ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កំពុងសាកសួរមនុស្ស៤នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជុំវិញការរំលោភដីធ្លីនៅស្រុកកែវសីមា។
មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងរដ្ឋបាលព្រៃឈើ ជាង៥០នាក់ «បានបង្ក្រាបការទន្ទ្រានយកដីខុសច្បាប់» នៅឯដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយក្នុងឃុំស្រែឈូក កាលពីថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលស្រុកកែវសីមា។
យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុននោះមានឈ្មោះថា « Pacific Joint Stock»។ សេចក្តីថ្លែងការណ៍បង្ហាញពីសម្បទានចម្ការកៅស៊ូចំនួនពីរកន្លែងនៅក្នុងតំបន់ ដែលមានឈ្មោះថា Pacific Glory Joint-Stock និង Pacific Victory Joint-Stock។
នគរបាលបានឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់ដែលត្រូវចាប់ខ្លួននោះមានឈ្មោះ សំ វ៉េត អាយុ៤២ឆ្នាំ, ជា សីហា អាយុ៣០ឆ្នាំ, ញ៉ែម សីហា អាយុ៥១ឆ្នាំ, និង មួង សីហា អាយុ១៧ឆ្នាំ។ សេចក្តីថ្លែងការណ៍បន្ថែមថា ជនសង្ស័យ៣នាក់មកពីខេត្តត្បូងឃ្មុំ និងម្នាក់ទៀតមកពីខេត្តតាកែវ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីជនសង្ស័យទាំងនោះឡើយ។
វីដេអូមួយដែលត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតដោយកាសែត Phnom Penh Daily បានបង្ហាញពីសន្តិសុខប្រដាប់អាវុធ ប្រឈមមុខជាមួយនឹងក្រុមគ្រួសារមួយក្រុមតូចនៅវាលស្រែ។ វីដេអូមួយទៀតបានបង្ហាញដីចម្ការមួយកន្លែងដែលមានពេញដោយជម្រកបណ្តោះអាសន្ន។
លោក ស៊ាវ ងីឈាន់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះរាជអាជ្ញាកំពុងសាកសួរជនសង្ស័យទាំង៤នាក់ ប៉ុន្តែមិនទាន់បានចោទប្រកាន់នៅឡើយទេ។
លោកបានមានប្រសាសន៍ថា៖ «យើងកំពុងស្តាប់ចម្លើយរបស់ពួកគេ [ជនសង្ស័យ]»។
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Four Land Disputants Arrested in Mondulkiri