សាច់​ញាតិ​​សកម្ម​ជន​​បរិស្ថាន​​នៅ​​រតន​គិរី​​ទាម​ទារ​​ទៅ​​អាជ្ញាធរ​​ឱ្យ​​អនុញ្ញាត​​ឱ្យ​​គាត់​​ដាំ​ដុះ​​លើ​​ដី​ចម្ការ​​របស់​​ខ្លួន​

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

​សាច់ញាតិ​របស់​សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​នៅក្នុង​ខេត្តរតនគិរី ដែល​បាន​គេចខ្លួន​ពី​ផ្ទះសម្បែង​របស់​លោក​តាំងពី​ខែកក្កដា​មក​នោះ បាន​ស្នើ​ទៅ​អាជ្ញាធរ​ឃុំ​សេដា អនុញ្ញាត​ឱ្យ​រូប​គាត់​ដាំដុះ​ដំណាំ​លើ​ដីចម្ការ​របស់​គាត់។

លោក ឡាំ ហេង មាន​អាយុ៤៧ឆ្នាំ គឺជា​បងថ្លៃ​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ដែល​បាន​គេច​ចេញពីផ្ទះ​សម្បែង​របស់​លោក​ចាប់តាំងពី​ខែកក្កដា​ក្នុង​ឆ្នាំនេះ បន្ទាប់ពី​លោក​រង​អំពើ​ហិង្សា​នៅក្នុង​វេទិកាសាធារណៈ​មួយ​នៅក្នុង​ស្រុក​លំផាត់។

កសិករ​រូប​នេះបានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​មក​ឃាត់​លោក​ពេល​កំពុងធ្វើការ​ភ្ជួរ​លើ​ដីចម្ការ​ចន្ទី​របស់​ខ្លួនឯង ខណៈ​ដែល​មានការ​ភ្ជួរ​គ្រប់​ទីកន្លែង​ បែរជា​អាជ្ញាធរ​មក​ឃាត់​តែ​លោក​ម្នាក់។

លោក​បន្ត​ថា អាជ្ញាធរ​ថាដី​របស់​លោក​មាន​បញ្ហា តែ​មិនបាន​បញ្ជាក់​ថាបញ្ហា​អ្វី​នោះ​ទេ នៅពេល​ដែល​លោក​ចោទសួរ​បន្ត​ចំពោះរឿងនេះ ដោយ​គ្រាន់តែ​ប្រាប់​ថា កុំ​សួរ​ច្រើនពេក ​ឈឺក្បាល​ណាស់។

លោក​បញ្ជាក់​ថា នេះ​ជា​ដី​លោក​ស្របច្បាប់​ មាន​ប្លង់​ត្រឹមត្រូវ ហើយ​នៅ​ថ្ងៃ​នេះ លោក​នឹង​យក​ប្លង់​ដែល​បាន​ដាក់​កម្ចី​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ទៅ​បង្ហាញ​នៅ​សាលាឃុំ។

លោក ឡាំ ហេង និយាយ​ថា៖ «[ពេល​មិនបាន​ភ្ជួរ​] ខ្ញុំ​ដេក​អត់​លក់ កាលណា​ភ្លើង​ឆេះ​ព្រៃ​ ខ្ញុំ​ថា ងាប់ហើយ ដឹង​តែ​ងាប់​ចងក​ហើយ ភ្លើង​ឆេះ​ព្រៃ​ ដឹង​ឆេះ​ចន្ទីអស់​អា​លីង​ហ្មង។ ចន្ទី​ខ្ញុំ​បានផល​ហើយ ខ្ញុំ​ដាំ​ឡើង​បី​បួន​ឆ្នាំ​ហើយ»។

លោក ឆន ផល្លា បាន​និយាយ​ថា សមត្ថកិច្ច​នៅ​ស្រុក​លំផាត់​ បាន​ហាមឃាត់​បងថ្លៃ​របស់​លោក​ដែល​កំពុង​ភ្ជួរ​លើ​ដីចម្ការ​របស់​ខ្លួនឯង​កាលពី​ថ្ងៃទី២១ ខែធ្នូ​នេះ គឺ​ចង់​ធ្វើបាប​បង​របស់​លោក​ឱ្យ​ពិបាក​ក្នុង​ការ​ប្រកបមុខរបរ។

លោក​បន្ថែម​ថា កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ បងថ្លៃ​របស់​លោក​ត្រូវ​បាន​នគរបាល​កោះហៅ​ទៅ​ធ្វើ​កិច្ចសន្យា ឱ្យ​បញ្ឈប់​ការ​ធ្វើសកម្មភាព​ភ្ជួរនិង​កាត់​ស្មៅ​នៅ​លើ​ដី​នោះ​បន្ត​ទៀត។

លោក ឆន ផល្លា និយាយ​ថា៖ «គាត់​ធ្វើបែប​នេះ គឺ​គំរាមកំហែង​សកម្មជន​មិន​ឱ្យ​ការពារ​ព្រៃឈើ ធ្វើ​ឱ្យ​អ្នក​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ​ ដែល​ស្រលាញ់​ដី​ព្រៃ​របស់​រដ្ឋ និង​ធ្វើ​ឱ្យ​គាត់​ពិបាក​ក្នុង​ការ​ធ្វើស្រែ​ធ្វើចម្ការ​ដូច​គេ»។

វី​អូ​ឌី​ បាន​ស្វែងរក​ការ​បកស្រាយ​ពី​ប្រធាន​រដ្ឋ​បាលប៉ុស្តិ៍​ឃុំ​សេដា លោក អង្គ ប៊ុ​នធាង ប៉ុន្តែលោក​មិន​លើក​ទូរសព្ទ​នោះ​ឡើយ។

ចំណែក​ឯអភិបាលស្រុក​លំផាត់ លោក នូ ថេ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ចុះទៅ​ជួប​លោក​ផ្ទាល់ ប្រសិនបើ​ចង់បាន​ព័ត៌មាន​នេះ។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​រតនគិរី លោក ឌិន ខន្នី បាន​ចាត់ទុក​ទង្វើ​បែបនេះ​របស់​អាជ្ញាធរ​មូលដ្ឋាន គឺជា​ការ​គំរាម​កំហែង​ទៅលើ​សាច់ញាតិ​របស់​សកម្មជន​បរិស្ថាន ដែល​តែងតែ​ត្រូវ​បាន​ធ្វើទុក្ខ​បុកម្នេញ​ពីសំណាក់​អាជ្ញាធរ​ដែល​នៅ​ទីនោះ ហើយ​មកដល់ពេលនេះ នៅសល់​ប្រហែលជា​បី​នាក់​ទៀត​ដែល​នៅតែ​បន្ត​សម្ងំ​លាក់ខ្លួន​មិន​ហ៊ាន​ចូល​ស្រុកកំណើត​ ដើម្បី​គេច​ពី​ការធ្វើបាប​របស់​អាជ្ញាធរ។

លោក ឌិន ខន្នី និយាយ​ថា៖ «វា​គឺជា​ការគាបសង្កត់​ទៅដល់​សកម្មជន​ការពារ​ព្រៃឈើ​ ការពារ​ដីធ្លី និយាយ​ឱ្យ​ចំ គឺ​ធ្វើ​ម៉េច​ផ្ដាច់​ឆ្នាំងបាយ​របស់​ពួក​ហ្នឹង​តែម្ដង»។

មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​រូប​នេះ បញ្ជាក់​ថា លោក ឆន ផល្លា និង​អ្នកភូមិ២នាក់​ទៀត បាន​គេច​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​តាំងពី​ខែកក្កដា​មក ហើយ​មិនទាន់​បាន​វិលត្រឡប់​ទៅ​ភូមិ​វិញ​ទេ ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ