អ្នក​នេសាទ​​ចាក​ចេញ​​ពី​​ភូមិ​​បណ្តែត​​ទឹក​​ទៅ​​ធ្វើ​កម្មករ​​ចម្ការ​​ចេក​​ក្រោយ​​ទន្លេ​សាប​​ខ្សត់​​ត្រី​​

ក្មេងប្រុសម្នាក់ជិះកន្ធន់លេងលើផ្ទៃទឹកក្បែរផ្ទះនៅភូមិបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ កាលពីខែឧសភា ឆ្នាំ២០១៧។ (ភួន គង្គា)

កាលពី២០ថ្ងៃមុន លោក ជុំ ផុន វ័យ៥៤ឆ្នាំ បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​មាន​គ្នា៦នាក់ ចាកចេញ​ពី​ភូមិ​បណ្តែត​ទឹក រាំងទិល ស្រុក​កណ្តៀង ក្នុង​ខេត្ត​ពោធិ៍​សាត់ ដើម្បី​ទៅ​រស់នៅនិង​ធ្វើការ​នៅ​ចម្ការ​ចេក​ក្រុមហ៊ុន​វៀតណាម​មួយ​កន្លែង​ក្នុង​ខេត្តក្រចេះ។ ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​គាត់​មិន​អាច​ពឹងផ្អែក​ទៅលើ​ទឹកបឹង​ទន្លេសាបដែល​រីង​រាក់​ខ្លាំង​ គាត់មិន​អាច​រក​ត្រី​ដើម្បី​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​និង​ដោះបំណុល​តទៅទៀត​បាន។ 

លោក ផុន ប្រាប់ វី​អូ​ឌី ថា គាត់​បាន​កើត​និង​ធំ​ដឹងក្តី​នៅក្នុង​ភូមិ​បណ្តែត​ទឹក​ក្នុង​ភូមិ​រាំងទិល ហើយ​បន្ត​រស់នៅ​ប្រកបរបរ​នេសាទ​ដូច​អ្នកភូមិ​ដទៃ​តរៀងមក។ ប៉ុន្តែលុះដល់​ឆ្នាំនេះ គាត់​បានសម្រេច​បោះបង់​ផ្ទះសម្បែង ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ​កន្លែង​ផ្សេង​ជាមួយ​អ្នកភូមិ​រាប់​រយ​នាក់​ទៀត​ដោយសារ​បឹងទន្លេសាប​កាន់តែ​ខ្សត់​ធនធាន​ខ្លាំង។

គាត់​បញ្ជាក់​ថា ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​បាន​បញ្ជូន​រថយន្តក្រុង​ជើង​ទី៣ ចំនួន២គ្រឿង មក​ដឹក​រូប​គាត់ ក្រុម​គ្រួសារ និង​អ្នកភូមិ​មួយចំនួន​ទៀត​កាលពី​ខែមុន ដើម្បី​ប្តូរ​ទៅ​រស់នៅនិង​ធ្វើការ​នៅ​ដីចម្ការ​ចេក​របស់​ក្រុមហ៊ុនក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ។ 

គាត់​បន្ត​ទៀត​ថា គាត់​កំពុង​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ខណៈ​ទឹកបឹង​ទន្លេសាប​មានកម្រិត​ទាប​និង​ខ្សោះ​ធនធាន​ត្រី ហើយ​គាត់​មិន​មាន​សមត្ថភាព​ប្រជែង​ជាមួយ​អ្នកនេសាទ​ពី​ខាងក្រៅ​ដែល​ប្រើ​ទូ​កធំៗ​ដោយបំពាក់​ឧបករណ៍​នេសាទ​ទំនើប​ៗ។

លោក ជុំ ផុន និយាយ​ថា៖ «គេ​មាន​ឧប​ករណ៍​ធំៗ គេ​យក​អស់។ យើង​គ្រាន់តែ​បាន​រាយមង ចង​សន្ទូច អ៊ីចឹង​ហូប​អត់​គ្រប់»។

អនុប្រធាន​សហ​គមន៍​នេសាទ​កោះ​ព្រែក​រាំងទិល លោក សូយ កែវ ឱ្យ​ដឹង​ថា ផល​ត្រី​ក្នុង​បឹង​នៅ​ឆ្នាំនេះ​ខ្សោះ​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​មិនធ្លាប់​មាន ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ភាគច្រើន​សម្រេច​ចាកចេញ។ 

លោក​ថា ក្នុងចំណោម​ប្រជា​នេសាទ៣២៧គ្រួសារ​ដែល​តាំងទីលំនៅ​ជាប់លាប់​លើ​ផ្ទៃ​បឹង មាន​មិនដល់៦០គ្រួសារ​ទេ​ដែល​បន្ត​រស់នៅ។ លោក​បន្ថែម​ថា អ្នក​ចំណាកស្រុក​ភាគច្រើន​ទៅ​ធ្វើជា​កម្មករ​នៅ​ចម្ការ​ចេក​ក្នុង​ខេត្តក្រចេះ ឯមួយចំនួន​ទៀត​ទៅ​រក​ការងារ​រោងចក្រ​នៅ​ភ្នំពេញ។

លោក​ថា នៅ​រដូវ​បើក​នេសាទ​ពី​ខែ៥ដល់​ខែ៦ ទឹក​នៅតែ​បន្ត​រាក់ ដែល​ធ្វើ​ឱ្យ​មាន​ថ្ងៃ​ខ្លះ​អ្នកនេសាទ​ចំណាយពេល​ពេញមួយថ្ងៃ តែរ​កត្រី​មិនបាន​ទាល់តែសោះ​ក៏​មាន។

លោក​បន្ថែម​ថា គ្រួសារ​ក្នុង​សហគមន៍​របស់​លោក​ជាង៩០ភាគរយ ​ជាប់​បំណុល​យ៉ាង​ហោច​៣លាន​រៀល ដោយ​ភាគច្រើន​ខ្ចី​ពី​គ្រឹះស្ថាន​ផ្តល់​កម្ចី​ឯកជន​ឈ្មោះ AMK ដើម្បី​ទិញ មង នុយ ឧបករណ៍​នេសាទ និង​សម្រាប់​បង្កើត​ឡូត៍​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ។

លោក​និយាយ​ថា៖ «រឿង​បំណុល​មិនបាច់​និយាយ​ទេ អ្នកខ្លះ​ចង់​ចងក អ្នកខ្លះ​អត់មាន​អី​សង​លែង​ប្តី​លែងប្រពន្ធ​ចំណាកស្រុក​ក៏​មាន»។ 

លោក​ សូយ កែវ បន្ថែម​ថា៖ «អ្នក​ដែល​រស់នៅ​លើ​បឹងទន្លេសាប ​អាស្រ័យតែ​ផល​ពី​ទន្លេសាប​ទេ គ្មាន​ស្រែ ​គ្មាន​ស្រូវ គ្មាន​ដី​សម្រាប់​កប់​ចោល​ទេ។ បារម្ភ​ខ្លាំង​បំផុត ប៉ុន្តែការ​បារម្ភ​ចេះតែ​បារម្ភ តែ​ចេះតែ​ស្វះស្វែង​ដើម្បី​ចិញ្ចឹម​ក្រពះ ធ្វើ​ខ្ញុំគេ ទៅ​នេះ​ទៅណោះ​ទៅ»។

អភិបាលស្រុក​កណ្តៀង លោក ឆាយ គឹ​មម៉ុង លើកឡើង​ថា លោក​មិន​មាន​តួលេខ​ជាក់លាក់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចំណាកស្រុក​នោះ​ទេ ប៉ុន្តែ​គាត់​ដឹង​ថា មាន​ពលរដ្ឋ​ក្នុង​ដែនដី​រដ្ឋបាល​របស់​លោក​ បាន​ចាកចេញ​ក្នុង​ចំនួន​ច្រើន​ដោយសារ​បញ្ហា​ជីវភាព។

ពាក់ព័ន្ធនឹងករណីនេះ លោក គឹ​មម៉ុង មានប្រសាសន៍​ថា៖ «ដោយសារតែ​ឆ្នាំនេះ ​ទឹក​វា​តូច អ៊ីចឹង​ទៅ​វា​អត់មាន​ផល​នេសាទ​ប៉ុន្មាន។ ត្រី​វា​នៅ​តូច​ៗនៅឡើយ អ៊ីចឹង​ទាក់ទង​នឹង​ការ​នេសាទ​ហ្នឹង វា​ខ្វះខាត​ទៅ​ហើយ»។

លោក ខ្ញៀន ខ្ញាន វ័យ៤២ឆ្នាំ គឺជា​អ្នកភូមិ​រាំងទិល​ម្នាក់​ដែល​បន្ត​រស់នៅ​លើ​ផ្ទៃ​ទឹកបឹង។ គាត់​ថា បើសិនជា​ស្ថានភាព​ធនធាន​ត្រី​ក្នុង​បឹងទន្លេសាប​នៅតែ​បន្ត​ខ្សត់ខ្សោយ​ដូច​ឆ្នាំនេះ​ទៀត គាត់​ក៏​នឹង​នាំ​ប្រពន្ធ​និង​កូន​ទាំង២នាក់​របស់​គាត់​ចាកចេញ​ផង​ដែរ។ 

លោក​ប្រាប់​ថា៖ «កាលពីដើម​ឆ្នាំ​ ជួន​កាល​ថ្ងៃណា​បាន​ទៅ​ ថ្ងៃណា​អត់​ទៅ។ វា​ចុះ​ថយអ៊ី​ចឹង​ណា។ ពី​ខែ៥ ដល់​ខែ៦ អត់​តែម្តង។ រក​អី​អត់​បាន នេសាទ​អត់​បាន។ វា​រីង​ខ្លាំងពេក»។ 

លោក​​បន្ត​ថា៖ «នៅ​ទន្លេសាប ​បើ​រក​អត់​បាន​ ចប់ហើយ គ្រួសារ​គ្មាន​អី​ហូប​ទេ​! បើ​អ៊ីចឹង​មែន មាន​តែ​ទៅ​គោក​ដែរ​ហើយ»។

ឆ្នាំនេះ ទឹកទន្លេ​មេគង្គ​និង​ទន្លេសាប​បាន​ស្រក​ចុះ​ទាប​ដល់កំណត់​ត្រា​ថ្មី ចំណែក​ធនធាន​ត្រី​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ធៀប​នឹង​ឆ្នាំមុន។ 

ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​បញ្ហា​នេះ​ថា ​បណ្តាល​មក​ពី​ការ​ទប់ទឹក​ទំនប់​វារី​អគ្គិស​នី​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ខ្សែទឹក​ខាងលើ ដែល​ភាគច្រើន​ក្នុង​ប្រទេសចិននិងឡាវ ខណៈ​រដ្ឋាភិបាល​ថា បម្រែបម្រួល​អាកាសធាតុនិង​ការ​នេសាទ​ខុសច្បាប់​គឺជា​មូលហេតុ​ចម្បង។

ជាមួយគ្នា​នេះ ការនាំចេញ​ផ្លែ​ចេក​ស្រស់​ពី​កម្ពុជា​មានការ​កើនឡើង​ជាមួយ​កំណើន​ប្រចាំឆ្នាំ​ប្រមាណ១៥ភាគរយ ក្នុងរយៈពេល៦ខែ​ដំបូង ថ្វីត្បិត​កម្មករ​ចម្ការ​ចេក​មួយចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និយាយ​ថា ថ្មី​ៗនេះ​ពួក​គេ​មាន​បញ្ហា​សុខភាព​ដោយសារ​ការប្រើ​ប្រាស់​ជីគីមី​កសិកម្ម​ពីសំណាក់​ក្រុមហ៊ុន។ 

នៅ​ចម្ការ​ចេក​ក្នុង​ខេត្តក្រចេះ លោក ផុន រួម​ជាមួយ​ប្រពន្ធ​និង​កូនប្រុស​បង​អាយុ១៨ឆ្នាំ​របស់​គាត់ ធ្វើជា​កម្មករ​កាត់​ស្លឹកចេក បេះ​ចេក និង​ច្រក​ចេក ដោយ​ទទួល​បាន​ប្រាក់ខែ​គោល២១០ដុល្លារ​ក្នុង​មួយ​ខែ និងមានការ​ផ្តល់​កន្លែង​ស្នាក់នៅ ទឹក និង​ភ្លើង​ឥតគិតថ្លៃពីក្រុមហ៊ុន។ 

គាត់​និយាយ​ថា គាត់​គឺជា​អ្នកភូមិ​ម្នាក់​ក្នុងចំណោម​អ្នកភូមិ​ប្រមាណ១០០គ្រួសារ ដែល​មក​ពី​ភូមិ​បណ្តែត​ទឹក និង​រស់នៅ​ក្នុង​ដីចម្ការ​ជាមួយគ្នា។ គាត់​ថា គ្រួសារ​គាត់​អាច​នឹង​ត្រឡប់ទៅ​ផ្ទះ​វិញ ប៉ុន្តែពេលនេះ ​លោក​ថា នេះ​មិនទាន់​ជា​ជម្រើស​មួយ​នៅឡើយ។

លោក ផុន ប្រាប់​ថា៖ «ខ្ញុំ​អត់​ទៀង​ទេ ចាំ​មើល​បើ​ស្រុកភូមិ ទន្លេសាប​ហ្នឹង ​វា​សម្បូរ​ត្រី​វិញ បាន​ពួក​ខ្ញុំ​អាច​ចេញទៅ​ភូមិ​វិញ»។ 

លោក ស៊ូ វណ្ណៈ អាយុ៤៥ឆ្នាំ បាន​ផ្លាស់ទី​លំនៅ​ជាមួយ​ប្រពន្ធ​និង​កូន២នាក់​ ទៅ​ស្នាក់នៅ​និង​ធ្វើការ​ក្នុង​ពេល​ជាមួយគ្នា​ ជាមួយនឹង​លោក ផុន។ គាត់​ថា គាត់​បាន​រស់នៅ​លើ​ភូមិ​បណ្តែត​ទឹក​តាំងពី​ឆ្នាំ១៩៧៩។ គាត់​សង្ឃឹមថា មាន​ថ្ងៃណាមួយ​គាត់​នឹងអាច​វិលត្រឡប់​ទៅវិញ​ ក្នុង​ជីវភាព​ជា​អ្នកទន្លេ នៅពេល​ណា​ធនធាន​ត្រី​កើនឡើង​វិញ។

លោក​ប្រាប់​ថា៖ «បើ​ប្រៀបធៀប​ប្រភេទ​ត្រី​វិញ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ថយ​ទៅ​រហូត។ ហើយ​ឆ្នាំនេះ​ថយ​មែនទែន សឹង​ថា​គ្រប់​ប្រភេទ​ត្រី​ហ្នឹង​អត់មាន​តែម្តង»។ 

លោក​បន្ថែមថា៖ «យើង​មានកំណើត​នៅ​ទន្លេ​ហើយ មិន​ងាយ​នឹង​ផ្លាស់ទី​លំនៅ​មក​នៅលើគោក ហើយ​គ្មាន​ដី​គ្មាន​ធ្លី​ដូចគ្នា ហើយ​បើ​មាន​ដី​មាន​ធ្លី​ហើយ ​មិនដឹង​ថាត្រូវ​ប្រកបមុខរបរ​អី»៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស​ ដោយ ត្រាន់ តិចសេង​

ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ