល​ដើមក​ថា៖ «នឹក​កូន! នឹក​មិនដឹង​និយាយ​ថាម៉េច​ទេ​ តែ​នឹក។ នឹក​ចៅ ​[កូនលោក ​កែម ​ឡី​] តែ​សំខាន់​វា​រស់នៅ​បាន​សុខ​បាន​ហើយ។»

បើ​តាម​ការ​អះអាង​របស់​ម្ដាយ​ និង​ប្អូន​លោក​ កែម​ ឡី បុណ្យខួប​បួន​ឆ្នាំ​របស់​សព​លោក ​កែម ​ឡី នឹង​ត្រូវ​ធ្វើ​មួយ​ព្រឹក​ប៉ុណ្ណោះ ​គឺ​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០២០ នា​ភូមិ​អង្គ​តា​កុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ការ​បង្រួម​ពិធីបុណ្យ​នេះ គឺ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ និង​មិន​មាន​ប្រាក់កាស​បរិបូណ៌។

អ្នកស្រី​ថា​ បុណ្យ​នេះ​ អ្នកស្រី​ប្រាប់​តែ​ញាតិ​ក្នុង​ភូមិផងរបងជាមួយ​ប្រមាណ​ជា ១០០នាក់​ប៉ុណ្ណោះ។ ទោះបីជា​ពិធីបុណ្យ​ដែល​ត្រូវ​ធ្វើឡើង​តែមួយ​ព្រឹក​ក៏ដោយ ក៏​អ្នកស្រី ភោគ សេ នៅតែ​អំពាវ​នាវដល់​សាធារណជន​ដែល​គោរព​ស្រឡាញ់​លោក កែម ឡី ចូលរួម​ពិធីបុណ្យ​នោះ។

អ្នកស្រី​មានប្រសាសន៍​ថា៖ «នាំគ្នា​មក! ចូលរួម​មក​! ទិញ​នំបញ្ចុក​ត្រៀម​ច្រើនណាស់»។ 

កាលពី​ថ្ងៃទី០៦ ខែកក្កដា ​នៅ​ម៉ោង​ប្រមាណ​ជា ១២ថ្ងៃត្រង់ ពេល​ដែល​ក្រុម​អ្នកសារព័ត៌មាន​វី​អូ​ឌី កំពុងតែ​សម្ភាស​ជាមួយ​ម្តាយ និង​ប្អូនប្រុស​លោក កែម ឡី យុវជន​មួយ​ក្រុម​មាន​គ្នា ៤នាក់​បាន​ជិះ​ម៉ូតូ​ចំនួន ២ចូលមកក្នុងបរិវេណគេហដ្ឋានអ្នកស្រី ភោគ សេ។

យុវជន​ទាំងនោះ​បាន​លើកដៃ​សំពះសួរ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ហើយ​បាន​ជជែក និង​បាន​សាកសួរ​សុខទុក្ខ និង​ថតរូប​ជាមួយ​ម្តាយ​លោកបណ្ឌិត កែម ឡី បន្ទាប់ពី​គាត់​បាន​បញ្ចប់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន។ 

នៅក្នុង​រោង​នៅ​ពីមុខ​ចេតិយ​លោក​បណ្ឌិត កែម ឡី មាន​កន្លែង​អុជ​ធូប​មួយ​ដែល​ដាក់​សម្រាប់​អ្នក​ដែល​ទៅ​គោរព​វិញ្ញា​ណក្ខ​ន្ធលោក។ ម្តាយ​លោក កែម ឡី បាន​ប្រាប់​លោក កែម រិទ្ធិ​សិត ឱ្យទៅ​រក​ដែកកេះ ព្រោះ​ក្រុម​យុវជន​ទាំងនោះ​បាន​សួររក​ ដើម្បី​យក​ទៅ​អុជ​ធូប​គោរព​វិញ្ញា​ណក្ខន្ធ​លោក។ 

ក្រុម​យុវជន​ទាំងនោះ​បាន​អះអាង​ថា​ ការ​ហ៊ាន​និយាយ​ការពិត ​លាតត្រដាង​ពី​បញ្ហា​សង្គម ​ជាវីរភាព​របស់​លោក កែម ឡី ដែល​ជាហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ធ្វើដំណើរ​ពី​ឆ្ងាយ​ដោយ​មិន​គិត​ពី​ការនឿយហត់ ​និង​ចំណាយ​ថវិកាផ្ទាល់ខ្លួន។ 

យុវតី​វ័យ ១៨ឆ្នាំ​ មក​ពី​ខេត្ត​កំពង់ចាម កញ្ញា ជា គន្ធី​ន រៀបរាប់​ថា នាង​មិនដែល​ជួប​លោ​ក កែម ឡី​ ម្ដងណា​ទេ​កាល​លោក​នៅ​រស់។ ប៉ុន្តែ​ នាង​តែងតែបាន​ស្ដាប់​សំឡេង​របស់​លោ​ក កែម ឡី​ តាមវិទ្យុ​ដែល​ឪពុក​នាង​តែងតែ​បើ​កស្ដាប់​ជា​រៀងរាល់ថ្ងៃតាំងពី​ពេល​ដែល​ខ្លួន​រៀន​ថ្នាក់​ទី៩។

កញ្ញា​បញ្ជាក់​ថា នាង​នៅតែ​ចាំ​ជានិច្ច​នូវប្រសាសន៍​របស់​លោ​ក កែម ឡី​ ដែល​ហ៊ាន​និយាយ​ជា​សាធារណៈ​ លាតត្រដាង​បញ្ហា​អសកម្ម​នៅក្នុង​សង្គម ​និង​នយោបាយកម្ពុជា ។ 

និស្សិត​ឆ្នាំទី១រូប​នេះ បាន​ប្រាប់​ទៀត​ថា៖ «ការដែល​គាត់​ហ៊ាន​និយាយ​ការពិត​ហ្នឹងហើយ​ជា​អ្វី​ដែល​យុវជន​គួរ​យក​ជា​គំរូតាម។ ក្នុងនាម​ជា​យុវជន ​ខ្ញុំ​មិន​អាច​បំភ្លេច​គាត់​បានទេ ខ្ញុំ​នៅតែ​ចងចាំ​គាត់ ​និង​ចង់បាន​យុត្តិធម៌​សម្រាប់​គាត់»។ 

ទន្ទឹម​នឹង​នេះ ​អ្នកគាំទ្រ​ម្នាក់ទៀត​វ័យ ២៥ឆ្នាំ លោក មួង សុ​ភ័ក្ត្រ លើកឡើង​ថា លោក​បាន​ព្យាយាម​រៀនសូត្រ ​និង​ដើរតាម​គំរូរបស់​លោក​ កែម​ ឡី បើ​ទោះជា​ចំណេះ​ដឹង និង​លទ្ធភាព​របស់​ខ្លួន​នៅ​ស្តួច​ស្ដើង​ក៏ដោយ។

អតីត​ជាងឡាន​រូប​នេះបាន​និយាយ​ថា ​ដោយ​មើលឃើញ​ពី​វីរភាព​របស់​បណ្ឌិត ​កែម ឡី ពី​ការ​ហ៊ាន​និយាយ​មិន​ខ្លាច​អ្នកមាន​អំណាច ទើប​ធ្វើ​ឱ្យ​លោក​សម្រេចចិត្ត​លះបង់​ការងារ និង​ធ្វើការងារ​សង្គម​វិញ។ 

លោក ​មួង សុ​ភ័ក្ត្រ៖ «ខ្ញុំ​ចងចាំ​វីរភាព​របស់​គាត់​គ្មាន​ថ្ងៃ​ភ្លេច​ទេ គាត់​ជា​មនុស្ស​ដែល​ក្លាហាន​ហ៊ាន​រូតវាំងនន​សង្គម។»

រយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ ពលរដ្ឋ​ដែល​ចង់​រំលឹក​ខួប​នៃ​ព្រឹត្តិ​ការណ៍​បាញ់សម្លាប់​លោក​ កែម​ឡី នៅ​បរិវេណ​ទីតាំង​កើតហេតុ​នោះ មិន​ងាយស្រួល​ប៉ុន្មាន​ទេ។ កាលពីឆ្នាំទៅ យុវជន ២នាក់ ​គឺ​សួង នាគព័ន្ធ​ និង​ គង់ ​រ៉ៃ​យ៉ា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់គុក​ បន្ទាប់ពី​លក់​អាវយឺត​ដែល​មាន សរសេរ​អក្សរ​ដែល​សម្រង់​ប្រសាសន៍​លោក​ កែម ​ឡី​ ថា​ «ទោះជា​អ្នក​មិន​ធ្វើ​អីសោះ​ក៏​រងគ្រោះ​ដែរ​ គ្រាន់តែ​មិនទាន់​ដល់វេន​អ្នក​ប៉ុណ្ណោះ»

អាជ្ញាធរ​បក្ស​កាន់អំណាច​ចោទ​យុវជន​ទាំង២ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍។ បច្ចុប្បន្ន​ យុវជន​ទាំងពីរ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស។

លោក គង់ រ៉ៃ​យ៉ា ថ្លែងប្រាប់​វី​អូ​ឌី​ពីក្រៅ​ប្រទេស​ថា លោក​គ្មាន​ស្ដាយស្រណោះ​បន្តិច​សោះ​ឡើយ បើ​ទោះជា​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក​អស់​ជាច្រើន​ខែ​ព្រោះតែ​រំលឹក​ពី​លោក​ កែម​ ឡី ក៏ដោយ​ចុះ។

លោក​បញ្ជាក់​ថា អ្នកចេះដឹង​នៅ​ស្រុកខ្មែរ​មាន​ច្រើន តែ​អ្នកចេះដឹង​ដែល​មាន​ឥរិយាបថ​ដូច​លោ​ក កែម ឡី​ ពិបាក​រក​ណាស់។

លោក គង់ រ៉ៃ​យ៉ា៖ «នៅ​ស្រុកខ្មែរ​មាន​អ្នក​ចំណេះដឹង​ខ្ពង់ខ្ពស់​ជាង​លោក​បណ្ឌិត​ កែម​ ឡី​ និង​ប្រហាក់​ប្រហែល​មាន​ច្រើន ប៉ុន្តែ​ អ្នក​ដែល​ហ៊ាន​និយាយ​ការពិត​ហ្នឹង​មិន​មាន​ទេ អីចឹង​ហើយ​គាត់​គឺជា​វីរជន​មួយ​រូបដែល​ពលរដ្ឋខ្មែរ​គួរ​យក​គំរូតាម​គាត់​ ដើម្បី​សេចក្ដីសុខ​ខ្លួនឯង​ផង និង​ការ​រីកចម្រើន​នៃ​សង្គមជាតិ​ផង។»

អ្នកស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ដោយ​រំលឹក​ថា ២ខែមុន​ព្រឹត្តិ​ការណ៍​បាញ់សម្លាប់​លោក​ កែម ​ឡី រូបលោក​ និង​លោក ​កែម ឡី បាន​ពិភាក្សា​គ្នា​ពី​សេ​ណា​រី​យ៉ូទាក់ទិន​នឹងការ​រំលាយ​គណបក្ស​ប្រឆាំង។

លោក​ មាស នី អះអាង​ថា ពួក​គាត់​ទាំងពីរ​នាក់​ពិភាក្សា​គ្នា​ជុំវិញ​ពាក្យស្លោក​មួយ​មក​ថា​«ប្រជាធិបតេយ្យ​ជា​ឧបករណ៍​កំដរ​របបផ្ដាច់ការ តែ​ដល់ពេល​ធំធាត់​កាលណា​គេ​នឹង​បំផ្លាញ​ចោល​ទៅវិញ»។ 

លោក ​មាស ​នី បាន​បួងសួង​ឱ្យ​ព្រលឹង​របស់​លោក ​កែម ឡី ស្ថិត​ក្នុង​ឧត្តមគតិ​យុវជន​ខ្មែរ។

មុន​ត្រូវ​គេ​សម្លាប់ លោក ​កែម ​ឡី ជា​វាគ្មិន​សកម្ម​ក្នុង​វេ​ទិ​កានានា​របស់​ស្ថាប័ន​សារព័ត៌មាន​ និង​សង្គម​ស៊ីវិល។ នៅពេល​ដែល​លោក​ស្លាប់​ទៅ កម្រង​ទស្សនៈ​មួយចំនួន​របស់​លោកត្រូវ​បាន​បោះពុម្ព​ និង​ចងក្រង​ជា​សៀវភៅចែកចាយ​បន្ត ខណៈ​ដែល​ខ្លឹមសារ​មួយចំនួន​ទៀត​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​ និង​សារព័ត៌មាន​មួយចំនួន។

ពាក្យស្លោក​មួយចំនួន​របស់​លោក​ កែម ​ឡី​ ដែលគេ​និយម​និ​យា​យតៗ​គ្នា រួមមាន ​«ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅមុខ» «បើ​អ្នក​មិន​ធ្វើអ្វី​សោះ​ក៏​នៅតែ​រងគ្រោះ​ដែរ​ គ្រាន់តែ​មិនទាន់​ដល់វេន​អ្នក​ប៉ុណ្ណោះ »។ល។

និយាយ​ពី​ដំណើរការ​នៃ​ការសាងសង់​ចេតិយ​សព​លោក ​កែម ​ឡី​ វិញ ចេ​តិយ​នេះ​សង់​គ្រប់​ជិត​ត្រឹម​ដំបូល​ និង​ខឿន​សងខាង។

លោក កែម រិទ្ធិ​សិត​ អះអាង​ថា ចេតិយ​នេះ​ត្រូវ​ផ្អាក​សង់​សិន​ដោយសារ​ខ្វះ​លុយ បន្ទាប់​សង់​អស់ប្រាក់​ជាង ៧ម៉ឺន​ដុល្លារ​រួច​ទៅ​ហើយ។ លោក​ថា បើសិន​មាន​ថវិកា​គ្រប់គ្រាន់​ លោក​នឹង​ហៅ​ក្រុម​ជាង​មក​សង់​បង្ហើយ។

លោក កែម រិទ្ធិ​សិត៖ «យើង​នៅ​ខ្វះខាត​លុយកាក់​សម្រាប់​សង់​បង្ហើយ ខ្ញុំ​គិតថា​អាច​ខ្វះ​ តិចណាស់​ក៏​បី​ ឬបួន​ម៉ឺន​ដុល្លារ​ទៀត​ដែរ។»

បើ​តាម​លោក រិទ្ធិ​សិត​ ដដែល​ ថវិ​កាដែលចំណាយ​រួច​នោះ​ជា​ថវិកា​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ និង​មួយ​ផ្នែក​ធំ​ជា​ថវិកា​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

បើ​ទោះជា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​សទ្ធា​ចូល​បច្ច័យ​សង់​ចេតិយ​ជូន​សព​លោក​ កែម​ឡី​ ក៏ដោយ តែ​ការ​ជួបជុំ​រំលឹក​ខួប​នៃ​ហេតុការណ៍​បាញ់សម្លាប់​លោក​ កែម ឡី​ មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​អនុញ្ញាតិ​នោះ​ទេ។ 

នៅ​ព្រឹក​ថ្ងៃទី០៨ ខែក​ក្ក​ដា ព្រះសង្ឃ​ និង​ក្រុម​យុវជនប្រមាណ ២០ អង្គ​/នាក់ បាន​ព្យាយាម​ជួបជុំ​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិចស្ដុប​បូកគោ​ ជាទី​ដែល​លោក កែម ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់ ដើម្បី​ធ្វើពិធី​បែប​សាសនា តែ​ត្រូវ​អាជ្ញាធរ​ហាមឃាត់។ អ្នក​ទាំងនោះ​បាន​សម្រេច​ចិត្ត​ធ្វើពិធី​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​ទីតាំង​នោះ​ជំនួស​វិញ ប៉ុន្តែ​ បន្តិច​ក្រោយមក​ អាជ្ញាធរ​បំបែក​ទៀត។

យុវជន ​និង​ព្រះសង្ឃ​បានសម្រេច​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្ពោះទៅ​ស្រុកកំណើត​របស់​លោកបណ្ឌិត កែម ឡី នៅ​ខេត្តតាកែវ​ ជាទី​ដែល​សព​របស់​លោក​ត្រូវ​បាន​បញ្ចុះ​នៅ​ទីនោះ​វិញ។

សំណុំរឿង​ឃាតកម្ម​លើ​លោក កែម​ ឡី ត្រូវ​បាន​បំបែក​ជា​ពីរ​ មួយ​គឺ​ផ្តោត​លើ​បុគ្គល​ឈ្មោះ អឿត អាង និង​មួយទៀតផ្តោត​លើ​ការស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយខ្នង​បុគ្គល​នេះ។

បុគ្គល​ អឿ​ត អាង​ នេះ ត្រូវ​បាន​តុលាការ​កំពូល​ផ្តន្ទា​ទោស​ឱ្យ​ជាប់គុក១ជីវិត កាលពី​ខែឧសភា​ឆ្នាំ២០១៩។ ចំណែក​ឯសំណុំរឿង​មួយទៀត​ស្ថិតនៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ។ សាច់ញាតិ​ និង​អ្នកគាំទ្រ​របស់​លោក ​កែម ឡី នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​វែកមុខ​រក​អ្នក​នៅ​ពីក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ