សកម្ម​ជន​​ការពារ​​ព្រៃ​ឈើ​នៅ​​ខេត្ត​រតន​គិរី​​ត្រូវ​​បញ្ជូន​​ទៅ​​ព្យាបាល​​នៅ​​មន្ទី​រ​ពេទ្យ​​ក្រោយ​​រង​​អំពើ​ហិង្សា​​

សកម្មជនព្រៃឈើ លោក ឆន ផល្លា ក្រោយពីរងការវាយតប់ពីសំណាក់ពលរដ្ឋក្នុងវេទិកាសាធារណៈនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ (សមាគមអាដហុកប្រចាំខេត្តរតនគិរី)

បុរស​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយ​រង​អំពើ​ហិង្សា​ក្នុង​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ស្រុក​លំផាត់។

លោក ឆន ផល្លា ជាសកម្ម​ជន​ការពារ​ព្រៃឈើ​ម្នាក់​នៅ​ខេត្តរតនគិរី ត្រូវ​គេ​ព្រួត​វាយ​នៅចំពោះមុខ​អាជ្ញាធរ​ក្នុង​វេទិកាសាធារណៈ​មួយ​នៅ​សាលាឃុំ​សេដា ស្រុក​លំផាត់ ក្រោយពី​បុរស​រូប​នេះ​ឡើង​ថ្លែងប្រាប់​អាជ្ញាធរ​ពី​ការ​រីក​រាលដាល​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្តរតនគិរី លោក ឌិន ខន្នី ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា លោក ឆន ផល្លា​ ត្រូវ​បាន​សមត្ថ​កិ​ច្ច​ប៉ុស្តិ៍​ឃុំ​សេដាបញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​ហើយ​កាលពី​ម្សិលមិញ​ប្រហែល​ម៉ោង ៦ល្ងាច។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បញ្ជាក់​ថា បើ​តាម​ការ​រៀបរាប់​ប្រាប់​ពី​លោក ឆន ផល្លា គឺ​លោក ឆន ផល្លា កំពុង​មាន​អាការឈឺចាប់​ក្នុង​ខ្លួន ដោយ​តឹង និង​ចុក​ទ្រូង​កន្លែងត្រូវ​បាន​គេ​វាយ។ លោក ឌិន ខន្នី បន្ថែម​ថា ខណៈ​លោក ឆន ផល្លា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ក៏​មានសមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន ៣ ទៅ ៤នាក់ នៅចាំ​យាម​ខាងក្រៅ​បន្ទប់ និង​ខ្លោងទ្វារ​មន្ទីរពេទ្យ​ផង​ដែរ។

វី​អូ​ឌី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ជនរងគ្រោះ លោក ឆន ផល្លា ភរិយា និង​សាច់ញាតិ​របស់​លោក ឆន ផល្លា​ ដែរ ប៉ុន្តែ ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។

បើ​តាម​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក គឺ​លោក ឆន ផល្លា ត្រៀម​ប្តឹង​អ្នក​ដែល​ប្រើ​ហិង្សា​លើ​រូប​គាត់​ទៅ​តុលាការ​ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ខ្លួន។

ប៉ុន្តែ លោក ឌិន ខន្នី ថា បើ​ទោះបី​ជនរងគ្រោះ​មិនទាន់​បាន​ប្តឹង គឺ​សមត្ថកិច្ច​គួរតែ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ភ្លាម​ៗ ដោយ​លោក​ចាត់ទុក​ករណី​អំពើ​ហិង្សា​នេះ​ថា ជា​ការប៉ុនប៉ង​មនុស្សឃាត​ដោយចេតនា។

លោក ឌិន ខន្នី បន្ថែម​ថា អ្នកប្រើ​ហិង្សា​មិនមែន​ត្រឹមតែ​គំរាមកំហែង​លើ​ជនរងគ្រោះ​នោះ​ទេ គឺ​បាន​គំរាមកំហែង​វាយ​លើ​សាច់ញាតិ​ជនរងគ្រោះ និង​អ្នក​ដែល​ចង់ទៅ​មើល​ជនរងគ្រោះ​ថែមទៀត។

លោក ឌិន ខន្នី ប្រាប់​ថា៖ «ករណីនេះ​មិនមែន​ជា​ការ​ប្រើ​ហិង្សា​ធម្មតា​ទេ វា​ជា​ការប៉ុនប៉ង​មនុស្សឃាត​ដោយចេតនា​ទៀត ព្រោះថា ​ប្រសិនជា​សាច់​ញាតិ​ជនរងគ្រោះ​ជួយ​មិនទាន់ ​វា​អាច​នឹង​ស្លាប់។ អីចឹង​ហើយ​ជាគោល​ការណ៍​ច្បាប់ បើកាលណា​ជន​ទាំងឡាយ​ណា​គាត់​ប្រព្រឹត្តនូវ​អំ​ពើ​ហិង្សា​ និង​ការប៉ុនប៉ង​មនុស្សឃាត​ដោយចេតនា​ទៅលើ​អ្នកណា​ម្នាក់ ករណី​ហ្នឹង​បណ្តឹង​អាជ្ញា​ត្រូវតែ​មាន​ចំណាត់ការ​ជាបន្ទាន់»។

ស្នងការ​ខេត្តរតនគិរី លោក យិន ចំណាន បាន​ច្រានចោល​នូវ​ការ​អះអាង​ថា មាន​គេ​ប្រើ​អំពើ​ហិង្សា​លើ​លោក ឆន ផល្លា និង​ឡោមព័ទ្ធ​ដោយក្រុម​អ្នកភូមិ និង​កងកម្លាំង​នគរបាល។ លោក​ថា ព័ត៌មាន​នេះ​មិន​ពិត និង​គ្មាន​ការប្រើ​អំពើ​ហិង្សា ឬគំរាមកំហែង​ណាមួយ​ទៅលើ​លោក ឆន ផល្លា នោះ​ឡើយ ហើយ​ថា សមត្ថកិច្ច​ក៏​គ្មាន​វិធានការ​អ្វី​ដែរ។

លោក យិន ចំណាន អះអាង​ថា កាលពី​ម្សិលមិញ លោក ឆន ផល្លា បាន​ទៅ​អុកឡុក​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ ហើយ​ថា ក្នុង​វេទិកា​នោះ លោក ឆន ផល្លា បាន​ប្រើពាក្យ​អសុ​រស​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​បណ្តាល​ឱ្យប្រជាពលរដ្ឋ​ចូលរួម​វេទិកា​នោះ​ខឹង​សម្បា និង​មាន​ជម្លោះ​ពាក្យ​សម្តី​គ្នា ប៉ុន្តែ គ្មាន​អំពើ​ហិង្សា​កើ​តឡើង​ដូច​ការ​លើកឡើង​ឡើយ។

ស្នងការ​រូប​នេះ​បញ្ជាក់​ថា ករណី​លោក ឆន ផល្លា ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​នោះ គឺ​ខាង​គ្រូពេទ្យ​ចេញ​លិខិតបញ្ជាក់​ហើយ​ថា លោក ឆន ផល្លា ពុំ​មាន​ស្លាកស្នាម ឬរបួស​អ្វី​នោះ​ទេ ក្រៅពី​រោគសញ្ញា​បញ្ជាក់​ថា មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម។

លោក យិន ចំណាន បន្ថែម​ថា៖ «គ្មាន​ពីណា​ទៅ​វាយដំច្រំធាក់​គាត់​ទេ។ គាត់​ចេះតែ​ប្រាប់​អ្នកសារព័ត៌មាន​អញ្ចេះ​អញ្ចុះ​ថា មានការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​គាត់ រឿង​ហ្នឹង​មិន​ពិត​ទេ។ ខ្ញុំ​បាន​បកស្រាយ​រួចហើយ គ្មាន​រឿង​អីចឹង​កើតឡើង​ទៅ​លើ ​ឆន​ ផល្លា​ ហ្នឹង​ទេ។ គាត់​ភ័យខ្លា​ចខ្លួន​គាត់។ គាត់​បាន​ពឹង​សមត្ថកិច្ច​ឱ្យជូន​គាត់​មក​ពេទ្យ​ក្រុង​បា​លុង​ ហើយ​ពេទ្យ​ក៏បាន​ចេញ​លិខិតបញ្ជាក់​ត្រឹមត្រូវ​ថា គាត់​គ្មាន​របួស​គ្មាន​ស្នាម​ទេ។ អ្វី​ដែល​គាត់​ឈឺ ​ទី១ លើសឈាម ទី២ ទឹកនោមផ្អែម»។

មេភូមិ​សា​មុ​ត្រ​ក្រោម លោក ខំា ផសាវ៉ា​ត ដែល​ចូលរួម​វេទិកាសាធារណៈ​កាលពី​ម្សិលមិញ អះអាង​ថា ពលរដ្ឋ ៤ភូមិ​នៅ​តំបន់​នោះ​មិន​ពេញចិត្ត​ទង្វើ​របស់​លោក ឆន ផល្លា នោះ​ទេ ដោយ​ថា បុរស​នោះ​បាន​ប្តឹង​គេ​គ្រប់គ្នា។

មេភូមិ​រូប​នេះ អះអាង​ទៀត​ថា វេទិកាសេរី​នេះ អាជ្ញាធរ​មិនបាន​អញ្ជើញលោក ឆន ផល្លា មក​ចូលរួម​ទេ តែ​លោក​ថា លោក ឆន ផល្លា បាន​មក​ចូលរួម​ដោយខ្លួនឯង ហើយ​ឡើង​និយាយ​ខុស​ប្រធានបទ រិះគន់​រឿង​បទល្មើស​ព្រៃឈើ និង​យក​ទូរសព្ទ​ថត​មុខ​អភិបាលស្រុក មេ​ប៉ុស្តិ៍ ក្នុង​វេទិកា​ធ្វើ​ឱ្យ​អ្នកភូមិ​ផ្ទុះ​កំហឹង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ