អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​​ក្រសួង​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដែល​​​ជា​ប់​ព្រំ​ប្រទល់​​​​ខេត្ត​ពោធិ៍​សាត់​

ពលរដ្ឋខេត្តកំពង់ឆ្នាំងប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយគ្មានដំណោះស្រាយដីធ្លី ករណីដែលអាជ្ញាធរខេត្តពោធិ៍សាត់ដកហូតយកដីដែលពលរដ្ឋអះអាងថាជាម្ចាស់កម្មសិទ្ធិនោះ ទៅចែកឱ្យពលរដ្ឋរស់នៅខេត្តពោធិ៍សាត់។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹង​​ស្នើដល់ក្រសួងមហាផ្ទៃឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋជាង៥០០គ្រួសារនៅខេត្តកំពង់ឆ្នាំងដែលជាប់​ព្រំប្រទល់ជាមួយ​​ខេត្តពោធិ៍សាត់ ក្រោយ​ប្រជាពលរដ្ឋ​នាំគ្នាតវ៉ា​បិទ​កំណាត់​ផ្លូវជាតិលេខ៥។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាននាំគ្នាឈរលើកបដា និង​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរព្រំប្រទល់​នៃខេត្តទាំង២នេះ ជាង​២ម៉ោង ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋនៅខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរខេត្តពោធិ៍សាត់ដែលគ្រោង​យក​ដីនោះទៅចែកឱ្យ​ពលរដ្ឋ​ខ្លួន។​

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ​ថា ក្រោយពលរដ្ឋបិទកំណាត់​ផ្លូវជាតិលេខ​៥ លោកបានឱ្យមន្ត្រីក្រោមឱវាទទៅសម្របសម្រួលជាមួយ​ពលរដ្ឋ ដើម្បី​បើកផ្លូវ​វិញ។ លោក​ថា ព្រឹកមិញនេះ តំណាងពលរដ្ឋ៥នាក់បានមកជួប​លោក ដើម្បីសុំឱ្យជួយដោះស្រាយរឿងវិវាទដីធ្លីរបស់ពួកគេ។

អភិបាលខេត្តរូបនេះ​អះអាងថា ជុំវិញជម្លោះដីធ្លីរវាងប្រជាពលរ​ដ្ឋនៅខេត្តកំពង់ឆ្នាំងនិង​អាជ្ញាធរខេត្ត​ពោធិ៍សាត់នេះ លោកនឹងព្យាយាមសម្របសម្រួលជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ រួមទាំងស្នើដល់ក្រ​សួង​មហាផ្ទៃឱ្យជួយដោះស្រាយបញ្ហាព្រំប្រទល់រវាង​ខេត្ត​ទាំង​២ និង​ដោះស្រាយ​បញ្ចប់វិវាទដីធ្លីជូន​ពលរដ្ឋរស់​នៅតំបន់ព្រំប្រទល់នោះផងដែរ។

លោកបន្ថែមថា៖ «ទី១ ខ្ញុំប្រាប់ពលរដ្ឋឱ្យឈប់ធ្វើសកម្មភាពបិទផ្លូវ ព្រោះវាខុសច្បាប់។ ទី២ ខ្ញុំឱ្យក្រុមការងារថ្នាក់ខេត្តធ្វើជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយរឿងនេះ និងមួយទៀត​ ក្រុម​ការងារ​ថ្នាក់ស្រុកនិងខេត្តធ្វើការងាររួមគ្នា ដើម្បីធ្វើជំរឿន​ប្រជាជន​ដែល​អាស្រ័យផល​និងកំពុងមានជម្លោះហ្នឹងឱ្យច្បាស់លាស់ ដើម្បីយើងយកទៅចរចា​រក​ដំណោះស្រា​យជាមួយអាជ្ញាធរ​ខេត្តពោធិ៍សាត់។ ហើយបញ្ហាពាក់ព័ន្ធជាមួយព្រំប្រទល់​ជាមួយ យើងនឹងធ្វើស្នើទៅក្រសួង​មហាផ្ទៃឱ្យគាត់ជួយដោះស្រាយដែរ ជួយពិនិត្យមើលទាំង២ រឿងជម្លោះដីធ្លីផង និងរឿងព្រំប្រទល់ហ្នឹងផង»

ពលរដ្ឋម្នាក់រស់នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែល​ជាប់ព្រំប្រទល់​ខេត្តពោធិ៍សាត់ លោក ខែម នី ប្រាប់ វីអូឌី ថាគ្រួសារលោកមានដីស្រែទំហំជាង២ហិកតា ស្ថិតនៅក្នុងឃុំអន្សាចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយបានអាស្រ័យផលបន្តពីឪពុកម្តាយ តាំងពីក្រោយសម័យប៉ុល​ពត​ រហូតមកដល់បច្ចុប្បន្ននេះ។

ពលរដ្ឋបន្តថា កាលឆ្នាំ២០២០ រូបលោកនិងពលរដ្ឋនៅកំពង់ឆ្នាំង​រាប់រយគ្រួសារទៀត​​ដែលមាន​ដីធ្លី​នៅ​ខេ​ត្តពោធិ៍សាត់ ត្រូវបានបាត់បង់ដីធ្លីដោយសារអាជ្ញាធរខេត្តពោធិ៍សាត់ដកហូតយកបែងចែកឱ្យពលរដ្ឋផ្សេងទៀត​យ៉ាងអយុត្តិធម៌។

លោកបន្ថែមថា៖ «ចំពោះគ្រួសារ​ខ្ញុំ​ផ្ទាល់ ប្រសិនបើមានការរឹបអូសយកដីខ្ញុំទាំងអស់ហ្នឹង​មែន គ្រួសារខ្ញុំនឹងជួបបញ្ហា​ជីវភាពជាខ្លាំងមិនខាន ពីព្រោះខ្ញុំប្រកបមុខរបរធ្វើកសិកម្មអាស្រ័យផ​លនៅលើដី ចុះបើគេដកយកដីអស់ តើគ្រួសារខ្ញុំបានអីធ្វើកសិកម្ម​ បាន​អី​បង្ក​បង្កើន​ផល​ចិញ្ចឹម​កូនចិញ្ចឹម​គ្រួសារ»

ពលរដ្ឋម្នាក់ទៀតនៅឃុំត្រពាំងចាន់​ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីការចាប់ខ្លួន បាននិយាយ​ថា​ គ្រួសារអ្នកស្រីមានដីជាប់ព្រំប្រទល់​ក្នុងខេត្តពោធិ៍សាត់ជាង២ហិកតាសម្រាប់បង្កបង្កើន​ផល​ធ្វើស្រែចិញ្ចឹមជីវិតនោះ ក៏ត្រូវបានអាជ្ញាធរខេត្ត​ពោធិ៍សាត់ដកហូតយកទៅបែងចែក​ឱ្យពលរដ្ឋផ្សេង​ដែរ។

អ្នកស្រី​បន្តថា អាជ្ញាធរខេត្តពោធិ៍សាត់បានចោទ​​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំងថា​បាន​ចូលទន្ទ្រាន​យក​ដី​ក្នុង​ខេត្តពោធិ៍សាត់​ដោយខុសច្បាប់ ខណៈដីនោះគ្រួសារអ្នកស្រី​បានចូលទៅអាស្រ័យផលបន្តពីឪពុកម្តាយតាំងពីឆ្នាំ១៨៨១មកម៉្លេះ។ អ្នកស្រីបន្ថែមថា ការលើកឡើងរបស់អាជ្ញាធរ​ខេត្ត​​ពោធិ៍សាត់នេះហាក់មានការ​រើសអើង​ពលរដ្ឋនៅខេត្តផ្សេង។

អ្នកស្រីបន្ថែមថា៖ «គេចោទថា ដូន​តាយើងហ្នឹង​មកលួចធ្វើស្រែលើដីនៅខេត្តគេ ដីខេត្តឯងមិន​ធ្វើ មកធ្វើនៅខេត្តគេ! ប៉ុន្តែពលរដ្ឋពួកខ្ញុំបា​នទៅគាស់ទៅហែកធ្វើនឹង​ដៃ​នៅ​តំបន់​ហ្នឹងតាំងពីសម័យខ្មែរក្រហមនៅម៉្លេះ។ ខ្ញុំយល់ថា អាជ្ញាធរខេត្តពោធិ៍សាត់ធ្វើដូចជាមានការបែងចែក ដូចជាមានការរើសអើងប្រជាជនខេត្តនេះខេត្តនោះ។ អ៊ីចឹង​ខ្ញុំសំណូម​ពរ​ដល់​សម្តេច​ឱ្យ​ជួយ​​ដោះស្រាយ​ដី​ហ្នឹង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋផ្សេង»

ពលរដ្ឋរូបនេះបន្តថា ទាំងអ្នកស្រីនិងពលរដ្ឋផ្សេងទៀតកំពុងមានការព្រួយបារម្ភ​ពី​ការបាត់​បង់​ដី​ធ្លីនិង​ការ​ចាប់ខ្លួន​ផង​ដែរ ខណៈ​កន្លងមក​មានអ្នកភូមិ២នាក់ហើយដែលសកម្ម​ក្នុងការ​តវ៉ារឿងដីធ្លីនេះ ត្រូវ​អាជ្ញាធរ​ខេត្តពោធិ៍​សាត់​ចាប់ខ្លួន បើទោះជា​​​ក្រោយមក​មានការ​​​ដោះ​លែ​​ង​វិញ។ អ្នកស្រីថា អាជ្ញាធរតែងតែគំរាមកំហែង​ពីការ​ចាប់ខ្លួន​ចំពោះពលរដ្ឋណាដែលសកម្មចេញមុខ​តវ៉ា។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ សុំមិន​អធិប្បាយលើរឿងនេះទេ​ ដោយលោកបង្វែរឱ្យទៅសួរអភិបាលខេត្ត លោក ម៉ៅ ធនិន វិញ ប៉ុន្តែ វី​អូឌី មិនអាចសុំការឆ្លើយតបពីលោក ម៉ៅ ធនិន បានទេនៅថ្ងៃនេះ។

ក្នុងលិខិតមួយចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់លោកចៅហ្វា​វាំង និង​ជាអ្នកតំណាងរាស្ត្រ​ខេត្ត​កំពង់ឆ្នាំង លោក គង់ សំអុល ដែល​ផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ៥៧២គ្រួសារនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ចូល​អាស្រ័យផ​លលើដីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់តាំងមុន​សម័យ​សង្គ្រាម និងក្រោយសម័យសង្គ្រោមរហូតមកដល់បច្ចុប្បន្ននេះ ដោយអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានដឹងឮនិងអនុញ្ញាតឱ្យបង្កបង្កើនផល ព្រមទាំងសន្យាថានឹងកាត់ឆ្វៀលដីនោះជូនពលរដ្ឋនៅកំពង់​ឆ្នាំងទៀត។

លិខិតដដែលនេះបញ្ជាក់ថា នៅដើមរដូវវស្សាឆ្នាំ២០២១​នេះ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានទៅភ្ជួរ​រាស់​ដើម្បីបង្កបង្កើនផល ប៉ុន្តែត្រូវអាជ្ញាធរមូលដ្ឋាននៅខេត្តពោធិ៍សាត់រារាំងមិនឱ្យចូលអាស្រ័យផលឡើយ ដែលធ្វើពលរដ្ឋផ្ទុះការតវ៉ាជាបន្តបន្ទាប់រហូតមានការបិទកំណាត់ផ្លូវជាតិលេខ៥។

ក្នុងលិខិតនេះ លោក គង់ សំអុល បានស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយដោះស្រាយ​ផង​ដែរ។

បើតាមញត្តិរបស់ពលរដ្ឋបញ្ជាក់ថា ពលរដ្ឋចំនួន៥៧២គ្រួសារនេះមកពីឃុំចំនួន៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងមានផ្ទៃដីសរុបទំហំ១ ៦៦១ហិកតា ដែលបានរងផលប៉ះពាល់ដោយអាជ្ញាធរខេត្តពោធិ៍សាត់​បានដកហូតយកទៅបែងចែកឱ្យ​ពលរដ្ឋរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ