បទយកការណ៍៖ អ្នកភូមិខ្លះខកបំណងដោយសារគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

រំឭកដល់រឿងកាលពី៣ឆ្នាំមុន អ្នកស្រី ឌុល សារឿន វ័យ៦៨ឆ្នាំ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានក្តីស្រមៃ​ថា ភូមិដែលអ្នកស្រីធ្លាប់រស់នៅនេះនឹង​ប្រែមុ​ខមាត់ថ្មី​ទៅជាតំបន់អភិវឌ្ឍន៍ ជាពិសេស​នោះគឺតម្លៃដីនឹងហក់ឡើងថ្លៃខ្ពស់ ក្រោយពេលដែលអ្នកស្រីបានទទួលដំណឹងថា តំបន់​នោះនឹង​មានការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ​ថ្មី​មួយ។

ជាការពិត គម្រោងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនេះពិតជាមានមែន ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍មួយនេះបែរជាធ្វើឱ្យអ្នកស្រីត្រូវមកដេកយាមដីចាំឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលមកឈូសឆាយកម្ទេចដំណាំស្រូវលើដី​ស្រែដែលអ្នកភូមិមិនព្រមលក់ទៅឱ្យក្រុមហ៊ុននោះ​ទៅវិញ។

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ជាច្រើននាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ា ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)
ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ជាច្រើននាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ា ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

បង់កក្រមាអង្គុយក្នុងរោងប្រក់តង់ សង់ឡើងដើម្បីបិទផ្លូវរង់ចាំដំណោះស្រាយជាមួយពលរដ្ឋជិត២០​នាក់ផ្សេងទៀត អ្នកស្រី ឌុល សារឿន និយាយថា​ អ្នកស្រីបានមករស់នៅក្នុងភូមិនេះ ចាប់តាំងពីឆ្នាំ១៩៥៣មក ហើយបច្ចុប្បន្នមានដីស្រែចំនួន១ហិកតា និងដីផ្ទះក្នុងភូមិចំនួន២ប្លង់ប៉ុណ្ណោះ។

ស្ត្រីវ័យជិត៧០ឆ្នាំរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «មុនដំបូងនឹកឃើញដែរ ថាគេមកកសាងនៅហ្នឹង គិតទៅថាភូមិខ្ញុំហ្នឹងវាត្រូវបានសប្បាយរីករាយ បងប្អូនខ្ញុំហ្នឹង! មិននឹកស្មានថា ដល់ទីបញ្ចប់ គេមកដាក់តម្លៃឱ្យដីខ្ញុំថាចង់លក់ចង់ដូរ គេបិទ មិនឱ្យមានឈ្មួញចូលទិញចូលអីទេ។ ដល់ហើយកំណត់ឱ្យខ្ញុំហ្នឹងមួយ​​ម៉ែត្រ​​ការ៉េ ៨[ដុល្លារ]  ប្រៀបធៀបទៅវាពិបាកណាស់ ជីវភាពរស់នៅ ចិញ្ចឹមកូន ចិញ្ចឹម​ចៅ ណាមួយតាំង​ពីគេអភិវឌ្ឍ ធ្វើស្រូវក៏អត់បាន ទឹកក៏អត់មាន ម្ល៉ោះហើយវាជួបឧបសគ្គ លុយកូនចៅរៀនសូត្រក៏ខ្វះខាត»។

ស្រី្តមេម៉ាយរូបនេះត្រូវទទួលបន្ទុកចិញ្ចឹម​កូនម្នាក់ ក្មួយពិការម្នាក់ និងចៅ៣នាក់ទៀត ដោយពឹងផ្អែកទាំងស្រុងលើការធ្វើស្រែ ប៉ុន្តែក្នុងរយៈពេលជាង៣​ឆ្នាំចុងក្រោយនេះ អ្នកស្រីមិនអាច​ធ្វើស្រែបាននោះទេ ដោយសារតែក្រុមហ៊ុនបានទប់ស្កាត់មិនឱ្យមានប្រព័ន្ធទឹកហូរចូលស្រែត្រង់ចំណុចដីដែលមានទំនាស់នេះទេ។

បើតាមអ្នកស្រី ឌុល ​សារឿន ក្រុមអ្នកភូមិបានដាក់វេនគ្នាដើរតាមស្រែរបស់ពួកគេ ដើម្បីឃ្លាំមើលនិងចាំដេញគ្រឿងចក្ររបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ហើយនាំគ្នាដេក​ក្នុងតង់ដោយបានបិទកំណាត់​ផ្លូវលំមួយកន្លែងក្នុងភូមិ តាំង​ពី​ថ្ងៃ​​ទី​១៤​ ខែឧសភាមក ដើម្បី​​រង់ចាំ​ដំណោះ​ស្រាយ​។ ពោលគឺបន្ទាប់ពីក្រុមហ៊ុនបានដាក់គ្រឿងចក្រ២គ្រឿង ឡានទឹក៣គ្រឿង និងមានកម្លាំងសមត្ថ​កិច្ចប្រមាណ២០​នាក់ដែលធ្វើសកម្មភាពឈូសឆាយដីស្រែអ្នកភូមិអស់ជាង១​ហិកតាកន្លះ​មក​។

ការដ្ឋានសាងសង់ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកស្រីបន្ថែមថា ការប្រមូលផ្តុំគ្នានេះ គឺដើម្បីទាមទារ​តម្លៃដីចាប់ពី៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារតែក្រុមហ៊ុនបានកំណត់តម្លៃដីត្រឹមតែ៨​ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ជាតម្លៃមួយដែលអ្នកស្រីថាមិនសមស្របតាមតម្លៃទីផ្សារឡើយ។ តម្លៃទីផ្សារ ដីមួយម៉ែត្រការ៉េ មានតម្លៃយ៉ាងហោចណាស់ចាប់ពី៧0 ទៅ៨០ដុល្លារឡើងទៅ។

ស្ត្រីវ័យចំណាស់រូបនេះបន្តទៀតថា ទំនាស់ដីធ្លីនេះបានអូសបន្លាយពេលជាង៣ឆ្នាំមកហើយ ហើយក្រុមហ៊ុនបានរៀបចំទីតាំងថ្មីមួយកន្លែងឱ្យអ្នកភូមិទៅរស់នៅ ដើម្បីជាថ្នូរចំពោះការដោះដូរដីមានទំនាស់នេះ ដែលអ្នកស្រីថាមិនអាចទៅរស់នៅបានទេ។

អ្នកស្រី ឌុល សារឿន បញ្ជាក់ថា៖ «គេមានដែរ [ដំណោះស្រាយ] គេហៅបងប្អូនខ្ញុំប៉ះពាល់១៣គ្រួសារដែលចំផ្លូវព្រលានគេ គេហៅទៅដល់ស្រុក [សាលាស្រុក] គេថា តម្លៃតែ៨រៀល[ដុល្លារ]​​ ហើយនិងដូរដី […] បងប្អូនខ្ញុំគេហៅទៅស្រុក [សាលាស្រុក] ថា រួមមតិគ្នាថា ​បើដូរ ដូរនៅដីព្រះរការ។ ដល់ពេលនាំទៅមើល គេថា នៅបឹងធំឯណេះ​ ទៅដល់សុទ្ធតែទឹក ដល់សួរចៅខ្ញុំថា យាយសុទ្ធតែទឹកហ្នឹង ទៅនៅអត់កើតទេ»។

ចំណែកពលរដ្ឋម្នាក់ទៀតដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះដែរ អ្នកស្រី ពៅ យ៉ង បានរៀបរាប់ថា ចាប់តាំងពីក្រុមហ៊ុនបានមកសាងសង់ព្រលានយន្តហោះថ្មីនេះ គឺបានបង្កការព្រួយបារម្ភដល់អ្នកស្រីនិងអ្នកភូមិគ្រប់គ្នា ព្រោះតែខ្លាចបាត់បង់ដីស្រែនេះ និងមិនអាចធ្វើស្រែបានដូចមុន។

អ្នកស្រីបញ្ជាក់ថា៖ «តំបន់ហ្នឹងធ្វើអ៊ីចឹងទៅ [សាងសង់ព្រលានយន្តហោះ] ខ្ញុំក៏សប្បាយចិត្តដែរ មានដីនៅកន្លែងហ្នឹង នៅផ្លូវមួយកន្លែងអ៊ីចឹង ខ្ញុំអាចឱ្យកូនធ្វើផ្ទះធ្វើអីនៅអ៊ីចឹងទៅ ធ្វើស្រែហូបទៅ។ ដល់ពេលមកអ៊ីចឹង ឥលូវមានអី អត់រលីងហ្មងខ្លួន លក់ដីមួយកន្លែងមកធ្វើផ្ទះនៅ ដល់ពេលអ៊ីចឹងទៀត រឹតតែពិបាកចិត្ត»។

ចំណែកអ្នកភូមិកំពង់តាឡុងម្នាក់ទៀត លោក ផល ភណ្ឌ ដែលអង្គុយក្នុងរោងតវ៉ាជាមួយអ្នកភូមិផ្សេងទៀតដែរនោះ ប្រាប់ថា តម្លៃដីដែលក្រុមហ៊ុនកំណត់ ៨​ដុល្លារក្នុងមួយ​​ម៉ែត្រ​ការ៉េ ​លោកមិនអាចទទួលយកបានទេ ដោយសារតែមិនអាចទៅរកទិញដី​ដើម្បីរស់នៅបន្តបាន។

លោកថា៖ «បងប្អូនខ្ញុំហ្នឹង ទាំងខ្ញុំអីហ្នឹងតវ៉ាចង់បានតម្លៃទីផ្សារ ដើម្បីលក់ពីនេះ ទៅទិញខាងក្រៅបាន។ បើយើងលក់នៅនេះ ៨ដុល្លារ ទៅទិញខាងក្រៅអត់បានទេ»។

មេភូមិកំពង់តាឡុង លោក អ៊ែល អឿន មានប្រសាសន៍ថា ពលរដ្ឋដែលរស់នៅក្នុងភូមិរបស់លោកមានចំនួន៣២៦គ្រួសារ ក្នុងនោះមានគ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីនេះជាង១០០គ្រួសារ ដែលគិតជាផ្ទៃដីជិត៨០ហិកតា។

ទោះយ៉ាងណា លោកថា មានពលរដ្ឋចំនួន១៣គ្រួសារដែលកំពុងតវ៉ាមិនទទួលយកតម្លៃដែលក្រុមហ៊ុនកំណត់ ៨​ដុល្លារ និងការដោះដូរដី ដែលក្រុមហ៊ុនរៀបចំឱ្យពួកគេ។ ចំណែកគ្រួសារដែលប៉ះពាល់ផ្សេងទៀតបានទទួលយកដំណោះស្រាយនេះរួចហើយ។

លោកថា៖ «១៣គ្រួសារហ្នឹង គេហៅឱ្យទៅដូរ [ដី]។ បើគាត់សំណូមពរថា ដីគាត់ផ្លូវ [ជាប់ផ្លូវ]ហើយគាត់សំណូមពរខាងក្រុមហ៊ុនឱ្យរកដីក្បែរផ្លូវឱ្យគាត់ទៅ គេហ្នឹងមានលទ្ធភាពអាចនឹងដោះទៅអ៊ីចឹងរួច។ អាហ្នឹងតាមការដោះស្រាយវែកញែកជាមួយក្រុមហ៊ុន និងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិអីហ្នឹង។ ខ្ញុំឧស្សាហ៍ប្រជុំដោះស្រាយដែរ តែគ្រាន់គាត់អត់ឯកភាពជាមួយក្រុមហ៊ុនគេ ដល់អ៊ីចឹងខ្ញុំពិបាកដែរ»។

លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស​ និងដីធ្លី នៃសមាគមអាដហុក បានជំរុញឱ្យអាជ្ញាធរនិងក្រុមហ៊ុនដោះស្រាយសំណងទៅតាមតម្លៃទីផ្សារ ដោយលោកថា ករណីជម្លោះ​ដីធ្លីនេះ ហាក់ពុំមានភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋនោះទេ។

លោក នី សុខា ពន្យល់ថា៖ «ជាគោលការណ៍ បើសិនជាយើងត្រូវការយកអ្វីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដើម្បីទៅធ្វើជាសម្បត្តិសាធារណៈ អាហ្នឹងនៅក្នុងគោលការណ៍ គេឱ្យយើងដោះស្រាយសំណងសមរម្យ និងយុត្តិធម៌ជាមុនឱ្យបានត្រឹមត្រូវ។ ហើយភាពសមរម្យនិងយុត្តិ​ធម៌​នេះ យើងដឹងហើយ គឺតម្លៃដែលគេសិក្សា គឺតម្លៃបច្ចុប្បន្នដែលគាត់អាចយកទៅទិញដីឬក៏ដោះដូរដីដែលមានតម្លៃប្រហាក់ប្រហែល​ទៅនឹងដីរបស់គាត់»។

ប្រធានផ្នែកសិទ្ធិមនុស្ស​ និងដីធ្លី នៃសមាគមអាដហុក រូបនេះ សង្កេតឃើញថា ជម្លោះ​​ដីធ្លីនៅកម្ពុជា​នៅតែកើតមានជាបន្តបន្ទាប់ ដោយសារតែមន្រ្តីក្នុងជួររដ្ឋាភិបាលមួយចំនួនតែង​តែទទួល​ផលប្រយោជន៍ពីឈ្មួញដែលមានឥទ្ធិពលណាម្នាក់។ លោកថា ដើម្បីដោះស្រាយជម្លោះ​ដី​ធ្លី​​ដែលកើតមានរ៉ាំរ៉ៃនៅកម្ពុជា គឺត្រូវពឹងផ្អែកទៅលើឆន្ទៈរបស់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលលោកមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាដីធ្លីនេះ ខ្ញុំគិតថា មិនអីជាពិបាកទេ។ ព្រោះដីធ្លីនៅក្នុងស្រុកខ្មែរយើងមានច្រើនណាស់ ថ្វីត្បិតតែយើងថាមានជម្លោះអ៊ីចឹងមែន ប៉ុន្តែនៅដីច្រើនណាស់។ ប៉ុន្តែឃើញថា អ្នកមានមួយចំនួនតូច មានដីធំៗពេក ដូច្នេះទៅ រដ្ឋហាក់បីដូចជាខ្វះលទ្ធភាពក្នុងការដែលរកដីជូន​ប្រជាពលរដ្ឋ […] អ្នកមួយចំនួនក្តោបក្តាប់ដីធំៗពេក ហើយរដ្ឋហាក់បីដូចមានការលំបាក»។

វីអូឌី មិនអាចទាក់ទងសុំការបំភ្លឺពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាននៅឡើយទេ ពាក់ព័ន្ធករណីជម្លោះដីធ្លីខាងលើនេះ។

ប៉ុន្តែនាយករដ្ឋបាល​នៃរដ្ឋបាល​ខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានលើកឡើងថា រដ្ឋបាលខេត្តបានព្យាយាមសម្របសម្រួលជាមួយក្រុមពលរដ្ឋទាំង១៣គ្រួសារនេះជាច្រើនលើកច្រើន​សារមកហើយ ហើយថា តម្លៃដីដែលបានកំណត់ត្រឹម៨​ដុល្លារក្នុងមួយម៉ែត្រការ៉េនេះ ក៏អាជ្ញាធរបានសិក្សាទៅតាមតម្លៃទីផ្សាររួចរាល់ហើយដែរ។

លោកបន្តថា ចំពោះការទាមទាររបស់ក្រុមពលរដ្ឋដោយមានការប្រមូលផ្តុំគ្នាណាមួយដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ អាជ្ញាធរនឹងអនុវត្តទៅតាមនីតិវិធីច្បាប់។

លោក គ្រុយ ម៉ាឡែន​ បញ្ជាក់ថា៖ «រដ្ឋបាលខេត្តគ្រាន់តែជម្រាបជូនបងប្អូនទាំងអស់ មិនថាឡើយប្រជាពលរដ្ឋ១៣គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតទេ គឺថា យើងត្រូវតែចូលរួមក្នុងការអនុវត្តគម្រោង។ ហើយការដែលអនុវត្តគម្រោងទៅប៉ះពាល់ដល់ប្រជាពលរដ្ឋហ្នឹង ​គឺរដ្ឋបាល ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ មានដំណោះស្រាយជូន មិនមែនយើងធ្វើអីដោយមិនមានដំណោះស្រាយទេ។ ហើយការដោះស្រាយអ្វីក៏ដោយ វាត្រូវមានគោលការណ៍នីតិវិធីច្បាស់​លាស់»។

លោកបន្ថែមថា៖ «ហើយសូមឱ្យពួកគាត់មិនត្រូវមានការតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ក្នុងករណីណាមួយគាត់អនុវត្តមិនពេញចិត្ត មិនចូលរួម នីតិវិធីគឺយើងមាន។ ការមិនឯកភាព មិនយល់ព្រមយ៉ាងម៉េច នីតិវិធីយើងមាន! យើងបានសម្របសម្រួលទាំ​ងអស់​តាមនីតិវិធីពីមួយជំហានទៅមួយជំហាន»។

ត្រឡប់ទៅកាន់អ្នកស្រី ឌុល សារឿន វិញ អ្នកស្រីនិយាយថា នឹងធ្វើសកម្មភាពតវ៉ា បិទផ្លូវ និងដេកយាមដី ដើម្បីរារាំងគ្រឿងចក្រក្រុមហ៊ុន OCIC មិនឱ្យ​ទៅ​ឈូសឆាយបន្តទៀតឡើយ បើពុំមានដំណោះស្រាយជាមុនទេនោះ។ លោកស្រីនៅតែមានក្តីសង្ឃឹមថា នៅពេលដែលរដូវកាលជិតបោះឆ្នោតមកដល់ រដ្ឋាភិបាលនឹងមានដំណោះស្រាយសមស្របមួយដល់អ្នកស្រី។

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ជាច្រើននាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ា ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)
ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ជាច្រើននាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ា ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

អ្នកស្រី ឌុល សារឿន និយាយថា​៖ «ចេះតែរួមគ្នាគិតទៅ ក្រែងលោថ្ងៃណាមួយដែលគេនឹកឃើញដល់ប្រជាពលរដ្ឋ ដូចជាជិតបោះឆ្នោត ក្រែងលោគេនឹកឃើញកន្លែងហ្នឹង គេចូលមកពិភាក្សាជាមួយបងប្អូន ខ្ញុំសង្ឃឹមមានតែប៉ុណ្ណឹង»។

កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល (SSCA) ដែលត្រូវចំណាយ​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ (១ ៥០០លានដុល្លារ) ហើយ​ត្រូវ​បានព្យាករថា នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣៕


អត្ថបទដោយ៖ ទួក ពិសិដ្ឋ និង ទុយ អេងលី


ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ