តុលាការ​កាត់ទោស​អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​ជាប់​ពន្ធនាគារ​២ឆ្នាំ​កន្លះ​ ករណី​កាន់​កាប់​ដី​រដ្ឋ​​​​នៅ​មណ្ឌលគិរី​

អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា។ (ហ្វេសប៊ុក សេងសុវណ្ណារ៉ា Seng Sovannara)

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោសអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងការកាន់កាប់​ដីរបស់រដ្ឋ​ទំហំប្រមាណ​១ ០០០ហិ​កតា​ ស្ថិតនៅ​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ នៅ​ស្រុក​កោះញែក ខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី ប្រាប់ វីអូឌី កាលពីថ្ងៃពុធ​​ថា ចៅ​ក្រម​​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្ដន្ទាទោសអតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា ​ឱ្យជាប់​ពន្ធនាគារ ​២​ឆ្នាំ​៦​ខែ​ ដោយចោទប្រកាន់៤បទល្មើស ក្នុងនោះរួមមាន បទ​«ឆបោក​មាន​ស្ថាន​ទម្ងន់ទោស» «​កាន់កាប់​អាវុធ​គ្មាន​លិខិតអនុញ្ញាត» «សម្លុត​កុំឱ្យ​មានការ​ប្តឹងផ្តល់» និង​​​ «រំលោភ​ទ្រព្យសម្បត្តិ​​សាធារណៈ»។

ក្រៅពីលោក​ សេង សុវណ្ណារ៉ា ក៏មានមនុស្ស៣​នាក់ត្រូវ​បាន​តុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំផងដែរ។

លោកថា៖ «គាត់សម្រេចផ្ដន្ទាទោសលោក សេង សុវណ្ណារ៉ា ​២ឆ្នាំកន្លះ [ហើយ] ឈ្មោះ ស៊ីន​ ប៉ូ និង វ៉ាន់ សុធា និងលោក ប៉ូ ចយ ត្រូវបានផ្ដន្ទាទោស២ឆ្នាំដែរ»។ 

មនុស្សទាំង៣នាក់នេះត្រូវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ» និងបទ «សម្លុតគំរាមកុំឱ្យដាក់ពាក្យបណ្តឹង» ដែលប្រព្រឹត្តនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌល​គិរី លោក គ្រើង តុលា ចាត់ទុកការកាត់ទោសលោក សេង សុវណ្ណារ៉ា និងមនុស្ស៣នាក់ទៀត​ថាជាការព្រមានទៅអ្នកផ្សេងទៀត។ ប៉ុន្តែសម្រាប់​យុត្តិធម៌វិញ លោកថា នៅមិនទាន់មាននៅ​ឡើយ។ លោកបន្តថា អ្នកដែលទិញនិងរំលោភយកដីរដ្ឋ មិនមែនមានតែលោក សេង សុវណ្ណារ៉ា ម្នាក់នោះទេ ​ដោយថា បច្ចុប្បន្នមានអ្នកមានអំណាចធំៗនិងឧកញ៉ាជាច្រើនទៀតផងដែរ។

លោកថា៖ «គិតជាការរំលោភដីធ្លី វាមិនថយចុះទេ គឺកើតឡើង! ​ប៉ុន្តែមានការលាក់បាំង ទាំងឧកញ៉ា អ្នកធំ ​ទាំងអ្នកមានអីហ្នឹង គឺនៅតែមាន​ការរំលោភដីធ្លី ប៉ុន្តែគ្រាន់តែថា ​ភាគច្រើនគេប្រើដៃឈ្មួញឬដៃប្រជាពលរដ្ឋហ្នឹង​ជាលេស ដើម្បីយកដីរបស់រដ្ឋនិងដីសហគមន៍ជាដើម»។

លោក គ្រើង តុលា ស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវដកហូតដីទាំងនោះ​មកទុកជាសម្បត្តិរដ្ឋវិញ និងប្រើប្រាស់ដីដែលដកហូតបាននោះឱ្យមានប្រសិទ្ធភាព ដោយសារកន្លងមក លោកសង្កេតឃើញថា ដីដែលរដ្ឋាភិបាល​ផ្ដល់សម្បទានសង្គមកិច្ចមិនបានដល់ប្រជាពលរដ្ឋក្រីក្រឡើយ។​

លោកថា៖ «ប្រើប្រាស់ដីឱ្យចំគោលដៅ អភិវឌ្ឍន៍ឱ្យប្រាកដអភិវឌ្ឍន៍ វិនិយោគឱ្យប្រាកដវិនិយោគ​ ផ្ដល់ដីសម្បទានសង្គមកិច្ចឱ្យប្រាកដសម្បទានសង្គមកិច្ច​ កុំឱ្យសម្បទានសង្គមបានទៅលើអ្នកមានទាំងអស់ ហើយអភិវឌ្ឍន៍បានទៅលើឧកញ៉ា ចែកគ្នាលក់១០ទៅ២០​ហិកតា អាហ្នឹងយើងទទួលយកអត់បានទេ»។​

មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក ​លោក ប៉ែន ប៊ុណ្ណារ៍ សាទរចំពោះវិធានការច្បាប់ទៅអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នេះ ប៉ុន្តែ​លោកជំរុញឱ្យរដ្ឋាភិបាលនិងស្ថាប័នជំនាញត្រូវស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានគប់គិត​ចុះ​ហត្ថលេខាលក់ដីរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។

លោកថា៖ «អ៊ីចឹងយើងទាមទារឱ្យមានការស្រាវជ្រាវបន្ថែមទៀតលើ​ករណីហ្នឹង ពីព្រោះដីរបស់​គាត់ហ្នឹងមិនមែនគាត់មានអំណាចទៅយកបានដោយអំណាចគាត់ទេ។ តាមពិត មានអំណាច​មេភូមិ មេឃុំ ចៅហ្វាយស្រុក រហូតដល់ចៅហ្វាយខេត្តទៀត ដែលចេញលិខិតហ្នឹង។ អ៊ីចឹង អ្នកពាក់ព័ន្ធហ្នឹង យើងឃើញអ្នកកាន់កាប់ហ្នឹងមួយផ្នែក វាជាគំរូហើយ តែគ្រាន់តែថា វានៅមានវិសមភាពនៅក្រោយទៀត»។

លោកបន្ថែមថា៖ «យើងចង់ឱ្យមានការស្រាវជ្រាវបន្ថែមទៀតទៅលើករណីហ្នឹ​ង។ ហើយឥលូវហ្នឹងក៏មានករណីជាច្រើនទៀតដែលពាក់ព័ន្ធអ្នកមានអំណាចធំៗកំពុងកាប់រានដីដល់រាប់ពាន់ហិកតា ទោះបីជាមានប្រកាស​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏ដោយ​។ អ៊ីចឹងវាជាគំរូមួយដែល​នាំមុខហើយ! អ៊ីចឹងដីផ្សេងៗទៀត ខ្ញុំគិតថា មិនពិបាកទេ ព្រោះសុទ្ធតែដីព្រៃ ដីអី»។

កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង បាន​ចេញ​លិខិត​ឱ្យ​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​លោក សេង សុវណ្ណារ៉ា កាន់កាប់​ដីធ្លី​ទំហំ​១ ០០០​​ហិ​កតា​ ស្ថិតនៅ​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ នៅ​ស្រុក​កោះញែក ប៉ុន្តែអភិបាលខេត្ត​រូប​នេះបាន​លុបចោល​ការ​ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​នេះ​វិញ បន្ទាប់ពី​រក​ឃើញថា ដី​នោះ​ស្ថិតនៅ​ក្នុង​ដែន​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន។

​លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ដកហូត​តំណែង​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​កាលពី​ថ្ងៃទី២៤ ខែសីហា ​ឆ្នាំមុន តែ១០ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ត្រូវ​បានរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​ដកចេញ​ពី​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី ដោយ​ដាក់​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី​ ជំនួស​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ