បទ​យក​ការណ៍​៖​ ក្រោម​ស្រមោល​អគារ​ស្កឹម​ស្កៃ​ អ្នក​នេសាទ​កំពុង​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​

ទូកនេសាទមួយគ្រឿងត្រូវបានដាក់ទុកនៅក្បែរច្រាំងទន្លេនៅតំបន់ជ្រោយចង្វារ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

យ៉ាន ឃូវរី បានចេញទៅនេសាទត្រីរហូតដល់ម៉ោង៧ព្រឹក កាលពីថ្ងៃអង្គារសប្តាហ៍មុន។ គាត់បានចេញដំណើរនៅព្រឹកមុននោះ​មួយថ្ងៃ​ ដោយចេញទៅរកត្រីនៅលើផ្ទៃ​ទឹកក្បែរកោះដាច់ទាំងយប់ទាំងថ្ងៃ។

គាត់ត្រឡប់មកវិញបានត្រីតែពីរក្បាលប៉ុណ្ណោះ។ ក្រោយមកទៀត នៅព្រឹកថ្ងៃអង្គារ ម៉ោងប្រហែល១០ គាត់បានរៀបចំចេញទៅបំពេញកិច្ចការដដែលម្តងទៀត។

លោក ឃូវរី បាននិយាយថា៖ «លំបាកណាស់! រាល់ថ្ងៃហ្នឹង លំបាកណាស់។ ជិតដល់ខែតុលាហើយ មើលទឹកទៅ»។

កាលពីសប្តាហ៍មុន ទន្លេមេគង្គមានជម្រៅ៤ម៉ែត្រ នៅតំបន់ចតុមុខក្នុងរាជធានីភ្នំពេញ។ ជាមធ្យមនៅពេលនេះ ជម្រៅទឹកស្ថិតនៅកម្រិត៩ម៉ែត្រ។ ក្នុងឆ្នាំ១៩៩៨ នៅពេលក្រសួងធនធានទឹកកត់ត្រា ជម្រៅទឹកទាបបំផុតពេលនោះមានរហូតដល់៧,៤ម៉ែត្រ។

លោក យ៉ាន ឃូវរី (រូបកណ្តាល) ត្រៀមចេញទៅនេសាទនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

លោក ឃូវរី បានពោលទៀតថា៖ «ទឹកកាន់តែរាក់ មានត្រីកាន់តែតិច។ យើងរកបានតែហូបនៅពេលព្រឹក តែពេលល្ងាចអត់មានអីទេ»។

ក្នុងរយៈពេលជាច្រើនទសវត្សមកហើយ គ្រួសារជនជាតិចាមដែលមានមុខរបរនេសាទត្រីនៅតំបន់ជ្រោយចង្វារក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមតាំងលំនៅឋានរបស់ខ្លួននិងពង្រីកទៅភាគខាងត្បូង ដែលសព្វថ្ងៃមានប្រជាជនរស់នៅប្រហែល១៥០០នាក់។ នេះបើយោងតាមទិន្នន័យដែលផ្តល់ឱ្យដោយប្រធានភូមិ។

ពួកគាត់ចតទូកនៅក្រោមម្លប់អគារសណ្ឋាគារទំនើប សុខា ដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គនិងទន្លេសាប នៅក្បែរច្រាំងតូចមួយ ក្នុងចន្លោះរវាងចំណតកំពង់ចម្លងជ្រោយចង្វារនិងផ្លូវទៅទិសខាងជើងភាគខាងកើត។

ឆ្នាំនេះ ដោយសារតែកម្ពស់ទឹកទាប គ្រួសារទាំងនោះព្រួយបារម្ភថា ចុងក្រោយពួកគាត់នឹងត្រូវចាកចេញពីទីនោះ ដោយសារតែអាជ្ញាធរមូលដ្ឋានគំរាមបណ្តេញពួកគាត់ចេញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជនមួយ ហើយត្រូវស្វែងរកច្រាំងថ្មីនៅក្បែរនោះ ប៉ុន្តែប្រហែលជាគ្មានទេ។

វ៉ាយ យ៉ូ អាយុ៦០ឆ្នាំ ជាប្រធានភូមិ បានមកដល់តំបន់ជ្រោយចង្វារភាគខាងត្បូងនេះក្នុងឆ្នាំ២០១០ បន្ទាប់ពីមានសកម្មភាពបំភិតបំភ័យដដែលៗជាច្រើនឆ្នាំ។ លោកបានរស់នៅក្នុងតំបន់ជ្រោយចង្វារនេះតាំងពីចាកចេញពីរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ ប៉ុន្តែនេះប្រហែលជាកន្លែងចុងក្រោយហើយសម្រាប់លោក។

អង្គុយក្រោមដំបូលតង់ លោកបានមានប្រសាសន៍ថា៖ «រៀងរាល់ខែកញ្ញា ទឹកឡើងលិចតំបន់នេះ។ តែឆ្នាំនេះ គ្មានទឹកទេ»។

អ្នកភូមិម្នាក់លើកដៃកម្ពស់ត្រឹមស្មា ដើម្បីបង្ហាញកម្ពស់ទឹកជាមធ្យមនៅពេលនេះក្នុងឆ្នាំមុន។ ប៉ុន្តែឆ្នាំនេះ ច្រាំងនៅឆ្ងាយពីទឹកប្រហែល៥០ម៉ែត្រ។

អ្នកនេសាទជនជាតិចាមម្នាក់ឈរលើទូករបស់គាត់ ក្នុងតំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

លោក យ៉ូ បានមានប្រសាសន៍ថា៖ «គ្រប់គ្នា​នៅក្នុងភូមិនេះគឺជាអ្នកនេសាទ ដូច្នេះម្នាក់ៗទទួលរងនូវ​ផលប៉ះពាល់»។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លោក អ៊ំ សាវ៉ាត បានបង្ហាញក្តីបារម្ភរបស់លោកផងដែរ។ លោកបានលើកឡើងថា ខែកញ្ញាគួរតែជាខែដែលមានកម្ពស់ទឹកខ្ពស់បំផុតនៅក្នុងទន្លេនៃតំបន់មេគង្គ ប៉ុន្តែទឹកទន្លេឡើងតិចណាស់ក្នុងឆ្នាំនេះ ហើយថា ប្រជាជនប្រមាណជា៦០លាននាក់រស់ពឹងលើទន្លេដើម្បីជីវភាពរស់នៅរបស់ពួកគេ។

លោក សាវ៉ាត បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលនឹងនិយាយថា វាជាផលប៉ះពាល់នៃកត្តាប្រែប្រួលអាកាសធាតុ»។

ប៉ុន្តែលោកមិនយល់ស្របទេ។ លោកលើកឡើងថា ទំនប់វារីអគ្គិសនីដែលសាងសង់នៅផ្នែកខាងលើ ជាពិសេសនៅប្រទេសឡាវនិងចិន បានកាត់ផ្តាច់ចរន្តទឹកនៅលើទន្លេមេគង្គ ដែលនេះជាទស្សនៈមួយសមស្របតាមរបាយការណ៍ថ្មីមួយ។ វាក៏ប៉ះពាល់ដល់ទន្លេសាបផងដែរ ដែលជាធម្មតាទឹកតែងតែលិចព្រៃនៅជុំវិញជារៀងរាល់ឆ្នាំ ដែលអំណោយផលដល់ត្រីក្នុងការបន្តពូជ។

លោក សាវ៉ាត បានលើកឡើងថា បឹងនេះបច្ចុប្បន្នមានជម្រៅប្រហែល៤ម៉ែត្រ ទាបជាងជម្រៅទឹកឆ្នាំកន្លងមកជាងពាក់កណ្តាល។

ប៉ុន្តែនៅសហគមន៍ជ្រោយចង្វារ បញ្ហាខ្វះខាតត្រីមិនមែនជាក្តីព្រួយបារម្ភតែមួយមុខទេ។

កាលពីខែមេសា មន្ត្រីក្រុងនិងខណ្ឌបានចុះទៅបណ្តេញគ្រួសារប្រជាជននៅទីនោះ។ លោក យ៉ូ ប្រធានភូមិ បានឱ្យដឹងថា លោកបានអង្វរមន្ត្រីទាំងនោះ ដើម្បីសុំការអនុញ្ញាតឱ្យស្នាក់នៅទីនោះបន្តទៀត ប៉ុន្តែអ្នករាល់គ្នាដឹងថា មិនដឹងជាពេលណារឿងនេះកើតឡើងម្តងទៀតទេ។

អ្នកស្រី សូស ណុប អាយុ៤៩ឆ្នាំ ភរិយារបស់លោក យ៉ូ បានលើកឡើងថា វិធានការបណ្តេញចេញអនុវត្តបន្តិចម្តងៗ តែងតែដក់ជាប់ក្នុងចិត្តរបស់ពួកគាត់។

អ្នកស្រីបាននិយាយថា៖ «ពួកយើងដេករាល់ថ្ងៃហ្នឹង គិតតែពីព្រួយ មិនដឹងជាពេលណាពួកយើងត្រូវគេបណ្តេញចេញទេ ហើយមិនដឹងជាត្រូវទៅរស់នៅឯណាទេ»។

លោក យ៉ូ បានមានប្រសាសន៍ថា៖ «ពេលហូបក៏គិតពីរឿងហ្នឹង ពេលដេកក៏គិតពីរឿងហ្នឹង។ ដីនេះជារបស់អ្នកមានអំណាច អ៊ីចឹងយើងមិនដឹងជាឃាត់គេយ៉ាងម៉េចទេ»។

លោកលើកឡើងថា សហគមន៍នេះបានស្វែងរកច្រាំងទន្លេនៅក្បែរៗនោះដែរ ដើម្បីរកកន្លែងជ្រកថ្មី ប៉ុន្តែគ្រប់កន្លែងហាក់ដូចជាត្រូវបានកាន់កាប់ដោយអ្នកមានរួចទៅហើយ។

លោកមានប្រសាសន៍ថា៖ «ទៅឆ្វេង មានម្ចាស់ហើយ។ ទៅស្តាំ មានម្ចាស់ហើយ។ អ៊ីចឹង យើងទៅណា? គ្រប់កន្លែងនៃច្រាំងហ្នឹងសុទ្ធតែជារបស់គេទាំងអស់។ ទឹកនេះក៏ជារបស់គេដែរ។ គេឱ្យអ្នកក្រចេញ ហើយអគាររបស់អ្នកមានលេចឡើង។ គេមិនឱ្យអ្នកក្រនៅក្បែរអ្នកមានទេ»។

លោក យ៉ូ បន្ថែមថា សហគមន៍មិនចង់បានច្រើនទេ ក្រៅពីកន្លែងមួយសម្រាប់ចតទូករបស់ពួកគាត់ ហើយក្បែរនោះមានវិហារនិងមានសាលារៀន។

លោកនិយាយថា៖ «ឈប់គិតរឿងអ្នកជំនាន់ខ្ញុំ។ ពួកយើងគ្រាន់តែចង់បានកន្លែងមួយ​សម្រាប់កូនចៅរបស់ពួកយើងប៉ុណ្ណោះ»។

ស្ថានភាពទឹកទន្លេមេគង្គនៅតំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

លោក កង បញ្ញា ចៅសង្កាត់ជ្រោយចង្វារ បានឱ្យដឹងថា អាជ្ញាធរបានជូនដំណឹងពីរបីដងរួចមកហើយដល់ប្រជាពលរដ្ឋមូលដ្ឋាន អំពីវិធានការបណ្តេញចេញនៅពេលខាងមុខ។

លោក បញ្ញា បានមានប្រសាសន៍ថា៖ «ខណ្ឌបានចេញសេចក្តីជូនដំណឹង តាមសេចក្តីណែនាំរបស់អភិបាលរាជធានីភ្នំពេញ។ [ក្រុមហ៊ុន Booyoung Group] បានទិញដីនេះជាយូរមកហើយសម្រាប់គម្រោងអភិវឌ្ឍន៍។ ប្រជាពលរដ្ឋបានសុំរស់នៅទីនោះជាបណ្តោះអាសន្ននៅលើដីមិនទាន់ប្រើប្រាស់»។

បុគ្គលិកដែលកាន់លេខទូរសព្ទខ្មែរក្នុងបញ្ជីរបស់ក្រុមហ៊ុន Booyoung ដែលជាក្រុមហ៊ុនពហុជំនួញកូរ៉េខាងត្បូង បានបិទទូរសព្ទនៅពេលអ្នកសារព័ត៌មានហៅចូល ហើយលោក ឃ្លាំង ហួត អភិបាលខណ្ឌ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ។

លោក ណាស លី អាយុ៥៤ឆ្នាំ នៅតំបន់ជ្រោយចង្វារ បានស្វែងរកច្រាំងទន្លទាំងក្តីព្រួយបារម្ភ។ លោកបានលើកឡើងថា ទូកពីររបស់លោកត្រូវបានគេលួចកាលពីយប់។

នៅពេលសួរថា តើលោកបានសុំឱ្យនគរបាលជួយដែរឬទេ លោកសើច ដោយលើកឡើងថា៖ «គេនឹងនិយាយថា “យើងនឹងជួយរកឱ្យ” តែមែនទែនទៅ តើពេលណាបានគេរកឱ្យ?»។

អ្នកនេសាទជនជាតិចាមមួយរូបបើកទូករបស់គាត់ នៅតំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

លោក ឃូវរី លើកឡើងថា លោកត្រូវផ្លាស់ចេញទៅកន្លែងណាដែល​គាត់អាចទៅបាន។ នៅពេលគាត់ចង់ចតទូករបស់គាត់នៅក្បែរមាត់ទន្លេក្នុងរាជធានី ដើម្បីយកត្រីរបស់គាត់ទៅលក់នៅផ្សារ គាត់ត្រូវបានគេប្រាប់ឱ្យចាកចេញ។ ប្រសិនបើគាត់ចង់ដាក់កូនៗរបស់គាត់ចេញពីទូកឱ្យទៅរៀននៅឯសាលា គាត់ក៏ត្រូវបានគេបដិសេធទៀត។

លោកបានលើកឡើងថា លោកមានអារម្មណ៍ដូចជាលោកមិនទទួលបានការគោរពជាមនុស្សទេ។ លោកបាននិយាយថា៖ «តែយើងត្រូវតែប្រឈមនឹងរឿងនេះ»។

លោកបន្តថា៖ «វាជាជីវិតរបស់យើង។ យើងក្រ។ នៅពេលយើងគ្មានអំណាច គេធ្វើបាបយើង»។

លោកដឹងថា រូបលោក ប្រពន្ធ និងកូនៗបីនាក់របស់លោក ម្នាក់អាយុ៣ឆ្នាំ ម្នាក់អាយុ៥ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំ នឹងត្រូវចាកចេញម្តងទៀតក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានរស់នៅតំបន់ជ្រោយចង្វារនេះអស់រយៈពេលប្រាំមួយឆ្នាំ។ លោកចង់បានផ្ទះអចិន្ត្រៃយ៍មួយ ប៉ុន្តែលោកមានក្តីសង្ឃឹមតិចតួចណាស់។

នៅពេលសួរអំពីការជូនដំណឹងដល់អ្នកសារព័ត៌មាន ពេលមានសកម្មភាពបណ្តេញចេញចុងក្រោយ លោកបានសួរមកវិញថា៖ «អ្នកអាចជួយខ្ញុំយ៉ាងម៉េចបានទៅ? គេធ្វើមិនឃើញ។ គេមិនខ្វល់អ្វីដែលព័ត៌មានផ្សាយទេ»។

លោកនិយាយបន្តទៀតថា៖ «យើងចង់មានកន្លែងរស់នៅមួយដូចគេដូចឯងដែរ។ ប៉ុន្តែពួកយើងមិនអាចទៅមុខរួចទេ។ ពួកយើងជាប់ង៉ុងលើទូកហ្នឹងហើយ»៕

បកប្រែ​និងកែសម្រួលដោយ កង សុធា ពីអត្ថបទដើមជាភាសាអង់គ្លេស​


ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ