កម្មករ​ស្នើ​រដ្ឋា​ភិបាល​បញ្ចេញ​រថយន្ត​ជួយ​ដឹក​ពួក​គេ​ទៅ​ធ្វើការ​ ទើប​អាច​រក្សា​គម្លាត​សុវត្ថិ​ភាព​បាន​

កម្មករ-កម្មការិនីធ្វើដំណើរតាមឡានទ្រុងចេញ​ពី​ធ្វើការងារ​នៅ​រោងចក្រមួយ​ស្ថិតតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០។ (សូរ្យ ជ័យឧត្ដម)

កម្មករមួយចំនួនស្នើទៅរដ្ឋាភិបាលឱ្យជួយផ្តល់ជាមធ្យោបាយធ្វើដំណើរបន្ថែមដល់ពួកគេ ដើម្បីបង្ការកុំឱ្យពួកគេឆ្លងកូវីដ-១៩ ព្រោះថា ​រថយន្តដែលធ្វើដំណើររាល់ថ្ងៃមានភាពចង្អៀតពិបាកក្នុងការរក្សានូវគម្លាតសុវត្ថិភាព។

កម្មការិនីម្នាក់ អ្នកស្រី ប្រាក់ ហ៊ន្នី ដែលជិះរថយន្តម៉ាកតូរីស ចេញពីខេត្តកំពង់ស្ពឺ មកបំពេញការងារនៅជាយរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីមានការបារម្ភជាខ្លាំងចំពោះការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែអ្នកស្រីបានប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ដើម្បីកុំឱ្យឆ្លង ដូចជា ពាក់ម៉ាស់ និងបាញ់អាល់កុលជាប្រចាំ ទាំងពេលធ្វើដំណើរ និងពេលបំពេញការងារនៅក្នុងរោងចក្រ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីបារម្ភខ្លាំងនិងពិបាកក្នុងដោះស្រាយនោះ គឺការធ្វើដំណើរតាមរថយន្តជាមួយកម្មករក្នុងចំនួនច្រើន ដែលមិនអាចរក្សាគម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះ ទៅតាមច្បាប់កំណត់បានឡើយ។

អ្នកស្រីនិយាយថា៖ «បើឡានកូរ៉េវិញ ជិះគ្នា៦០ទៅជិត១០០នាក់ អាហ្នឹងវាពិបាករក្សាគម្លាតគ្នាណាស់។ ហើយទម្រាំពួកគាត់ឆ្លងមកពីខេត្តមួយៗមកដល់កន្លែងការងារ គឺពួកគាត់រងផលប៉ះពាល់ច្រើនណាស់ ច្រើនណាស់! យើងមានការបារម្ភណាស់! ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច»

កម្មករម្នាក់ទៀតនៅខេត្តស្វាយរៀង លោក អ៊ុក ស៊ុន និយាយថា រាល់ថ្ងៃលោកបានជិះឡានទ្រុងជាមួយកម្មករផ្សេងទៀតប្រហែល៦០នាក់ដែលមានភាពចង្អៀតខ្លាំង ដើម្បីទៅបំពេញការងារ។ លោកថា ករណីដែលច្បាប់តម្រូវរក្សាគម្លាត១ម៉ែត្រកន្លះនោះ គឺកម្មករពិបាកក្នុងការអនុវត្តណាស់។

លោកបន្តថា ក្នុងករណីរោងចក្រណាមួយមានបញ្ហា ដែលតម្រូវឱ្យរក្សាគម្លាតឱ្យខានតែបាននោះ រដ្ឋាភិបាលត្រូវផ្តល់មធ្យោបាយធ្វើដំណើរបន្ថែមដល់កម្មករ ដើម្បីឱ្យពួកគេអាចរក្សាគម្លាតបាន។

លោកបន្ថែមថា៖ «ពួកយើងមានការលំបាកដែរក្នុងការរក្សាគម្លាតគ្នានេះ ព្រោះយើងជិះឡាន​មានគ្នាច្រើន ហើយពេលមកដល់រោងចក្ររឹត​តែលំបាក ព្រោះកន្លែងវាតូច មនុស្សក៏ច្រើន។ អញ្ចឹងបើឱ្យយើងរក្សាគម្លាតមួយម៉ែត្រឬមួយម៉ែត្រកន្លះហ្នឹង វាមិនអាចធ្វើទៅកើតទេ។ អញ្ចឹងរដ្ឋាភិបាលបើអាចជួយបាន ជួយផ្តល់ជារថយន្តក្រុងដែលវាមានគម្លាតឆ្ងាយស្រាប់»

មន្ត្រីសម្របសម្រួលរបស់សហភាពការងារកម្ពុជាប្រចាំខេត្តស្វាយរៀង លោក ឃុន សុខុម មានប្រសាសន៍ថា នៅខេត្តស្វាយរៀង កម្មករប្រហែលជា៨០ភាគរយបានជិះឡានក្នុងស្ថានភាពចង្អៀតណែនទៅបំពេញការងារ ដែលភាពច្រើនជាប្រភេទឡានទ្រុងឬឡានកូរ៉េ។

មន្ត្រីសហភាពរូបនេះមើលឃើញចំណុចប្រឈមរបស់កម្មករមួយផ្នែកទៀតនោះ គឺកន្លែងបំពេញការងារ កន្លែងញ៉ាំបាយ មានសភាពចង្អៀតណែន ស្របពេលដែល​កម្មករមួយចំនួនខ្វះខាត​ម៉ាស់និង​អាល់កុលសម្រាប់ប្រើប្រាស់។

លោកបន្ថែមថា៖ «បើសិនជាតម្រូវឱ្យពួកគាត់រក្សាគម្លាត១ម៉ែត្រកន្លះ អាហ្នឹងធ្វើឱ្យពួកគាត់មានការលំបាកដែរ ព្រោះអីពេលជិះឡាន ពេលបំពេញការងារនៅក្នុងរោងចក្រ និងកន្លែងញ៉ាំ​​បាយរបស់ពួកគាត់ វាមានភាពចង្អៀតណែនដែរ។ អញ្ចឹងមានការផាកពិន័យ វាជាបន្ទុកមួយសម្រាប់បងប្អូនកម្មករដែរ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេនៅថ្ងៃនេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានសាទរចំពោះច្បាប់ដែលតម្រូវឱ្យមានការរក្សាគម្លាតនិងការផាកពិន័យ ដើម្បីចូលរួមទប់ស្កាត់និងការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែលោកថា កម្មករអាចនឹងមានភាពលំបាកក្នុងការអនុវត្ត ដោយសារការធ្វើដំណើរនិងកន្លែងបំពេញការងាររបស់កម្មករមាន​ភាពចង្អៀតណែន។

មេសហជីពរូបនេះលើកឡើងថា ប្រសិនបើរោងចក្រណាមួយសង្ស័យថាកម្មករកើតជំងឺកូវីដ-១៩ ឬ ឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរពាក់ព័ន្ធគួរតែផ្អាកដំណើរការ​បណ្ដោះអាសន្ន និងរកវិធីផ្សេងជួយដល់កម្មករដើម្បីរក្សាបានគម្លាតគ្នា ជាជាងការពិន័យក្នុងចំនួនទឹកប្រាក់ច្រើនបែបនេះ។

លោកបន្ថែមថា៖ «ដើម្បីអនុវត្តច្បាប់ វាត្រូវមានការពិន័យ ប៉ុន្តែបើការពិន័យហ្នឹងទៅពួកគាត់ក្នុងស្ថានភាពបែបនេះ វាកាន់តែធ្វើឱ្យពួកគាត់ពិបាកហើយ។ អញ្ចឹងមានមធ្យោបាយអ្វីផ្សេងទៀត ដូចជា ការណែនាំ ឬក៏អាចទិញរថយន្តក្រុង ឬទិញអ្វីដែលអាចឱ្យពួកគាត់អាចរក្សាគម្លាតបាន វាកាន់តែល្អ។ តែដូចរាល់ថ្ងៃ ពួកគាត់ជិះរ៉ឺម៉ក ជិះឡាន​ទ្រុង វាមិនអាចទេ»

មាត្រា១៩ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចែងពីការ​ពិន័យអន្តរការណ៍ពី ២០០ ០០០រៀល ទៅ ១ ០០០ ០០០​រៀល ចំពោះបុគ្គល​ទាំង​ឡាយ​ណាដែល​មិន​អនុវត្ត​នូវកាតព្វកិច្ច​រក្សា​គម្លាតសុវត្ថិភាព ទៅតាមសេចក្តីណែនាំរបស់មន្ត្រីសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍បញ្ជាក់ក្នុងសន្និសីទមួយនៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា ដើម្បីអនុវត្តទោសប្បញ្ញត្តិបាន លុះត្រាតែបុគ្គលឬស្ថានប័ននោះបានជាប់កាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតតាមការកំណត់របស់ក្រសួងសុខាភិបាល ហើយមិនអនុវត្តតាម។

លោកបន្ថែមថា៖ «អញ្ចឹងដើម្បីអនុវត្តនូវទោសប្បញ្ញត្តិបាន លុះត្រាក្រសួងសុខាភិបាលចេញសេចក្តីសម្រេចឬក៏ប្រកាសមួយសិនថា តើបុគ្គលណាដែលត្រូវជាប់កាតព្វកិច្ចពាក់ម៉ាស់ ទីកន្លែងណាខ្លះដែលជាប់កាតព្វកិច្ចត្រូវពាក់ម៉ាស់ឬរក្សាគម្លាតសុវត្ថិ​ភាព ហើយផ្អែកទៅតាមកម្រិត​នៃការឆ្លងរាលដាល បើការឆ្លងរាលដាលនេះដល់ដំណាក់កាលមួយដែលថាមិនអាចគ្រប់គ្រងបាន អញ្ចឹងកាតព្វ​កិច្ច​ពាក់ម៉ាស់ត្រូវធ្វើទូទៅ ប៉ុន្តែម៉ោងនេះអត់ដល់ទូទៅទេ»

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​ច្បាប់ស្តីពី «វិធានការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវនិង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់​ធ្ងរ​ផ្សេងទៀត» ជាសាធារណៈ ខណៈសង្គមស៊ីវិលស្នើឱ្យមានការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយជាមុនសិន ដោយថា មាត្រាខ្លះនៃច្បាប់នេះមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរពេក ដែល​ធ្វើឱ្យពលរដ្ឋមិនយល់ពីច្បាប់នេះកាន់តែរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ