កម្មករនិយោជិតជាង ៤០នាក់ ធ្វើការនៅភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប បានបន្តការតវ៉ានៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យខាងភាគីក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា សងប្រាក់ឈ្នួល២០ភាគរយ និងប្រាក់ថ្លៃអាហារប្រចាំខែ ដែលភាគីក្រុមហ៊ុនបានកាត់ពីពួកគេកន្លងមក រួមនិងលក្ខខណ្ឌការងារមួយចំនួនទៀត។
អ្នកស្រី រិទ្ធ ស៊ីមល អាយុ ៣៦ឆ្នាំ ជាគ្រូសម្ដែងរបាំបុរាណនៅភូមិវប្បធម៌កម្ពុជា បានប្រាប់វីអូឌីថា ពួកគាត់បាននាំគ្នាធ្វើកូដកម្មតវ៉ា ចាប់តាំងពីថ្ងៃទី១៤ និងទី១៥ ខែសីហាមក ដោយទាមទារឱ្យភាគីក្រុមហ៊ុន ដោះស្រាយវិវាទការងារ ៣ចំណុច។
អ្នកស្រីបន្តថា ការទាមទារ៣ចំណុចរបស់កម្មករនិយោជិត រួមមាន ទាមទារឱ្យនិយោជកចូលចរចាអនុសញ្ញារួមជាមួយសហជីពដោយស្មោះត្រង់, រក្សាការិយាល័យសិល្ប: និងតួនាទីរបស់កម្មករនិយោជិតចំនួន ៥នាក់ ដែលធ្វើការក្នុងការិយាល័យនោះនៅដដែល ដោយគ្មានការផ្លាស់ប្តូរ និងទាមទារប្រាក់ថ្លៃអាហារប្រចាំខែ ២៥ដុល្លារ និងប្រាក់ខែ ២០ភាគរយ ដែលក្រុមហ៊ុនបានកាត់ពីកម្មករនិយោជិតកន្លងមក។
អ្នកស្រីបានបញ្ជាក់ថា៖ «ពួកខ្ញុំទាំងអស់គ្នាតាំងចិត្តថាតវ៉ាទាល់តែមានដំណោះស្រាយ»។
អ្នកសម្ដែងសិល្បៈមួយរូបទៀត អ្នកស្រី សុខ ស្រីមុំ បានឱ្យដឹងដែរថា ចាប់តាំងពីកម្មករនិយោជិតបានធ្វើការតវ៉ានោះមក ខាងអាជ្ញាធរខេត្ត ក៏បានសម្របសម្រួលឱ្យមានការចរចារវាងភាគីទាំងពីរដែរ ប៉ុន្តែនៅមិនទាន់មានលទ្ធផលនៅឡើយ ទើបពួកគាត់បន្តការតវ៉ា នៅថ្ងៃចន្ទនេះទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយឆាប់ៗ។
អ្នកស្រី បាននិយាយថា៖ «បញ្ហាបីខាងលើនេះ និយាយរួមទៅ គាត់អត់ទាន់មានដំណោះស្រាយអីឱ្យពួកខ្ញុំទេ! បើមានក៏ពួកខ្ញុំអត់មកអង្គុយស្រែកអីចឹងដែរ។
អតីតប្រធានការិយាល័យភូមិវប្បធម៌កម្ពុជា លោក លឹម សុផា បានប្រាប់វីអូឌីថា គិតមកដល់រសៀលថ្ងៃចន្ទនេះ ខាងភាគីក្រុមហ៊ុននៅមិនទាន់ការឆ្លើយតបណាមួយចំពោះការទាមទាររបស់កម្មករនៅឡើយ។
អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក អ៊ឹម ចំរើន បានបដិសេធអត្ថាធិប្បាយ ដោយប្រាប់ថាជាប់ប្រជុំរកដំណោះស្រាយលើករណីនេះ។
វីអូឌី ពុំអាចស្វែងរកការបញ្ជាក់ពីប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា លោកស្រី លឹម សុភ័ក្រ និងអនុប្រធានគ្រប់គ្រងទូទៅ លោក ទូច សុជាតិ បានទេ។
ប៉ុន្តែតំណាងភាគីនិយោជកក្រុមហ៊ុនភូមិវប្បធម៌ទាំងពីររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃម្សិលមិញថា ភាគីនិយោជក មិនមានចេតនាណាមួយគេចវេសការដោះស្រាយជាមួយកម្មករនោះទេ ខណៈការចរចារកដំណោះស្រាយបានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែនៅពុំទាន់មានការឯកភាពគ្នា។
ភាគីក្រុមហ៊ុន បានបន្តថា និយោជកភូមិវប្បធម៌កម្ពុជា នៅតែបង្ហាញគោលជំហរក្នុងការចូលរួមដោះស្រាយវិវាទការងារនេះឱ្យបានឆាប់បំផុត។
ភាគីក្រុមហ៊ុន បានបញ្ជាក់ពីមូលហេតុថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យចំណូលក្រុមហ៊ុនមានការធ្លាក់ចុះ ប៉ុន្តែដើម្បីរក្សាការងាររបស់កម្មករនិយោជិតជាង ៣០០នាក់ ដែលធ្វើការនៅទីនោះ ទើបខាងក្រុមហ៊ុនសម្រេចផ្តល់ប្រាក់បៀវត្សរ៍៨០% និងកាត់បន្ថយម៉ោងការងារពី ៨ម៉ោង មក៦ម៉ោងកន្លះក្នុងមួយថ្ងៃ ដោយមានការយល់ព្រមពីកម្មករនិយោជិតភាគច្រើន លើកលែងតែកម្មករនិយោជិតជាង ៤០នាក់ ដែលផ្ទុះការតវ៉ានេះ៕
ចំណាំ៖ «ការស្រាវជ្រាវនេះ ផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖