ក្រសួង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដល់​កុមារ​អាយុ​ចាប់​ពី​៦-១២​ឆ្នាំ​នៅ​ថ្ងៃ​ស្អែក​នេះ

សន្និសីទសារព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពស្ថានភាពកូវីដ១៩ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ស្អែកនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងផ្តល់ការចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលនឹងចាប់ផ្តើមយុទ្ធនាការចាក់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខណៈ២១ខេត្តទៀតនឹងត្រូវចាប់ផ្តើមយុទ្ធនាការចាក់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ចំពោះកូនចៅរបស់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើ​ការងារ​ថ្នាក់​ជាតិ អាចឱ្យពួកគេទៅចាក់នៅថ្ងៃ​ស្អែកនេះ តាមមន្ទីរពេទ្យជាតិ រួមមាន មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យអង្គឌួង, មន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យគន្ធបុប្ឆា ជាដើម។

ចំណែកកូនចៅរបស់មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី-បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រីបុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត កូនចៅអ្នកឧកញ៉ា លោកឧកញ៉ា អាចនាំកូនចៅទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាលម៉ែត ចាប់ពីថ្ងៃទី៥ ដល់​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ផងដែរ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងតាមរយៈសារជាសំឡេងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២១នេះថា គិតមកដល់​ពេលនេះ រដ្ឋាភិបាលបានចាក់​វ៉ាក់សាំង​ដល់​កុមារ​និងយុវវ័យ​ចាប់​ពីអាយុ១២ឆ្នាំដល់​១៨ឆ្នាំ បានប្រមាណ១លាន៧សែននាក់រួច​ហើយ។ លោក​បន្តថា ​ជំហាន​បន្ទាប់ រដ្ឋាភិបាលបាន​​សម្រេច​បើកយុទ្ធនាការ​ចាក់​វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ ដល់​កុមារ​អាយុចាប់​ពី៦ឆ្នាំដល់១២​ឆ្នាំបន្ថែមទៀត ចាប់​ពីថ្ងៃសុក្រ ទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១នេះទៅ ដើម្បីឈានទៅបើកសាលាបឋមសិក្សា​ឡើងវិញ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុមារ​ដែលមានអាយុចន្លោះ​ពី៦ឆ្នាំទៅ១២ឆ្នាំ មាន​ចំនួ​ន​ប្រមាណ​ជាង១លាន ៨សែននាក់។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហើបឱ្យដឹងដែរថា រដ្ឋាភិបាលក៏កំពុងពិចារណា​ជំហាន​​​បន្ទាន់​​ក្នុងការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដល់កុមារអាយុចន្លោះពី៣ឆ្នាំដល់​៦ឆ្នាំ​ ស្ថិតក្នុងកម្រិតមត្តេយ្យសិក្សា ក្រោយពីអនុវត្ត​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់កុមារ​អាយុ៦ឆ្នាំដល់១២​ឆ្នាំ​រួច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ