វិភាគ៖ តើ​មាត្រា​១៣៩​នៃ​ច្បាប់​បោះឆ្នោត​គំរាម​កំហែង​ដល់​ឯករាជ្យភាព​សមាជិក​សភា​ឬ​ទេ?

លោក ហ៊ុន សែន និងមន្ត្រីតំណាងរាស្ត្របក្សប្រជាជន នៅសភាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ (រូបភាព៖ ហ្វេសប៊ុករដ្ឋសភា)

រដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស អំណាចបែងចែកដាច់ពីគ្នា រ​វា​​ង​អំណាច​នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ។

មា​ត្រា៨០ ចែងថា​៖​ «តំ​ណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុបានសម្ដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ»។

មាត្រា​ដដែល​បញ្ជាក់​ថា វិធានការអាចធ្វើ​លើសមាជិករដ្ឋសភាណាមួយបាន លុះ​ត្រាតែមានការយល់ព្រមពីរដ្ឋសភា វៀរ​លែង​តែក្នុងករណីបទល្មើ​ស​ព្រហ្មទណ្ឌជាក់ស្តែងប៉ុណ្ណោះ។

ច្បាប់កំពូលនេះក៏បានបញ្ញត្តិដែរថា ការលើកអភ័យឯកសិទ្ធិសមាជិកសភា ដើម្បីបើកផ្លូវឱ្យមានការផ្តន្ទា​​ទោសពីបទល្មើសណាមួយ ត្រូវអនុម័តតាមមតិភាគច្រើ​ន ​២​ភាគ៣ នៃសមាជិករដ្ឋសភាទាំង​មូល។ ហើ​​​យការឃុំខ្លួន ការចោទប្រកាន់ ត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានប​ញ្ចេ​ញមតិឱ្យផ្អាក​តាមមតិភាគច្រើ​ន ៣ភាគ៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

មួយវិញទៀត បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាត្រង់ប្រការ​៣៤​ថ្មីវិញ ចែង​ថា គណៈកម្មការទាំងឡាយ របស់រដ្ឋសភា​អាចអញ្ជើញរដ្ឋមន្ត្រីណាមួយមកបំភ្លឺពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។

បន្ថែមពីនេះ ប្រការ៣៥ លើកឡើងថា៖ «រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបា​លពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំង​មូល។ ញត្តិបន្ទោ​ស​​រា​ជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំ​ណា​ងរាស្ត្រចំនួន៣០នា​ក់​​យ៉ាងតិច ទើ​ប​រដ្ឋស​ភាអាចលើកពិភាក្សាបាន»។

ក៏ប៉ុន្តែ បើគេពិនិត្យមើលខ្លឹមសារច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តំណែងរបស់ស​មាជិ​ក​រដ្ឋ​​សភាហាក់​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​មេបក្សនយោបាយទៅវិញ។

មាត្រា១៣៩​ នៃច្បាប់នេះ ចែងថា៖ «[…] ​សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនតាមករ​ណី​​​​សាម៉ី​ខ្លួ​នបាត់បង់សមាជិកភាពពីគណបក្សនយបាយរបស់ខ្លួន [និង] ក្នុងករណីសាម៉ីខ្លួនត្រូវតុលាកា​​រ​​​ផ្ត​ន្ទា​ទោ​សពីបទឧក្រិដ្ឋឬបទមជ្ឈិម​ណាមួយ»។

បញ្ហានេះបង្កើតជាសំណួរថា តើមាត្រា១៣៩​នៃច្បាប់បោះឆ្នោតគំរាមកំហែងដល់ឯករាជ្យភាពសមាជិកសភា​ឬទេ?

មន្ត្រីតស៊ូមតិនិងអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ដែលជាអង្គការឃ្លាំមើលដំ​ណើ​រការសភាផងនោះ លោក កន សាវាង្ស និយាយថា រដ្ឋសភា​ជាស្ថាប័នកំពូលមួយមានតួនាទីឃ្លាំមើលការអនុវត្តច្បាប់ អនុម័ត​ច្បាប់ កែច្បាប់ និងមានសិទ្ធិកោះហៅមន្ត្រី រួមទាំងនាយករដ្ឋមន្ត្រី មកសាកសួរ បើការអនុវត្តច្បាប់​ណាមួយ​មានភាពចម្រូងចម្រាសកើតឡើង ដើម្បី​ធានាប្រ​យោជន៍សាធារណៈ។

ក៏ប៉ុន្តែលោកថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថាប័ន​កំពូល​មួយ​នេះហាក់​អសកម្ម​ក្នុង​ការប្រើប្រា​​​ស់សិទ្ធិអំណាច​របស់​ខ្លួនដែលធានាដោយរដ្ឋធម្មនុញ្ញ បើទោះបីមានការរិះគន់​ពីចំណាត់ការ​ចាប់​ឃុំ​ខ្លួ​​ន​​​​សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និង​ការបាញ់អ្នកតវ៉ាដីធ្លីឱ្យរងរបួស ជាដើម បានធ្វើឡើងមិនអនុលោមតាមរដ្ឋធម្មនុញ្ញ​ក៏ដោយ។

លោកថា៖ «ការងារនេះ​ គាត់ពិបាកក្នុងការអន្តរាគមន៍ណាស់​ ពីព្រោះ​បើកាលណាគាត់​ប៉ះ​ពាល់​ទៅ​ដ​​ល់​មន្ត្រី ឬ​ទៅដល់ចំណែកអ្នកណាមួយដែលមានអំណាចទឹកប្រាក់ ឬអ្វីដែលធំពីលើគាត់ទៀត អាហ្នឹង​គា​​​​ត់ប្រឈម​នៅក្នុង​បក្សរបស់​គាត់​ហើយ។ នេះជាចំណុច​នៅក្នុងចំណោមឯករាជ្យភាពនៅក្នុងបក្សហ្នឹង វាស្ថិ​ត​នៅ​​ក្នុង​ខ្លេ[កៀបជាប់]ហ្នឹង​ ដែល​សេរីភាពគាត់មិនពេញលេញជូនប្រជាពលរដ្ឋ»។

លោក កន សាវាង្ស កត់សម្គាល់ថា បញ្ហានេះអាចមកពីចំណងធំ២ដែលត្រូវកែលម្អ ទើបអាចបើកផ្លូវឱ្យ​សភាជិករដ្ឋសភាឬតំណាងរាស្ត្រអាចបំពេញការងារដោយឯករាជ្យ ដើម្បីការពារប្រយោជន៍ម្ចាស់ឆ្នោតបាន។

បើ​តាមអ្នកឃ្លាំមើលរូបនេះ ចំណងទី១ គឺការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រដែលកម្ពុជាកំពុងអនុវត្ត​​​បច្ចុ​​ប្បន្ន ហើយ​​ប្រព័ន្ធនេះ គណបក្សនយោបាយមានឥទ្ធិពលទៅលើតំណាងរាស្ត្រ ព្រោះស​ន្លឹក​​​​ឆ្នោ​​តគាំទ្របក្ស មិនគាំទ្របុគ្គលដូចប្រព័ន្ធបោះឆ្នោតឯកក្តនាមនោះទេ។

ចំ​​ណងមួយទៀត គឺមាត្រា១៣៩ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយលោកថា​ មាត្រានេះបាន​ចងតំ​ណា​ងរាស្ត្រឱ្យបន្តស្វែងរកផលប្រយោជន៍ឱ្យបក្ស ផ្ទុយពីគោលការណ៍អព្យាក្រឹត្យភាពដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក សាវាង្ស បារម្ភថា បើគ្មានអ្វីកែលម្អទេ តំ​​ណា​ងរាស្ត្រនៅតែស្ថិតក្រោមឥទ្ធិពលគណបក្សនយោបាយ​ មិនអា​ច​បំពេញតួនាទីជាស្ថាប័នឯករាជ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយថា បញ្ហានេះ វានឹងក្លាយជាឧ​ប​​ស​​គ្គដ​​ល់ការស្ថាបនាប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

លោកថា៖ «បើយើងពិនិត្យទៅលើគោលការណ៍បោះឆ្នោត និងគោលការណ៍អព្យាក្រឹត្យភាពអី វាត្រូវតែធ្វើ​ការកែសម្រួលហើយនៅលើច្បាប់ហ្នឹង ពីព្រោះហេតុអី? បើយើងនិយាយពីភាពតំណាងរបស់ប្រជាព​​ល​រដ្ឋវិញ គឺជាមនុស្សដែលប្រជាពលរដ្ឋពេញចិត្ត។ ប៉ុន្តែបើយើងពិនិត្យពីការអនុវត្តជាក់ស្តែង គឺច្បាប់ហ្នឹ​ង​មិនទាន់បានបង្ហាញភាពពេញលេញទៅលើតំណាងប្រជាពលរដ្ឋទេ»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា មាត្រា១៣៩ នៃច្បា​ប់បោះ​​ឆ្នោតនេះ សមាជិករដ្ឋសភានឹងបាត់បង់តំណែង​ជាស្វ័យប្រវត្តិ បើសកម្មភាពរបស់ពួកគេធ្វើឱ្យ​​មេ​​បក្សមិនពេញ​ចិត្ត។ លោក​យល់ថា ចំណងនេះជាការបើកផ្លូវឱ្យអ្នកនយោបាយអាចប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់​សម្ពាធទៅ​លើស្ថាប័នកំពូលផ្សេងទៀត តាមរយៈបញ្ជូនមាត្រាណាមួយ ទៅក្នុងច្បាប់ដែលត្រូវបានស្នើឡើង ខណៈស្ថាប័នអនុម័តច្បា​ប់លែងហ៊ានជំទាស់ទៅហើយនោះ។

លោកថា៖ «ហ្នឹងហើយដែលគេថា អំណាចទាំងពីរហ្នឹងនៅមិនទាន់ឯករាជ្យទេ ដោយសារតែវាមានល​ក្ខ​ខ​​​​ណ្ឌ​​ចងក្នុងច្បាប់មួយចំនួន ដែលវាធ្វើឱ្យអំណាចនីតិបញ្ញត្តិ និងអំណាចតុលាការហ្នឹង មិនមានភាពឯ​ករា​ជ្យឱ្យ​បានត្រឹមត្រូវចេញពីអំណាចប្រតិបត្តិ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍​ផ្នត់គំនិត លោក​បណ្ឌិត សេក សុជាតិ កត់សម្គាល់ថា មាត្រា១៣៩ ហា​ក់មិន​ស្រប​គ្នាទៅនឹងសិទ្ធិតំណាងរាស្ត្រដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ ដែលការនេះ លោកបារម្ភថា បញ្ហាស​​ង្គ​មនឹងកើតឡើងច្រើនទៀត បើភាគីពាក់ព័ន្ធមិនពិចារណាកែតម្រូវ។

លោកថា៖ «វាដូចជាច្បាប់ផ្សេងៗទៀតដែរ ចំណុចល្អហ្នឹងវាច្រើនហើយ ក៏ប៉ុន្តែជាទូទៅ យើងមានការប​ង្ក​ប់​​​នូវចំណុចអវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធគួរតែពិចារណាឡើងវិញ […] ការពិត យើងឃើញហើយនៅក​ន្លែ​​ងហ្នឹង គឺគេចងតំណាងរាស្ត្រតាមរយៈគណបក្សនយោបាយ គឺមនុស្សរបស់គណបក្សមិនអាចដើរចេ​ញ​​ពីគណបក្ស ទោះបីគណបក្សខុសក៏ដោយ ត្រូវក៏ដោយ គឺត្រូវតែនៅជាមួយនឹងបក្ស»។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង យល់ឃើញផ្ទុយពីនេះ។ លោកថា ច្បាប់បោះឆ្នោត កើតចេញពីការព្រមព្រៀង​របស់អ្នកនយោបាយ ក្នុងនោះមានទាំងបក្សប្រឆាំងផងដែ​រ ​មុ​នគណបក្សនេះត្រូវបាន​រំលាយដោយតុលាការកំពូល។

តំណាងរដ្ឋសភារូបនេះយល់ថា បើសង្គមស៊ីវិលយល់ថា មាត្រាណាមួយនៃច្បាប់បោះឆ្នោតនេះ មានការគំ​រា​មកំហែងដល់តួនាទីតំណាងរាស្ត្រ ពួកគេអាចស្នើ​កែ​បាន​នៅពេលគណបក្សថ្មីណាមួយជាប់ឆ្នោតបា​ន​ឡើងកាន់​អំណាចជំនួសគណបក្សប្រជាជនកម្ពុជា។

មួយវិញទៀត លោកថា ភាពចម្រូងចម្រាសនៃ​ការ​អនុវត្តកន្លង​ទៅ រដ្ឋសភាមានចំណាត់ការ តែគ្រាន់ថាចំណាត់ការនោះត្រូវបានធ្វើឡើងជាសម្ងាត់។

លោកថា៖ «យើងមិនធ្វើជាសាធារណៈទេ ព្រោះថា រដ្ឋសភានិងរដ្ឋាភិបាលជាគណបក្សតែមួយ ដូច្នេះហើយការងារស្អី យើងធ្វើនៅក្នុងរង្វង់គណបក្ស។ គណបក្សតែងតែប្រជុំគ្នារាល់ពេលដែលមានបញ្ហា គេតែង​តែ​ប្រជុំ​ពិភាក្សាគ្នា»។

តែយ៉ាងណា លោក នី សុខា យល់ថា វាចាំបាច់ណាស់ដែលស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់មួយនេះស្នើឱ្យ​កែ​ច្បាប់នេះ​ឡើងវិញ ដើម្បីបើកផ្លូវឱ្យសមាជិករដ្ឋសភាអាចបំពេញតួនាទីបានពេញលេញឡើងវិញ ទើបអាចចូ​លរួមកសាងប្រព័ន្ធប្រជាធិបតេយ្យដូចមានចែងក្នុ​ងរដ្ឋធម្មនុញ្ញ។

លោកថា៖ «របបសភានិយមនេះ មានន័យថា ជារបបមួយដែលរដ្ឋសភាហ្នឹងមានអំណាចខ្ពស់ណាស់ គា​​ត់​អាច​ឈានទៅដកនាយករដ្ឋមន្ត្រីមុនអាណត្តិទៀត បើយើងមើលក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែបើសិនជាមា​​​​​​ន​ការ​​រារាំង​ពីច្បាប់មួយចំនួន អ៊ីចឹង​មានន័យថា អនុវត្តនូវអំណាចរបស់គាត់ឱ្យស្របតាមរដ្ឋធម្មនុញ្ញហ្នឹ​ង​បានទេ? អាហ្នឹងហើយវាជាឧបសគ្គធំណាស់សម្រាប់ដំណើរការកសាងប្រជាធិបតេយ្យនៅក្នុងសង្គ​ម​យើ​​​​ងទៅមុខ​ទៀតនោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ