សកម្មជនព្រៃឈើមួយរូបនៅខេត្តរតនគិរី បានបង្ហាញការខកចិត្តទៅនឹងតុលាការខេត្តនេះ ដែលបានយកបណ្ដឹងប្រឆាំងរូបលោកមកដំណើរការនីតិវិធីមុនបណ្ដឹងលោកទៅវិញ។
ក្នុងដីកាកោះចេញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី លោក រ៉ា បូរ៉ាន់ឌី បានកោះហៅសកម្មជនព្រៃឈើ លោក ឆន ផល្លា ឱ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែសីហាខាងមុខ ជុំវិញបណ្ដឹងមួយដែលចោទថា សកម្មជនការពារព្រៃឈើរូបនេះបាន«អុកឡុក»វេទិកាសាធារណៈមួយដែលរៀបចំឡើងដោយក្រុមប្រឹក្សាស្រុកលំផាត់កាលពីថ្ងៃទី៨ ខែកក្កដា។
អភិបាលស្រុកលំផាត់ លោក នូ ថេរ សុំមិនធ្វើការបកស្រាយជុំវិញសំណួរអ្នកសារព័ត៌មាន ដែលចោទសួរថា តើអ្នកណាជាអ្នកប្តឹងលោក ឆន ផល្លា ហើយលោកបង្វែរសំណួរនេះឱ្យទៅសួរតុលាការវិញ។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី លោក រ៉ា បូរ៉ាន់ឌី ប្រាប់ថា បណ្ដឹងប្រឆាំងនឹងលោក ផល្លា មានប្រភពចេញពីរដ្ឋបាលស្រុកលំផាត់ ប៉ុន្តែលោកប្រាប់ថា លោកត្រូវការស្រាវជ្រាវបន្ថែមទៀតជុំវិញបណ្ដឹងនេះ។
លោក ឆន ផល្លា ប្រាប់វីអូឌីនៅថ្ងៃនេះថា លោកនឹងចូលបំភ្លឺនៅក្នុងតុលាការ ដោយរក្សាជំហរថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
លោក ឆន ផល្លា ប្រាប់ថា៖ «វាអត់មានយុត្តិធម៌ទេសម្រាប់ខ្លួនខ្ញុំ ប៉ុន្តែខ្ញុំនៅតែការពារព្រៃបន្តទៀត។ ខ្ញុំនឹងធ្វើការតតាំងជាមួយគាត់នៅស្ថាប័នតុលាការបន្តទៅទៀត ដើម្បីវែកមុខរកជនល្មើសពិតប្រាកដ ដើម្បីធ្វើតាមនីតិវិធីច្បាប់»។
សកម្មជនព្រៃឈើរូបនេះបានប្រាប់វីអូឌីថា លោកត្រូវបានមនុស្សមួយក្រុមព្រួតវាយកាលពីថ្ងៃទី៨ ខែកក្កដា នៅក្នុងវេទិកាសាធារណៈមួយនៅចំពោះមុខអភិបាលស្រុកលំផាត់ លោក នូ ថេរ។
មួយថ្ងៃក្រោយមក សកម្មជនព្រៃឈើម្នាក់ទៀត លោក កែវ ហ្វើញ រស់នៅក្នុងភូមិសាមុត្រក្រោម នៅឃុំសេដា ត្រូវបានរកឃើញមានរបួសពោះនៅឯចម្ការរបស់គាត់ ដោយសាររងសម្ពាធ ក្រោយចូលរួមក្នុងវេទិកាសាធារណៈនោះជាមួយលោក ផល្លា ផងដែរ។
លោក ឆន ផល្លា និងអ្នកភូមិ៦នាក់ផ្សេងទៀតដែលចូលរួមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងបទល្មើសព្រៃឈើនៅឃុំសេដា បានគេចខ្លួនចេញពីភូមិរបស់ពួកគេចាប់តាំងពីថ្ងៃទី៩ ខែកក្កដារហូតមកដល់បច្ចុប្បន្ននេះ។
លោក ផល្លា បានសម្រេចដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី២០ ខែកក្កដានេះ ប្រឆាំងនឹងមនុស្ស១៦នាក់ ក្នុងនោះមានមន្ត្រីមូលដ្ឋាននិងពលរដ្ឋនៅស្រុកលំផាត់ ដោយចោទថា បានប្រើអំពើហិង្សានិងគំរាមកំហែងទៅលើរូបលោក។
សកម្មជនព្រៃឈើរូបនេះ បានបង្ហាញអារម្មណ៍ខកចិត្តបន្ទាប់ពីបានឃើញតុលាការខេត្តរតនគិរីចាត់ការបណ្ដឹងប្រឆាំងរូបលោក ខណៈលោកមិនទាន់បានឃើញបណ្ដឹងរបស់លោកត្រូវបានតុលាការចាត់ការនោះឡើយ។
លោក រ៉ា បូរ៉ាន់ឌី ប្រាប់ថា តុលាការនឹងពិនិត្យបណ្ដឹងផ្សេងទៀតដូចគ្នា ប៉ុន្តែលោកថា លោកមិនបានដឹងថា តុលាការបានបញ្ជូនចេញហើយឬនៅទេ។
លោក រ៉ា ប៉ូរ៉ាន់ឌី ប្រាប់ថា៖ «ដាក់មក គេទទួលហើយ ប៉ុន្តែគ្រាន់តែថា ខាងរដ្ឋបាលបញ្ជូនចេញឬនៅ ខ្ញុំមិនទាន់ដឹងទេ ឃើញគាត់ប្តឹងប៉ុន្មាននាក់ហើយ ចូលមកតុលាការ លោកព្រះរាជអាជ្ញាគាត់បានចាត់តាំងតំណាងអយ្យការ។ ដូចគ្នា! យើងធ្វើការចាត់ការដូចគ្នា យើងពិនិត្យលើអង្គហេតុ ពិនិត្យលើភស្តុតាងដូចគ្នា»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលតាមដានករណីនេះ អះអាងថា លោក ឆន ផល្លា មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ដោយសារនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកនោះ អ្នកសម្របសម្រួលវេទិកាបានអនុញ្ញាតឱ្យលោក ផល្លា លើកពីបញ្ហាប្រឈមនានា ដូចជា ការបំផ្លាញព្រៃឈើនិងការលក់ដីសហគមន៍ជនជាតិដើមភាគតិច។
អ្នកការពារសិទ្ធិមនុស្សរូបនេះ បានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ ចុះស្រាវជ្រាវករណីនេះប្រកបដោយគោលការណ៍អព្យាក្រឹត្យឥតលម្អៀង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
លោក ស៊ឹង សែនករុណា និយាយថា៖ «បើសិនជាទៅ [អាជ្ញាធរពាក់ព័ន្ធនៅថ្នាក់ជាតិ] ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់ ត្រឹមត្រូវ អនុវត្ត និងចាត់វិធានការច្បាប់តាមតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ខ្ញុំគិតថា យុត្តិធម៌សម្រាប់ក្រុមអ្នកភូមិដែលជាអ្នកការពារព្រៃឈើឬក៏លោក ផល្លា អាចរកបានយុត្តិធម៌ហើយ។ បើសិនជាមិនបានធ្វើអ៊ីចឹងទេ ខ្ញុំគិតថា រឿងទាំងអស់វាមិនខុសគ្នាទេ តាំងពីថ្នាក់ក្រោមជាតិមកដល់ថ្នាក់ជាតិ គឺក្រុមគេមើលឃើញថាជាក្រុមតែមួយ»។
មានវ័យ៤២ឆ្នាំ លោក ឆន ផល្លា បានចូលរួមការពារព្រៃឈើតាំងពីឆ្នាំ២០១៦។ ចាប់តាំងពីឆ្នាំ២០១៧មក លោកអះអាងថា បានដាក់ពាក្យប្តឹងដល់ទៅ៨ករណីទៅតុលាការប្រឆាំងនឹងមន្ត្រីមូលដ្ឋាន និងពលរដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងការទន្រ្ទានដីសហគមន៍ ប៉ុន្តែលោកថា ប្រមាណ៤ឆ្នាំមកនេះ គ្មានបណ្ដឹងណាមួយរបស់លោកត្រូវបានចាត់ការនោះឡើយ៕