ហាង​កាហ្វេ​ស្តុប​បូកគោ​ដែល​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​លោក​ កែម​ ឡី ​ផ្អាក​លក់​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​៤​ឆ្នាំ​

ស្ដាម៉ាត់ស្ដុបបូកគោបិទទ្វារអាជីវកម្ម ចំថ្ងៃខួប៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ខណៈមានការយាមដោយក្រុមអាជ្ញាធរខណ្ឌ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ហាងកាហ្វេមួយកន្លែងនៅស្ថានីយប្រេងឥន្ធនៈស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ដែលខ្មាន់កំាភ្លើងបាញ់សម្លាប់អ្នកវិភាគនយោបាយល្បីឈ្មោះ លោក កែម ឡី បានបិទទ្វារមិនទទួលអតិថិជននោះ​ឡើយ​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ចំ​ថ្ងៃ​ខួប ៤ឆ្នាំនៃការបាញ់សម្លាប់ ខណៈអាជ្ញាធរដាក់ពង្រាយកម្លាំងជុំវិញនោះ ដើម្បីរឹតបន្តឹងសន្តិសុខ។

កម្លាំងសមត្ថកិច្ចរាប់សិបនាក់ត្រូវបានគេដាក់ពង្រឹង​នៅជុំវិញបរិវេណ​ស្តាម៉ាត ស្ថិតនៅ​ម្ដុំ​ស្តុបបូកគោ ហើយ​ខ្លះទៀតអង្គុយជាក្រុមៗលើរថយន្ត​ក្នុងលក្ខណៈប្រុងជើងការ ខណៈ៣​ឆ្នាំជាប់គ្នាមកនេះ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកគាំទ្រលោក កែម ឡី បានទៅជួបជុំគ្នាពិសាកាហ្វេនៅទីនោះ និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធលោក កែម ឡី តាមបែបសាសនា។

ប៉ុន្តែ ការដាក់ពង្រាយកងកម្លាំង រួមទាំងការបិទទ្វារស្តាម៉ាតនេះ គ្មានវត្តមានក្រុមអង្គការសង្គមស៊ីវិលអា​ច​ទៅដាក់​កម្រងផ្ការំឭកខួប ៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម​ ឡី នៅទីតាំងស្តុបបូកគោនេះបា​ន​​ទេ។

លោក ព្រាប កុល ដែល​ប្រាប់​ថា លោក​គឺ​ជា​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ក្រោយ​ពីលោក​បញ្ចប់​អាណត្តិ​ដឹកនាំ​នៅ​អង្គការ​តម្លាភាព​កម្ពុជា​នោះ បាន​បង្ហាញ​វត្តមាន​​នៅ​ឯ​ស្តា​ម៉ាត​នោះ​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​នេះ​ ដើម្បី​ទិញ​កាហ្វេ ២​កែវ​ និង​អង្គុយ​ញ៉ាំ​នៅ​ទីនោះ ប៉ុន្តែ ស្តាម៉ាត​មួយ​នេះមិន​បាន​បើក​លក់​ដូរ​ទេ។

លោក ព្រាប កុល បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកគ្រាន់​តែ​​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ទីនោះ​ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​​មុន​។

លោក ព្រាប កុល ប្រាប់​ថា​៖ «ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែររាប់លាននាក់ សុទ្ធតែចង់ឱ្យ​បង្ហាញភស្តុតាង និងផ្តល់យុត្តិធម៌ឱ្យ​គាត់បានស្ងប់ចិត្តទាំងអស់គ្នា ពិសេសក្រុមគ្រួសារលោកបណ្ឌិត កែម ឡី»

VOD បាន​ស្វែង​រក​ការ​បក​ស្រាយ​ពី​ម្ចាស់ស្ថានីយប្រេងឥន្ធនៈ​ស្តុបបូកគោ ប៉ុន្តែ បុរស​ម្នាក់​​ដែល​លើក​ទូរស័ព្ទ បាន​ប្រាប់​ថា ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​នេះមិននៅកន្លែង​ធ្វើការ​នោះ​ឡើយ។

លោកថា៖ «ខ្ញុំអត់ដឹងដែរ ព្រោះខ្ញុំជំនួសគាត់ ដោយសារគាត់ទៅក្រសួងថ្ងៃហ្នឹង»

ប៉ុន្តែ បើតាមលិខិតរបស់អាជ្ញាធរខណ្ឌចំការមនចុះថ្ងៃទី៨ ខែកក្កដានេះ បានអះអាងថា ម្ចាស់ស្ថានីយប្រេងឥ​​ន្ធនៈកាល់តិច បានស្នើសុំអាជ្ញាធរជួយចាត់វិធានការដើម្បីធានាអាជីវកម្មរបស់ខ្លួន ខណៈមានព័ត៌មា​ន​​ថា ​នឹងមានការជួបជុំគ្នាប្រារព្ធខួបលោក កែម ឡី នៅទីនោះរយៈពេល​ ២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែកក្ក​ដា​​នេះ។

រដ្ឋបាលខណ្ឌចំការមន និយាយក្នុងលិខិតនោះថា អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការមិនឱ្យមា​ន​​ការជួបជុំនៅស្ថានីយប្រេងឥន្ធនៈ​កាល់តិចនោះ ក្រោ​ម​​ហេតុផលថា «ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងស្តាម៉ាត​ម្ដុំ​ស្តុបបូកគោ ហើយ​មាន​តែ​បុរស​ម្នាក់​ឈ្មោះ​ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​គត់ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

នាយករងអង្គការលីកាដូ លោក អំ សំអាត និយាយថា វិធានការរឹតបណ្តឹងសេរីភាពជួបជុំ និងបែបសាសនាជាការប៉ះពាល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។

លោក អំ សំអាត ប្រាប់ថា៖ «ខ្ញុំជឿថា គេ[អឺរ៉ុប]អាចនឹងដាក់បន្ទុក​សម្រាប់ការបំបិទសេរីភាពសម្រាប់ពលរដ្ឋបន្ថែមទៀត ដោ​យសារតែអាជ្ញាធរដែលបានរារាំង។ អាជ្ញាធរជាអ្នកបង្ក ជាអ្នកធ្វើសកម្មភាព តែរដ្ឋាភិបាល​​​ជា​​អ្ន​ក​ទ​​ទួ​លនូវការរិះគន់»

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ៣០ស្ថាប័ន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដើម្បី​ស្វែងរក​យុត្តិធម៌​នៅក្នុង​សំណុំរឿង​ឃាតកម្ម​មួយ​នេះ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅថ្ងៃនេះ តាមរយៈហ្វេសប៊ុករបស់ខ្លួន បានជំរុញ​ជាថ្មីទៀត​​ទៅ​អាជ្ញាធរ​កម្ពុជាឱ្យធ្វើ​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី កាលពី៤ឆ្នាំមុន។

សហរដ្ឋអាមេរិកចាត់ទុក​លោក កែម ឡី គឺជា​បុគ្គល​គួរ​ឱ្យ​គោរព​«យ៉ាង​ជ្រាលជ្រៅ» ជា​អ្នកចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បកស្រាយ​ការពិត​ដោយ​គ្មាន​ភាព​ភ័យខ្លាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ