តុលាការខេត្តកំពង់ឆ្នាំងសាកសួរសកម្មជនដីធ្លីភូមិឡពាង៤នាក់ករណីប៉ុនប៉ងឃាតកម្ម​

អ្នកស្រី អ៊ុំ សុភី ក្នុងសកម្មភាពប្រជុំពិភាក្សាមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកអ្នកស្រី អ៊ុំ សុភី)

តុលាការ​ខេត្ត​កំពង់ឆ្នាំង​ បាន​សាកសួរ​សកម្មជន​ដីធ្លីភូមិឡពាងចំនួន៤​នាក់ ​ពាក់ព័ន្ធនឹង​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​​ឃាតកម្ម និង​​​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ដោយចោទ​​​ថា សកម្មជនដីធ្លីទាំងនោះបាន​ប្រើប្រាស់​កាំបិត ដើម្បី​បំផ្លាញ​សំណាញ់របស់អ្នកនេសាទខុសច្បាប់​ ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់ត្រឡាច។

ការ​សាកសួរនេះ ធ្វើឡើងកាលពីថ្ងៃទី១៥​ ខែកញ្ញា បន្ទាប់ពី​តុលាការខេត្តកំពង់ឆ្នាំងបានចេញដីកាកោះហៅមួយចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង ​លោក​ ឡុង ស៊ីថា ដែលតម្រូវឱ្យសកម្មជនដីធ្លី​ទាំង៤នាក់ រួមមាន​ឈ្មោះ ស្ងួន ញឿន, ​ឈ្មោះ​ ស្ងួន ញ៉ាន, ​ឈ្មោះ​ អ៊ុំ សុភី និង​ឈ្មោះ ​អ៊ុន ម៉ុន​ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ ប៉ក់ សុទន ដែលបានប្តឹងកាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១។

លោក ស្ងួន ញឿន ដែលជាស្វាមីរបស់​អ្នកស្រី អ៊ុំ សុភី ស្ថិតនៅក្នុងការសាកសួរនោះដែរ បានថ្លែងថា ព្រះរាជអាជ្ញា​រង ​លោក​ ឡុង ស៊ីថា បានសាកសួរពួកគាត់ថា តើសកម្ម​ជនទាំង៤នាក់​បានធ្វើសកម្មភាពដេញវាយនិងដេញកាប់ក្រុមរងគ្រោះ​​ឈ្មោះ​ ប៉ក់ សុទន ដែរឬទេ?

លោកបានថ្លែងថា ៖«ព្រឹកមិញ ព្រះរាជអាជ្ញាហៅយើងទៅសួរពីបញ្ហានៅក្នុងរឿងបឹងអភិរក្សហ្នឹង។ គាត់សួរថាយើងបានការពារបឹងហ្នឹងប៉ុន្មានឆ្នាំហើយ! យើងប្រាប់ យើងបានការពារ២០ឆ្នាំ។ [សំណួដែលព្រះរាជអាជ្ញារងបានសាកសួរ] តើក្នុង២០ឆ្នាំហ្នឹងតើអាជ្ញាធរទទួលស្គាល់ទេ? យើងថាអាជ្ញាធរអត់ទទួល ទោះបីយើងដើរធ្វើលិខិតគ្រប់កន្លែងក៏ដោយ ប៉ុន្តែអាជ្ញាធរអត់ទទួលស្គាល់ទេ»។

លោកបានបន្ថែមថា ព្រះរាជអាជ្ញា​រង ​លោក​ ឡុង ស៊ីថា ក៏បានសួរថា តើក្រុមសកម្មជនបាន​កាត់សំណាញ់និងប៉ុនប៉ងសម្លាប់គេទេ? ហើយបានទាមទារឱ្យសកម្មជនសហគមន៍សងការខូចខាត តែក្រុមសកម្មជនបានអះអាងថា អាជ្ញាធរមូលដ្ឋានទុកជាអសារបង់ ដោយសារការនេសាទនៅបឹងនោះជាកន្លែងអភិរក្ស។

លោកបានថ្លែងបញ្ជាក់ទៅកាន់ព្រះរាជអាជ្ញាទៀតថា លោកពុំបានដឹងរឿងកាត់សំណាញ់នោះទេ ដោយសារតែលោកនិងភរិយារបស់លោកបាននិងកំពុងតែធ្វើការសំណង់។ ហើយលោកបានទទួលព័ត៌មានថា មានគេចូលបង់សំណាញ់ក្នុងតំបន់អភិរក្ស តែប្អូនរបស់លោកបានទៅមុន ហើយបានកាត់សំណាញ់នោះ ហើយមុនពេលកាត់គឺគាត់បានរាយការណ៍ទៅប៉ូលិស​ផងដែរ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំប្រាប់ថា ខ្ញុំអត់បានទៅកាត់សំណាញ់គេទេ ហើយអត់ដឹងរឿងអ្វីទេ! ខ្ញុំការពារដើម្បីប្រយោជន៍រួម។ ជនល្មើសដែលមកបង់សំណាញ់ គឺយើងបានហាមឃាត់ជាច្រើនលើកច្រើនសារហើយ មិនស្តាប់ទេ»។

លោកបានបន្ថែមថា៖ «ពួកខ្ញុំមិនបានដេញកាប់ពួកគាត់ទេ មានតែពួកគាត់ទេដែលដេញវាយនិងរកកាប់ពួកខ្ញុំ។ រឿងនេះសុទ្ធតែជារឿងប្រតិដ្ឋទាំងអស់ ថាយើងដេញសម្លាប់គេ តែយើងអត់បានធ្វើទេ ហើយយើងមិនដឹងផង»។

លោកបានថ្លែងថា៖ «យើងសំណូមពរថាយើងមិនទទួលយកបណ្តឹងរបស់គាត់ទេ ដោយសារតែយើងអត់បានធ្វើ ហើយទម្លាក់ការចោទប្រកាន់ចោល»។

លោក​ ស្ងួន ញ៉ាន ដែលជាប្អូនប្រុសរស់លោក ស្ងួន ញឿន បានថ្លែងថា លោកពិតជាបានកាត់សំណាញ់របស់ឈ្មោះ​ ប៉ក់ សុទន តែលោកពុំបានប៉ុនប៉ងសម្លាប់ពួកគេទេ។

លោកបានបញ្ជាក់ថា៖ «ព្រះរាជអាជ្ញាបានសួរថា តើហេតុអ្វីបានជាខ្ញុំទៅកាត់សំណាញ់និងបានទៅភ្ជង់គេដោយប្រើកាំបិទមែនដែរឬទេ? ខ្ញុំមិនបានយកកាំបិតទៅភ្ជង់គេទេ ខ្ញុំបានហាមឃាត់គាត់ជាលើកទី១ ទី២ និងទី៣ ប៉ុន្តែគាត់អត់ព្រម ខ្ញុំក៏បានយកកាំបិតទៅកាត់សំណាញ់ និងឧបករណ៍ដែលគាត់ធ្វើសកម្មភាពនៅកន្លែងខ្ញុំអភិរក្ស»។

លោកបានបន្ថែមថា ព្រះរាជ្ញាបានទាមទារឱ្យលោកផ្តល់សំណងដល់​ឈ្មោះ​ ប៉ក់ សុទន តែលោកបដិសេធដោយសារលោកការពារនិងអភិ​រក្សបឹង​ពោធិ៍សម្រាប់សហគមន៍ ខណៈអ្នកភូមិ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ពូជ​ត្រី​ក្នុង​សហគមន៍​។

លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនអាចសងទេ ដោយសារតែកន្លែងនេះ ខ្ញុំការពារ។​ ហើយអ្វីដែលខ្ញុំធ្វើ គឺជាអំពើត្រឹមត្រូវ ហើយការពារដើម្បីផលប្រយោជន៍ប្រជាជន ហើយបើមានកំហុស ហើយជាប់គុក ក៏ខ្ញុំស្វាគមន៍ដែរ»។

លោក ហ៊ី សុខចាន់ មេប៉ុស្តិ៍ឃុំ​តា​ជេស បានថ្លែងថា លោកទទួលស្គាល់សកម្មជន​ទាំងនោះពិតជាបានជួយការពារតំបន់អភិរក្ស បើទោះជាអាជ្ញាធរមិនទាន់ទទួលស្គាល់ក្តី។

លោកបានបញ្ជាក់ថា៖ «ខាងអាជ្ញាធរមិនទាន់ទទួលស្គាល់ទេ។ គាត់ការពារហ្នឹង វាល្អដែរ!​ មានអ្នកខ្លះមួយចំនួនមិនសប្បាយចិត្ត ដោយសារតែគាត់អីនៅក្នុងហ្នឹង ដូច្នេះហើយវាមានទំនាស់»។

លោកបានបន្ថែមថា នៅតំបន់បឹងអភិរក្សមានបទល្មើសនេសាទ​តិចតួចតែប៉ុណ្ណោះ ដោយសារតែអាជ្ញាធរធ្វើការបង្ក្រាប មិនដូចការលើកឡើងរបស់ប្រជាជននោះទេ។

លោក​ ស្ងួន ញ៉ាន បានបន្ថែមថា ​កាល​ពី​ខែ​មករា ពួកលោក​បាន​រឹបអូស​សំណាញ់របស់​លោក ​ប៉ក់ សុទន និងមួយខែក្រោយមក​ លោក ​ប៉ក់ សុទន បានធ្វើការ​បំផ្លាញនិង​ដុត​រោងនៅកន្លែ​ង​ការ​ពារ​តំបន់​អភិរក្ស​ត្រី​របស់​សហគមន៍។ បញ្ហានេះ ពួកគាត់បានដាក់ពាក្យបណ្តឹងកាល​ពី​ថ្ងៃ​២២ ខែ​កុម្ភៈ ចំពោះការ​បំផ្លាញនិង​ដុត​រោងកន្លែ​ង​ការ​ពារ​តំបន់​អភិរក្ស​ត្រី​របស់​សហគមន៍ ​ប៉ុន្តែ​មិន​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​ចាត់​ការ​លើ​បណ្តឹង​នេះទេ​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ