ប្អូនប្រុស​លោក កែម ឡី លាលែងពីប្រធាន​បក្សខ្មែរតែមួយ

លោក កែម រិទ្ធិសិត ចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តី ការទូទាត់ថវិការបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅវិមានសន្តិភាព នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។(រូបភាព៖ហ្វេសប៊ុកគណបក្សខ្មែរតែមួយ)

លោក កែម រិទ្ធិសិត ដែល​ជាប្អូនប្រុសរបស់លោក កែម ឡី បានប្រកាសលាលែងពីតំណែង ប្រធានគណបក្សខ្មែរតែមួយ ដោយផ្ទេរសិទ្ធិទាំងស្រុងទៅឱ្យលោក គុជ លី ធ្វើជាប្រធាន ស្តីទីជំនួសវិញ។

លោក កែម រិទ្ធសិត  បានចុះហត្ថលេខានៅក្នុងលិខិតផ្ទេរសិទ្ធិរបស់គណបក្សខ្មែរតែមួយ កាលពី ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០។ លោកបានលើកឡើងក្នុងលិខិតនោះថាមូលហេតុនៃការលាលែង របស់លោកគឺធ្វើឡើងដើម្បីប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស។ លោកក៏បាន​សម្រេចចិត្តផងដែរថា​លោកនឹង​មិនឈរឈ្មោះធ្វើជាបេក្ខភាពប្រធានគណបក្សខ្មែរតែមួយ​នៅអាណត្តិក្រោយ​ទៀត​នោះទេ​។

តាមលិខិតនោះ លោក រិទ្ធិសិត បាន​ផ្ទេរសិទ្ធិទាំងស្រុងទៅឱ្យលោក គុជ លី ក្នុងការ​ចុះហត្ថ​លេខា​​​លើលិខិតរដ្ឋបាលនានារបស់គណបក្ស ក៏ដូចជាការដឹកនាំ ការគ្រប់គ្រង និង​ការចាត់ចែង​ការងារ​ទូទៅ​របស់គណបក្សខ្មែរតែមួយ។

លោក កែម រិទ្ធិសិត ប្រាប់វីអូឌីបន្ថែមថាការលះបង់តួនាទីជាប្រធានគណបក្សទៅឱ្យ​សមាជិក​បក្ស​ដឹក​នាំជំនួសវិញ ជាវប្បធម៌ចែករំលែកបទពិសោធន៍​ស្របតាមគោលការណ៍​ប្រជាធិប​តេយ្យ។​ លោកបន្តថាក្រោយពីលាលែងពីតួនាទីប្រធានគណបក្សនេះលោក​នឹងក្លាយទៅជា​ប្រធាន​កិត្តិយសរបស់បក្សវិញ។

គណបក្សខ្មែរតែមួយត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០១៨ ដោយលោក កែម រិទ្ធិសិត​។​ គណបក្សក៏បានចូលរួម​ក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨កន្លងទៅដែរ ប៉ុន្តែពុំទទួល​បាន​អាសន្ននោះទេ។ ទោះយ៉ាងណាក្តីក្រោយការបោះឆ្នោត​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាន​សម្រប​សម្រួលឱ្យមានការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោបល់ដែលមាន​សមាស​ភាព​មកពីគណបក្សប្រជាជន និង​គណបក្សដែល​បានចូលរួមការបោះឆ្នោត១៥ផ្សេងទៀត។ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ មេដឹកនាំបក្សនយោបាយដែលចូលរួមក្នុងក្រុមប្រឹក្សានោះ​ត្រូវបានព្រះមហាក្សត្រផ្តល់​ឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។​​ ចំណែកលោក កែម រិទ្ធិសិត ក៏ចូលរួមក្នុងក្រុមប្រឹក្សានោះដែរដោយលោកទទួលបាន​ឋានៈស្មើទេសរដ្ឋមន្រ្តី​។

លោក រិទ្ធិសិត បានប្រាប់បន្ថែមថាសម្រាប់តួនាទីនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោបល់ ប្រសិនបើ​មិនមាន​ព្រះរាជក្រឹត្យណាមួយក្នុងការបញ្ចប់សមាសភាព​របស់លោកទេលោក​នៅតែ​បន្តវត្តមាន ប៉ុន្តែករណីបើមានព្រះរាជ្យក្រឹត្យបញ្ចប់តំណែងនោះលោកក៏គោរពតាម​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ