រដ្ឋា​ភិបាល​កាត់​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា​​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​វិស័យ​ឯកជន

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០​ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជន​ធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបាន​កាត់ឱ្យស្ថាប័នរដ្ឋនិង​ឯកជនប្រមាណ១ ០០០ហិកតា​រួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងតាមោក ឬ​បឹងទំនប់កប់ស្រូវ​ ទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើជាកម្មសិទ្ធិ។

ចំណែកអនុក្រឹត្យមួយទៀតចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងតាមោក ដែលមានទំហំសរុបជាង១៥ម៉ឺនម៉ែត្រក្រឡា (១៥១ ៤២០) ឬស្មើជាង១៥​ហិកតា​​ ក្នុង​នោះ ទីតាំងទី១ មានទំហំដីជាង៣ម៉ឺនម៉ែត្រក្រឡា (៣២ ៨៣៣) ​​ឬស្មើជាង៣ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទីតាំងទី២ មានទំហំជាង១១ម៉ឺនម៉ែត្រក្រឡា (១១៨ ៥៨៧) ឬស្មើជាង១១ហិកតា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ដើម្បីអនុប្រយោគជាដីឯកជនរបស់​រដ្ឋ និងត្រូវ​​បានប្រគល់ទៅឱ្យឈ្មោះ សាយ សោភា

លោកស្រី សាយ សោភា ជាអគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា និង​ជាភរិយារបស់លោក ឧកញ៉ា ភឺន ផល្លា។

វីអូឌី មិនអាចសុំការឆ្លើយតបពីលោកស្រី សាយ សោភា និង​អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានទេ នៅថ្ងៃអង្គារនេះ​ ពាក់ព័ន្ធនឹងការទទួលបានដីផ្ទៃបឹងតាមោកពីរដ្ឋាភិបាលនេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា មូលហេតុដែលឯកជនទទួលបានផ្ទៃដីបឹងតាមោក ដោយសារវាជាការចូលរួមសហការគ្នារវាងរដ្ឋនិងឯកជន ដើម្បីធ្វើការអភិវឌ្ឍ។

លោកមានប្រសាសន៍ថា៖ «ពីព្រោះយើងចូលរួមគ្នា ភាពជាដៃគូរវាងរាស្ត្រនិងរដ្ឋ ឯកជននិងរដ្ឋ ជួនកាលសេចក្ដីត្រូវការចាំបាច់ធ្វើអ្វី ធ្វើនោះទៅ! នៅក្នុងគោលការណ៍មួយ គឺយកស្លឹកត្នោតខ្ចប់ស្ករត្នោត ដូចកំពង់សោមអ៊ីចឹង! យើងមានការលះបង់ខ្លះ ដើម្បីប្រមូលធនមកបង្កើតធ្វើការងារនេះ ធ្វើថ្នល់ ធ្វើអ្វីៗនោះក្នុងការអភិវឌ្ឍ យើងស្លឹកត្នោតខ្ចប់ត្នោត។ នេះហើយខ្ញុំចង់ពន្យល់ប្រាប់ថា អ្នកដែលមិនមែននៅក្នុងស្ថាប័នរដ្ឋ ហើយមិនមែនធ្វើដើម្បីរដ្ឋ គឺដើម្បីឯកជនហ្នឹង អាចជាគោលដៅដូចខ្ញុំបានជម្រាបមិញ។ ជាគោលនយោបាយមួយ ភាសាសាមញ្ញដោះស្រាយ ដើម្បីយកទុនមកធ្វើអ្វីដទៃទៀត»។

នេះជាលើកទី២ហើយដែលរដ្ឋាភិបាលបានកាត់ដីផ្ទៃបឹងតាមោកប្រគល់ទៅឱ្យក្រសួងមហាផ្ទៃ ដោយកាលពីឆ្នាំ​២០២០ ក្រសួងនេះទទួលចំណែកដីបឹងតាមោកទំហំ៨ហិកតា។ ដោយឡែក អ្នកស្រី សាយ សោភា ត្រូវបានរដ្ឋាភិបាលប្រគល់ដីដែលកាត់ចេញពីបឹងតាមោកចំនួន៣លើករួចមកហើយបើគិតទាំងលើកនេះទៀត ដោយសរុបផ្ទៃដីមានទំហំជិត៣០ហិកតា។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បង្ហាញការសោក​ស្ដាយដែលរដ្ឋាភិបាល​បន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត បើទោះបីជារដ្ឋាភិបាលធ្លាប់ប្រកាសថា នឹងរក្សាបឹងតាមោកទុក ដើម្បី​បម្រើផលប្រយោជន៍សាធារណៈក៏ដោយ។

លោកស្រីបន្តថា កន្លងមក សកម្មជនបរិស្ថានដែលធ្លាប់ស្នើទៅរដ្ឋាភិបាល​ឱ្យឈប់កាត់បឹងតាមោកនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ខណៈក្រសួងធនធានទឹក ធ្លាប់លើកឡើងពីបញ្ហាប្រឈមនៅពេលខាងមុខ ដោយសារ​ការលុបបឹងនានានោះ ហាក់មិនមានប្រសិទ្ធភាពឡើយ។​

លោកស្រីស្នើទៅរដ្ឋាភិបាល​​ធ្វើការពិចារណាឡើងវិញ ចំពោះ​ការបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀតនេះ ដោយ​ត្រូវប្រគល់និងបែងចែកឬប្រើប្រាស់​ធនធានធម្មជាតិ​ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ​ និងធានាតួនាទីរបស់អាជ្ញាធរ​ពីការបែកចែកនិងប្រើប្រាស់ធនធានធម្មជាតិឱ្យមានតុល្យភាព។

លោកស្រីថា៖ «អនុសាសន៍និងសំណូមពរជាច្រើនរបស់ប្រជាពលរ​ដ្ឋ មិនត្រូវបានយកទៅពិចារណា​ សូម្បីតែលិខិតចុងក្រោយរបស់ក្រសួង​ដែលជាមន្ត្រីជំនាញ​ក្រសួងធនធានទឹកហ្នឹង ក៏ធ្លាប់មានលិខិតមួយ​ចេញស្នើសុំរដ្ឋាភិបាល ដើម្បីបញ្ឈប់ការលុបបឹង​ ទន្លេ សមុទ្រអីជាដើមហ្នឹង​ ព្រោះយើងអាចនឹងមានហានិភ័យ​ក្នុងការជន់លិចជាដើម។ អ៊ីចឹងយើងឃើញថា ការបន្តផ្ដល់ដីសម្បត្តិសាធារណៈ​តួយ៉ាងដូចជាបឹង ដែលធ្វើឱ្យមានការលុបអីជាដើមហ្នឹង​ វានឹងបង្កហានិភ័យមែនទែន»។

កាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម លោក ​លឹម គានហោ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​​ចាក់​ដី​លុប​និង​​ការ​​សាង​សង់​​បិទ​​ផ្លូវ​ទឹ​ក​​នានា​ជា​បន្តបន្ទាប់។

បឹង​តាមោក មាន​ផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាង​ស្តុក​ទឹកកខ្វក់និងរំដោះទឹក​ចេញ​​ពី​រាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យមួយ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់​បឹង​ធម្មជាតិ​នេះជាសម្បតិ្ត​របស់រដ្ឋ។

ប៉ុន្តែយោង​តាម​លិខិត​របស់​រដ្ឋាភិបាលដែលបានចេញ​ជាបន្តបន្ទាប់ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់ខែកញ្ញា ​ឆ្នាំ២០២១ ​ផ្ទៃ​បឹង​​តា​មោក​​ប្រមាណ១ ០០០ហិ​ក​តា​​ហើយត្រូវ​បាន​​រដ្ឋាភិបាល​​កាត់​និង​​ដោះដូរ​​ទៅ​​ឱ្យ​​ស្ថាប័ន​រដ្ឋនិង​​ក្រុមហ៊ុន​​ឯកជនសម្រាប់​​សាងសង់​​អគារ​និង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ