សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប​ប្រាប់​ថា មិន​ដែលទាក់​ទង​មេ​បក្ស​ប្រឆាំង និង​ខ្វះ​ចំណេះ​ដឹង​​ពី​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក

អាជ្ញាធរ និង​ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្ដុំ​នៅ​ជិត​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០។ (វ៉ា សុភានុត/វីអូឌី)

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​លឿងចាស់ដែលមានកៅអៀករុំករនឹងដប់ទឹកសុទ្ធដាក់ក្នុងហៅប៉ៅអាវផ្នែកខាងឆ្វេង អតីត​មេ​ឃុំជាប់​ឆ្នោត​បក្ស​ប្រឆាំងនៅ​ឃុំ​​ឃ្លាំងមាស​ លោក អ៊ុក ឆុំ បាន​​ប្រាប់​ទៅ​ចៅក្រម​ថា រូប​លោក​មិន​បាន​ទំនាក់​ទំនង​ជាមួយ​មេដឹកនាំ​ និង​សកម្មជន​ដទៃ​ទៀត​របស់​បក្ស​ប្រឆាំង​នោះ​ឡើយ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

លោក អ៊ុក ឆុំ និង លោក លាស់ ឆេងឡាយ ​សមាជិក​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុម​ប្រឹក្សា​ស្រុក​បវេល ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​បង្ករ​ឱ្យ​មាន​ភាព​វឹក​វរ​ដល់​សង្គម»។

ក្នុង​សវនាការ​ប្រហែល ៤​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ឯ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ុក ឆុំ អាយុ ៧៤​ឆ្នាំ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ ចោទ​សួរ​អំពី​ការ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​ការ​ទាក់​ទង​គ្នា​របស់​លោក​ជាមួយ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ឯ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥​មក និង​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះ​សង្ឃ​សកម្ម​ក្នុង​ការ​រិះ​គន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ក៏​កំពុង​ភៀស​ព្រះ​កាយ​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប លោក អ៊ុក ឆុំ ប្រាប់​ថា លោក​មិន​បាន​ទាក់​ទង​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នោះ​ឡើយ ហើយ​ក៏​ប្រាប់​ថា លោក​មិន​ចេះ​ប្រើ​យូធូប​ផង​ដែរ។

នៅ​ពេល​ចៅក្រម​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ​សាក​សួរ​​អំពី​សំឡេង​សន្ទនា​​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក លាស់ ឆេងឡាយ ដែល​ជជែក​អំពី​«ការ​ស្លាប់​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០២៣ ដោយ​រក​ក្ដារ​មឈូស​ដាក់​មិន​បាន ហើយ​ប្រពន្ធ​គ្មាន​បាយ​ស៊ី» លោក អ៊ុក ឆុំ ប្រាប់​ថា លោក​ចាំ​មិន​ច្បាស់​ទេ។ បន្ទាប់​ពី​បាន​ឆ្លើយ​តប​ទាំង​អការៈ​ញីញ័រ និង​មិន​អាច​ឆ្លើយ​នឹង​ចៅក្រម​ជំនុំ​ជម្រះ​បន្ត​ទៀត​បាន​ដោយសារ​អការៈ​ទន់​ខ្សោយ លោក អ៊ុក ឆុំ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​រយៈ​ពេល​ខ្លី។

ក្នុង​សវនាការ​នោះ លោក លាស់ ឆេងឡាយ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ចូល​រួម​ផង​ដែរ ហើយ​ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​សួរ​នាំ​ពី​ចំណេះ​ដឹង​នៃ​ការ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ​ការ​សន្ទនាគ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក អ៊ុក ឆុំ និង​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី និង​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ផង​ដែរ។

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បរវេល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ប្រាប់​អង្គ​សវនាការថា លោក​ពុំ​សូវ​ចេះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ ដោយ​ប្រាប់​ថា លោក​បង្កើត​គណនី​ហ្វេសប៊ុក​ដើម្បី​បាន​មើល​ព័ត៌មាន​តែ​ប៉ុណ្ណោះ។

លោក លាស់ ឆេងឡាយ​ ប្រាប់​ថា នៅ​ពេល​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក អ៊ុក ឆុំ លោក​បាន​បើក​សំឡេង​ចេញ​ក្រៅ ព្រោះ​លោក​ឈឺ​ក្បាល​នៅ​ពេល​ស្ដាប់​សំឡេង​ជជែក​នោះ​ដោយ​ផ្ទាល់​ ហើយ​លោក​ថា ការជជែក​នោះ​ស្ដាប់​គ្នា​មិន​បាន​សូវ​បាន​ទេ។

ភស្តុតាងដែលត្រូវបានលើកបង្ហាញឡើងដោយព្រះរាជអាជ្ញា ក្នុងតុលាការព្រឹកនេះ គឺមានវីឌីអូររបស់លោក សម រង្សី ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់បង់លុយធនាគារ ដោយសារតែវិបត្តសេដ្ឋកិច្ចអំឡុងពេលកូវីដ។ វីឌីអូបង្ហាញអំពីព្រះសង្ឃ បុត ប៊ុញតិញ ដែលបានជេរប្រមាញទៅកាន់សម្ដេចសង្ឃ។ ការបង្ហោះរបស់លោក ទុំ ប៊ុនថន ក្នុងបណ្ដាញសង្គមហ្វេសបុកដែលកាត់តរូបភាពនឹងជេរប្រមាថថ្នាក់ដឹកនាំ។

នៅ​ក្នុង​បន្ទប់​សវនាការ​នោះ តំណាង​អយ្យការ​បាន​បង្ហាញ​វីដេអូ​ឃ្លីប​មួយ​របស់​លោក សម រង្ស៊ី ដែល​បាន​អំពាវ​នាវ​ទៅ​ប្រជា​ពលរដ្ឋ​ឱ្យ​ឈប់​សង​លុយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ នៅ​ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ វីដេអូ​បង្ហាញ​ពី​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​សង្ឃ​ជាន់​ខ្ពស់ និង​ការ​បង្ហោះ​វីដេអូ​របស់​លោក ទុំ ប៊ុនថន ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក នូវ​រូបភាព​កាត់​ត និង​សារ​«ជេរ​ប្រមាថ​»ថ្នាក់​ដឹកនាំ។

ប៉ុន្តែ លោក សំ សុគង់ មេធាវី​ការពារក្ដី​ឱ្យ​លោក អ៊ុក ឆុំ និង​លោក លាស់ ឆេងឡាយ និយាយ​ថា​ ភស្តុតាងដែលបានបង្ហាញក្នុងអង្គជំនុំជម្រះនេះ ពុំមានលក្ខណៈគ្រប់គ្រាន់ ដើម្បីចោទប្រកាន់កូនក្ដីរបស់លោកនោះទេ ហើយ​​បានស្នើទៅកាន់ចៅក្រមឱ្យទម្លាក់បទចោទ​ប្រកាន់​ទៅ​លើ​កូន​ក្ដី​របស់​លោក​ទាំង​ពីរ​រូប​នេះ។

លោកមេធាវី បានរៀបរាប់ថា​ កូនក្ដីរបស់លោកមិនមានចំណេះដឹងដើម្បីប្រើប្រាស់បណ្ដាញសង្គម ដូចជា ការបញ្ចេញមតិ និងចែករំលែកនោះទេ ហើយ​លោក​ថា ការ​ជជែក​តាម​ទូរស័ព្ទ​របស់​បុគ្គល ២​រូប មិន​អាច​ចាត់​ទុក​ជា​ការ​ញុះ​ញង់​នោះ​ឡើយ។

ចំណែក​វីឌីអូររបស់លោក សម រង្សី លោក សុគង់ និយាយ​ថា គឺគ្រាន់តែមានលក្ខណៈផ្ដល់យោបល់លើបញ្ហារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារវិបត្តកូវីដ១៩ប៉ុណ្ណោះ ហើយលោក​ថា វាមានលក្ខណៈទូទៅ មិនសំដៅលើសមាជិកគណបក្សសង្រ្គោះជាតិឡើយ។

លោកបន្តថា ភស្តុតាងដែលបង្ហាញអំពី​លោក សម រង្សី ព្រះអង្គ ប៊ុត ប៊ុនតិញ និងលោក ទុំ ប៊ុនថន គឺមានលក្ខណៈផ្សេងគ្នា និងមិនមានជាប់ពាក់ព័ន្ធគ្នានោះទេ។

លោក ឡោ ជុនធី សហ​មេធាវីការពារកូនក្ដី​ទាំង​ពីរ បាននិយាយថា មិនមានភស្តុតាងអ្វីដើម្បីបញ្ជាក់ថា កូនក្ដីរបស់លោក​​បានបញ្ចេញមតិយោបល់ ឬចែករំលែកវីឌីអូរបស់លោក សម រង្សី និងព្រះអង្គ ប៊ុត ប៊ុនតិញ និងលោក ទុំ ប៊ុនថន ទៅកាន់អ្នកដទៃនោះទេ ហើយប្រសិនបើមានមែន លោក​ស្នើ​ឱ្យ​ដាក់​បង្ហាញ។

ទោះជាយ៉ាងណា ចៅក្រម​បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​បុរស​ទាំង​២​នាក់ ដោយលើកហេតុផលថា សវនាការត្រូវនៅបន្ត ប៉ុន្តែ អ្នកទាំងពីរថា លោក​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ព្រោះ​តែ​ជីវភាព និងជំងឺប្រចាំកាយ។

ខណៈ​ដែល​សវនាការ​កំពុង​ប្រព្រឹត្ត​ទៅ​នោះ មនុស្ស​ប្រហែល ៥០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​មនុស្ស​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​នេះ។

ចៅក្រម​បាន​កំណត់​ថា​នឹង​ប្រកាស​សេចក្ដី​សម្រេច​របស់​ខ្លួន​ជុំ​វិញ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឬ​នៅ​សប្ដាហ៍​ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ