ទូត​​​អាមេរិក​​​ជំរុញ​​​ជា​​ថ្មី​​​ទៅ​​​អាជ្ញាធរ​​​កម្ពុជា​ឱ្យ​​​ស៊ើប​អង្កេត​​​«ពេញ​​លេញ​»​ឃាត​កម្ម​លើ​​លោក​ កែម ឡី​

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (រូបថត៖ស៊ុន ណារិន)

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ជំរុញ​សារ​ជាថ្មី​ទៅ​អាជ្ញាធរ​កម្ពុជាឱ្យធ្វើ​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី កាលពី៤ឆ្នាំមុន។

លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចាត់ទុក​លោក កែម ឡី គឺជា​បុគ្គល​គួរ​ឱ្យ​គោរព​«យ៉ាង​ជ្រាលជ្រៅ»ជា​អ្នកចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បកស្រាយ​ការពិត​ដោយ​គ្មាន​ភាព​ភ័យខ្លាច។

ខណៈ​ដែល​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​រូប​នេះបាន​កន្លង​ផុត​ទៅ ៤ឆ្នាំ​ហើយ​នោះ ស្ថានទូត​អាមេរិក​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ និង​ប្រកបដោយ​តម្លាភាព​ក្នុង​សំណុំរឿង​មួយ​នេះ។

ក្រៅពី​ស្ថានទូត​អាមេរិក ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ៣០ស្ថាប័ន ក៏បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដើម្បី​ស្វែងរក​យុត្តិធម៌​នៅក្នុង​សំណុំរឿង​ឃាតកម្ម​មួយ​នេះ។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កំាំ​ភ្លើង​បាញ់សម្លាប់​ទាំង​កណ្ដាលថ្ងៃ​ចែស​នៅក្នុង​ម៉ាត​មួយ​កន្លែង​ស្ថិត​នៅបរិវេណ​ស្ថានីយប្រេងឥន្ធនៈ​នៅ​ម្ដុំ​ស្តុ​បបូ​កគោ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ប៉ុន្តែ ឆ្លើយតប​នឹង​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ច្រានចោល​ការ​ទាមទារ​របស់​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងនោះ ដោយ​ចាត់ទុក​ការ​ទាមទារ​នោះ​ជា​ការ​ធ្វើនយោបាយ​លើ​សព​លោក កែម ឡី។

មានតែ​បុរស​ម្នាក់​គត់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប​ សម្លាប់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បា​នភ្លាមៗ​ក្រោយ​ឃាតកម្ម​កើតឡើង ហើយ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​នៅក្នុង​សំណុំរឿង​ឃាតកម្ម​មួយ​នេះ។

សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី ត្រូវ​បាន​បំបែក​ជា​ពីរ មួយ​គឺ​ផ្តោត​លើ​បុគ្គល​ឈ្មោះ អឿត អាង និង​មួយទៀត​ផ្តោត​លើ​ការស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយខ្នង​បុគ្គល​នេះ។

បុគ្គល អឿត អាង ត្រូវ​បាន​តុលាការ​កំពូល​ផ្តន្ទា​ទោស​ឱ្យ​ជាប់គុក១ជីវិត កាលពី​ខែឧសភា​ឆ្នាំ២០១៩។ ចំណែក​ឯសំណុំរឿង​មួយទៀត​ស្ថិតនៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ។ សាច់ញាតិ និង​អ្នកគាំទ្រ​របស់​លោក កែម ឡី នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​វែកមុខ​រក​អ្នក​នៅ​ពីក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ