កម្មករ-កម្មការិនីមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលគោលចំនួន២១៤ដុល្លារនៅឆ្នាំ២០២២ ខណៈដែលភាគីពាក់ព័ន្ធនឹងជួបចរចាគ្នាចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ នៅថ្ងៃស្អែក ដើម្បីកំណត់តួលេខប្រាក់ឈ្នួលគោលរបស់កម្មករជាក់លាក់។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តជួបចរចាត្រីភាគីជាលើកទី៣ ឬចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរនិងផលិតស្បែកជើងនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ខណៈការស្នើតួលេខរបស់ភាគីទាំង៣កន្លងមកមានភាពខុសគ្នាច្រើន ដោយសហជីពទាមទារ២០៤ដុល្លារ និយោជកត្រឹម១៨៨ដុល្លារ និងរដ្ឋាភិបាលកំណត់១៩២ដុល្លារ។
ស្របពេលក្រសួងការងារ ត្រៀមនឹងបោះឆ្នោតជ្រើសរើសតួលេខចុងក្រោយនោះ មានកម្មករ-កម្មការិនីបម្រើការងារនៅតាមបណ្ដារោងចក្រមួយចំនួន បាននាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដោយពួកគេបានថតរូបឈរឬអង្គុយលើកបដាទាមទារប្រាក់ឈ្នួលគោលចំនួន២១៤ដុល្លារសម្រាប់ឆ្នាំ២០២២។
កម្មករម្នាក់បម្រើការងារនៅរោងចក្រ W&D នៅរាជធានីភ្នំពេញ លោក សឿង ប្រុស ដែលបានចូលរួមយុទ្ធនាការនេះ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា តួលេខរបស់ត្រីភាគីដែលរដ្ឋាភិបាលត្រៀមនឹងជ្រើសរើសយកចុងក្រោយនៅថ្ងៃស្អែកនេះ គឺជាតួលេខដែលកម្មករមិនអាចទទួលបាននោះទេ។
កម្មកររូបនេះបន្តថា វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យកម្មករជួបការលំបាកខ្លាំងណាស់លើការចំណាយផ្សេងៗដូចជា គ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំថ្ងៃ បង់ទឹកភ្លើង ព្យាបាលជំងឺ និងសងធនាគារ ជាដើម។
លោកបន្ថែមថា៖ «ឆ្នាំ២០២២ យើងខ្ញុំជាកម្មករត្រូវការប្រាក់ឈ្នួល២១៤ដុល្លារក្នុង១ខែ ដោយសារពួកយើងខ្ញុំខ្វះខាតយ៉ាងខ្លាំង ទី១ ជីវភាពគ្រួសារ ទី២ កូនរៀនតាមអនឡាញ ទី៣ បង់ធនាគារ ទី៤ ម្ហូបអាហារសម្លៀកបំពាក់ ទី៥ ផ្ទះជួលទឹកភ្លើង ទី៦ ផ្ញើលុយឱ្យឪពុកម្តាយ ទី៧ ថ្នាំពេទ្យ។ និយាយទៅ បើរៀបរាប់មិនអស់ទេ នាំតែទឹកភ្នែកទេ»។
លោក ឃន រិទ្ធី ជាកម្មករផ្នែកដេរបម្រើការងារនៅរោងចក្រមួយនៅរាជធានីភ្នំពេញ បាននិយាយថា ប្រសិនបើនៅឆ្នាំក្រោយ ប្រាក់ឈ្នួលកម្មករត្រូវបានកាត់បន្ថយឬមិនត្រូវបានដំឡើងនោះ នឹងធ្វើឱ្យគ្រួសារលោកប្រឈមការខ្វះខាតក្នុងជីវភាពនិងជំពាក់បំណុលធនាគារ។ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ពិចារណាក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករឱ្យបានសមរម្យសម្រាប់ឆ្នាំ២០២២។
លោកបន្ថែមថា៖ «ខ្ញុំស្នើដល់រដ្ឋាភិបាលជួយ អ្នកបញ្ជាទិញ ថៅកែ ជួយសម្រួលឱ្យប្រាក់ឈ្នួលគោលខ្ញុំ បើមិនបានឡើងច្រើនទេ សុំឱ្យបានឡើងខ្លះផង។ បើនិយោជកគេសុំដកខ្លះ អ៊ីចឹងគឺកម្មករគាត់អត់ពេញចិត្ត។ បើប្រាក់ឈ្នួលអត់ដំឡើង ឥលូវប្រាក់ក៏បើកបានតិច ហើយបើកអត់ទៀងទាត់ អ៊ីចឹងពួកខ្ញុំជួបការលំបាកច្រើន ហើយអត់លុយបង់ការប្រាក់ធនាគារទៀត»។
លោក វឿន ឡៃ ជាកម្មករផ្នែកត្រួតពិនិត្យនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញដែរ បានលើកឡើងថា ប្រាក់ឈ្នួល២១៤ដុល្លារ មិនច្រើននោះទេសម្រាប់ការចំណាយរបស់គ្រួសារលោកក្នុងស្ថានភាពបច្ចុប្បន្ននេះ ដោយសារទំនិញនៅលើទីផ្សារឡើងថ្លៃ ហើយការចំណាយក្នុងគ្រួសារខ្ពស់ដែលបែងចែកផ្ញើទៅឪពុកម្តាយនៅស្រុក ថ្លៃទឹកដោះគោកូន និងការចំណាយផ្សេងៗទៀត។
លោកបន្ថែមថា៖ «ប្រាក់ឈ្នួលប៉ុណ្ណឹង គ្រួសារខ្ញុំចាយមិនគ្រប់ទេ! ទាល់តែធ្វើការ៣នាក់នោះបានចាយគ្រប់។ ត្រូវបង់ទឹក ភ្លើង ផ្ទះជួល ដាច់ខែដាច់ខ្យល់! ជួនកាលខ្ចីគេចាយ បើកប្រាក់ខែមក សងគេអាចាស់ យកអាថ្មីចាយទៀត។ និយាយទៅ មិនមែនតែខ្ញុំទេ កម្មករជាច្រើនទៀតក៏អ៊ីចឹងដែរ តែដាច់ខែដាច់ខ្យល់ហើយ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ វីអូឌី តាមតេឡេក្រាមថា លោកមិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់កម្មករនេះទេ។
វីអូឌី មិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានទេ នៅថ្ងៃនេះ។
ប៉ុន្តែលោកបានប្រាប់ វីអូឌី កាលពីថ្ងៃទី១៥ ខែកញ្ញា ថាវិបត្តិកូវីដ-១៩ បានធ្វើឱ្យថៅកែខាតបង់ប្រាក់យ៉ាងច្រើន ដែលពិបាកក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅឆ្នាំក្រោយ។ លោកថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យការចំណាយរបស់ថៅកែមានការកើនឡើង ខណៈចំណូលពីអ្នកបញ្ជាទិញមិនមានការកើនឡើង ហើយការនាំចេញកាលពីឆ្នាំ២០២០ បានថយចុះជាង១០ភាគរយថែមទៀតផង។
អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍ថា កន្លងមក លោកមើលឃើញមានចរន្ត៣ដែលជំរុញឱ្យការដំឡើងប្រាក់ឈ្នួលគោលជូនកម្មករបានល្អ គឺឥទ្ធិពលផ្នែកនយោបាយ ការចូលរួមទាមទាររបស់កម្មករទៅភាគីពាក់ព័ន្ធ និងការចូលរួមរបស់តំណាងកម្មករក្នុងការចរចាជាត្រីភាគី ជាដើម។
មន្ត្រីសិទ្ធិការងាររូបនេះបន្តថា ការធ្វើយុទ្ធនាការរបស់កម្មករនេះ ជាចរន្តមួយដែលពួកគេត្រូវធ្វើ ដើម្បីបង្ហាញនូវបញ្ហាប្រឈមនៃកម្រិតប្រាក់ឈ្នួលមួយដែលមិនទាន់ធានាដល់ការចិញ្ចឹមជីវិតរស់នៅបានសមរម្យ ទៅដល់ភាគីពាក់ព័ន្ធឱ្យពិចារណាឡើងវិញចំពោះការដំឡើងប្រាក់ឈ្នួលនេះ។ លោកបន្តថា ប្រសិនបើកម្មករផុសផុលក្នុងការចូលរួមទាមទារទៅរដ្ឋាភិបាល អ្នកបញ្ជាទិញ និងនិយោជក នោះពួកគេមានឱកាសច្រើនក្នុងការទទួលប្រាក់ឈ្នួលមួយដែលអាចទទួលយកបាន។
លោកបន្ថែមថា៖ «ការចូលដោយសកម្មអំពីការលើកឡើងនូវបញ្ហាប្រឈមដែលពួកគាត់កំពុងតែជួបប្រទះនូវកម្រិតប្រាក់ឈ្នួលមួយដែលជាប្រាក់ឈ្នួលមិនទាន់ធានាដល់ការរស់នៅសមរម្យ ឬក៏ធានានូវសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស ឬក៏ប្រាក់ឈ្នួលដែលមិនទាន់ធានាដល់សិទ្ធិរស់រានមានជីវិតហ្នឹង អាហ្នឹងវាសំខាន់ណាស់! អាហ្នឹងជាឆ្នាំងបាយរបស់ពួកគាត់! អ៊ីចឹងមានន័យថា ពួកគាត់ត្រូវតែចូលរួមក្នុងការទាមទារ ប្រសិនបើគ្មានការចូលរួមពីពួកគាត់ទេ មិនមានចរន្តណាមួយដើម្បីដាក់សម្ពាធដល់ភាគីនិយោជកទេ»។
បើតាមលោក ឃុន ថារ៉ូ ប្រាក់ឈ្នួលចំនួន២១៤ដុល្លារដែលកម្មករកំពុងធ្វើយុទ្ធនាការទាមទារនេះ គឺមិនទាន់សមរម្យនៅឡើយទេ ប៉ុន្តែអាចទទួលយកបាន។ លោកថា បើផ្អែកលើកត្តាសេដ្ឋកិច្ច សង្គម ទំហំនៃការនាំចេញរបស់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិកនិងអឺរ៉ុប និងដំណើរការនៃការបញ្ជាទិញ គឺនិយោជកនៅតែមានលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួល២១៤ដុល្លារនេះជូនកម្មករ។
នៅឆ្នាំ២០២១នេះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតផលស្បែកជើងពី ១៩០ដុល្លារ ទៅ ១៩២ដុល្លារ ក្នុងមួយខែ។ បើគិតជារួម ទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យម កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ចំណូលយ៉ាងតិចពី ២៥០ដុល្លារ ដល់ ៣០០ដុល្លារ ក្នុងមួយខែ។
របាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែកជើង បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ប្រមាណ១០៩លានដុល្លារ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញកាលពីខែមេសា និងខែឧសភាកន្លងទៅ៕