អ្នក​ជំនាញ​​​សិទ្ធិ​មនុស្ស UN​ បន្ត​ស្វែង​យល់​ពី​រដ្ឋា​ភិបាល​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​មនុស្ស

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ (UN) បន្ត​ស្វែង​យល់​ពី​ជំហរ​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​ប្តេជ្ញា​ចិត្តគោរព​គោលការណ៍​សិទ្ធិមនុស្ស ខណៈក្រុមអង្គការស​ង្គមស៊ីវិលក្នុងស្រុកបន្តចេញលិខិតជំហររួមគ្នាបារម្ភពីការគំរាមកំហែងសេរីភាពបញ្ចេញមតិដែលរាលដាលដល់អ្នកវិភាគបញ្ហាសង្គម។

កាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុ​ស្ស​​នៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានជួបពិ​ភាក្សាជា​មួយ​នាយក​រដ្ឋមន្ត្រី​ក​ម្ពុជា​​ លោក ហ៊ុន សែន តាមប្រព័ន្ធបណ្តាញសង្គម។

ក្រោយជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរខ្លឹម​សារ​មួយ​ចំនួ​ន​​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា ក្នុងជំនួបនោះ អ្នកជំនាញសិទ្ធិមនុស្សអន្តរ​ជាតិបានលើកឡើងដោយ​ផ្តោតលើបញ្ហាចំនួន​៤ចំណុច រួមទាំង​បញ្ហាសិទ្ធិមនុស្ស សិទ្ធិអ្នកកំពុងជាប់ពន្ធនាគារ លំហសេរីភាពសង្គមស៊ីវិល និងសិទ្ធិនយោបាយ។

ជា​ការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជាអាទិភាពកម្ពុជា តាំងពីដើមរហូតមក គឺ​សិទ្ធិរស់​រាន​មានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផង និងស្របតាមអនុសញ្ញាអន្តរជាតិផង។

លោកគូសបញ្ជាក់ថា ដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម រួមជាមួយការចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាផងដែរ។ បន្ថែ​មពីនេះ លោកថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់​ចំពោះអ្នកជាប់ទោសស្រាល​ជាស្ត្រី និងអ្នកដែលមា​នកូនជាដើម តាមរយៈការរៀបចំកន្លែងថ្មី ដើម្បីបង្ការ​ជំងឺកូវីដ-១៩។

លើសពីនេះ មេដឹកនាំកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាចង់មានបរិស្ថាន សង្គមកិច្ច សេដ្ឋកិច្ច និងន​យោបា​យ​​ល្អ​ ជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យ ហើយអ្វីដៃលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួ​យ​អ្ន​កជំនាញសិទ្ធិមនុស្សអន្តរជាតិ គឺការបង្កើតបរិយាកាសដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកប​ដោយ​ការ​ស្ថាបនា​ឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស និង​មិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក។

ជំនួបកំពូលជាមួយមេដឹកនាំកម្ពុជានេះ បានធ្វើឡើង៣ថ្ងៃ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន២៨ បានចេញលិខិតចំហរួមគ្នា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ ក្រោយពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានថ្លែង​ជាសាធារណៈ នាពេលថ្មីៗនេះ ដោយចាត់ទុកថា សារនោះ​ជាការ​គំរាម​កំហែង​ទៅលើអ្នកវិភាគ និង​ជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។

ក្រុមអង្គការទាំងនោះក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបំភិតបំភ័យលើអ្នកវិភាគ​បញ្ហាសង្គមនៅកម្ពុជានិង​សំឡេង​រិះគន់ផ្សេងទៀត ដោយគ្រាន់តែអ្នកទាំងនោះបញ្ចេញទស្សនៈនិងការយល់ឃើញសម្រាប់ផលប្រយោជន៍សាធារណៈនៅកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះក៏ជំរុញផងដែរ ឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅ​កម្ពុជា​ តបតាមរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិមួយចំនួនស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលកម្ពុជា​បាន​ទទួល​ស្គាល់។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មាន​ប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ​ថា ជំនួប​នេះជា​សញ្ញាវិជ្ជ​មា​​នមួយ ព្រោះជាឱកាស​ឱ្យប្រមុខរដ្ឋាភិបាល​កម្ពុជា និងអ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជា​តិ បានស្វែង​យល់​​ពីគ្នាទៅវិញទៅម​ក ទាំងការរំពឹងទុកនិងរបៀបធ្វើការពាក់ព័ន្ធដំណើរ​ការសិទ្ធិម​នុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកសង្កេតឃើញថា កន្លងទៅ របៀបធ្វើការហាក់​មាន​គម្លាត​ពីគ្នា។

លោក ប៉ា ចន្ទរឿន យល់ថា តាមរយៈជំនួបនេះ នឹងបង្កលក្ខណៈ​ឱ្យ​ភាគីទាំង២យល់គ្នាមួយកម្រិតថែមទៀត ក្នុងការឈានទៅរកការដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា បើភាគីទាំងពីរមានភាពស្មោះត្រង់ឈរលើគោលការណ៍ច្បាប់។

លោកថា៖ «ខ្ញុំជឿថា បើគ្រប់ភាគីពាក់ព័ន្ធមានឱកាសជួបមុខគ្នាសន្ទនាដោយបើក​ចំហដោយ​ផ្តោតទៅលើ​​​​​​បញ្ហា ជាជាងទាញយករឿងអស់ហ្នឹងមកដាក់ជាប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំជឿថា យើងអាចរកដំណោះស្រាយ​បាន»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ កត់សម្គាល់ថា ការដែល​អ្នករាយការណ៍​ពិសេស បន្ត​ឈ្វេង​យល់​ពី​រដ្ឋាភិបាល​លើ​បញ្ហា​សិទ្ធិ​មនុស្ស ទំនង​ជា​កម្ពុជាអនុវត្ត​មិន​ទាន់​ត្រូវ​តាមស្តង់​ដារអ​ន្តរជាតិដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិមួយចំនួនទៀ​ត ​​ដែលកម្ពុជាប្រកាសទទួល​ស្គាល់ ដើម្បីធានាយន្តការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

លោកថា៖ «បញ្ហារបស់អង្គការសហប្រជាជាតិ គឺគាត់មាន​លក្ខខណ្ឌរបស់គាត់រួចស្រេចទៅហើយ។ នៅក្នុង​ប្រទេសមួយដែលទទួលយកលក្ខខណ្ឌរបស់គាត់ អ៊ីចឹងប្រទេសហ្នឹងគឺត្រូវតែអនុវត្តទៅតាមការស​ន្យាឬកិច្ចព្រមព្រៀងជា ពិសេសយើងកម្ពុជាបានទទួលយកលក្ខខណ្ឌទាំងអស់នោះជាមួយអង្គការស​ហ​ប្រជាជាតិ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១»។

លោក សុជាតិ មើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ របត់នយោបាយដែលឈានទៅរំលាយអតីតគ​ណបក្សប្រឆាំងចេ​ញពីឆាកនយោបាយ អំឡុងឆ្នាំ២០១៧ សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលធា​នាដោ​យច្បាប់ជាតិនិងអន្ត​រជា​តិ ត្រូវបានរឹតត្បិតនិង​ជំរុញឱ្យមានការបកស្រាយផ្សេងគ្នារវាងអ្នកជំនាញសិ​ទ្ធិម​នុ​​ស្ស​​​អង្គការសហប្រជាជាតិនិងមន្ត្រីរដ្ឋាភិបាល។

មាត្រា៣១ នៃរដ្ឋធម្មនុញ្ញចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមា​ន​ចែង​ក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញា​ ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ