ក្មេង​ស្រី​​ចាញ់​បោក​​មេ​ខ្យល់​​នាំ​ទៅ​​លក់​​នៅ​​ចិន​ រត់​​ទៅ​​ប៉ុស្តិ៍​​ប៉ូលិ​ស​ឱ្យ​​ជួយ​​នាំ​មក​​ស្រុក​ខ្មែរ​​វិញ​​

ក្មេងស្រី​ខ្មែរ​ម្នាក់ អាយុ១៤ឆ្នាំ ​ដែល​រងគ្រោះចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន។ (ផ្ដល់ឱ្យ)

ក្មេងស្រី​ខ្មែរ​ម្នាក់​ដែល​ចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន បាន​រត់គេច​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិ​សចិន ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​នាំ​ត្រឡប់​មក​កម្ពុជា។ 

ក្មេងស្រីអាយុ១៤ឆ្នាំ​ម្នាក់ អះអាង​ប្រាប់ ​វី​អូ​ឌី តា​មសារ​ជា​សំឡេង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ថារូប​គាត់​បាន​ចាញ់បោក​មេខ្យល់ដែល​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​នាំ​យក​ទៅ​ប្រទេស​ចិនរយៈពេល៤ខែ​មក​ហើយ។

ក្មេងស្រី​រូប​នោះបន្ត​ថា នៅ​ប្រទេស​ចិន រូប​គាត់​ត្រូវ​បាន​ប្តី​ជនជាតិ​ចិន​វាយ​ធ្វើបាបត្រូវ​មុខ ដងខ្លួន និង​ទាញ​ទម្លាក់​ពីលើ​គ្រែដេក ស្ទើរ​ជា​រៀងរាល់ថ្ងៃ រហូតដល់​ទ្រាំ​លែង​បាន ទើប​សម្រេចចិត្ត​លួច​រត់​ទៅ​ប៉ុស្តិ៍​ប៉ូលិ​សដែល​មាន​ចម្ងាយ​ពី​ផ្ទះជន​រងគ្រោះ​ប្រមាណ១០គីឡូម៉ែត្រ ដោយ​ពុំ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​នៅ​តំបន់​នោះ​ឈ្មោះ​អ្វី​នោះ​ទេ។

ក្មេងស្រី​រូប​នោះនិយាយ​ទៀត​ថា គិត​ត្រឹម​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ មាន​រយៈពេល២​យប់៣​ថ្ងៃហើយ​ត្រូវ​បាន​ប៉ូលិ​សចិន​ទុក​ឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន និង​ឱ្យ​បាយទឹក​ចំនួន៣ពេល​ក្នុង​មួយថ្ងៃ និង​មាន​សុវត្ថិភាព​ផង​ដែរ។

នាង​និយាយ​ថា៖ «ខ្ញុំ​មក​ប៉ុស្តិ៍​ប៉ូលិ​សនេះ គឺ​ដើម្បី​ឱ្យ​គេ​ជួយ​ជូន​ខ្ញុំ​ទៅ​ខ្មែរ​វិញ ព្រោះ​ខ្ញុំ​អត់​ចង់​នៅ​នេះ​ទៀត​ទេ»។ 

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ ក្មេងស្រី​រូប​នោះបង្ហាញ​ក្តី​បារម្ភ​ថា ខ្លាច​ប៉ូលិ​សចិន​នាំ​រូប​គាត់​ទៅផ្ទះ​ប្តី​ដែល​វាយ​ធ្វើបាប​គាត់​វិញ ដោយសារ​បច្ចុប្បន្ន​នេះ គាត់​មិន​ចេះ​ចិន បាន​ត្រឹមតែ​ធ្វើកាយវិការ​ទៅកាន់​ប៉ូលិសនោះ​តែប៉ុណ្ណោះ។ ករណីនេះ នាង​ស្នើ​ទៅ​អាជ្ញាធរនិង​រដ្ឋាភិបាល​កម្ពុជាជួយ​អន្តរាគមន៍​ទៅ​ប៉ូលិសចិន ដើម្បី​នាំ​រូប​គាត់​បាន​ត្រឡប់​មក​កម្ពុជាជួបជុំ​ក្រុម​គ្រួសារ​វិញ​ផង។

VOD មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា លោក កុយ គួង និង​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក ជីវ ផល្លី ដើម្បី​បញ្ជាក់​បន្ថែម​នៅឡើយ​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ។ 

ប៉ុន្តែក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ដកស្រង់​ប្រសាសន៍​របស់លោក ជីវ ផល្លី ផ្សព្វផ្សាយ​ថា កាលពី​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្រោម​កិច្ច​សហប្រតិបត្តិ​ការរវាង​អាជ្ញាធរ​ចិននិង​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ស្រាវជ្រាវ​ស្វែងរក​ឃើញ​កន្លែង​ស្នាក់នៅ​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ និង​បាន​ជួយសង្គ្រោះ​បញ្ជូន​មក​ស្នាក់​ការ​នគរបាល​នៅ​ខេត្ត​ហឺ​ណាន ប្រទេស​ចិន ដើម្បី​ចាត់ការ​បន្ត និង​រៀបចំ​បែបបទ​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ខាងលើឱ្យ​វិលត្រឡប់​មក​កម្ពុជា​វិញ។

លោក ជីវ ផល្លី អះអាង​ថា ស្ថាប័ន​ជំនាញ នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ រង់ចាំ​ទទួល​ជនរងគ្រោះ ហើយ​ក្រោយពេល​ដែល​ជនរងគ្រោះ​បាន​អនុវត្ត​វិធាន​ការ​ចត្តាឡីស័​ករបស់ក្រ​សួង​សុខាភិបាល​រួច មន្ត្រី​ជំនាញ​នឹង​ធ្វើការ​សម្ភាស​ស្វែងរក​ព័ត៌មាន​លម្អិត ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​មេខ្យល់ និង​ឈាន​ដល់​ការ​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​ជាធរមាន។

ចំណែកអ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កម្ពុជា លោក យឹម វិរៈ មានប្រសាសន៍​ថា ករណីនេះ អាជ្ញាធរ​បាន​ជួ​យស​ង្គ្រោះ​បាន​ហើយ នៅ​រង់​ចាំ​បញ្ជូន​ជនរងគ្រោះ​មក​កម្ពុជា​វិញ​ប៉ុណ្ណោះ។

បញ្ហា​ស្ត្រី​ខ្មែរ​ចាញ់បោក​មេខ្យល់​ទៅ​លក់​នៅ​ប្រទេស​ចិន​នេះ បាន​កើតមាន​យូរណាស់​មក​ហើយ ដែល​ធ្វើ​ឱ្យ​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​រងគ្រោះ​ជាបន្តបន្ទាប់។ 

របាយការណ៍​ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែតុលា ឆ្នាំ២០២០នេះ ក្រសួង​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​ចាញ់បោក​គេ​ទៅ​រៀបការ​នៅក្នុង​ប្រទេស​ចិន ​ចំនួន៧៥នាក់​ហើយ។ 

មន្ត្រី​ផ្នែក​កម្មវិធី​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់​ត្រា​ល់ លោក ឌី ថេ​ហូ​យ៉ា យល់ថា មូលហេតុ​ដែល​នៅតែ​មាន​ករណី​ស្ត្រី​ខ្មែរ​ចាញ់បោក​មេខ្យល់​ទៅ​ប្រទេស​ចិន​នេះ បណ្ដាលមកពី​កម្សោយ​នៃ​ការ​ចាត់វិធានការ​លើ​មេខ្យល់ និង​អំពើពុករលួយ។

លោក​មានប្រសាសន៍​ថា៖ «មាន​ច្រើន​ករណី​នៅក្នុង​ភ្នំពេញ ដែល​មេខ្យល់​ជា​អ្នករត់ការណ៍​ចេញ​អត្តសញ្ញាណ​បណ្ណ​បង្គ្រប់​អាយុ ដើម្បី​ធ្វើ​លិខិតឆ្លងដែន​បាន ហើយ​ជា​ដំណើរការ​របស់​គេ គឺ​ហាក់បីដូចជា​ធ្វើ​លឿន គឺ​តែមួយ​ថ្ងៃ​អី ​គេ​ធ្វើ​បាន​ហើយ។ អ៊ីចឹង​ខ្ញុំ​គិតថា អំពើពុករលួយ​នេះ វាប​ង្កើត​ឱ្យ​មាន​ក្រុម​មេខ្យល់​បញ្ជូន​ស្ត្រី​ខ្មែរយើង​ទៅ​ប្រទេស​ចិន​ហ្នឹង»។ 

លោក​ឱ្យ​ជា​យោបល់​ថា ការ​លុបបំបាត់​អំពើពុករលួយគឺជា​រឿង​ដែល​ចាំបាច់​បំផុត ដើម្បី​បញ្ឈប់​លែងឱ្យ​មានរឿង​នេះ​កើតឡើង​បន្ត​ទៀត។ 

លោក​ថា៖ «ប្រសិនបើ​អំពើពុករលួយ​ជា​ប្រព័ន្ធ​នេះ វា​នៅតែ​មាន អ៊ីចឹង​ដំណើរការ​នៃ​ការ​ជួញដូរ​មនុស្ស​ហ្នឹង ក៏​នៅតែ​មាន​ដដែល។ ការអនុវត្ត​ច្បាប់ ​វា​ធូររលុង ហើយ​អ្នក​អនុវត្តន៍​ច្បាប់​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ហ្នឹង​ទៀតផង អ៊ីចឹង​វា​រឹតតែ​អត់មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​នូវ​អំពើ​ជួញដូរ​មនុស្ស​ហ្នឹង​ទេ»។ 

ក្នុង​របាយការណ៍ស្ដីពី​ការ​ជួញដូរ​មនុស្ស ​ឆ្នាំ២០២០ សហរដ្ឋអាមេរិកបាន​ដាក់​កម្ពុជា​ទៅ​ក្នុង​ប្រទេស​មាន​កិច្ចប្រឹងប្រែង​តិចតួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស ឬហៅ​ថា Tear 2 Watchlist ដោយ​ថា ​រដ្ឋាភិបាល​កម្ពុជាមិនបាន​ចាត់វិធានការ​ដល់កម្រិត​ស្តង់​ដារ​អប្ប​បរមា​ពេញលេញ ក្នុង​ការ​កម្ចាត់​ការ​ជួញដូរ​មនុស្ស​នៅឡើយ​ទេ រួម​ទាំង​បញ្ហា​គ្មាន​កិច្ចប្រឹងប្រែង​ប្រមូល​ទិន្នន័យឬចែករំលែក​ព័ត៌មាន​សំ​ខាន់​ៗអំពី​ការងារ អំពើពុករលួយ ការ​មិនបាន​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល​តុលាការដែល​នាំ​ឱ្យ​ជនសង្ស័យ​រួចខ្លួន ហើយនិង​បញ្ហា​ផ្សេង​ៗទៀតដែល​មិន​បោះជំហាន​រីកចម្រើន តាំងពី​ពេល​ចេញ​របាយការណ៍​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ