សមាគម​មូល​និធិ​បណ្ឌិត​ កែម ឡី ​អះអាង​ថា​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​នៅ​មិន​ទាន់​មាន​​ឡើយ​

អ្នកស្រី ភោគ សេ ម្តាយលោកបណ្ឌិត កែម ឡី កំពុងជូតរៀបចំរូបថតរបស់កូន នៅមុខចេតិយ៍។ រូបភាព៖ សូត សុខប្រាថ្នា

អនុប្រធានសមាគមមូលនិធិ កែម ឡី ឱ្យដឹងថា យុត្តិធម៌សម្រាប់អ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយដែលមានប្រជាប្រិយភាពនេះ គឺមិន​​ទាន់មាន​​ពន្លឺនៅឡើយទេ ខណៈ​​ក្រុម​គ្រួសារកំពុងរៀបចំផ្លាស់ប្តូររូបថតថ្មីនៅខាងមុខផ្ទះនៅស្រុកកំណើតនៃខេត្តតាកែវ ដើម្បី​​ប្រារព្ធ​​ខួប​​៥ឆ្នាំនៃឃាតកម្ម​​កាលពីជិត៥ឆ្នាំមុន។

អ្នកជំនាញផ្នែកសុខុមាលភាពសង្គម និងជាអនុប្រធានសមាគមមូលនិធិ កែម ឡី លោក ជឹម ចរណៃ មានប្រសាសន៍នៅថ្ងៃទី៣០ ខែមិថុនា ថានៅ​​ថ្ងៃ​ខួប៥ឆ្នាំនៃមរណភាពលោក​បណ្ឌិត កែម ឡី នេះ សមាគមគ្រោងនឹងជួបជុំគ្នាដើម្បីដាក់កម្រងផ្កាត្រង់ទីតាំងដែលឃាតករបាញ់​​ប្រ​​ហារ​​ដែរ​​។ ​​ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ គម្រោង​នេះអាចនឹង​​មាន​​ការ​ប្រែប្រួល ដើម្បីរួមចំណែកកាត់ផ្តាច់នៃការចម្លងជំងឺកូវីដ-១៩។​

លោកបន្តថា៖​ «យើង​ប្រហែលចេញត្រឹមសេចក្តីថ្លែងការណ៍ជាសាធារណៈហ្នឹង អំពីការរំឭកខួបហើយនិ​​ងអំពីការ​បន្តស្វែងរកយុត្តិធម៌។ យើង​នៅតែបន្ត​​តស៊ូ​មតិ​អ៊ី​​ចឹង​ដដែល! ការដែលយើងជួបជុំគ្នាច្រើនទៅហ្នឹង យើងបារម្ភអំពីបម្រាមសុខាភិបាលនិងកូវីដ។ អ៊ីចឹងម្ល៉ោះ​​ហើយ​​​មានវិធីមួយ គឺចេញ​​សេចក្តី​​ថ្លែង​​ការណ៍ឬតំណាងទៅចូលរួមបំពាក់កម្រងផ្កាអីហ្នឹង»។

បើតាមលោក ជឹម ចរណៃ ថ្វីបើមកដល់ពេលនេះ ឃាតករត្រូវបានតុលាការផ្តន្ទាទោសក្តី ប៉ុន្តែថា នេះមិនមែនជាការផ្តល់យុត្តិធម៌នៅ​​ឡើយទេ សម្រាប់​​លោក​​បណ្ឌិត កែម ឡី ព្រោះ​​ទាំង​​ភស្តុតាងដាក់បន្ទុកនិងអង្គហេតុនៃសំណុំរឿងគឺមិនស៊ីចង្វាក់គ្នា។

បញ្ហានេះ ក្នុងនាមសមាគមនៃមូលនិធី កែម ឡី នៅតែបន្តទាមទារឱ្យមាន​​យុត្តិធម៌​​ពិត​​ប្រាកដ​​​មួយសម្រាប់អ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយនេះ។ លោក ជឹម ចរណៃ បន្តថា តាម​​ពិត​​ទៅ នៅក្នុងគម្រោងបាញ់សម្លាប់នេះមិនមែនមានតែឃាតករម្នាក់ទេដែល​​​​​រៀប​​ចំ​​គម្រោង គេជឿថា នៅមានជនសមគំនិតនិងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងអំពើមនុស្សឃាតនេះ។

ម្តាយលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ភោគ សេ បញ្ជាក់ថា សម្រាប់បុណ្យខួបគម្រប់៥ឆ្នាំដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ មិន​​មានពីធី​​អ្វីធំ​ដុំ​ឡើយ នៅស្រុកត្រាំកក់ ខេត្តតាកែវ​។ ស្រ្តីវ័យប្រមាណ៧០ឆ្នាំរូបនេះបន្តថា សម្រាប់បុណ្យរំឭកខួប៥ឆ្នាំលើកនេះ និមន្តព្រះសង្ឃ​​ត្រឹម៥​​អង្គសម្រាប់សូត្រមន្ត រាប់បាត្រ និង​​មាន​​ការចូលរួមពីសាច់ញាតិ​​ខ្លះៗ​​ប៉ុណ្ណោះ​​។

អ្នកស្រីបន្តថា៖ «យើងអត់មានធ្វើអីដូចមុនទៀតទេ ព្រោះយើងខ្លាចអាជ្ញាធរគេមកឃាត់​​មក​​អី​​​​ទៅ វានាំ​តែពិបាក។ ប៉ុន្តែធ្វើនៅតែធ្វើអ៊ីចឹង»។

បើតាមអ្នកស្រី ភោគ សេ អ្នកស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី នៅតែចេញចូលអុជធូបនិងចូលថវិកាតាមលទ្ធភាពដែលពួកគេមានជា​​ហូរ​​ហែនាពេលកន្លងទៅ​​។​​​​ ប៉ុន្តែ​​ក្រោយ​​ពី​ផ្ទុះ​កូវីដ-១៩ មិនមានអ្នកចូលមកគោរពបូជាដូចមុនៗទៀតឡើយ។ ក្រៅពីនេះ សម្រាប់ការស្វែងរកយុត្តិធម៌ អ្នកស្រីនៅ​​តែ​​យល់​​ឃើញ​​​​ថា ​​ពិតជាត្រូវការ តែមិន​​ដឹង​​ត្រូវធ្វើដូចម្តេចទើប​អាចទទួលបានយុត្តិធម៌ដែលកប់ទុកអស់ពេលជាច្រើនឆ្នាំមកហើយនេះ​។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ប្រហារទាំងព្រឹកព្រលឹម និងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ កាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុង​ម៉ាតនៃ​​បរិវេណហ្គារ៉ាស់សាំងកាល់តិច ស្តុបបូកគោ។ ក្រោយមក សមត្ថកិច្ចចាប់ខ្លួនបានឃាតករម្នាក់ដែល​​បាញ់​​​​​​សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារភាពថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ប៉ុន្តែគេស្គាល់ឈ្មោះពិតថា អឿត អាង។

ទាំងក្នុងដំណាក់កាលយកចម្លើយនៅ​​ចំពោះមុខ​នគ​របា​ល​​យុ​​ត្តិធម៌និងថ្ងៃជំនុំជម្រះអំពើបាញ់ប្រហារនេះ លោក អឿត អាង បញ្ជាក់ថា មានតែរូបគេម្នាក់​​ប៉ុណ្ណោះជាជនដៃដល់នៃអំពើ​​ឃាតកម្ម​​នេះ ។ មូលហេតុដោយសារលោក​​បណ្ឌិត កែម ឡី ​​ជំពាក់លុយ​​ចំនួន៣ ០០០ដុល្លារ ហើយ​​មិនព្រមសង។

កាលពីខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទ​​ចោទ​ «ឃាត​​កម្មគិតទុកជាមុន» និងបទចោទមួយទៀត «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»

​​នៅក្នុងដំណាក់​​កាល​​នៃ​​ដំណើរក្តី ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​​ លោក លាង សំណាត់ បានបែងចែកសំណុំរឿងនេះជាពីរ។ សំណុំរឿងទី១ ពាក់ព័ន្ធការកាត់ទោស​​ឃាតករ​​ឈ្មោះ អឿត អាង។ ដោយឡែក សំណុំរឿងទី២ ផ្តោត​លើការ​ស៊ើប​​អង្កេត​​រកអ្នកពាក់ព័ន្ធឬអ្នកនៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារនេះ។ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ រឿងក្តីដែលបានញែកជាពីរនេះហាក់នៅទ្រឹង​មិន​ដំណើ​រ​​​ការរហូត​មកដល់បច្ចុប្បន្ន។

វីអូឌី ពុំអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅ​​ថ្ងៃ​​ពុធ​​នេះ​​។

យ៉ាងណា ក្រោយពីសំណុំរឿងទី១ ត្រូវបានបិទបញ្ចប់កាលពីខែឧសភា តុលាការកំពូលបានចេញសាលដីកាដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំ​​បូង​​រាជធានី​ភ្នំពេញ​​ទុកជា​បាន​​​ការ ដោយបន្តផ្តន្ទាទោសទណ្ឌិតឈ្មោះ ជួប សម្លាប់ ​ដាក់ពន្ធនាគារអស់មួយជីវិតដដែល ក្នុងសំណុំ​​រឿង ​​«ឃាត​​កម្ម​គិត​​ទុក​​ជា​មុន» និង​ «ការកាន់កាប់​​អាវុធដោយ​​គ្មាន​​ការអនុញ្ញាត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ