អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN ​ជំរុញឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​នៅ​​មីយ៉ាន់ម៉ា

​លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ (ហ្វេសប៊ុក៖ UN Geneva)

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហប្រជាជាតិ (UN) ​កាល​ពីថ្ងៃពុធ​ម្សិល​មិញ​ បាន​អំពាវ​នាវដល់​ប្រទេស​នានាឱ្យ​​មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​វិស័យ​ប្រេងនិង​ឧស្ម័ន​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បីដាក់សម្ពាធបន្ថែមទៀតដល់​របប​យោធា​ដែល​ក្តោបក្តាប់​អំណា​ច​​នាពេលបច្ចុប្បន្ន។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិ គិតចាប់តាំងពីក្រុមយោធាបានដណ្តើម​យក​អំណាចមកគ្រប់គ្រងកាលពីថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ២០២១ និង​បាន​​ផ្តួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោក​ស្រី អ៊ុង​សាន ស៊ូជី ដែល​បង្កឱ្យមាន​ការ​ខឹង​សម្បារ​នៅ​ទូទាំង​ប្រទេស។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរបស់​អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក Thomas Andrews ដែល​ថ្លែងប្រាប់ក្រុមប្រឹក្សា​សិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិថា ការដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេសមួយនេះ គឺ​ដើម្បី​​កាត់បន្ថយចំណូល​ដែលរបបយោធា​ត្រូវការសម្រាប់​បន្តសកម្មភាពរបស់ពួកគេ និងកាត់​ផ្តាច់​ការ​ប្រើប្រា​ស់អាវុធរបស់ពួកគេ។

លោកបន្តថា៖ «ចំណូលដែលបានមកពីវិស័យប្រេងនិងឧស្ម័ន គឺជាហិរញ្ញវត្ថុដ៏សំខាន់សម្រាប់របបយោធា ហើយត្រូវបានប៉ាន់ស្មានថា ជាអ្វីដែលចាំបាច់សម្រាប់របបយោធាក្នុងការរក្សាកងកម្លាំងសន្តិសុខដែលកំពុងកាន់កាប់អំណាច»។

លោក Thomas Andrews ក៏បាន​អំពាវនាវ​ឱ្យមានការ​បង្កើត «សម្ព័ន្ធភាពបន្ទាន់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា (Emergency Coalition for the People of Myanmar)» ដែលនឹងហាមឃាត់ការនាំចេញអាវុធ​ទៅកាន់របបយោធាផងដែរ។

លោកថា៖ «ប្រទេសនានាចាំបាច់ត្រូវតែដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា»។

ជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិ​កក៏បានអំពាវនាវឱ្យមានការចាត់វិធានការម៉ឺងម៉ាត់​ ដើម្បី​ទប់ស្កាត់​ការ​បង្ហូរ​ឈាម​គ្នាបន្តទៀត​នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកស្រី Meryn Schneiderhan តំណាងស្ថានបេសកកម្មសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ថ្លែងថា៖ «យើងជំរុញឱ្យប្រជាជាតិទាំងអស់បញ្ឈប់ការនាំចេញអាវុធនិងផ្ទេរបច្ចេកវិទ្យាដែលអាចប្រើបានពីរស្តង់ដារទៅកាន់របបយោធា»។

កាលពីពេលថ្មីៗនេះ លោកស្រី Michelle Bachelet ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ក៏បានជំរុញឱ្យបណ្តាប្រទេសអាស៊ានបើកកិច្ចពិភាក្សានយោបាយជាមួយរបបយោធានិង​មេដឹកនាំ​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាផងដែរ។

លោក​ស្រីថា ​អាស៊ានបាន​យល់ព្រម​លើ​ការឯកភាព​គ្នា​ចំនួន​៥ចំណុច​ ​ជាមួយលោក​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ​អគ្គមេបញ្ជាការ​កងយោធា​មីយ៉ាន់ម៉ា កាលពី​ខែ​មេសា។

លោកស្រីបន្ថែមថា៖ «ប៉ុន្តែជា​អកុសល ​មេដឹកនាំរបប​យោធា​មីយ៉ាន់ម៉ាបាន​បង្ហាញ​សញ្ញា​តិចតួចពី​ការអនុវត្ត​តាម​ការព្រមព្រៀង​នោះ»។

លោកស្រីបន្តថា៖ «វាគឺជាកិច្ចការបន្ទាន់សម្រាប់អាស៊ានក្នុងការជ្រើស​តាំង​បេសកជន​ពិសេស​ម្នាក់​ឬ​ក្រុមការងារ​មួយ ​ដើម្បី​ធានាឱ្យ​​បានថា​ ការសន្ទនា​ខាង​នយោបាយ​នេះអាច​កើត​មាន​ឡើងបាន។ ខ្ញុំ​សូម​លើក​ទឹកចិត្តដល់​អាស៊ាន​ឱ្យ​​​ចូលរួម​ជាមួយ​មេដឹកនាំ​ប្រជាធិបតេយ្យ​ និង​អង្គការ​សង្គម​ស៊ីវិល មិន​មែន​ត្រឹមតែ​ពួក​យោធា​ប៉ុណ្ណោះ​ទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ