កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត៧០០នាក់បន្ថែមទៀត ខណៈអ្នកជំងឺជាង១០នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៩៣នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១១២នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៤៣នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១០២ ១៣៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៩៥ ៨១០នាក់ អ្នកស្លាប់កើនដល់ចំនួន២ ០៧៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៧ ៤២៨នាក់៕