យុវជន​បារម្ភ​ជំនន់​ទឹកភ្លៀង​ ខណៈ​បឹង​ធម្មជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​បន្ត​លុប

ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងក្រុងភ្នំពេញ អំឡុងខែ កក្កដា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

បឹងធម្មជាតិធំៗមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះរួមមានបឹងកក់ បឹងជើងឯក បឹងទំពុន និងបឹងតាមោក ជាដើម ត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកស្អុយ និងរំដោះ​ទឹកដែលហូរចេញពីទីក្រុងអំឡុងពេលភ្លៀងធ្លាក់នារដូវវស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទាំងនោះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន បុគ្គលមានអំណាច និងស្ថាប័នរដ្ឋ ដើម្បីសាងសង់​​អគារនិង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ​។

រាជធានី​ភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តែងតែរងការ​ជន់លិចដោយជំនន់ទឹកភ្លៀង​ជា​បន្តបន្ទាប់។

កញ្ញា រ៉ុង សៃ បច្ចុប្បន្នកំពុងសិក្សាផ្នែកបរិស្ថាន​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​រៀប​រាប់​ថា ការលុបបឹងធម្មជាតិមួយចំនួននៅរាជធានីភ្នំពេញ ដូចជា បឹងតាមោក ជាដើម បានផ្តល់ផលអវិជ្ជមានច្រើនជាងផលវិជ្ជមានដល់​កម្ពុជា។ យុវតីវ័យ​២១ឆ្នាំរូបនេះបន្ត​ថា ផលប៉ះពាល់ដែលបណ្តាលមកពីការលុបបឹងធម្មជាតិ​ទាំងនោះ បានធ្វើឱ្យ​​​ប្រជា​ពលរដ្ឋ​ជុំវិញ​បឹង​មិនអាចប្រកបមុខរបរចិញ្ចឹម​និង​នេសាទ​ត្រី ឬ​ដាំ​បន្លែ​បានទៀតទេ ហើយ​នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗក៏បាន​ធ្វើ​​ឱ្យមាន​ទឹក​ជន់​លិចនៅតំបន់​មួយ​ចំនួន​ក្នុងរាជធានីភ្នំពេញ​ថែមទៀត។

បឹងធម្មជាតិទាំងនោះមិនត្រឹមតែជួយរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ហើយវាក៏ជាកន្លែងស្តុកទឹកមិនឱ្យហូរលិចទីក្រុងថែមទៀត ប៉ុន្តែកញ្ញា​បង្ហាញការសោកស្ដាយដែល​បឹងទាំងនោះ​ត្រូវបានរដ្ឋាភិបាលមើលរំលង ដោយ​កាត់និងចាក់ដីលុបជាបន្តបន្ទាប់។

ជាក់ស្តែង នៅពេលថ្មីៗនេះ​ កញ្ញាសង្កេតឃើញថា នៅពេល​ដែល​មានភ្លៀងធ្លាក់​តែមួយ​ម៉ោងឬ​ពីរ​ម៉ោង ផ្លូវមួយចំនួន​បានរងការ​ជន់លិច និងធ្វើឱ្យ​មានការ​​​​ស្ទះផ្លូវជាហូរហែ ដែល​បញ្ហាទាំ​ងអស់​នេះបាន​បណ្តាលឱ្យមានការត្អូញត្អែរពីផលលំបាក​ក្នុងការ​ធ្វើ​ដំណើរនិងជន់​លិចផ្ទះរបស់​ពលរដ្ឋជាដើម។

កញ្ញា រ៉ុង សៃ និយាយថា៖ «ថ្មីៗហ្នឹង កាលពីដើមឆ្នាំ មានទឹកជំនន់ច្រើន! ហើយខ្ញុំជឿថា ទឹកជំនន់ដែលហូរមកលិចរាជធានីភ្នំពេញ លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ លិចផ្លូវដែលគេធ្វើដំណើរ លិចស្ពានទាំងអស់ហ្នឹង គឺដោយសារតែការលុបបឹងហ្នឹងហើយ»។

និស្សិត​ដែលកំពុងសិក្សានៅឆ្នាំទី៣រូបនេះ​បន្តថា កញ្ញាមិនជំទាស់រាល់គម្រោងនិងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​នោះទេ​ ប៉ុន្តែកញ្ញាយល់ថា ការអភិឌ្ឍទាំងនោះមិនគួរលុបបឹង​ធម្ម​ជាតិឡើយ ខណៈដីនៅទីកន្លែងផ្សេងៗក៏មាន បើសិនរដ្ឋាភិបាលចង់អភិវឌ្ឍនោះ។

ករណីនេះ កញ្ញាស្នើទៅរដ្ឋាភិបាលឱ្យពិចារណាឡើងវិញ​ចំពោះការបន្តលុបបឹង ឬ​បញ្ឈប់​​ការ​លុប​បឹងដើម្បីអាចទុកឱ្យអ្នកជំនាន់ក្រោយបានឃើញថា ទាំងនេះ​ជា​សម្បត្តិធម្មជាតិដែលដូនតាបន្សល់ទុក។

កញ្ញាលើកឡើងថា៖ «កាត់ដីប្រមាណ២០ហិកតាឱ្យ​ទៅខាង​នេះ ឱ្យ​ទៅខាងនោះ ដើម្បីធ្វើការអភិវឌ្ឍ​អញ្ចេះ! ធ្វើការអភិវឌ្ឍ​អញ្ចុះ​ជាដើម! ទាំងអស់ហ្នឹងវាបង្ហាញឱ្យ​​ឃើញ​ថា បឹង​វាមិនមានរូបរាងដើមដូចពីមុនទេ ដោយវាត្រូវបានលុបបំផ្លាញមួយចំនួនធំហើយ»។

ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀតដែលតែងតែតាមដានបញ្ហាសង្គម លោក ម៉ា ចិត្រា សង្កេតឃើញថា ចាប់តាំងពីបឹងធម្មជាតិនៅរាជធានី​ភ្នំពេញត្រូវបានរដ្ឋាភិបាល​កាត់​​ប្រគល់​​ទៅ​ឱ្យ​ក្រុម​ហ៊ុន បុគ្គលឯកជន និងស្ថាប័នរដ្ឋមក វាបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅជុំវិញបឹងទាំងនោះ។

ក្រៅពីប៉ះពាល់ដល់ពលរដ្ឋហើយ លោកថា ក៏មានការរំលោភបំពាន​ដីធ្លី​អ្នក​ដែល​រស់នៅ​ជាប់​​បឹងនោះ​ដែរ ជាក់ស្តែង​ដូចជា​ ករណីបឹងកក់ជាដើម ដែលធ្វើឱ្យ​​ប្រជាពលរដ្ឋ​នាំគ្នាតវ៉ា​រា​ប់ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលធ្វើសម្បទានបឹងឱ្យក្រុមហ៊ុនឯកជន ដោយមិនបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។

លោកនិយាយថា៖ «បន្ទាប់ពីលុបបឹងហើយ យើងឃើញថា នៅភ្នំពេញឱ្យតែភ្លៀងម្តងៗ ជួនកាលអាចថាមួយម៉ោងលិចដោយកន្លែងៗក្នុងទីក្រុងភ្នំពេញ ទាំងនេះវាជាកត្តារួមផ្សំនៃការលុបបឹងហ្នឹង»។

លោក​បានសង្កេតឃើញដែរថា បន្ទាប់ពីបឹងកក់ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញត្រូវបានលុបអស់ បឹងធម្មជាតិផ្សេងទៀតដូចជា បឹងតាមោក និង​បឹងទំពុន ដែលនៅសល់ចុងក្រោយសម្រាប់ស្តុកទឹក ក៏ត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន​ឯកជននិងស្ថាប័នរដ្ឋ ដែលបច្ចុប្បន្នពួកគេបា​ននិងកំពុងចាក់ដីលុបយ៉ាងគគ្រឹកគគ្រេង។

លោក ម៉ា ចិត្រា និយាយថា៖ «បើយើងមើលឱ្យឆ្ងាយពីបញ្ហាលិចទឹកបន្តិច មានចំណុចប៉ះពាល់សំខាន់ពីរ! ទីមួយ អាចមានការបំពុលបឹងទន្លេសាបដែលជាជម្រកត្រីដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាយើង ព្រោះថា ប្រសិនបើរាជរដ្ឋាភិបាលបង្ហូរទឹកស្អុយចូលទៅក្នុងបឹងទន្លេសាបហើយ ទោះចង់ឬមិនចង់​ នឹងមានផលប៉ះពាល់ ដូចជា ត្រីដែលជាប្រភពចំណីរបស់ខ្មែរយើង។ ចំណុចសំខាន់ទីពីរ ចំពោះការលុបបឹងតាមោកក៏មានផលប៉ះពាល់ទៅលើប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលគាត់ស្រ័យនៅទីនោះផ្ទាល់ មិនតែប៉ុណ្ណោះក៏មានការធ្វើឱ្យលិចលង់ទីក្រុងភ្នំពេញផងដែរ»។

យុវជនសកម្មក្នុងការតាមដានបញ្ហាសង្គមរូបនេះ ស្នើទៅរដ្ឋាភិបាលឱ្យឈប់លុបបន្តទៀត ហើយងាកមកថែរក្សានិងជីកបឹងនោះឱ្យជ្រៅជាងមុន ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ និងធ្វើការអភិវឌ្ឍរៀបចំជាកន្លែងតំបន់ទេសចរណ៍ធម្ម​ជាតិ ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីរកចំណូលរដ្ឋសម្រាប់ជួយប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

លោកថា៖ «ពលរដ្ឋត្រូវតែចូលរួមជំរុញឱ្យរដ្ឋាភិបាលពិចារណាកុំឱ្យលុបបឹងតទៅទៀត គឺត្រូ​វចូលរួមទាំងអស់គ្នា រួមទាំងយុវជននិងអង្គការសង្គមស៊ីវិល ដើម្បីកុំឱ្យគេចោទថាក្រុមយុវជនមួយក្តាប់តូច ព្រោះដោយពេលខ្លះ គេច្រើនប្រើពាក្យការប្រឆាំង​ តែតាមពិតគ្រាន់តែជាកា​​​របង្ហាញពីភាពមិនពេញចិត្តចំពោះការលុបបឹងប៉ុណ្ណោះ»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការព្រួយបារម្ភរបស់​យុវជននិងប្រជាពលរដ្ឋ ទាក់ទងនឹងការលុបបឹងនៅជុំវិញរាជធានីភ្នំពេញ ជារឿង​មិន​ត្រឹម​ត្រូវ ដោយ​លោក​ថា កាលពីពេល​កន្លងមក នៅពេលមិនទាន់លុបបឹង ក៏មានទឹកជំនន់ជន់លិចរាជធានីភ្នំពេញដែរ​។

លោកថា៖ ​«តាមខ្ញុំដឹង បឹងតាមោក និងបឹងដទៃទៀត គេមានធ្វើអាងសម្រាប់បញ្ចៀសទឹក​ស្អុយ​មុនទម្លាក់ចូលទន្លេ និងអាងមួយទៀត​សម្រាប់ទឹកភ្លៀងដែលគេរៀបចំទុក។ ដូច្នេះអ្វីដែលជាទឡ្ហីករណ៍ទាំងអស់ហ្នឹង វាមិនឆ្លើយតបទៅនឹងការពិត ពីព្រោះខាងរដ្ឋាភិបាលមានការសិក្សាត្រឹមត្រូវ និងមន្រ្តីជំនាញពាក់ព័ន្ធដទៃទៀតនៅរាជធានីភ្នំពេញ»។

នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន មានប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែសិក្សាវាយតម្លៃ ពីផលប៉ះពាល់បរិស្ថាននិងប្រជាពលរដ្ឋឱ្យបានច្បាស់​លាស់ ដោយ​ធ្វើការផ្សព្វផ្សាយរបាយការណ៍ជាសាធារណៈ ព្រមទាំងពិគ្រោះយោបល់ជាមួយ​អ្នកពាក់ព័ន្ធនិងអ្នកជំនាញផ្សេងៗ មុននឹងធ្វើអនុប្រយោគឬលុបបឹងក្នុងតំបន់ណាមួយនោះ។

លោកថា៖ «រាជរដ្ឋាភិបាលគួរតែវាយតម្លៃពីផលប៉ះពាល់បរិស្ថាន សង្គម សេដ្ឋកិច្ចឱ្យបានច្បាស់លាស់ មុននឹងធ្វើសេចក្តីសម្រេចចិត្តលុបបឹង»។

ក្រៅពីសិក្សាហើយ លោកថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងជីវ​ភាព​របស់ប្រជាពលរដ្ឋ​ដែល​គាត់​ធ្លាប់​អាស្រ័យផល ជាមួយនឹងការប្រកបរបរចិញ្ចឹមជីវិត​តាម​រយៈ​ការ​ដាំ​ត្រកួន ដាំកញ្ឆែត ព្រោះពួកគេ​នឹងអាចប៉ះពាល់ទៅលើជីវ​ភាព និង​អាច​ប្រឈមនឹងការបណ្តេញចេញ។

លោកបន្តថា៖ «ដូចខ្ញុំលើកឡើងពីខាងដើមអ៊ីចឹង យើងអត់ប្រឆាំងនឹងការអភិវឌ្ឍទេ ប៉ុន្តែរាជរដ្ឋាភិបាល លោកគួរតែធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ផលប៉ះពាល់នានាដែលកើតឡើងពីការលុបបឹង មុននឹងធ្វើការអភិវឌ្ឍ»។

របាយការណ៍​អង្គការសមាគមធាងត្នោតដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថាបឹងចំនួន​២៦ ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​លុប​ទាំង​ស្រុងចំនួន១៦ ដោយស្មើនឹង ៦០% នៃ​​ផ្ទៃបឹងសរុប និងបឹងចំនួន​១០​ផ្សេងទៀតត្រូវបាន​លុប​ផ្នែកមួយ​ចំនួន​នៃ​បឹង។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា មូលហេតុនៃការ​លុបបឹង​ទាំង​នោះបណ្តាល​មក​ពី​ការ​សាងសង់​បុរី តំបន់​លំនៅឋាន និង​ទីក្រុង​រណប។ របាយការណ៍​នេះ​បង្ហាញ​ថា ការ​លុប​បឹង​​ទាំង​​នោះជាការ​បាត់បង់​អាងស្តុក​ទឹក​ដ៏​សំខាន់​សម្រាប់​រាជធានី​​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម លោក ​លឹម គានហោ កាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​​ចាក់​ដី​លុប​និង​​ការ​​សាង​សង់​​បិទ​​ផ្លូវ​ទឹ​ក​​នានា​ជា​បន្តបន្ទាប់។ 

ប៉ុន្តែលិខិតព្រមានរបស់ក្រសួងនេះ ត្រូវបានគេមើលឃើញថាមិនមានប្រសិទ្ធភាពឡើយ ត្បិតការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិនេះ នៅតែបន្តកើតមានឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ