ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៖ ខណៈកូនតូចៗកំពុងរត់លេងប្រលែងគ្នានៅពីមុខដីចម្ការដែលមានដើមចេករាប់ពាន់ដើម ឱពុកម្តាយរបស់ពួកគេដែលជាកម្មករនៅចម្ការនោះ កំពុងអង្គុយសម្រាកមុខផ្ទះ បានរៀបរាប់ថា ពួកគេទើបធូរស្បើយពីគ្រុនក្តៅនិងផ្តាសាយ។
មុនថ្ងៃភ្ជុំបិណ្ឌខែមុន ជំនួយការមេការវៀតណាមម្នាក់នៅក្រុមហ៊ុនចម្ការចេក TBYB Angkor Banana ក្នុងភូមិសាស្រ្តឃុំអូរស្វាយ ខេត្តស្ទឹងត្រែង លោក វង្ស សុទ្ធ ប្រាប់ VOD ថា កម្មករក្នុងការដ្ឋានរបស់លោកពី៣ទៅ៤នាក់ ជួបបញ្ហាសុខភាពនៅម៉ោងធ្វើការក្នុងមួយថ្ងៃៗ។
ជំនួយការរូបនេះថា មានកម្មកររាប់សិបនាក់មានអាការរោគផ្សេងៗនៅមួយរយៈចុងក្រោយ ហើយថា ការទៅរកពេទ្យឬថ្នាំព្យាបាល គឺជាបន្ទុកដ៏ធំមួយសម្រាប់ពួកគេដែលអាចរកប្រាក់ពីការលក់កម្លាំងពលកម្មទៅឱ្យក្រុមហ៊ុនជាមធ្យម២៥ ០០០រៀលក្នុងថ្ងៃ។ លោក សុទ្ធ បន្ថែមថា ពួកគេខ្លះមានលទ្ធភាពចេញទៅរកសេវាព្យាបាល ប៉ុន្តែខ្លះគ្មានលទ្ធភាពសូម្បីតែចំណាយលើការធ្វើដំណើរទៅរកពេទ្យ។
ទាក់ទងបញ្ហានេះ ជំនួយការមេការ លោក វង្ស សុទ្ធ មើលឃើញថា ដោយសារការរស់នៅហូបចុកខ្វះអនាម័យនិងបណ្តាលមកពីជីគីមីកសិកម្ម ខណៈកម្មករលើកឡើងថា ពួកគេមិនមានទឹកស្អាតសម្រាប់ងូតឬទុកប្រើសម្រាប់ការដាំស្ល ក្រៅពីទឹកត្រពាំងរួមមួយ។
អតីតកសិករដាំដំឡូងនៅខេត្តក្រចេះ ដែលបានផ្លាស់មកធ្វើការនិងរស់នៅក្នុងដីចម្ការ លោក ផាត សាមិត្រ ប្រាប់ថា លោកគឺជាកម្មករម្នាក់ដែលមានបញ្ហាក្តៅខ្លួនកាលពីមុនបុណ្យភ្ជុំ ហើយថាជំងឺរបស់លោកទើបតែបានធូរស្បើយវិញនៅចុងខែកញ្ញានេះប៉ុណ្ណោះ។
បុរសវ័យ៣៦ឆ្នាំ ដែលមានកូន២នាក់ក្នុងបន្ទុករូបនេះ អះអាងថា បញ្ហាសុខភាពលោកបង្កដោយថ្នាំគីមីបាញ់ពីយន្តហោះដ្រូន។ លោកថា ក្រុមហ៊ុនប្រើគ្រឿងចក្រនិងដ្រូន២គ្រឿងសម្រាប់ស្រោចជីលើដំណាំចេកវិលជុំរាល់ថ្ងៃ ដោយមិនជូនដំណឹងដល់កម្មករជាមុន។
លោក សាមិត្រ រៀបរាប់ថា៖ «អូ! អាហ្នឹងថ្នាំ [បាញ់ស្រោចតាមយន្តហោះដ្រូន] គេបេបេ [ច្រកបាវ] វាដាក់លាយថ្នាំ [១កាដុង ២០លីត្រ] វាពុលអាក្រក់ណាស់។ គ្រាន់តែចំហាយលើយើង ក៏យើងចង់អាវីង [ល្វីង] កន្លើត អាវីងអី ច្រងាប់ច្រងិល ស្ងួតបំពង់កដែរ»។
កម្មករចំណាកស្រុក រស់នៅលើដីកសិដ្ឋាន និយាយថា កម្មករជាច្រើនកើតអាការរោគផ្សេងៗចាប់តាំងពីពួកគេផ្លាស់មករស់នៅក្នុងដីចម្ការចេក ជាទីដែលគ្មានការគាំពារសុខភាព និងមានដាក់លក់ម្ហូបអាហារព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗក្នុងតម្លៃខ្ពស់ពីសំណាក់ជនជាតិវៀតណាម។
ពួកគេបន្ទោសថា សារធាតុគីមី ទីស្នាក់នៅតូចចង្អៀត និងកង្វះទឹកស្អាតប្រើប្រាស់ជាដើម ជាដើមហេតុនៃជំងឺ ខណៈក្រុមហ៊ុនបដិសេធដោយថា បញ្ហារបស់កម្មករដាំដុះសម្រាប់ការនាំចេញទៅលក់នៅផ្សារទំនើបអន្តរជាតិ មិនកើតចេញពីបញ្ហាការរស់នៅនិងធ្វើការនោះទេ។

លក្ខខណ្ឌរស់នៅគ្មានអនាម័យ
ក្នុងដីចម្ការរបស់ក្រុមហ៊ុនវៀតណាមមួយនេះ គ្រួសារកម្មករនីមួយៗត្រូវស្នាក់នៅក្នុងរោងដែលមានជញ្ជាំងនិងដំបូលប្រក់ស័ង្កសីពណ៌ខៀវ សង់ឡើងជាប់ៗគ្នាជាជួរ និងមានទំហំល្មមសម្រាប់គ្រួសារតូចមួយសម្រាករួមគ្នា ដោយគ្មានបន្ទប់ទឹកឬចង្ក្រានបាយអ្វីឡើយ។
វ៉ាន់ មាឃ គឺជាកសិករម្នាក់ដែលបានចំណាកស្រុកមកពីខេត្តក្រចេះ។ លោកទទួលការងារចាប់ពីបាញ់ថ្នាំស្មៅ កាប់ស្លឹកចេក រហូតដល់ច្រកចេក ឱ្យក្រុមហ៊ុនអង្គរបាណាណា និងស្នាក់នៅក្នុងរោងទំហំ២ម៉ែត្រកន្លះបួនជ្រុង ជាមួយប្រពន្ធដែលកំពុងមានផ្ទៃពោះនិងកូនស្រី។
អង្គុយលើគ្រែរនាបមុខរោង ខណៈខ្យល់ត្រជាក់ពេលល្ងាចបក់មករហៀកៗ បុរសវ័យ៣០ឆ្នាំរូបនេះឱ្យដឹងថា ក្រុមហ៊ុនផ្តល់តែកន្លែងស្នាក់នៅឱ្យប៉ុណ្ណោះ ចំពោះសម្ភារប្រើប្រាស់ប្រចាំថ្ងៃឬអ្វីៗផ្សេងៗទៀត រាប់ទាំងមុងផង គឺជាការទទួលខុសត្រូវរបស់កម្មករ។
មាឃ ប្រាប់ VOD ថា ជាមួយប្រាក់ឈ្នួលក្នុងមួយថ្ងៃពី១៩០០០រៀលដល់២៨០០០រៀល និងឃ្លាតឆ្ងាយពីស្រុកកំណើត ការទទួលយកលក្ខខណ្ឌរស់នៅដែលក្រុមហ៊ុនផ្តល់ឱ្យ គឺជាជម្រើសតែមួយគត់។
លោកជឿថា ជីស្រោចដំណាំចេកមានផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព ហើយថា វាជារឿងលំបាកសម្រាប់កម្មករក្នុងការចំណាយលើថ្លៃសេវាព្យាបាលនៅខាងក្រៅ ខណៈនៅក្នុងក្រុមហ៊ុនមិនមាន។ លោកថា លោកធ្លាប់ក្តៅខ្លួនហើយគ្មានលុយទិញថ្នាំ និងសូម្បីចំណាយលើថ្លៃធ្វើដំណើរ ខណៈគ្មានបណ្ណធានារ៉ាប់រងរបបសន្តិសុខសង្គម ហើយក៏មិនដឹងអាចចុះឈ្មោះធ្វើបណ្ណតាមរបៀបណា។
វ៉ាន់ មាឃ ប្រាប់ថា៖ «ប៉ះពាល់ បង! គ្រុន ម្នាក់មួយផ្ទះៗ អស់ៗ ទើបតែរាងធូរតើ! មួយជួរហ្នឹងគ្រុនគ្មានអ្នកណាចែកថ្នាំចែកអីទេនៅទីនេះ»។
លោកបន្ថែមថា៖ «សំខាន់យើងធ្វើការយកលុយពីវា វាគឺអត់ដឹងថាយើងឈឺម៉េចទេ គឺយើងត្រូវព្យាបាលខ្លួនឯងហ្មង»។
លោកបន្ថែមថា កម្មករអាចជិះម៉ូតូទៅទិញម្ហូបអាហារនៅខាងក្រៅកសិដ្ឋានដែលមានតម្លៃសមរម្យ ប៉ុន្តែពួកគេមួយចំនួនគ្មានលទ្ធភាព និងត្រូវបង្ខំចិត្តទិញទំនិញដោយជំពាក់ពីអ្នកលក់នៅក្នុងការដ្ឋានក្នុងតម្លៃខ្ពស់ជាងតម្លៃធម្មតា ហើយខ្លះព្យាយាមរកត្រីក្បែរដីចម្ការដើម្បីកាត់បន្ថយការចំណាយ។
ជំនួយការមេការ លោក សុទ្ធ ឱ្យដឹងថា លោកជាអ្នកស្រុកអូរស្វាយ ដូច្នេះ លោកមិនលំបាកដូចកម្មករមកពីស្រុកឆ្ងាយដែលបង្ខំរស់នៅក្នុងលក្ខខណ្ឌមិនសមរម្យនិងដែលនាំឱ្យពួកគេជួបបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ផ្តាសាយ និងក្អកជាបន្តបន្ទាប់នោះទេ។
លោកបន្ថែមថា ក្រុមហ៊ុនមានជីកអណ្តូងសម្រាប់ប្រើដែរ ប៉ុន្តែមិនគ្រប់គ្រាន់តាមតម្រូវការ ដែលនាំឱ្យពួកគេត្រូវទិញទឹកពីខាងក្រៅសម្រាប់ផឹក និងប្រើស្រះទឹកជីកសម្រាប់ប្រើប្រាស់រួមគ្នានៅក្បែររោងស្នាក់នៅ ដើម្បីងូតនិងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
សាមិត្រ ដែលពីមុនជាកសិករដំាំដំឡូង និយាយថា ទឹកដែលពួកគេប្រើ គឺជាទឹកកខ្វក់និងមិនមានការចម្រោះសម្អាតនោះទេ។
លោកនិយាយថា៖ «ងូតទៅឡើងស្អិតខ្លួនលើសដើម។ ឡើងធ្លាប់ទៅហើយ ធ្វើម៉េចបើយើងអត់មាន [ទឹកស្អាត] ទៅហើយ»។
ប្រធានឃុំអូរស្វាយ ប៉ាន់ប្រមាណថា មានតែកម្មករនៅក្រុមហ៊ុនចម្ការចេកចំនួន២០០នាក់ប៉ុណ្ណោះដែលជាអ្នកស្រុកក្នុងតំបន់ ក្រៅពីនោះគឺមានប្រមាណ១០០០នាក់ មកពីខេត្តផ្សេងៗនិងរស់នៅជាអចិន្ត្រៃយ៍ក្នុងចម្ការចេកតាមបរិវេណដីការដ្ឋានផ្សេងៗគ្នា។
លោក ម៉ៅ ប្រាប់ VOD ថា គាត់បារម្ភពីលក្ខខណ្ឌរស់នៅរបស់កម្មករបន្ទាប់ពីគាត់បានចុះទៅអង្កេតនៅចុងខែកញ្ញា ហើយគាត់នឹងលើកពីបញ្ហាក្នុងកិច្ចប្រជុំជាមួយថ្នាក់ស្រុកនិងខេត្ត។
លោកមានប្រសាសន៍ថា៖ «កម្មករ គ្នាអត់មាន! ក្រុមហ៊ុនអត់មានធានាដល់សុខភាពអ៊ីចឹង ខ្ញុំមានការព្រួយបារម្ភ […] ទៅមើលម្សិលមិញ ឃើញឈឺច្រើន មួយការដ្ឋានៗ ឈឺចង់៥០នាក់។ គ្រុនផ្តាសាយឆ្លង។ បើសិនជាមានកូវីដឬមួយក៏ស្អីឆ្លងចូលទៅដល់កន្លែងហ្នឹង គ្រោះថ្នាក់»។
ម៉ៅ និយាយថា គាត់ក៏បានព្យាយាមនិយាយជាមួយតំណាងរបស់ក្រុមហ៊ុន អង្គរបាណាណា ដែរ ប៉ុន្តែគាត់អះអាងថា គាត់មិនមានសិទ្ធិអំណាចអ្វីលើការងាររបស់ក្រុមហ៊ុននោះទេ ពីព្រោះវាជាការសម្រេចថ្នាក់ខេត្ត។
អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តស្ទឹងត្រែង លោក មែន គង់ បានបដិសេធចំពោះបញ្ហាកើតឡើងចំពោះកម្មករទាំងនោះ។ យ៉ាងណា លោកនិយាយថា រដ្ឋបាលខេត្តមិនទាន់បានចុះសង្កេតនៅឡើយ ដោយសារវាជាកាតព្វកិច្ចមន្ទីរការងារនិងមន្ទីរបរិស្ថានខេត្ត។
លោក មែន គង់ ថ្លែងថា៖ «មកដល់ពេលនេះ មិនមានការអង្កេតទៅលើករណីហ្នឹងទេ ព្រោះអីក្រុមហ៊ុន គាត់អនុវត្តតាមផែនការរបស់គាត់ ហើយមិនទាន់មានការបង្ហាញថា ករណីនៃការប្រើប្រាស់ការបាញ់ថ្នាំរបស់គាត់ហ្នឹង វាប៉ះពាល់ធ្ងន់ធ្ងរទៅដល់កម្មករនៅទីហ្នឹងឬក៏អ្នករស់នៅតំបន់ក្បែរហ្នឹងទេ។»
ប្រធានមន្ទីរការងារខេត្ត លោក បួរ វិរុន មិនអាចទាក់ទងសុំការបំភ្លឺបានទេ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ដោយទូរសព្ទហៅចូលជាច្រើនលើក តែមានអ្នកដទៃទទួលជំនួស។
«គាត់យកទូរសព្ទមកធ្វើ បង! ខ្ញុំជាងជួសជុល បាទ! [អ្នករាយការណ៍ព័ត៌មាន] អាចសុំលេខគាត់មួយទៀតបានទេ? […] ខ្ញុំអត់ស្គាល់ផង ព្រោះអីខ្ញុំជាងទូរសព្ទ»។
បំពេញតម្រូវការអន្តរជាតិ
ក្រុមហ៊ុន អង្គរបាណាណា ទទួលបានកម្មសិទ្ធិដីសម្រាប់ដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយចន្ទី និងស្រការនាគ លើផ្ទៃដីជិត៥០០ហិចតា ក្នុងភូមិសាស្រ្តឃុំអូរស្វាយ បន្ទាប់ពីដំណាំដូងប្រេងដែលក្រុមហ៊ុនមួយនេះដាំអស់រយៈពេល៣ឆ្នាំ មានទីផ្សារមិនល្អ។
ការផ្លាស់ប្តូរប្រភេទផលិតផលកសិកម្មនេះ ធ្វើឡើងស្របពេលដែលតម្រូវការសកលកើនឡើងចំពោះមុខវិបត្តិសេដ្ឋកិច្ចសកលបង្កឡើងពីជំងឺកូវីដ១៩ និងខណៈកម្ពុជាកំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីផ្តោតលើវិស័យកសិកម្មជាមួយប្រទេសផ្សេងៗ ពិសេសចិន។
បើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជាផ្នែកភាសាអង់គ្លេស រយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជានាំចេញផ្លែចេកគិតជាទឹកប្រាក់បានប្រមាណ៦៨លានដុល្លារ កើនលើសទំហំនាំចេញក្នុងរយៈពេលដដែលធៀបនឹងឆ្នាំ២០១៩ដែលបាន៥៩លានដុល្លារ។
នាយកគ្រប់គ្រងម្នាក់របស់ក្រុមហ៊ុននៅអូរស្វាយ លោក ស៊ូ មិត្ត ឱ្យដឹងថា ក្រុមហ៊ុន អង្គរបាណាណា នាំចេញផ្លែចេកស្រស់បានប្រមាណ១ ៧០០តោន ក្នុងមួយខែៗ ទៅកាន់ប្រទេសចិន សិង្ហបុរី និងជប៉ុន ខណៈក្រុមហ៊ុនក៏មានដាំស្វាយចន្ទីនិងស្រការនាគ។
ក្នុងដំណើរការដាំដុះផ្លែចេក លោក មិត្រ ថាក្រុមហ៊ុនប្រើជីសិរីរាង្គនិងជីគីមីដែលផលិតដោយក្រុមហ៊ុនផ្ទាល់ក្នុងកម្រិតភាគរយតិចតួច ដែលលោកថា មានសុវត្ថិភាពចំពោះសុខភាពកម្មករ ហើយលោកបន្ទោសថា កង្វះការធ្វើអនាម័យទីកន្លែងរស់នៅ គឺជាមូលហេតុដែលនាំឱ្យកម្មករមានបញ្ហាសុខភាព។
លោកថា៖ «មានតើ! មានដាក់តិចតួច តែប៉ុន្មានភាគរយទេ មានដូចជា ជីអ៊ុយរ៉េ សម្រាប់ដាក់បំប៉នដើម្បីឱ្យស្លឹកវាខៀវមុនដំបូង។ រួចទៅ យូរអង្វែងគាត់ រយៈពេលយូរអង្វែង គាត់ [ក្រុមហ៊ុន] ដាក់ជីសិរីរាង្គ ជីហ្វុករបស់គាត់»។
លោកបន្ថែមថា៖ «សុំទោស លោកដឹងថាខ្មែរយើងគាត់ពិបាកណាស់។ គាត់នៅក្រុមហ៊ុន នៅរោងសមូហភាព ឬនៅអព្យាក្រឹត្យ ក៏មិនបានសម្អាតដែរ។ ទម្លាប់គាត់អ៊ីចឹង។ ជាពិសេស ខ្ញុំអ្នកឧស្សាហ៍ណែនាំ ទៅក្រឡឹងមួយថ្ងៃៗ ក្រឡឹង១ជុំ២ជុំ គឺគាត់ខ្វះការអនាម័យ»។
ប្រធានការិយាល័យមូលនិធិជាតិរបបសន្តិសុខសង្គមប្រចាំខេត្តស្ទឹងត្រែង ង៉ាន់ រចនា ឱ្យដឹងថា មានកម្មករជាង២០០នាក់ដែលក្រុមហ៊ុន អង្គរបាណាណា បានស្នើសុំបណ្ណធានារ៉ាប់រងសុខភាព ប៉ុន្តែមានតែ៧០នាក់ទទួលបានបណ្ណ ដោយសារតែអ្នកដទៃមិនមានអត្តសញ្ញាណបណ្ណជនជាតិខ្មែរ។
លោក ង៉ាន់ រចនា ប្រាប់ថា៖ «កម្មករក្រុមហ៊ុនដែលយើងចុះអធិការកិច្ចកន្លងមកហ្នឹង ខាងក្រុមហ៊ុនផ្តល់ឱ្យជាង២០០នាក់អីអស់ហើយ […] ហើយកាលយើងចុះដំបូងនោះ យើងបាន៩៩នាក់ ហើយ១០០នាក់ជាងទៀតនោះ យើងអត់អាចផ្តល់ជូនគាត់បានទេ ដោ យសារគាត់អត់អត្តសញ្ញាណបណ្ណ»។

កាលពីខែមិថុនា កម្មករក្រុមហ៊ុន អង្គរបាណាណា ប្រមាណ៣០០នាក់បានលើកគ្នាតវ៉ាស្វែងរកអន្តរាគមន៍ពីមន្ទីរការងារខេត្ត ដើម្បីទាមទារឱ្យមានការបើកប្រាក់ឈ្នួលទៀងទាត់ជាប្រចាំ។
បើតាមលោក វង្ស សុទ្ធ ការបើកប្រាក់ឈ្នួលគឺធ្វើឡើង១សប្តាហ៍ម្តង ១០ថ្ងៃម្តង ២០ថ្ងៃម្តង អាស្រ័យលើមេការតាមការដ្ឋាននីមួយៗព្រមព្រៀងជាមួយកម្មករ ហើយថា ការតវ៉ាបានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីមានការអន្តរាគមន៍ដោះស្រាយពីភាគីពាក់ព័ន្ធ។
យ៉ាងណា លោកថា លក្ខខណ្ឌផ្សេងៗនៅបន្តឋិតក្នុងភាពមិនល្អប្រសើរសម្រាប់កម្មករចំណាកស្រុកដែលសុទ្ធតែទីទ័លក្រ ដែលរស់នៅក្នុងបរិវេណដីចម្ការរបស់ក្រុមហ៊ុន។
លោកថា៖ «របៀបថា គាត់បើករាងយឺតយ៉ាវអីហ្នឹង […] ដល់ពេលអ៊ីចឹង កម្មករគាត់ពិបាក អត់មានលុយចាយ។ បងដឹងហើយ ពេលខ្លះធ្វើការ សូម្បីតែនៅភ្នំពេញក៏អ៊ីចឹងដែរ ធ្វើការបានលុយតិច មិនសមនឹងកម្លាំង វាក៏ពិបាកនឹងធ្វើដែរ»។
ទាក់ទងបញ្ហានេះ លោក សាមិត្រ លើកឡើងថា គាត់គ្មានជម្រើសអ្វីក្រៅពីបន្តធ្វើការនៅក្នុងកសិដ្ឋានចម្ការចេក ដើម្បីទទួលបានប្រាក់ឈ្នួលដោះស្រាយជីវភាពប្រចាំថ្ងៃនិងបំណុល បើទោះជាត្រូវរងផលប៉ះពាល់ពីថ្នាំគីមីនិងប្រើទឹកកខ្វក់ ព្រោះតែគ្រួសាររបស់គាត់ត្រូវការប្រាក់ខែ។
លោក សាមិត្រ និយាយថា៖ «បើយើងអត់ព្រម ហ៊ានតវ៉ា គេអត់ឱ្យ គេបាញ់ យើងធ្វើមិនធ្វើហីទៅ យើងបានអីហូប?»។
ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស ដោយ ត្រាន់ តិចសេង
ចំណាំ៖ «អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖
